បារាំង

បារាំង៖ លោក​អេម៉ានុយអែលម៉ាក្រុង និង​លោកស្រី​ម៉ារីនឡឺប៉ែន​ជាប់ឆ្នោត​ជុំទីមួយ

លោក​អេម៉ានុយអេល ម៉ាក្រុង និង​លោកស្រី​ម៉ារីន ឡឺប៉ែន នឹង​ត្រូវ​ប្រកួតប្រជែងគ្នា​នៅ​ជុំទី២ នៅថ្ងៃ​អាទិត្យ ៧ឧសភា ២០១៧
លោក​អេម៉ានុយអេល ម៉ាក្រុង និង​លោកស្រី​ម៉ារីន ឡឺប៉ែន នឹង​ត្រូវ​ប្រកួតប្រជែងគ្នា​នៅ​ជុំទី២ នៅថ្ងៃ​អាទិត្យ ៧ឧសភា ២០១៧

ការិយាល័យបោះឆ្នោត​នៅទូទាំង​ប្រទេស​បាន​បិទទ្វារ​តាំង​ពីម៉ោង ៨យប់។ ការរាប់សន្លឹកឆ្នោត​កំពុង​បន្តធ្វើ ក៏ប៉ុន្តែ យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​​​បង្ហាញ​ថា លោក​អេម៉ានុយអែល ម៉ាក្រុង ទទួល​បាន​សំឡេងនាំមុខគេ ( ២៣,៩%) ចំណែក​លោកស្រី​ម៉ារីន ឡឺប៉ែន ជាប់លំដាប់ទីពីរ (២១,៧%)។ បេក្ខជន​ទាំងពីរ​នឹង​ត្រូវ​ប្រកួតប្រជែងគ្នា​ផ្តាច់ព្រ័ត នៅជុំទីពីរ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​អាទិត្យ ៧ឧសភា។

ផ្សាយពាណិជ្ជកម្ម

ខាងក្រោម​នេះ​ជា​លទ្ធផល​បោះឆ្នោតជុំទីមួយ ថ្ងៃទី២៣ មេសា ឆ្នាំ២០១៧។ ​លោក​អ្នក​ក៏​អាច​មើល​ផងដែរ​នូវ​​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំមុនៗ ​ដោយ​ចុចរើសឆ្នាំ ​នៅ​ជ្រុងខាងលើ​ប៉ែក​ខាង​ស្តាំ។

លទ្ធផល​សំឡេងឆ្នោត​របស់​បេក្ខជន​ទាំង១១រូប

ការស្ទាបស្ទង់មតិ​នៅ​មុនពេល​បោះឆ្នោត​សុទ្ធតែ​បង្ហាញ​ថា បេក្ខជន​ចំនួន ៤រូប មាន​សំឡេង​យ៉ាងប្រកៀកប្រកិតគ្នា​ ក៏ប៉ុន្តែ នៅ​ទីចុងបំផុត គឺ​លោក​អេម៉ានុយអែល ម៉ាក្រុង និង​លោកស្រី​ម៉ារីន ឡឺប៉ែល ដែល​បាន​ជាប់​ឈាន​ទៅ​ជុំទីពីរ។

នៅថ្ងៃ​អាទិត្យ​ទី៧ឧសភា​ខាងមុខ ពលរដ្ឋ​បារាំង​នឹង​ត្រូវ​ជ្រើសរើស អ្នក​នយោបាយ​ជាន់ថ្មី គឺ​​ ​លោក​អេម៉ានុយអែល ម៉ាក្រុង (En Marche !) និង​​លោកស្រី​ម៉ារីន ឡឺប៉ែន មក​ពី​គណបក្ស​ស្តាំនិយមជ្រុល (Front National)។ ​​នេះគឺ​ជាលើកទីមួយ​ក្នុង​ប្រវត្តិ​នៃ​របបសាធារណរដ្ឋ​ទី៥​របស់​បារាំង ដែល​បេក្ខជន​មក​ពី​គណបក្ស​ធំៗ​ទាំងពីរ គឺ​គណបក្ស​សាធារណរដ្ឋ (ស្តាំ) និង​គណបក្ស​សង្គមនិយម (ឆ្វេង) សុទ្ធតែ​ត្រូវ​អវត្តមាន​នៅក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ជុំទីពីរ។

លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង បេក្ខជន​មក​ពី​គណបក្ស​ស្តាំនិយម (Les Républicains) ហើយ​ដែល​ពេញ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ត្រូវ​ជាប់វក់វី​នឹង​រឿង​អាស្រូវ​ទាក់ទង​នឹង​លុយកាក់ ទទួល​បាន​សំឡេង​ក្នុង​រង្វង់ ២០% ប្រហាក់ប្រហែល​នឹង​លោក​ហ្សង់លុច មេឡង់ស្ហុង បេក្ខជន​មក​ពី​គណបក្ស​ឆ្វេងនិយមជ្រុល (១៩,២%)។ ចំណែក​ឯ​លោក​បឺណ័រ អាម៉ុង បេក្ខជន​មក​ពី​គណបក្ស​ឆ្វេងនិយម (Parti Socialiste) ស្ថិត​នៅ​លំដាប់​ទី៥ ដោយ​ទទួល​បាន​សំឡេងតែ​ប្រមាណ​ជាង ៦% តែ​ប៉ុណ្ណោះ។

ចាប់ពីថ្ងៃ​ចន្ទ​នេះ​ទៅ យុទ្ធនាការ​ឃោសនា​បោះឆ្នោត សម្រាប់​ជុំទីពីរ​នឹង​ត្រូវ​ចាប់ផ្តើម ដោយ​បេក្ខជន​នីមួយៗ​ ទាំង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​លោកស្រី​ម៉ារីន ឡឺប៉ែន ត្រូវ​ព្យាយាម​ធ្វើ​យ៉ាងណា​ទាក់ទាញ​សំឡេង​ឆ្នោត​ពី​បេក្ខជន ៩នាក់​ផ្សេងទៀត ដែល​មិនជាប់នៅ​ជុំទី១។

នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ គេ​សង្កេតឃើញ​ថា លោក​អេម៉ានុយអែល ម៉ាក្រុង កំពុងតែ​មាន​ប្រៀបខ្លាំង​លើ​លោកស្រី​ម៉ារីន ឡឺប៉ែន។ ភ្លាមៗ​ក្រោយ​ពី​គេ​ដឹង​លទ្ធផល​ជុំទីមួយ នៅយប់ថ្ងៃ​អាទិត្យ លោក​អេម៉ានុយអែល ម៉ាក្រុង បាន​ទទួល​ការគាំទ្រ​ពី​សំណាក់​អ្នក​នយោបាយ​សំខាន់ៗ​មួយ​ចំនួន ទាំង​មក​ពី​គណបក្ស​ស្តាំនិយម និង​ឆ្វេងនិយម។

អ្នក​ដែល​ចេញមុខ​អំពាវនាវ​មុនគេ​ឲ្យ​បោះឆ្នោត​ឲ្យ​លោក​អេម៉ានុយអែល ម៉ាក្រុង នៅជុំទីពីរ គឺ​លោក​ប៊ែរណា កាហ្សណូវ នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន​ដែល​មក​ពី​គណបក្ស​សង្គមនិយម។ ចំណែក​ឯ​លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ (Les Républicains) ក៏​បាន​អំពាវនាវ​ឲ្យ​បោះឆ្នោត​ឲ្យ​លោក​អេម៉ានុយអែល ម៉ាក្រុង​ផងដែរ ដើម្បី​ធ្វើ​យ៉ាងណា​រារាំង​កុំ​ឲ្យ​តំណែង​ប្រធានាធិបតី​បារាំង​ត្រូវ​ធ្លាក់​ក្នុងដៃ​គណបក្ស​ស្តាំនិយម​ជ្រុល។
 

ចំណុច​សំខាន់​មួយ​ដែល​គេ​កត់សម្គាល់​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំទីមួយ គឺ​អត្រា​អ្នក​ចេញ​ទៅបោះឆ្នោត ដែល​មាន​កម្រិត​ខ្ពស់​ (៧៧,៣%) បើទោះបីជា​មាន​ការគំរាមកំហែង​ភេរវកម្ម ជាពិសេស ការ​វាយប្រហារ​ភេរវកម្ម​នៅ​កណ្តាល​ក្រុង​ប៉ារីស តែ៣ថ្ងៃ​ប៉ុណ្ណោះ​មុន​ថ្ងៃបោះឆ្នោត។ អត្រា​អ្នក​ចេញ​ទៅ​បោះឆ្នោត​ជិត ៨០% ស្ថិត​ក្នុង​ចំណោម​អត្រា​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈពេល​៤០ឆ្នាំ​កន្លងទៅនេះ។

លទ្ធផល​បង្ហាញ​ពី​បេក្ខជន​ដែល​មាន​សំឡេង​នាំមុខគេតាម​តំបន់​នៅ​ទូទាំង​ប្រទេស​បារាំង

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI