លោកហូឡង់ ប្តេជ្ញាការពារជនជាតិបារាំងពីទោសប្រហារជីវិត នៅឥណ្ឌូនេស៊ី
ចុះផ្សាយនៅថ្ងៃ៖
ប្រធានាធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់ បានប្តេជ្ញាថា នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារជីវិតជនជាតិបារាំងម្នាក់ ដែលរដ្ឋអាជ្ញាឥណ្ឌូនេស៊ី បានចោទប្រកាន់ពីបទឧក្រិដ្ឋជួញដូរគ្រឿងញៀន នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងទើបត្រូវបានចាញ់ការតវ៉ាក្តី កាលពីថ្ងៃចន្ទម្សិលមិញ។ ការថ្លែងរបស់លោកហូឡង់ នៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានការប្រហារជីវិតជាបន្តបន្ទាប់ទៅលើជនបរទេសជាច្រើននាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលអឺរុប នៅក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃចន្ទ ប្រមុខដឹកនាំបារាំង លោកហ្វ្រង់ស័រ ហូឡង់ បានប្តេជ្ញាថា នឹងប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរក្សាជនជាតិរបស់ខ្លួន។ កន្លងមក លោកហូឡង់ ធ្លាប់បានប្រើវិធីការទូត ដោយជំរុញឲ្យសហគមអឺរុប ដាក់គំនាបទៅលើឥណ្ឌូនេស៊ី ទើបតុលាការកំពូលក្រុងហ្សាកាតា ប្រកាសរក្សាទោសប្រហារជីវិត កាលពីខែមេសា។
ជនជាប់ចោទសញ្ជាតិបារាំង ដែលលោកហូឡង់ ប្តេជ្ញាចិត្តការពារជីវិត តាំងពីខែមេសានោះ មានឈ្មោះថា Serge Atlaoui ជាជនបរទេសម្នាក់ ក្នុងចំណោមជនបរទេស ៨នាក់ ដែលនឹងត្រូវអាជ្ញាធរឥណ្ឌូណេស៊ី ប្រហារជីវិតនៅថ្ងៃខាងមុខ ក្នុងបទជួញដូរគ្រឿងញៀន។ ក្នុងអាយុ ៥១ឆ្នាំ Serge Atlaoui ត្រូវបានតុលាការឥណ្ឌូណេស៊ី កាត់ទោសប្រហារជីវិតនៅឆ្នាំ ២០០៧ បន្ទាប់ពីបានចាប់ខ្លួន កាលពីឆ្នាំ ២០០៥ ក្នុងបទជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរថ្នាំញៀន។ តាំងពីដំបូងទី ជនជាតិបារាំងរូបនេះ បាននិយាយការពារខ្លួនថា មិនបានប្រព្រឹត្តកំហុស ដោយថាខ្លួនត្រូវបានគេជួលឲ្យធ្វើការដំឡើងម៉ាស៊ីន នៅក្នុងរោងចក្រមួយ ដែលខ្លួនមិនដឹងថា នោះជារោងចក្រសម្រាប់ផលិតថ្នាំញៀនអេស្តាស៊ីនោះទេ។
នៅថ្ងៃចន្ទម្សិលមិញ តុលាការរដ្ឋបាលក្រុងហ្សាកាតា បានច្រានចោលបណ្តឹងរបស់ជនជាប់ចោទបារាំងនោះ ទោះបីជាមេធាវីជនជាប់ចោទ បានជំរុញឲ្យប្រធានាធិបតីឥណ្ឌូនេស៊ី ពិចារណាកុំឲ្យមានការកាត់ទោសប្រហារជីវិតក៏ដោយ។ ក្រោយពេលចាញ់ក្តីតវ៉ា មេធាវី របស់ជនជាប់ចោទ បាននិយាយថា គេនឹងព្យាយាមធ្វើយ៉ាងណា ដើម្បីសង្គ្រោះជីវិតជនជាតិបារាំងនោះ ពីសេចក្តីស្លាប់។ មេធាវីរូបនោះ និយាយថា ពួកគេមិនបានស្នើឲ្យដោះលែងអ្នកទោសនោះទេ គ្រាន់តែសុំឲ្យកាត់ទោសត្រឹមការដាក់ពន្ធនាគារ បានហើយ។
យ៉ាងណាក៏ដោយ អាជ្ញាធរឥណ្ឌូនេស៊ី មិនអាចកាត់ទោសប្រហារជីវិតមនុស្ស នៅក្នុងខែនេះបានទេ ដោយសារតែខែនេះ ជាខែដែលអ្នកកាន់សាសនាអ៊ីស្លាម ត្រូវធ្វើបុណ្យសាសនា រ៉ាម៉ាដន ប៉ុន្តែគេនឹងបើកការប្រហារជីវិតអ្នកទោសជាថ្មី នៅពេលបុណ្យនេះ ចប់ក្នុងខែកក្កដា។
គួរជម្រាបជូនថា ការប្រហារជីវិតជនបរទេសជាបន្តបន្ទាប់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយរួមមាន ជនជាតិអូស្ត្រាលី ២នាក់ ប្រេស៊ីលម្នាក់ និងនីហ្សេរីយ៉ា៤នាក់ កាលពីខែមេសា ឆ្នាំនេះ បានធ្វើអោយសហគមអន្តរជាតិ ខឹងក្រេវក្រោធយ៉ាងខ្លាំង ចំពោះឥណ្ឌូនេស៊ី។ ប៉ុន្តែប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា អ្នកជួញដូរគ្រឿងញៀន ត្រូវតែដាក់ទោសឲ្យធ្ងន់ធ្ងរ ព្រោះថាឥណ្ឌូនេស៊ី កំពុងជួបបញ្ហាប្រឈមយ៉ាងខ្លាំង ដោយសារតែការកើនឡើងនូវការប្រើប្រាស់គ្រឿងញៀន។
ឥណ្ឌូនេស៊ី ជាប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀនធំបំផុតនៅលើពិភពលោក។ តាំងពីឆ្នាំ ២០១៣មក ក្រុងហ្សាកាតា បានប្រហារជីវិតមនុស្ស ដែលភាគច្រើនជាជនបរទេស ក្នុងបទឧក្រិដ្ឋគ្រឿងញៀន ចំនួន ១៤នាក់ហើយ។ ប៉ុន្តែចំពោះរដ្ឋាភិបាលបារាំងវិញ គឺបានប្រឆាំងដាច់ខាតនឹងដាក់ទោសប្រហារជីវិត។ បារាំងទើបបានលុបចោល ទោសប្រហារជីវិតពីច្បាប់របស់ខ្លួន នៅឆ្នាំ ១៩៨១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ