ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ ការ​បាត់​ចំណាត់ថ្នាក់​បំណុល "AAA" មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ?

សំឡេង ០៤:១០
ទីភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​បំណុល ​Fitch
ទីភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​បំណុល ​Fitch Reuters/Alessandro Garofalo

បន្ទាប់ពី​ Standard and Poor’s ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​មួយ​ទៀត គឺ Fitch បាន​ព្រមាន​ កាលពីថ្ងៃ​សុក្រ ១៦ ធ្នូ ២០១១ អំពី​ការ​ទម្លាក់​ចំណាត់ថ្នាក់​បំណុល​របស់​បារាំង។ មន្រ្តី​រដ្ឋាភិបាល​បារាំង​វិញ កំពុង​តែ​ព្យាយាម​រំងាប់​ក្តី​បារម្ភ​របស់​ប្រជាជន ដោយ​អះអាង​ថា ការបាត់បង់​ចំណាត់ថ្នាក់ AAA នឹង​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ ដោះស្រាយ​មិនបាន​នោះទេ។

ផ្សាយពាណិជ្ជកម្ម

នៅពេលនេះ រដ្ឋាភិបាល​បារាំង​ហាក់ដូចជា​លែង​សង្ឃឹម​ថា​អាច​ការពារ​ចំណាត់ថ្នាក់ AAA របស់​ខ្លួន​បាន​ទៀត​ហើយ។ ទាំង​នាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង សុទ្ធតែ​បាន​នាំគ្នា​អះអាង​ថា ការបាត់បង់​ចំណាត់ថ្នាក់ AAA នឹង​មិន​ធ្វើ​ឲ្យ​បារាំង​ជួប​នឹង​​វិនាសកម្ម ដែល​ស្តារ​មិន​រួច​នោះទេ។

កាលពី​ខែ​សីហា កន្លងទៅនេះ អាមេរិក​ក៏​ត្រូវ​ទីភ្នាក់ងារ Standard and Poor’s ទម្លាក់​ចំណាត់ថ្នាក់​បំណុល​ ពី AAA ដែរ។ ក៏ប៉ុន្តែ អត្រាការប្រាក់​បំណុល​របស់​អាមេរិក​មិន​ត្រឹមតែ​មិន​​​កើនឡើង​នោះទេ តែ​ថែមទាំង​ធ្លាក់​ចុះ​ទៀត​ផង (ពី ២,៥% នៅ​ដើមខែ​សីហា មក​នៅ​ទាប​ជាង ២% នៅ​ខែ​ធ្នូ)។

ការធ្លាក់ចុះ​​អត្រាការប្រាក់​បំណុល ក្រោយ​ពី​អាមេរិក​បាត់បង់​ចំណាត់ថ្នាក់ AAA គឺ​​ដោយសារ​តែ​អាមេរិក​មាន​ធនាគារ​កណ្តាល​ជា​អ្ន​កចេញ​មុខ​ជួយ។

តាមធម្មតា នៅពេល​ដែល​ចំណាត់ថ្នាក់​បំណុល​របស់​ប្រទេស​មួយ​​ធ្លាក់ចុះ (មានន័យថា ហានិភ័យ​បំណុល​កើនឡើង) អ្នកវិនិយោគ​ភាគច្រើន ចាប់ផ្តើម​រារែក​ក្នុង​ការ​វិនិយោគ​លើ​មូលបត្រ​បំណុល​​របស់​ប្រទេស​នោះ។ ជាលទ្ធផល តម្លៃ​មូលបត្រ​បំណុល​នៅលើ​ទីផ្សារ​ត្រូវ​ធ្លាក់ចុះ (តម្លៃ​មូលបត្រ​បំណុល​ធ្លាក់ចុះ =  អត្រាការប្រាក់​កើនឡើង)។

នៅ​អាមេរិក ធនាគារ​កណ្តាល​អាមេរិក (Federal Reserve) អាច​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​មូលបត្រ តាមរយៈ​ការ​​ទិញ​មូលបត្រ​បំណុល​​ចេញ​ដោយ​រដ្ឋាភិបាល​អាមេរិក ដើម្បី​រក្សា​តម្លៃ​មូលបត្រ​នេះ​កុំ​ឲ្យ​ធ្លាក់ចុះ។ ហេតុដូច្នេះ​ហើយ​បាន​ជា អត្រាការប្រាក់​បំណុល​របស់​អាមេរិក​មិន​កើនឡើង ក្រោយ​ពី​អាមេរិក​បាត់​ចំណាត់ថ្នាក់ AAA ។

ផ្ទុយ​ទៅវិញ បារាំង​មិន​មាន​លទ្ធភាព​ធ្វើ​ដូច​អាមេរិក​បានទេ ព្រោះ​​​បារាំង​ជា​ប្រទេស​ចាយលុយ​អឺរ៉ូ ដូច្នេះ អំណាច​ធនាគារ​កណ្តាល គឺ​ស្ថិត​ក្នុង​ដៃ​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប។ រហូតមកទល់ពេលនេះ អាល្លឺម៉ង់​នៅតែ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ មិនឲ្យ​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប ចេញមុខ​​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​មូលបត្របំណុល ដូច​ធនាគារ​កណ្តាល​អាមេរិក​​នោះទេ។

តាមការពិត នៅពេលនេះ អត្រាការប្រាក់​បំណុល​បារាំង​បាន​កើនឡើង​រួច​ជាស្រេច​ទៅហើយ។ អត្រាការប្រាក់​បំណុល​រយៈពេលវែង​របស់​បារាំង កាលពី​ខែ​វិច្ឆិកា កន្លងទៅនេះ បានកើនឡើង​រហូតដល់​ទៅ ៣,៤១% ដែល​ជា​អត្រា​មួយ​ខ្ពស់​បំផុត បើ​ធៀប​នឹង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អឺរ៉ូ ដែល​មាន​ចំណាត់ថ្នាក់ AAA ដូចគ្នា ដូចជា អាល្លឺម៉ង់ (១,៨៧%) លុចសំបួរ (២,៣១%) ហូឡង់ (២,៤៥%) និង ហ្វាំងឡង់ (២,៥៤%)។

នេះមានន័យថា ទោះបី​ជា​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​នៅមិនទាន់​ទម្លាក់​ចំណាត់ថ្នាក់​​បារាំង​ក៏ដោយ ក៏ប៉ុន្តែ នៅ​លើ​ទីផ្សារ​មូលបត្រ អ្នក​វិនិយោគ​ជាទូទៅ ហាក់ដូចជា​គិត​ថា​ បារាំង​​បានបាត់បង់​ចំណាត់ថ្នាក់ AAA រួចជាស្រេចទៅហើយ។ សូម្បីតែ​រដ្ឋាភិបាល​បារាំង​ខ្លួនឯង​ផ្ទាល់ ក៏បាន​រៀបចំ​ថវិកា​ជាតិ ឆ្នាំ​២០១២ ដោយសន្មត់​ថា អត្រាការប្រាក់​បំណុល​បារាំង​នឹង​កើនឡើង​ដែរ​ នៅ​ឆ្នាំ​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI