អានតួអត្ថបទ
អឺរ៉ុប

បារាំង​ជំរុញឲ្យ​សហភាព​អឺរ៉ុប​ចាត់វិធានការ​ក្រោយពី​មាន​សោកនាដកម្ម​ជនភៀសខ្លួន​ក្បែរ​ឆ្នេរ​អ៊ីតាលី

មឈូស​ដាក់​សាកសព​ជនរងគ្រោះ​ដោយ​លិចទូក​ដឹកជនភៀសខ្លួន នៅ​ក្បែរ​កោះ Lampedusa ប្រទេស​អ៊ីតាលី
មឈូស​ដាក់​សាកសព​ជនរងគ្រោះ​ដោយ​លិចទូក​ដឹកជនភៀសខ្លួន នៅ​ក្បែរ​កោះ Lampedusa ប្រទេស​អ៊ីតាលី REUTERS/Antonio Parrinello
ដោយ៖ សេង ឌីណា
១៧ នាទី

កាលពី​ថ្ងៃ​អាទិត្យ​ រដ្ឋាភិបាល​បារាំង​បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ចាត់វិធានការ​ជាក់ស្តែង ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​សោកនាដកម្ម​ថ្មីទៀត ចំពោះ​ជនភៀសខ្លួន ដូច​ករណី​ដែល​បាន​កើតឡើង នៅ​ក្បែរ​ឆ្នេរសមុទ្រ​អ៊ីតាលី កាល​ពី​ព្រហស្បតិ៍​មុន។ ការលិច​កប៉ាល់​ដឹកជនភៀសខ្លួន​មក​ពី​អាហ្វ្រិក ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រាប់រយនាក់។ កាលពីថ្ងៃ​អាទិត្យ​នេះ​ដែរ ប្រតិបត្តិការ​តាម​រក​អ្នក​បាត់ខ្លួន បាន​ចាប់ផ្តើម​ឡើង​វិញ ហើយ​សាកសព​ថ្មី​យ៉ាងតិចចំនួន ១០​ត្រូវ​បាន​គេ​ទាញ​យក​ចេញ​ពី​ក្នុង​កប៉ាល់​ដែល​លិច។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ការបរទេស​បារាំង លោក​ ឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) បាន​ប្រាប់​ទូរទស្សន៍​បារាំង កាល​ពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​បារាំង​នឹង​ទាមទារ​ឲ្យ​ដាក់​បញ្ហា​គ្រប់គ្រង​ព្រំដែន​អឺរ៉ុប បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​ នៃ​កិច្ចប្រជុំ​កំពូល​ រវាង​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាលប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​នឹង​បើក​ធ្វើ នៅថ្ងៃ​ទី២៤ និង​២៥ តុលា​ខាងមុខ។

រដ្ឋាភិបាល​បារាំង​ រួម​ជាមួយ​នឹង​អ៊ីតាលី ក៏​បាន​អំពាវនាវ​រួចមក​ហើយដែរ ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​នៃ​ប្រទេស​សហភាព​អឺរ៉ុប លើក​យក​បញ្ហា​ជនភៀសខ្លួន និង​ជន​អន្តោប្រវេសន៍​​មក​ជជែក​គ្នា នៅ​ក្នុង​កិច្ចប្រជុំ ដែល​គ្រោង​ធ្វើ ក្នុង​ប្រទេស​លុចសំបួ នៅ​ថ្ងៃ​អង្គារ​ខាងមុខ​នេះ។

គួររំឭកឡើងវិញ​ថា កាល​ពីថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ កប៉ាល់​ ដែល​មាន​ដឹកជនភៀសខ្លួន​មក​ពី​អាហ្វ្រិក ប្រមាណ​ជា ៤៥០នាក់ ទៅ ៥០០នាក់ បាន​ក្រឡាប់លិច នៅ​ក្បែរ​កោះ​មួយ​ របស់​អ៊ីតាលី។ ក្នុង​ចំណោម​ជនភៀសខ្លួន​ទាំងអស់​នេះ គេឃើញ​មាន​តែ​ ១៥៥នាក់​ប៉ុណ្ណោះ ដែល​រួច​ជីវិត។

គិត​ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​​ មក​ទល់​នឹង​ថ្ងៃ​អាទិត្យ ក្រុម​ជួយសង្រ្គោះ​បាន​រកឃើញ​សាកសព​​ចំនួន ១២១​ ហើយ​មនុស្ស​ប្រមាណ​ជា​ជាង ២០០នាក់​ផ្សេងទៀត នៅ​កំពុង​បាត់ខ្លួន​នៅឡើយ។ គេ​សង្ស័យ​ថា អ្នក​បាត់ខ្លួន​អស់ទាំងនេះ ប្រហែល​ជា​ស្លាប់​បាត់បង់​ជីវិត​អស់ទៅហើយ ដោយ​សាកសព​របស់​ពួកគេ​កំពុង​ជាប់​ក្នុង​កប៉ាល់ ដែល​លិច​ទៅក្រោម​បាតសមុទ្រ ជម្រៅ​ប្រមាណ​ជា ៤០ម៉ែត្រ។

សោកនាដកម្ម​លើ​ជនភៀសខ្លួន​​នេះ កំពុង​តែ​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស នៅ​ក្នុង​សហភាព​អឺរ៉ុប ជុំវិញ​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន។ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​បាន​លុបចោល​ព្រំដែន​រវាង​គ្នា ក៏ប៉ុន្តែ ការគ្រប់គ្រង​ព្រំដែន រវាង​អឺរ៉ុប និង​ប្រទេស​ក្រៅ​សហភាព​អឺរ៉ុប​តែងតែ​ជា​បញ្ហា​ចោទ។ ​ទីភ្នាក់ងារ​ Frontex ដែល​​ជា​ស្ថាប័ន​អឺរ៉ុប ទទួល​បន្ទុក​គ្រប់គ្រង​ព្រំដែន​រួម​ រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​ខាងក្រៅ មាន​ថវិកា​ប្រចាំឆ្នាំ​តិចតួច ហើយ​​​ប្រទេស​ដែល​នៅ​កណ្តាល​ មិនសូវ​ជា​រវីរវល់​អើពើ ដោយ​ទុក​ឲ្យ​ប្រទេស​ដែល​នៅ​ជាយៗ​សហភាព​អឺរ៉ុប ជាពិសេស អ៊ីតាលី ដែល​នៅ​ក្បែរ​អាហ្វ្រិក ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​តែ​ម្នាក់ឯង។

លោក​ឡូរ៉ង់ ហ្វាប៊្យូស រដ្ឋមន្រ្តី​ការបរទេស​បារាំង បាន​លើក​ឡើង កាល​ពីថ្ងៃ​អាទិត្យ​ថា អ្វី​ដែល​សហភាព​អឺរ៉ុប​ត្រូវ​ធ្វើ គឺ​ត្រូវ​បង្កើន​ថវិកា​ដល់​ទីភ្នាក់ងារ​ Frontex ​និង​ម្យ៉ាងទៀត ត្រូវ​ចាត់វិធានការ​តឹងរ៉ឹង ដើម្បី​ដាក់ទោស​អ្នក​រត់ការ​នាំ​ជន​ភៀសខ្លួន ឬ​ជនអន្តោប្រវេសន៍ ពី​អាហ្វ្រិក​មក​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ