តុលាការ​បារាំង​បើក​សវនាការ​កាត់ទោស​អតីត​ប្រធានាធិបតី Jacques Chirac

សំឡេង ០៤:០៩
លោក​ហ្សាក់ ស៊្ហីរ៉ាក់ (Jacques Chirac) អតីត​ប្រធានាធិបតី​បារាំង និង​ជា​អតីត​អភិបាល​ក្រុង​ប៉ារីស
លោក​ហ្សាក់ ស៊្ហីរ៉ាក់ (Jacques Chirac) អតីត​ប្រធានាធិបតី​បារាំង និង​ជា​អតីត​អភិបាល​ក្រុង​ប៉ារីស ©Reuters/Charles Platiau

នៅថ្ងៃ​ចន្ទ ៧ មីនា ២០១១​នេះ តុលាការ​ក្រុង​ប៉ារីស​ចាប់បើក​សវនាការ​ជំនុំជម្រះ​លោក​ហ្សាក់ ស្ហ៊ីរ៉ាក់ (Jacques Chirac) ដែល​ជាប់ចោទ​ពី​បទ​កេងបន្លំលុយរដ្ឋ បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត និង​បទ​កេងយក​ផលប្រយោជន៍​ដោយ​ខុសច្បាប់។ បើតុលាការ​រកឃើញ​ថា​មាន​ទោស លោក​ស៊្ហីរ៉ាក់ ប្រឈមុខ​នឹង​ការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៥ម៉ឺន​អឺរ៉ូ។

ផ្សាយពាណិជ្ជកម្ម

 

អង្គហេតុ​នៃ​បទល្មើស​បាន​កើត​ឡើង​តាំង​ពី​ពេល​លោក​ស្ហ៊ីរ៉ាក់ នៅ​ជា​អភិបាល​ក្រុង​ប៉ារីស​ម៉្លេះ (១៩៧៧-១៩៩៥)។ តុលាការ​ក្រុង​ប៉ារីស​​សង្ស័យថា នៅ​ក្នុង​ពេល​​ដែល​លោក​ស្ហ៊ីរ៉ាក់​ធ្វើ​ជា​អភិបាល​ក្រុង​ប៉ារីស គាត់​បាន​ជ្រើសរើស​​បុគ្គលិក​ជាច្រើន​នាក់ ដែល​មាន​តែ​ឈ្មោះ​ជា​បុគ្គលិក ស៊ីប្រាក់​ខែ​សាលាក្រុង ក៏ប៉ុន្តែ មិនបាន​បម្រើ​ការ​ឲ្យ​សាលា​ក្រុង​ពិតប្រាកដ​នោះទេ។ មាន​បុគ្គលិក​ខ្លះ បើកតែ​ប្រាក់​ខែ ដោយ​មិន​មក​ធ្វើការ។ បុគ្គលិក​ខ្លះ​ទៀត​បើក​ប្រាក់​ខែ​ពី​សាលាក្រុងប៉ារីស ប៉ុន្តែ ទៅ​បម្រើការ​ឲ្យ​គណបក្ស RPR របស់​លោក​ស៊្ហីរ៉ាក់​ទៅវិញ។

តុលាការ​បាន​ចាប់ផ្តើម​បើកការស៊ើបអង្កេត​លើ​សំណុំរឿង​នេះ កាល​ពី​ឆ្នាំ​១៩៩៨។ មន្រ្តី​ជំនិត​របស់​លោក​ស្ហ៊ីរ៉ាក់​ម្នាក់ គឺ​លោក​អាឡាំង ហ្ស៊ុបប៉េ (Alain Jupée) ដែល​ពេល​នោះ​ជា​អភិបាល​រងក្រុងប៉ារីស ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៤ខែ កាល​ពី​ឆ្នាំ​២០០៤។ ក៏ប៉ុន្តែ នៅពេលនោះ លោក​ស្ហ៊ីរ៉ាក់ នៅ​កាន់តំណែង​ជា​ប្រធានាធិបតី (១៩៩៥-២០០៧) ទើប​តុលាការ​មិន​អាច​កោះហៅ​​គាត់​មក​កាត់ទោស​បាន។ ក្រោយ​ពេល​ដែល​លោក​ស្ហ៊ីរ៉ាក់​ផុតអាណត្តិ​ប្រធានាធិបតី នៅឆ្នាំ​២០០៧ តុលាការ​ក្រុងប៉ារីស​ក៏​បាន​ចាប់ផ្តើម​ដំណើរ​ក្តី​នេះ​ឡើងវិញ រហូត​ឈាន​ទៅ​ធ្វើ​ការ​ចោទប្រកាន់​​ជាផ្លូវការ​លើ​​​រូបលោក​អតីត​អភិបាល​ក្រុង​ប៉ារីស និង​អតីត​ប្រធានាធិបតី​បារាំង នៅឆ្នាំ​២០០៨។

សវនាការ​កាត់ទោស​លោក​ហ្សាក់ ស៊្ហីរ៉ាក់​ ត្រូវ​បើក​ធ្វើ​ចាប់ពី​ថ្ងៃ​ទី៧ មីនា ដល់​ថ្ងៃ​ទី៤ មេសា ២០១១។ ក៏ប៉ុន្តែ មេធាវី​ខាង​ចុងចោទ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ស្នើសុំ​ឲ្យ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​យុត្តិសាស្រ្ត (Jurisprudence) ស្តីពី​អាជ្ញាយុកាល​នៃ​បទល្មើស។ ប្រសិន​បើ​បណ្តឹង​នេះ​មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ ដែល​អាច​ទទួល​យក​បាន តុលាការ​ក្រុងប៉ារីស​គ្មាន​ជម្រើស​អ្វី​ទេ ក្រៅ​តែ​ពី​​​បញ្ជូន​បណ្តឹង​នេះ​​​​ទៅ​តុលាការ​កំពូល ដែល​ជា​អ្នក​សម្រេច​ថា តើ​ត្រូវ​បញ្ជូន​​បន្ត​ទៅ​​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែរ​ឬទេ?

តុលាការ​កំពូល​ត្រូវ​កាត់សេចក្តី​ក្នុងរយៈពេល ៣ខែ​យ៉ាងយូរ។ ប្រសិន​បើ​តុលាការ​សម្រេច​បញ្ជូន​បណ្តឹង​នេះ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ក្រុមប្រឹក្សា​ក៏​​​មាន​ពេល​ ៣ខែ​ដែរ ដើម្បី​កាត់សេចក្តី។

ប្រសិន​បើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​​សម្រេច​ថា យុត្តិសាស្រ្ត​ស្តីពី​អាជ្ញាយុកាល​នៃ​បទល្មើស​ពិត​ជា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​មែន ដំណើរក្តី​របស់​លោក​ហ្សាក់​ ស្ហ៊ីរ៉ាក់ នឹង​ត្រូវ​បញ្ចប់។ ផ្ទុយ​ទៅវិញ ប្រសិន​បើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​​​សម្រេច​ថា យុត្តិសាស្រ្ត​នេះ​មិន​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ទេ តុលាការ​ក្រុង​ប៉ារីស​នឹង​អាច​ចាប់ផ្តើម​សវនាការ​កាត់ទោស​លោក​ស្ហ៊ីរ៉ាក់​ឡើងវិញ​បាន។

គួរ​បញ្ជាក់ថា ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើក​ទី២​មក លោក​ហ្សាក់​ ស្ហ៊ីរ៉ាក់ គឺ​ជា​អតីត​ប្រធានាធិបតី​បារាំង​ទីមួយ ដែល​ត្រូវ​តុលាការ​នាំខ្លួន​យក​មកកាត់ទោស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI