ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​និង​អង់គ្លេស​ប្រកាសថា​មាន​ភស្តុតាង​ច្បាស់ថា​ស៊ីរី​ប្រើ​អាវុធគីមី

Dans son numéro daté du 28 mai 2013, Le Monde révèle l'utilisation d'armes chimiques par le régime syrien
Dans son numéro daté du 28 mai 2013, Le Monde révèle l'utilisation d'armes chimiques par le régime syrien www.lemonde.fr

កាលពីថ្ងៃ​អង្គារ​ម្សិលមិញ រដ្ឋមន្រ្តីក្រសួង​ការបរទេស​បារាំង​បាន​អះអាង​ថា បារាំង​មាន​ភស្តុតាង​ច្បាស់លាស់ ដែល​អាច​បញ្ជាក់បាន​ថា ពិតជាមាន​ការ​ប្រើ​អាវុធ​គីមី នៅ​ក្នុង​សង្រ្គាម​ស៊ីវិល​ស៊ីរី​ពិតប្រាកដ ដូចជា​មាន​ព័ត៌មាន​ចុះផ្សាយនាពេល​កន្លងមក​ពិតមែន។ រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​អះអាង​ដូចគ្នានេះ​ដែរ នៅថ្ងៃ​ពុធ​នេះ។ ការប្រើអាវុធ​គីមី ដែល​កន្លងមក លោក​អូបាម៉ា​ធ្លាប់​បាន​ព្រមាន​ថា វា​ជា​ដែនកំណត់​មួយ ដែល​លោក​អាសាដ​មិន​ត្រូវ​ធ្វើ​ឲ្យ​ហួស បើមិនដូច្នោះទេ អាមេរិក​នឹង​ចាត់វិធានការ។

ផ្សាយពាណិជ្ជកម្ម

សំណួរ-នៅ​ក្នុង​​ការ​អះអាង​ពី​ការប្រើអាវុធ​គីមីនៅស៊ីរីនេះ តើ​បារាំងផ្អែក​លើ​ភស្តុតាង​អ្វីខ្លះ?
 
ភស្តុតាង​ពី​ការ​ប្រើ​អាវុធ​គីមី​នៅស៊ីរីនេះ គឺ​បាន​មក​ពី​ការ​ធ្វើ​តេស្ត​ទៅលើ​ជនរងគ្រោះ​នៅ​ស៊ីរី ដែល​គេ​មើលទៅ​ឃើញ​មាន​រោគសញ្ញា​ បង្ហាញ​ពី​ការ​ស្លាប់​ដោយ​ឧស្ម័ន​ម្យ៉ាង ឈ្មោះថា Sarin ដែល​គេ​ប្រើ​ក្នុង​អាវុធ​គីមី ហើយ​គេ​ដឹង​តាំងពីដើមមក​ថា រដ្ឋាភិបាល​ស៊ីរី​មាន​កម្មវិធី​ផលិត​អាវុធ​គីមី ដោយ​ប្រើ​ឧស្ម័ន​ Sarin នេះ។

គេ​បាន​បញ្ជូន​សារធាតុ​សង្ស័យ នៅលើ​ជនរងគ្រោះ​ស៊ីរី មក​ធ្វើ​ការ​ពិសោធន៍ នៅ​ក្នុង​មន្ទីរពិសោធន៍​យោធាបារាំង ទើប​​​គេ​រកឃើញ​ថា វា​គឺ​ពិត​ជា​ឧស្ម័ន Sarin នេះ​ពិតមែន ទើប​ចេញ​ជា​សេចក្តីសន្និដ្ឋាន​ថា ពិតជាមាន​ការ​ប្រើ​អាវុធ​គីមី​ពិតមែន នៅ​ក្នុង​សង្រ្គាមស៊ីវិល​នៅ​ស៊ីរី។

សំណួរ-តើ​​ភស្តុតាងនេះ​​បញ្ជាក់ថា ភាគី​ខាង​ណា​ជា​អ្នក​ប្រើ​អាវុធ​គីមី​​នេះ​ដែរ​ឬទេ?

សេចក្តីថ្លែងការណ៍ ដែល​ចេញ​ដោយ​ក្រសួង​ការបរទេសបារាំង មិនមាន​បញ្ជាក់​ថា ភស្តុតាង​ដែល​គេ​រកឃើញ​នេះ​បញ្ជាក់​ថា ខាងណា​អ្នកប្រើ​អាវុធ​គីមី​​ទេ។ ក៏ប៉ុន្តែ រដ្ឋមន្រ្តី​ការបរទេស​បារាំង លោក​ឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) បាន​ប្រាប់​ទូរទស្សន៍​បារាំង ថា គេ​មាន​ភស្តុតាង​ដែល​អាច​បញ្ជាក់បានថា មាន​យ៉ាងតិច​មួយករណី គឺ​ជា​ការប្រើ​អាវុធគីមី ដោយ​កងកម្លាំង​ស្និទ្ធ​នឹង​លោក​បាស្ហា អាល់អាសាដ ហើយ​ថា ភស្តុតាងទាំងអស់ ដែល​បារាំង​បាន​រកឃើញ​នេះ បារាំង​បាន​បញ្ជូន​ទៅ​ឲ្យ​អ.ស.ប.​រួចហើយ។

បន្ទាប់ពី​បារាំង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​ប្រកាស​ថា​មាន​ភស្តុតាង​បញ្ជាក់​ពី​ការ​ប្រើ​អាវុធ​គីមី នៅស៊ីរី​នេះ​ដែរ ហើយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស​បញ្ជាក់​ច្បាស់ៗ​ថា អាវុធ​គីមី​នេះ គឺ​ខាង​រដ្ឋាភិបាល​ស៊ីរី​ជា​អ្នក​ប្រើ។
 
សំណួរ-កន្លងមក យើងឃើញ​ថា ប្រមុខដឹកនាំ​អាមេរិក ក៏ដូចជា បារាំង និង​អង់គ្លេស សុទ្ធតែ​​ធ្លាប់​បាន​ព្រមាន​ថា​ ប្រសិនបើ​មាន​ការប្រើ​អាវុធ​គីមី នៅ​ក្នុង​សង្រ្គាមស៊ីវិល​នៅស៊ីរី សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍។ ឥឡូវនេះ បារាំង និង​អង់គ្លេស សុទ្ធតែ​បញ្ជាក់ច្បាស់ៗ​ថា មាន​ការ​ប្រើអាវុធ​គីមី​នៅស៊ីរី​ពិតមែន។ តើ​នេះ​មានន័យថាម៉េច? តើ​បារាំង អង់គ្លេស ឬ​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត​នឹង​ធ្វើ​អន្តរាគមន៍​នៅ​ស៊ីរី​ ឬ​ក៏​យ៉ាងម៉េច?
 
មកទល់នឹង​ពេលនេះ មិនទាន់ឃើញ​មាន​ប្រទេស​ណា​និយាយ​ទៅដល់​ការ​ធ្វើ​អន្តរាគមន៍​យោធា​នៅស៊ីរីទេ។

អង់គ្លេស​បាន​ត្រឹមតែ​ទាមទារ​ឲ្យ​ស៊ីរី​អនុញ្ញាត​ឲ្យ​មន្រ្តី​អ.ស.ប. ចូល​ទៅ​ធ្វើការ​ស៊ើបអង្កេត​ករណី​ប្រើ​អាវុធ​គីមីនេះ។ ចំណែក​អាមេរិកវិញ តាមរយៈ​អ្នកនាំពាក្យ​សេតវិមាន បាន​លើកឡើង​ថា អាមេរិក​​ត្រូវ​ការ​ភស្តុតាង​ឲ្យ​បាន​ច្រើន និង​ច្បាស់លាស់​ជាងនេះ​ទៀត ដើម្បី​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ពិតជាមាន​ការ​ប្រើ​អាវុធ​គីមី​នៅស៊ីរីពិតមែន។

បារាំងវិញ​ខុសពីអាមេរិក។រដ្ឋមន្រ្តី​ការបរទេស​បារាំង​បាន​បញ្ជាក់​ច្បាស់ៗ​ថា ពិតជា​មាន​ការ​ប្រើ​អាវុធ​គីមី​នៅ​ស៊ីរី​ពិតប្រាកដមែន ហើយ​ថា រដ្ឋាភិបាល​ស៊ីរី ពិត​ជា​បាន​ឆ្លង​ដែន​កំណត់ ដែល​សហគមន៍​អន្តរជាតិ​បាន​ព្រមាន​កន្លងមក​ពិតមែន។ ក៏ប៉ុន្តែ និយាយ​ដល់​វិធានការ​ ដែល​ត្រូវ​ចាត់ ដើម្បី​តបត​ទៅនឹង​ការ​ប្រើ​អាវុធ​គីមី​នេះ​ លោក ឡូរ៉ង់ ហ្វាប៊្យូស បាន​ត្រឹមតែ​លើកឡើង​ថា បារាំង​គិត​ពិចារណា​ទៅលើ​គ្រប់លទ្ធភាព​ទាំងអស់ រួមទាំង​ការ​ប្រើ​កម្លាំង​ទ័ព​នៅស៊ីរីផង​ដែរ។ ក៏ប៉ុន្តែ ឥឡូវនេះ គេមិនទាន់​ឈាន​​ដល់​ដំណាក់កាល​នោះឡើយទេ។ ការ​បញ្ជូន​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាមស៊ីរី​ក៏​គេ​មិនចង់​ធ្វើ​នៅពេលនេះ​ដែរ ដោយសា​រតែ​គេ​មិនចង់​ឲ្យ​វា​ប៉ះពាល់​ទៅដល​សន្និសីទអន្តរជាតិ​ក្រុង​ហ្សឺណែវ ដែល​ជា​ឱកាសមួយ ដើម្បី​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​តាមផ្លូវ​នយោបាយ តាមផ្លូវការទូត ដោយ​មិនចាំបាច់​ប្រើ​កម្លាំង។

សំណួរ-តើ​ការរៀបចំ​សន្និសីទ​អន្តរជាតិ ស្តីពី​វិបត្តិ​ស៊ីរី​នេះ មាន​ដំណើរការ​ទៅដល់​ណាហើយ?
 
មកទល់ពេលនេះ គេនៅមិនទាន់ដឹង​ថា តើ​សន្និសីទ​នេះ​អាច​បើក​ធ្វើ​នៅពេលណា​បាន​នៅឡើយទេ! ពីដំបូង នៅ​ពេល​ដែល​អាមេរិក និង​រុស្ស៊ី ព្រមព្រៀង​គ្នា​បើក​ធ្វើ​សន្និសីទ​នេះ លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ធ្លាប់​បាន​លើកឡើង​ថា សន្និសីទ​នេះ​អាច​នឹង​បើក​ធ្វើ នៅ​ក្នុង​ខែមិថុនា​នេះ។ ក៏ប៉ុន្តែ កាលពីម្សិលមិញនេះ រដ្ឋមន្រ្តី​ការបរទេស​បារាំង​បាន​លើកឡើង​​ថា ប្រហែល​ជា​ត្រូវ​ចាំ​​រហូត​ទៅដល់​ខែ​កក្កដា ទើប​សន្និសីទ​នេះ​អាច​បើក​ធ្វើ​ទៅបាន។

នៅ​ថ្ងៃ​ពុធនេះ តំណាង​រដ្ឋាភិបាល​អាមេរិក និង​រុស្ស៊ី រួមជាមួយ​នឹង​លោក ឡាក់ដា ប្រាហ៊ីមី ប្រេសិត​​ពិសេស​របស់​អ.ស.ប. និង​សម្ព័ន្ធអារ៉ាប់​ ទទួលបន្ទុក​កិច្ចការ​ស៊ីរី កំពុង​ជួប​ប្រជុំគ្នា នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ដើម្បី​ជជែក​គ្នា ពី​ការ​រៀបចំ​សន្និសីទ​ស៊ីរី​នេះ។ មកទល់​ឥឡូវនេះ គេ​នៅ​តែ​មិនទាន់​ត្រូវ​រ៉ូវគ្នា​នៅឡើយទេ ដោយ​គេ​នៅតែ​មាន​ការខ្វែងគំនិត​គ្នាតាំង​ពី​ទៅលើ​​​ប្រធានបទ ដែល​ត្រូវ​ជជែកគ្នា រហូតដល់​ទៅ​រឿង​ថា អ្នកណា​ខ្លះ​ដែល​អាច​ចូលរួម ឬ​មិន​អាច​ចូលរួម​ក្នុង​សន្និសីទ​នេះ​បាន ជាពិសេស ករណី​អ៊ីរ៉ង់។

អាមេរិក និង​ប្រទេស​លោកខាងលិច​ផ្សេងទៀត ជាពិសេស បារាំង មិនចង់​ឲ្យ​​អ៊ីរ៉ង់​ចូលរួម​ក្នុង​សន្និសីទ​នេះ ព្រោះ​គេយល់ថា អ៊ីរ៉ង់​គឺ​ជា​សម្ព័ន្ធមិត្ត​របស់​លោកអាសាដ ហើយ​ប្រហែល​ជា​កំពុង​តែ​ជួយ​លោក​អាសាដ ក្នុងការ​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​ស៊ីរី​ទៀតផង។ រុស្ស៊ីវិញ ដែល​ជា​សម្ព័ន្ធ​របស់​អ៊ីរ៉ង់ផង និង​ជា​សម្ព័ន្ធមិត្ត​របស់​លោក​អាសាដ​ផង ទាមទារ​ដាច់ខាត​ថា នៅ​ក្នុងការ​ដោះស្រាយ​វិបត្តិ​ស៊ីរីនេះ ចាំបាច់​ ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង អ៊ីរ៉ង់​ផង។

និយាយ​ពី​​ភាគី​ជម្លោះវិញ មានតែ​ខាង​រដ្ឋាភិបាល​ស៊ីរី​ប៉ុណ្ណោះ ដែល​បាន​ប្រកាស​ថា នឹង​បញ្ជូន​តំណាង​ឲ្យ​មក​ចូលរួម ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ។ ចំណែក​​ក្រុមប្រឆាំង​ស៊ីរីវិញ នៅ​មិនទាន់​សម្រេច​ថា នឹងចូលរួម ឬ​មិនចូលរួម​នៅឡើយទេ។

​នៅ​ក្នុង​ពេល​ដែល​សហគមន៍​អន្តរជាតិ កំពុង​តែ​ខ្វែងគំនិត​គ្នា រឿង​ដំណោះស្រាយ​វិបត្តិ​ស៊ីរីនេះ នៅ​ក្នុង​ប្រទេស​ស៊ីរីឯណោះវិញ ប្រជាជន​ស៊ីវិល​នៅ​តែ​បន្ត​រងគ្រោះ ស្លាប់ និង​របួស ស្ទើរតែ​រៀងរាល់​ថ្ងៃ។ ចំនួន​អ្នក​ស្លាប់ ចាប់តាំង​ពីផ្ទុះវិបត្តិ​នៅ​ស៊ីរីនេះ បាន​កើនឡើង​រហូតដល់​ទៅ​ប្រមាណជា ៩ម៉ឺន ៤ពាន់នាក់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI