បារាំង

អតីត​ប្រធានាធិបតី​បារាំង​លោក នីកូឡា សាកូហ្ស៊ី ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន

ប៉ូលិស​ស៊ើបអង្កេត​ឃាត់​ខ្លួន​លោក​ Sarkozyអតីត​ប្រធានាធិបតី​ ចំនួន​២៤​ម៉ោង និង​អាច​ពន្យារ​ពេល​បាន​២៤​ម៉ោង​ទៀត
ប៉ូលិស​ស៊ើបអង្កេត​ឃាត់​ខ្លួន​លោក​ Sarkozyអតីត​ប្រធានាធិបតី​ ចំនួន​២៤​ម៉ោង និង​អាច​ពន្យារ​ពេល​បាន​២៤​ម៉ោង​ទៀត AFP PHOTO / VALERY HACHE

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែលមាន​ការ​ឃាត់​ខ្លួន​​អតីត​ប្រធានាធិបតី​ យ៉ាង​ដូច្នេះ នៅ​ប្រទេស​បារាំង ! នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ១ កក្កដា​នេះ ប៉ូលិស​ស៊ើប​អង្កេត​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ បាន​សម្រេច​ឃាត់​ខ្លួន​ លោក​នីកូឡា សាកូហ្ស៊ី តែ​ម្តង នៅពេល​លោកមក​ដល់​ការិយាល័យ​ប៉ូលិស ក្រុង​ណង់ទែរ ជាយ​​ពី​ទីក្រុងប៉ារីស។ ​​អតីត​ប្រធានាធិបតី​បារាំង ត្រូវ​ជាប់​សង្ស័យ​ពី​បទ​បាន​ប្រើ​ ឥទ្ធិពល និង​រំលោភ​​ការ​សម្ងាត់​តុលាការ​។

ផ្សាយពាណិជ្ជកម្ម

លោក នីកូឡា សាកូហ្ស៊ី បាន​មក​ដល់​ទី​ស្នាក់ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ តាំង​ពី​ព្រហាម​ ម៉ោង​មិន​ទាន់​​៨​ព្រឹកផង ដើម្បី​ឱ្យ​ប៉ូលិសស៊ើប​អង្កេត​សាក​សួរ​ចម្លើយ។ អតីត​ប្រធានាធិបតីរូប​នេះ ​ បាន​​​ក្លាយ​ជាតួអង្គ​​ស្នូល​នៃ​សំណុំ​រឿង​តានដាន​​របស់​តុលាការ​ តាំង​ពី​ថ្ងៃ​ទី ២៦​កុម្ភៈ​២០១៤​ ​ ពីបទ​សង្ស័យ​ ប្រើ​អំណាច​ឥទ្ធិពល និង​រំលោភ​​ការ​សម្ងាត់​តុលាការ​​។ មេធាវី​របស់​អតីត​ប្រធានាធិបតី លោក Thierry Herzog និង​រដ្ឋអាជ្ញា​នៃ​តុលាការ​កំពូលពីរ​នាក់ (លោក​Gilbert Azibert និង​ Patrick Sassoust)  ដែល​​​ប៉ូលិស​បាន​ឃាត់​ខ្លួន សួរ​ចម្លើយ​ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ត្រូវ​ពន្យារ​ពេល​ឃាត់​ខ្លួន ២៤​ម៉ោង​បន្ថែម​ទៀត ក្នុង​សំណុំ​រឿង​អង្កេត​តែ​មួយ។

 
ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៃ​ការិយាល័យ​ប៉ូលិស​ស៊ើប​អង្កេត​ ចង់​ដឹង​ថា​តើ​អតីត​ប្រធានាធិបតី​បារាំង​ ពិត​ជា​​មាន​​ប្រើ​បណ្តាញ នៅក្នុង​ជួរ​ប៉ូលិស និង​តុលាការ​ ​ដើម្បី​បាន​ទទួល​ព័ត៌មាន​ដោយ​ខុស​ច្បាប់ លើ​សំណុំរឿង​ក្តៅៗ​និង​រសើប​មួយ​ចំនួន​ ដែល​អាច​នាំ​ពាក់ព័ន្ធ​ប្រលាក់​ប្រឡូស​ដល់​​លោកនីកូឡា​ សាកូហ្ស៊ី។

នៅ​ក្នុង​ក្របខ័ណ្ឌ​​​ដំណើរ​ការ​អង្កេត ​លើ​សំណុំ​រឿង​ពុក​រលួយ​ ទាក់ទង​នឹង​អតីត​ប្រធានាធិបតី​បារាំង​ទទួល​ប្រាក់​ជំនួយ​ឧបត្ថម្ភ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០០៧ពី​មេដឹកនាំ​ប្រទេស​លីប៊ី​ ក្រុម​ជំនិត​នឹង​អតីត​ប្រធានាធិបតី ជា​ច្រើន​នាក់ ព្រមទាំង​រូប​អតីត​ប្រធានាធិបតី​ផ្ទាល់​ម្តង​ ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​ស្តាប់របស់​ប៉ូលិស ទើប​រក​ឃើញ​មាន​ករណី​ ប្រើ​អំណាច​និង​រំលោភ​ការ​សម្ងាត់​តុលាការ​បន្ថែម​មួយ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI