បារាំង

បារាំង៖ ​ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​គ្រោង​ធ្វើ​ភេរវកម្ម​មុន​បោះឆ្នោត​ប្រធានាធិបតី

កងកម្លាំង​ប៉ូលិស​បារាំង​ដែល​ត្រូវ​ដាក់ពង្រាយ​នៅ​ពេលឆែកឆេរ​ទីតាំង​ជនសង្ស័យ​ភេរវកម្ម នៅថ្ងៃ​អង្គារ ១៨មេសា ២០១៧
កងកម្លាំង​ប៉ូលិស​បារាំង​ដែល​ត្រូវ​ដាក់ពង្រាយ​នៅ​ពេលឆែកឆេរ​ទីតាំង​ជនសង្ស័យ​ភេរវកម្ម នៅថ្ងៃ​អង្គារ ១៨មេសា ២០១៧ Boris Horvat/AFP

នៅថ្ងៃ​អង្គារ​នេះ ប៉ូលិស​បារាំង​បាន​ចាប់ខ្លួន​មនុស្ស ២នាក់ ដែល​ជាប់សង្ស័យ​ថា​បាន​រៀបគម្រោងការណ៍​វាយប្រហារ​ភេរវកម្ម នៅ​ក្នុងពេល​ដែល​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​នឹង​ត្រូវ​ប្រព្រឹត្ត​ធ្វើ នៅថ្ងៃ​អាទិត្យ​ខាងមុខនេះ។ បេក្ខជន​សំខាន់ៗ ដែល​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ ត្រូវ​បាន​អាជ្ញាធរ​ជូនដំណឹង​តាំង​ពី​សប្តាហ៍​មុន ពី​គម្រោងភេរវកម្ម ដើម្បី​ឲ្យ​ពួកគេ​បង្កើន​ការ​រឹត​បន្តឹង​សុវត្ថិភាព​ផ្ទាល់ខ្លួន។

ផ្សាយពាណិជ្ជកម្ម

ជនសង្ស័យ​ទាំងពីររូប ដែល​​ត្រូវ​បាន​ប៉ូលិស​បារាំង​ចាប់ខ្លួន​នៅឯ​ទីក្រុង​ម៉ាកសី ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង មានវ័យ ២៣ឆ្នាំ និង ២៩ឆ្នាំ ហើយ​សុទ្ធសឹង​តែ​ជា​អ្នក​ដែល​​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​សំណាក់​ទីភ្នាក់ងារ​ចារកិច្ច ដោយសារ​តែ​ពួកគេ​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​មាន​គំនិត​អ៊ីស្លាម​ជ្រុលនិយម។

យោងតាម​ការអះអាង​របស់​ប៉ូលិស ជនសង្ស័យ​ទាំងពីរ​រូប​បាន​រៀបគម្រោងការណ៍​ចប់សព្វគ្រប់ ហើយ​គ្រោង​នឹង​ធ្វើការ​វាយប្រហារ​ភេរវកម្ម នៅ​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ខាងមុខ​ទៀត​នេះ ក៏ប៉ុន្តែ ប៉ូលិស​មិន​បាន​បញ្ជាក់​ឲ្យដឹង​ទេ​ថា តើ​អ្វីទៅ​ជា​ចំណុចស៊ីប​នៃ​ការវាយប្រហារ​នេះ។

ទោះជាយ៉ាងណា បេក្ខជន​មួយចំនួន ដែល​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ត្រូវ​បាន​អាជ្ញាធរ​ជូន​ដំណឹង​ពី​គម្រោងភេរវកម្ម​ ដោយ​រូបថត​ជនសង្ស័យ​ទាំងពីរ​រូប​ត្រូវ​អាជ្ញាធរ​បញ្ជូន​ទៅ​ឲ្យ​កង​អង្គរក្ស​របស់​បេក្ខជន​ប្រធានាធិបតី តាំង​ពីថ្ងៃ​ព្រហស្បត៍​សប្តាហ៍​មុន​មកម៉្លេះ ហើយសន្តិសុខ​នៅ​ក្នុង​​មិទ្ទិញឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ខ្លះ​ត្រូវ​បាន​រឹតបន្តឹង ដោយ​មាន​ការ​ដាក់ពង្រាយ​កងកុម្ម៉ង់ដូ​ប៉ូលិស។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​បាន​លើកឡើង នៅ​ថ្ងៃ​អង្គារ ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ភេរវកម្ម​ទាំងពីរ​រូប​ថា ការគំរាមកំហែង​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​បារាំង​នៅពេលនេះ​កំពុង​មាន​ស្ថិត​ក្នុង​កម្រិត​ដ៏ខ្ពស់​មិន​ធ្លាប់មាន ក៏ប៉ុន្តែ លោក​ក៏​បា​នធានាផងដែរ​ថា រដ្ឋាភិបាល​បាន​ចាត់​រាល់​វិធានការ​ចាំបាច់ ដើម្បី​រក្សា​សន្តិសុខ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។ កងកម្លាំង​ប៉ូលិស អាវុធហត្ថ ព្រមទាំង​ទាហាន គិតជាសរុប​ចំនួន ៥ម៉ឺននាក់ ត្រូវ​បាន​រដ្ឋាភិបាល​​ដាក់ពង្រាយ នៅ​ក្នុង​អំឡុង​ការបោះឆ្នោត ដែល​ជុំទីមួយ​នឹង​ប្រព្រឹត្តទៅនៅថ្ងៃ​អាទិត្យ​ទី២៣​មេសា និង​ជុំទីពីរ នៅថ្ងៃ​អាទិត្យ ទី៧​ឧសភា​ខាងមុខ។

គួរបញ្ជាក់ថា លោកស្រី​ម៉ារីន ឡឺប៉ែន ​ដែល​តាម​ការ​ស្ទាបស្ទង់មតិ​នាពេលចុងក្រោយ​នេះ​បង្ហាញ​ថា​ជាបេក្ខនារី​ប្រធានាធិបតី​មាន​សំឡេង​នាំមុខគេ ក្នុង​ចំណោម​បេក្ខជន​សំខាន់ៗ​ទាំង ៤រូប គឺ​ជា​អ្នក​នយោបាយ​មក​ពី​គណបក្ស​ស្តាំនិយមជ្រុល ហើយ​ដែល​មាន​ជំហរតឹងរ៉ឹង​ចំពោះ​អ្នក​កាន់​សាសនា​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI