រដ្ឋអាជ្ញាបារាំង​ថា​ស្រ្តី​ដែល​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​នៅ​ប៉ារីស​ទទួលបញ្ជា​ពី​ក្រុមជីហាត​រដ្ឋអ៊ីស្លាម

លោក​ហ្វ្រង់ស័រ ម៉ូឡាំង (François Molins) រដ្ឋអាជ្ញាបារាំង​ទទួលបន្ទុក​ស៊ើបអង្កេត​ភេរវកម្ម
លោក​ហ្វ្រង់ស័រ ម៉ូឡាំង (François Molins) រដ្ឋអាជ្ញាបារាំង​ទទួលបន្ទុក​ស៊ើបអង្កេត​ភេរវកម្ម AFP/Geoffroy Van Der Hasselt

ស្រ្តី៣រូប​ដែល​ប៉ូលិស​ចាប់ខ្លួន​កាល​ពីថ្ងៃ​ព្រហស្បតិ៍ គឺ​ពិតជា​អ្នក​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​ក្រុង​ប៉ារីស ហើយ​អ្នកដែល​បញ្ជា​ពីក្រោយ គឺ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។ នេះ​ជាការ​អះអាង​របស់​រដ្ឋអាជ្ញា​បារាំង​ទទួល​បន្ទុក​ស៊ើបអង្កេត​សំណុំរឿង​ភេរវកម្ម​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។

ផ្សាយពាណិជ្ជកម្ម

ស្រ្តី​ចំនួន ៣រូប អាយុ ១៩ឆ្នាំ ​២៣​ឆ្នាំ និង​៣៩ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន នៅ​ជាយក្រុង​ប៉ែក​ខាង​ត្បូង​ក្រុង​ប៉ារីស។ ការ​ចាប់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​ប៉ូលិស​បាន​រកឃើញ​រថយន្តមួយគ្រឿង​ផ្ទុក​ពេញ​ទៅដោយ​ធុងហ្កាស ចតចោល​នៅ​ក្នុង​សង្កាត់​អ៊ូរអរ​មួយ ចំ​កណ្តាល​ក្រុង​ប៉ារីស កាល​ពី​យប់ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន។

លោ​ក​ហ្វ្រង់ស័រ ម៉ូឡាំង រដ្ឋអាជ្ញាទទួលបន្ទុក​ស៊ើបអង្កេត​ភេរវកម្ម​បាន​អះអាង​ថា តាមការ​ស៊ើបអង្កេត​បឋម ស្រ្តី​ទាំង៣រូប គឺ​ពិតជា​អ្នក​រៀបចំ​ការ​វាយប្រហារ​មិនបាន​សម្រេច​នេះ ហើយ​ជាពិសេស​ទៅទៀត ពួកគេ​មាន​ទំនាក់ទំនង​គ្នា​ជា​ខ្សែបណ្តាញ​ជាមួយ​នឹង​ក្រុម​ភេរវជន ដែល​បាន​ធ្វើការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​បារាំង កាលពីខែ​មិថុនា និង​ខែ​កក្កដា​កន្លងទៅ​ថ្មីៗ​នេះ។
 

ការប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​ដោយ​ស្រ្តីក្មេងៗ ​បញ្ជា​ដោយផ្ទាល់​ពី​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ីរី ​គឺជាការ​បង្ហាញ​ឲ្យឃើញ​ថា ​ក្រុមជីហាត​កំពុងតែ​យក​ស្រ្តី​មកធ្វើជា​ឧបករណ៍​ក្នុងការ​វាយប្រហារ​ភេរវកម្ម។

ប្រសាសន៍​របស់​លោក​ហ្វ្រង់ស័រ ម៉ូឡាំង

យោងតាម​រដ្ឋអាជ្ញាបារាំង ស្រ្តី​ទាំង៣រូប​ទទួល​បញ្ជា​ពី​មេខ្លោង​ ដែល​ជា​សមាជិក​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។ នេះ​ជា​ការ​បញ្ជាក់​ឲ្យឃើញ​ថា ក្រុម​ជីហាត​មិនមែន​ប្រើតែ​បុរស​ទេ នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម តែ​ក៏​ប្រើ​ស្រ្តី​ផងដែរ ជាពិសេស ស្រ្តី​ក្មេងៗ​ដែល​ងប់​នឹង​មនោគមន៍​វិជ្ជា​អ៊ីស្លាម​ជ្រុល​និយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI