បារាំង

បារាំង​ចាប់ផ្តើម​បោះឆ្នោត​ប្រធានាធិបតី​ក្រោម​ភាពតានតឹង​ផ្នែក​សន្តិសុខ

ប៉ូលិស​ដែល​កំពុង​ប្រចាំការ​រក្សា​សន្តិសុខ​នៅ​ក្បែរ​ការិយាល័យបោះឆ្នោត​ប្រធានាធិបតី​បារាំង ថ្ងៃអាទិត្យ ២៣ មេសា ២០១៧
ប៉ូលិស​ដែល​កំពុង​ប្រចាំការ​រក្សា​សន្តិសុខ​នៅ​ក្បែរ​ការិយាល័យបោះឆ្នោត​ប្រធានាធិបតី​បារាំង ថ្ងៃអាទិត្យ ២៣ មេសា ២០១៧ REUTERS/Christian Hartmann

នៅថ្ងៃ​អាទិត្យ ទី២៣​មេសា​នេះ ប្រជាពលរដ្ឋ​បារាំង​ចាប់ផ្តើម​បោះឆ្នោត​ ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ជំនួស​លោក​ហ្វ្រង់ស័រ ហូឡង់ ដែល​ផុតអាណត្តិ។ ការបោះឆ្នោត​ជុំទីមួយ​នៅថ្ងៃ​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​ភាពតានតឹង​ខាងផ្នែក​សន្តិសុខ ដោយសារ​តែ​មាន​ការ​គំរាមកំហែង​ភេរវកម្ម។ ចំណែក​ឯ​លទ្ធផល​បោះឆ្នោត​ទៅជាយ៉ាងណា​ក៏​គេ​ពិបាក​នឹង​ស្មាន​ដឹង ដោយសារ​តែ​បេក្ខជន​មាន​សន្ទុះគាំទ្រ​ប្រកៀកប្រកិតគ្នា​ខ្លាំង ជាពិសេស ក្នុង​ចំណោម​បេក្ខជន​៤រូប ដែល​មាន​សំឡេង​នាំមុខគេ មាន ២រូប​ជា​អ្នក​មាន​នយោបាយ​ប្រឆាំង​នឹង​សហភាពអឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

៣ថ្ងៃក្រោយ​ភេរវកម្ម​នៅ​មហាវិថី​ស្ហង់ស៍អេលីហ្សេ ក្រុងប៉ារីស ដែល​បណ្តាល​ឲ្យ​ប៉ូលិស​ម្នាក់​ត្រូវ​ស្លាប់ ហើយ​ដែល​មាន​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ចេញមុខ​ប្រកាស​ទទួលខុសត្រូវ ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំទីមួយ នៅថ្ងៃ​អាទិត្យ​នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​​ក្រោម​វិធានការ​សន្តិសុខ​យ៉ាងតឹងរ៉ឹង។ កងកម្លាំង​ប៉ូលិស អាវុធហត្ថ និង​ទាហាន គិតជាសរុប​ចំនួន ៥ម៉ឺននាក់ ត្រូវ​បាន​ដាក់ពង្រាយ​ការពារ​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស។

បើនិយាយ​ពី​ភាពប្រកួតប្រជែង​វិញ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ចំណោម​បេក្ខជន​សរុប​ទាំង ១១នាក់ មាន​បេក្ខជន ៤នាក់ ដែល​មាន​សន្ទុះគាំទ្រ​ខ្លាំងជាងគេ តែ​ក្នុង​កម្រិត​ប្រហាក់ប្រហែលគ្នា។ ការស្ទាបស្ទង់មតិ​នៅ​មុនពេល​បិទបញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កាលពីថ្ងៃ​សុក្រ​បង្ហាញ​ថា លោក​អេម៉ានុយអែល ម៉ាក្រុង អ្នក​នយោបាយ​វ័យក្មេង​ដែល​មាន​និន្នាការ​នយោបាយ​កណ្តាល​និយម ជា​អ្នក​មាន​សំឡេង​នាំមុខគេ។ បន្តកន្ទុយពីក្រោយ​ មាន​លោកស្រី​ម៉ារីន ឡឺប៉ែន មក​ពី​គណបក្ស​ស្តាំនិយមជ្រុល, លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង អតីតនាយករដ្ឋមន្រ្តី​ មក​ពី​គណបក្ស​ស្តាំនិយម និង​លោក​ហ្សង់លុច មេឡង់ស្ហុង មកពី​គណបក្ស​ឆ្វេងនិយមជ្រុល។

យោងតាម​ការស្ទាបស្ទង់មតិ បេក្ខជន​ទាំង៤រូប​នេះ​មាន​សំឡេង​យ៉ាង​ប្រកៀកប្រកិតគ្នា​បំផុត (ក្នុងចន្លោះ​ពី ១% ទៅ ៥%​ តែប៉ុណ្ណោះ)។ លើសពីនេះ​ទៅទៀត ចំនួន​អ្នក​បោះឆ្នោត​ដែល​មកទល់​នឹង​ថ្ងៃ​សុក្រ នៅតែ​​អះអាង​ថា​ខ្លួ​ន​នៅមិនទាន់​សម្រេចចិត្ត​ច្បាស់លាស់​ជ្រើសរើស​បេក្ខជន​ណាមួយ​នៅឡើយនោះ ក៏​មាន​ចំនួន​យ៉ាងច្រើន រហូតដល់​ទៅ​ជិត ៣០%។ ហេតុដូច្នេះហើយ​បាន​ជា​មក​ដល់​ថ្ងៃ​បោះឆ្នោត​ជុំទីមួយ​នេះ​ទៅហើយ ​គេនៅតែ​​ពិបាក​ស្មាន​បាន​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត។

គួរបញ្ជាក់ថា ការបោះឆ្នោត​ជុំទីមួយ​នេះ​នឹង​ត្រូវ​ចម្រាញ់​យក​បេក្ខជនតែ​២រូប​ប៉ុណ្ណោះ ដើម្បី​ទៅ​ប្រកួតប្រជែង​គ្នា​នៅ​ជុំទីពីរ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​អាទិត្យ ទី៧​ឧសភា​ខាងមុខ។ លើកលែង​តែ​មាន​បេក្ខជន​ណាមួយ​ទទួល​បាន​សំឡេងឆ្នោតច្រើនលើសលុប​រហូតដល់​លើស ៥០% ហើយ​​ត្រូវ​ជាប់ឆ្នោតជា​ប្រធានាធិបតី​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ជុំទី២ (ជា​រឿង​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិនយោបាយ​បារាំង​ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោកលើកទី២)។

សេណារីយ៉ូ​ដ៏​អាក្រក់​មួយ​សម្រាប់​សហភាព​អឺរ៉ុប​អាច​កើតមានឡើង នៅ​ពេល​ចេញ​លទ្ធផល​បោះឆ្នោត​ជុំទីមួយ នៅ​យប់ថ្ងៃ​អាទិត្យ​នេះ គឺ​លោកស្រី​ម៉ារីន ឡឺប៉ែន និង​លោក​ហ្សង់លុច មេឡង់ស្ហុង បាន​​ទទួល​សំឡេង​ឆ្នោត​លើសគេ ហើយ​ត្រូវ​ឈាន​ទៅ​ប្រកួតប្រជែង​នៅជុំទីពីរ​។ បេក្ខជន​ទាំង២រូប​នេះ​​​សុទ្ធសឹង​ជា​អ្នក​មាន​នយោបាយ​ប្រឆាំង​សហភាព​អឺរ៉ុប។ លោកស្រី​ម៉ារីន ឡឺប៉ែន ថែម​ទាំង​​ចង់​រៀបចំ​​បោះឆ្នោត​ប្រជាមតិ​ឲ្យ​បារាំង​ចេញ​ពី​សហភាព​អឺរ៉ុប​ដូចអង់គ្លេស​ថែម​ទៀតផង។

ប្រសិនបើ​សេណារីយ៉ូ​នេះ​ពិតជា​កើតមានឡើងមែន មិនថា​លទ្ធផល​ជុំទីពីរ​នៅថ្ងៃ​អាទិត្យ ទី៧​ឧសភា​ខាងមុខ ចេញ​ជាយ៉ាងណា​នោះទេ តែ​បារាំង​ ដែល​ជា​ប្រទេស​ដ៏សំខាន់បំផុត​មួយ​ក្នុង​សហភាព​អឺរ៉ុប (រួមជាមួយ​នឹ​ងអាល្លឺម៉ង់) នឹង​ត្រូវ​មាន​ប្រធានាធិបតី​ ដែល​មាន​នយោបាយ​ប្រឆាំង​សហភាព​អឺរ៉ុប។

ជាទូទៅ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​ជុំទីមួយ​នឹង​ត្រូវ​គេ​ដឹង នៅ​ម៉ោង ៨យប់។ ក៏ប៉ុន្តែ ​ឆ្នាំ​នេះ​ការិយាល័យបោះឆ្នោត​ត្រូវ​បិទទ្វារ​យឺតយ៉ាង​មុន​មួយម៉ោង ដោយ​ការិយាល័យបោះឆ្នោត​នៅតាម​ក្រុងធំៗ​ត្រូវ​បើកទ្វារ​រហូតដល់ម៉ោង ៨យប់ ហើយ​សំឡេង​បេក្ខជន​ក៏​ប្រកៀកប្រកិតគ្នា​ខ្លាំង​ទៅទៀត។ ដូច្នេះ នៅ​ម៉ោង ៨យប់ គេ​អាច​​នឹង​មិន​ទាន់​ដឹង​​បាន​​ភ្លាមៗ​នូវ​ឈ្មោះ​បេក្ខជន​​ទាំងពីរ​រូប​ដែល​ត្រូវ​ជាប់​ទៅ​ជុំទីពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI