អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង ៖ គម្រោង​ថវិកា​ដែល​បង្ហាញ​ពី​ភាព​ប្រេះឆា​ក្នុង​ជួរ​បក្ស​កាន់​អំណាច

សំឡេង ០៤:២១
ប្រមុខ​រដ្ឋាភិបាល​បារាំង លោក Manuel Valls
ប្រមុខ​រដ្ឋាភិបាល​បារាំង លោក Manuel Valls REUTERS/Philippe Wojazer
ដោយ៖ អៀង សុខម៉ិញ
២៨ នាទី

នៅ​ថ្ងៃពុធ​ទី ២៣​ មេសា ២០១៤​នេះ នាយក​រដ្ឋមន្ត្រី​បារាំង លោក​ ម៉ានុយអែល វ៉ាល (Manuel Valls) ត្រូវ​បង្ហាញ​​ទៅ​កាន់​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី នូវផែនការ​ថវិកា​ សម្រាប់​បី​ឆ្នាំ​ខាង​មុខ (២០១៥-២០១៧)​និង​ទិសដៅ​ម៉ាក្រូ​សេដ្ឋកិច្ច ដើម្បីកាត់​បន្ថយ​ឱនភាព​ថវិកា ឱ្យ​ធ្លាក់​ក្រោម​៣%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ រដ្ឋាភិបាល​ថ្មី​ គ្រោង​នឹង​កាត់ប​ន្ថយ​ចំណាយ​ ៥០ពាន់​លាន​អឺរ៉ូ ប៉ុន្តែ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​នេះ​ ហាក់​បាន​ទទួល​ការ​ប្រឆាំង និង​មិន​ទុក​ចិត្ត ពី​សំណាក់​អ្នក​នយោបាយ​ក្នុង​​​បក្ស​​កាន់​អំណាច​តែ​មួយតែ​ម្តង។ តើ​គម្រោង​ថវិកា​មាន​លក្ខណៈ​រិត​ត្បិត​យ៉ាងណា ? តើ​គម្រោង​នេះ​អាច​ត្រូវ​សភា​បោះឆ្នោត​នៅ​ថ្ងៃទី ២៩​មេសា ផ្តល់​ទំនុក​ចិត្ត​ដែរ​ឬទេ?

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​បាន​តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​បារាំង​មក លោក ម៉ានុយអែល វ៉ាល ស្ថិត​ក្រោម​សម្ពាធ​រហូត ! ក្រុម​អ្នក​បរិស្ថាន​ជា​បក្ស​សម្ព័ន្ធមិត្ត​បដិសេធ​មិន​ចូល​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាល ហើយ​នៅក្នុង​រង្វង់​បក្ស​តែ​មួយ ក៏​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​មិន​បាន​ទទួល​ការ​ស្វាគមន៍​ជា​ឯកច្ឆ័ន្ទ។

 
ភស្តុតាង​ថ្មី​ចុងក្រោយ​ គ្រាន់​តែ​បាន​ឃើញ​ផែនការ​សន្សំ​សំចៃ​ថវិកា ៥០ពាន់​លាន​អឺរ៉ូ​ភ្លាម ​សមាជិក​សភា​បក្ស​សង្គម​និយម ជា​បក្ស​កាន់​អំណាច​ជាង​មួយ​​រយ​នាក់ បាន​នាំ​គ្នា​ចុះ​ហត្ថលេខា​លើ​​លិខិត​​មួយ​ទាមទារ​កិច្ចសន្យា​ដឹកនាំ ពោល​គឺ​ចង់​បាន​វិធី​សាស្ត្រ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី និង​តម្រង់ទិស​នយោបាយ​សេដ្ឋកិច្ច​ ថវិកា និង​​នយោបាយ​បារាំង​ថ្នាក់​អឺរ៉ុប​ឡើង​វិញ។ ក្រោយ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ សមាជិក​សភា​បក្ស​សង្គម​និយម​ជា​ច្រើន មិន​ទាន់​បាត់​គ្រាំ​ចិត្តទេ និង​មិន​ចង់​ឃើញ​​រដ្ឋាភិបាល​បញ្ចប់​អាណត្តិ​៥​ឆ្នាំ​ដូច​លទ្ធផល​ពីរ​ឆ្នាំ​ដំបូង​ដែរ ទើប​នាំ​គ្នា​ប្រមូល​ផ្តុំ​កម្លាំង​ចាប់​ពី​ពេល​នេះ​ទៅ​ ចាំ​ជួយ​កាច់​លោក ម៉ាណុយអែល វ៉ាល តាំង​ពី​ដំបូង​ម្តង។

តើ​ទិសដៅ​កាត់​បន្ថយ​ចំណាយ​សាធារណៈ​របស់​រដ្ឋាភិបាល​ គ្រោង​ធ្វើ​យ៉ាង​ណា​ខ្លះ? បើ​តាម​​លោក ម៉ានុយអែល វ៉ាល ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ (ពីពេល​នេះ​ដល់​ឆ្នាំ​២០១៧) រដ្ឋាភិបាល​នឹង​ប​ន្ថយ​ចំណាយ​ចំនួន ៥០​ពាន់​លាន ដោយ​មិន​ប៉ះពាល់​លើ​ការ​បង់​ពន្ធទេ។

គេ​អាច​សម្រេច​ផែនការ​នេះ​បាន ដោយ​គ្រប់​ភាគី រដ្ឋ​និង​វិស័យ​សាធារណៈ ត្រូវ​បន្ថយ​ចំណាយ​១៨​ពាន់​លាន សមូហភាព​មូលដ្ឋាន​ ១១​ពាន់​លាន និង​ធានារ៉ាប់រង​សុខភាព​ ១០​ពាន់​លាន ព្រមទាំង​១១​ពាន់​លាន​ លើ​ផ្នែក​ចំណាត់​ការ​ប្រព័ន្ធ​សង្គម។ ជំនួយ​ឧបត្ថម្ភ​ សម្រាប់​គ្រួសារ ផ្ទះ​សម្បែង និង​ ​ចូលនិវត្តន៍ នឹង​ត្រូវ​បង្កក (មិន​ដំឡើង​​ស្រប​តាម​តម្លៃ​ជីវិត​ រយៈ​ពេល​តែ​មួយ​ឆ្នាំ​ រហូត​ដល់​ខែ​តុលា ២០១៥) រដ្ឋ​អាច​សន្សំ​ប្រាក់​២ ទៅ​៤ ពាន់​លាន​អឺរ៉ូ។ សន្ទសន៍​កាំប្រាក់​ខែ កំណត់​តាំង​ពី​ឆ្នាំ​២០១០ នឹង​មិនត្រូវប៉ះពាល់​​កែប្រែ​ទេ ! ចំនួន​បុគ្គលិក​រដ្ឋ បង្កើន​តែ​ក្នុង​វិស័យ​អប់រំ ប៉ូលិស និង​តុលាការ ចំណែក​វិស័យ​ផ្សេង​ទៀត​នឹង​ត្រូវ​បន្ត​កាត់​បន្ថយ។

សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី នេះ​មិន​មែន​ជា​ផែន​ការ​រិតត្បិត​ថវិកា​ទេ តែការ​សន្សំ​សំចៃ ចាយ​វាយ​ដោយ​មិត​ប្រៃ ហើយ​ក៏​មិន​មែនធ្វើ​ឡើង​ដើម្បី​បំពេញ​ចិត្ត​គណៈកម្មការ​អឺរ៉ុប តែ​ប៉ុណ្ណោះ​ឡើយ តែ​គឺ​ដើម្បី​ផ្តល់​សន្ទុះ​ដល់​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​និង​ទីផ្សារ​ឱ្យ​បារាំង។

បច្ចុប្បន្ន​នេះ ប្រទេស​បារាំង​មាន​ឱនភាព​ជាតិ​ដល់​ទៅ ៤,៣%​នៃ​ប្រាក់​ចំណូល​សរុប​របស់​ជាតិ។ ជា​មួយ​នឹង​ផែនការ​កាត់​បន្ថយ​ចំណាយ​៥០ពាន់​លាន​នេះ​ បារាំង​សង្ឃឹម​ថា​នឹង​អាច​នាំ​ឱនភាព​ជាតិ​ឱ្យធ្លាក់​មក​ត្រឹម​៣%​ ឆ្លើយតប​បាន​​ទៅ​នឹង​អនុសាសន៍​របស់​គណៈកម្មការអឺរ៉ុប។

ប៉ុន្តែ​ផែនការ​សន្សំសំចៃ​នេះ បាន​ទទួ​ល​រក​ការ​ប្រឆាំង ពី​សំណាក់​សមាជិក​សភា​មក​ពី​គណបក្ស​សង្គម​និយម​ ជា​គណបក្ស​កាន់​អំណាច​ផ្ទាល់​តែ​ម្តង។ សមាជិក​មួយ​ក្តាប់​តូច យល់​ថា​ការ​កាត់​បន្ថយ​ចំណាយ​ច្រើន​ពេក​ ជា​ពិសេស​កាត់​បន្ថយ​ជំនួយ​សង្គម​ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ កាន់​តែ​មាន​ជីវភាព​ខ្សត់​ខ្សោយ​ខ្លាំង គ្មាន​លទ្ធភាព​ចាយ​វាយ នោះ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​លែង​ដើរ។ ក្រុម​នេះ​បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ កាត់​បន្ថយ​ចំណាយ​ត្រឹម​តែ​៣៥​ពាន់​លាន​បាន​ហើយ ពោល​គឺ​មិន​ស្មើ​នឹង​កម្មវត្ថុ​ដែល​ប្រធានាធិបតី​ធ្លាប់​សន្យា​ទេ។

ការ​ប្រឆាំង​រហូត​ដល់​មាន​ចេញ​ជា​លិខិត​ចំហ​ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី មុន​ពេល​លោក​ចេញ​ការពារ​គម្រោង​ថវិកា​ ជា​សញ្ញា​មួយ​ល្អ​ទេ​សម្រាប់​រដ្ឋាភិបាល​។ ពេញ​មួយ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ គណៈកម្មការហិរញ្ញវត្ថុ​សភា​ បាន​សិក្សា​និង​លើកសំណើ​បី​ផ្សេង​ទៀត ដើម្បី​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ និង​ចម្រាញ់​យក​ផ្លូវ​កណ្តាល​ទទួល​យក​បាន​ពី​គ្រប់ភាគី។
មិន​ដឹង​ថា​ជា​តាក់ទិច ឬ​ដោយ​ចិត្ត​ស្មោះ​ត្រង់ទេ លោក​​ប្រមុខ​រដ្ឋាភិបាល ម៉ានុយអែល​ វ៉ាលវិញ បានបន្ទន់​ខ្លួន​ តែ​មិន​ព្រលែង​ផែនការ​ឡើយ កម្មវត្ថុ​៥០ពាន់​លាន​នឹង​ត្រូវ​រក្សា​ដដែល ប៉ុន្តែ​មាន​ចំណុច​សង្គម​មួយ​ចំនួន​ដូច​ជា​បញ្ហា​ប្រាក់​និវត្តន៍​ទំនង​ត្រូវ​កែប្រែ​ដើម្បី​តម្រូវ​ចិត្ត​សភា។ លោក​បាន​​បង្កើន​ជំនួប​ជាមួយ​ក្រុម​អ្នក​មាន​ជំហរ​រឹង​តឹង​តែង និង​ជាមួយ​ក្រុម​អ្នក​បរិស្ថាន តាំង​ពី​ថ្ងៃ​អង្គារ​មក ព្រោះ​​លោក​ចង់​ធានា​ឱ្យ​បាន​ថា​គម្រោង​ថវិកា​បី​ឆ្នាំ​ខាង​មុខ​របស់​ពិត​ជា​ត្រូវ​បាន​សភា​បោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត។ បើ​ក្នុង​ករណី​មិន​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​គាំទ្រ​ទេ នោះ​ប្រធានាធិបតី​បារាំង​​បង្ខំ​ចិត្ត​ត្រូវ​រំលាយ​សភា។ គ្រោះ​ដែល​សមាជិក​សភា​បក្សសង្គមនិយម​មិន​អាច​ទទួល​យក​បាន​ឡើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ