បារាំង​-អាហ្វ្រិក​ខាង​ត្បូង

ប្រធានាធិបតី​បារាំង​អញ្ជើញ​ទៅ​អាហ្វ្រិក​ខាង​ត្បូង​ដើម្បី​រំលឹក​រឿង​អតីត​និង​ពង្រីក​អនាគត

លោក​ប្រធានាធិបតី​បារាំងក្នុង​ពិធី​​ត្រួត​ពល​នៅ​អាហ្វ្រិក​ខាង​ត្បូង
លោក​ប្រធានាធិបតី​បារាំងក្នុង​ពិធី​​ត្រួត​ពល​នៅ​អាហ្វ្រិក​ខាង​ត្បូង © Reuters

នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ​ ហូឡង់ បាន​អញ្ជើញ​ទៅប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ រយៈ​ពេល​ពីរ​ថ្ងៃ។ ដោយ​មាន​ការ​អញ្ជើញ​ពី​ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋ​បារាំង​ ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​សំណុំរឿង​សេដ្ឋកិច្ច​ និង​មិត្តភាព​។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ហ្វ្រង់ស័រ​ហូឡង់​ អញ្ជើញ​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង គិត​ចាប់​តាំ​ង​ពី​លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​បារាំង​មក ដើម្បី​ពង្រឹង​​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​​ និង​​ដើម្បី​រឹត​ចំណង​មិត្តភាព​ជា​ប្រវត្តិសាស្ត្រ​ រវាង​បារាំង​និង​អាហ្វ្រិក​ខាង​ត្បូង។ ព្រោះ​កាលពី​​២០​ឆ្នាំ​មុន ​អតីត​ប្រធានាធិបតីបារាំង​​ លោក​ ហ្វ្រង់ស័រ មីតេរ៉ង់ (​អ្នក​សង្គមនិយម​ដូច​រូប​លោក​ហ្វ្រង់ស័រ​ហូឡង់​ដែរ) ជា​ប្រមុខ​រដ្ឋបរទេស​​ដំបូង​គេ​បង្អស់​ បាន​អញ្ជើញ​ទៅ​ដល់​អាហ្វ្រិក​ខាង​ត្បូង​ក្រោយ​បដិវត្ត​ប្រឆាំង​នឹង​​ការ​រើស​អើង​ពូជសាសន៍​ ​Apartheid និង​ទទួល​ស្វាគមន៍​ដោយ​លោក​ នែលសុន ម៉ង់ឌឺដា ទើប​ជាប់​ឆ្នោត​ថ្មី​បាន​ពីរ​ខែ។

ក្រៅ​អំពី​ការ​រំលឹក​អតីតកាល​ លោក​ប្រធានាធិបតី​ ដែល​អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​​៨​រូប និង​ថៅកែ​​​បារាំង​ធំៗ​មក​ពី​ជាង​២០​ក្រុមហ៊ុន​ នឹងត្រូវ​ចាប់​ទស្សនកិច្ច​ នៅ​ថ្ងៃ​នេះ ដោយ​មាន​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​ និង​រដ្ឋមន្ត្រី​ការបរទេស​អាហ្វ្រិក​ខាង​ត្បូង។ កិច្ច​សន្យា​សេដ្ឋកិច្ច​អន្តររដ្ឋាភិបាល​ជា​ច្រើន​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​ទាំង​ពីរ។ ឯ​វិបត្តិ​នៅ​កុងហ្គោ ក៏​ជា​របៀប​វារៈ​មួយ​នៃ​ជំនួប​នេះ​ដែរ។

ប្រមុខ​រដ្ឋ​ទាំងពីរ នឹង​ធ្វើ​ជា​អធិបតី​បិទ​បញ្ចប់​វេទិកា​សេដ្ឋកិច្ច​ ដែល​នៅទីនោះ លោក​ប្រធានាធិបតី​បារាំង សង្ឃឹម​លើ​វត្តមាន​របស់​រូប​លោក ដើម្បី​ជំរុញ​ឱ្យ​កិច្ច​សន្យា​ធំៗ​ទាំង​ឡាយ​មាន​ជា​អាទិ៍​ក្នុង​វិស័យ​ថាមពល​និង​ដឹកជញ្ជូន អាច​មានការ​ជឿន​លឿន​ទៅ​មុខ​បាន។ ​

លោក​ហ្វ្រង់ស័រ​ហូឡង់ ក៏​​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​ដើម្បី​សេរីភាព​ ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍​នៅ​ឧទ្យាន​​ Freedon Park និង​ទស្សនា​អតីត​គេហដ្ឋាន​របស់​វីរជន​អាហ្វ្រិកខាង​ត្បូង នៅ​Sowetoដែរ​ ប៉ុន្តែ​ទំនង​ជា​​មិន​អាច​ចូលជួប​លោក នែលសុន​ ម៉ង់ឌឺដា​ ​ទេ ដោយ​សារស្ថានភាព​ជំងឺ​មិន​អនុញ្ញាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI