អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីត​ប្រធានាធិបតី​បារាំង​ នីកូឡា ​សាកូហ្ស៊ី ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ពុករលួយ

សំឡេង ០៥:២៤
លោក​នីកូឡា សាកូហ្ស៊ី នៅ​ក្នុងពេល​ដែល​ប៉ូលិស​នាំខ្លួន​ទៅ​តុលាការ យប់ថ្ងៃ​អង្គារ ១កក្កដា ២០១៤
លោក​នីកូឡា សាកូហ្ស៊ី នៅ​ក្នុងពេល​ដែល​ប៉ូលិស​នាំខ្លួន​ទៅ​តុលាការ យប់ថ្ងៃ​អង្គារ ១កក្កដា ២០១៤ REUTERS/Pascal Rossignol
ដោយ៖ សេង ឌីណា

ក្រោយ​ពី​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន និង​សួរចម្លើយ​អស់រយៈពេលជិត ១៦ម៉ោង កាលពីថ្ងៃ​អង្គារ​ម្សិលមិញ លោក​នីកូឡា សាកូហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ​ពុករលួយ, បទជំនួញឥទ្ធិពល (ការ​យក​​តំណែង ឬ​ឥទ្ធិពល​នៃ​ឋានៈ​របស់​ខ្លួន​ទៅ​ប្រើ​ ដើម្បី​ជាថ្នូរ​នឹងការ​ទទួល​លាភសក្ការៈ​អ្វីមួយ​ពី​អ្នក​ដទៃ) និង​បទ​ទទួលផល​ពី​ការ​រំលោភបំពាន​លើ​អាថ៌កំបាំង​វិជ្ជាជីវៈ។ ខាង​ក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ ជុំវិញ​សំណុំរឿង​លោក​សាកូហ្ស៊ី។

ផ្សាយពាណិជ្ជកម្ម

សំណួរ-តើលោក​នីកូឡា សាកូហ្ស៊ី ត្រូវ​ជាប់ចោទ​ជុំវិញ​អង្គហេតុ​អ្វី?

ការ​ចោទប្រកាន់​លើ​លោក​នីកូឡា សាកូហ្ស៊ី នៅពេលនេះ កើតចេញ​ពី​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ផ្សេងមួយទៀត គឺ​ការ​សង្ស័យ​ពី​រឿង​លោក​សាកូហ្ស៊ី​ទទួល​លុយ​ពី​កាដាហ្វ៊ី អតីត​មេដឹកនាំ​លីប៊ី ដើម្បី​យក​មក​ប្រើ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កាល​ពី​ឆ្នាំ​២០០៧។ នៅ​ក្នុង​ការ​ស៊ើបអង្កេត​នេះ ចៅក្រម​ស៊ើបអង្កេត​បាន​សម្រេច​ឲ្យ​ប៉ូលិស​លួច​ស្តាប់​ការ​សន្ទនា​តាមទូរស័ព្ទ​របស់​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ​ទាំងអស់ ក្នុងនោះ ក៏​មាន​ទាំង​លោក​សាកូហ្ស៊ី​ផងដែរ។

នៅក្នុង​ការ​លួច​ស្តាប់​ទូរស័ព្ទ​នេះ គេ​ឮ​​​លោក​សាកូហ្ស៊ី​ជជែក​ជាមួយ​​មេធាវី​របស់​លោក​ អំពី​​ការ​ទាក់ទង​ទៅ​រដ្ឋអាជ្ញា​ម្នាក់ នៅ​តុលាការ​កំពូល​បារាំង ដើម្បី​​ចង់​បាន​ព័ត៌មាន​សម្ងាត់​​​ទាក់ទង​នឹង​សំណុំរឿង ដែល​តុលាការ​កំពុង​ចាត់ការ ទាក់ទង​នឹង​លោក​សាកូហ្ស៊ី។ ជាថ្នូរមកវិញ លោក​សាកូហ្ស៊ី​សន្យាថា​នឹង​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​រដ្ឋអាជ្ញា​នេះ​ទទួល​បាន​តំណែង​ដែល​គាត់​ចង់បាន។

ចេញ​ពី​ការសន្ទនា​តាមទូរស័ព្ទ​នេះ​ហើយ​ ដែល​តុលាការ​បើក​ការស៊ើបអង្កេត​ថ្មីមួយទៀត ដោយ​​​បាន​ឃាត់ខ្លួន​លោក​សាកូហ្ស៊ី ព្រមទាំង​អ្នក​ពាក់ព័ន្ធផ្សេងទៀត ដើម្បី​សួរចម្លើយ​ កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ។ ក្រោយ​ពី​បាន​សួរចម្លើយ​អស់រយៈពេល​ជិត ១៦ម៉ោង តុលាការ​ក៏​បាន​ធ្វើការ​ចោទប្រកាន់​ជាផ្លូវការ​​លើ​​លោក​សាកូហ្ស៊ី​ និង​មេធាវី ព្រមទាំង​រដ្ឋអាជ្ញា​តុលាការ​កំពូល​ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿងនេះ។

សំណួរ-តើ​លោក​សាកូហ្ស៊ី​មិនមាន​​អភ័យឯកសិទ្ធិ ដែល​ត្រូវ​រួចផុត​ពី​ការ​ចោទប្រកាន់​របស់​តុលាការ​​ទេឬ?

តាមច្បាប់​បារាំង ប្រធានាធិបតី​មាន​អភ័យឯកសិទ្ធិ​តែ​នៅ​ក្នុង​ពេល​កាន់តំណែង​ ឬចំពោះ​សកម្មភាព​​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​ពេល​កំពុង​កាន់តំណែង​តែប៉ុណ្ណោះ។ ​នៅ​ក្រោយ​ពេល​ឈប់​​កាន់តំណែង អតីត​ប្រធានាធិបតី​​ត្រូវ​ក្លាយ​ជា​ពលរដ្ឋ​ធម្មតា ហើយ​មិន​អាច​លើក​យក​អភ័យឯកសិទ្ធិ​ជា​ប្រមុខរដ្ឋ​មក​ការពារ​ខ្លួន ចំពោះ​ការចោទប្រកាន់ ដែល​ទាក់ទង​នឹង​អង្គហេតុ ដែល​កើតឡើង នៅមុន និង​ក្រោយ​ពេល​កាន់តំណែង​ជា​ប្រធានាធិបតី​បានទេ។

ដូច្នេះ នៅ​ក្នុង​សំណុំរឿង​​ពុករលួយ​ពេល​នេះ លោក​សាកូហ្ស៊ី​មិន​អាច​ទទួល​បាន​ការ​ការពារ​ពី​អភ័យឯកសិទ្ធិ​ប្រមុខរដ្ឋ​បានទេ ពីព្រោះ​ថា អង្គហេតុ​បាន​កើតមាន​ឡើង នៅ​ក្រោយ​ពេល​ដែល​លោក​​ឈប់​ធ្វើ​ជា​ប្រធានាធិបតី​​ទៅហើយ។
 
សំណួរ-តើ​បទល្មើស​ដែល​តុលាការ​ធ្វើការ​ចោទប្រកាន់​ទៅលើ​លោក​សាកូហ្ស៊ី នៅពេលនេះ អាច​ត្រូវ​មាន​ទោសទណ្ឌ​កម្រិតណា?
 
ប្រសិនបើ​តុលាការ​រកឃើញ​ថា​មានទោស​មែន លោក​សាកូហ្ស៊ី​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ទោស​​ជាប់​ពន្ធនាគារ​រហូតដល់​ទៅ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ទៅ​១៥ម៉ឺន​អឺរ៉ូ។ បន្ថែម​ពីលើ​នេះ​ទៀត តុលាការ​ក៏​អាច​ប្រកាស​ទោស​បន្ថែម​ផងដែរ គឺ​ការ​ហាម​មិន​ឲ្យ​កាន់​តំណែង​ក្នុង​មុខងារ​សាធារណៈ ឬ​ឈរឈ្មោះ​បោះឆ្នោត នៅ​ក្នុងរយៈពេល​កំណត់​ណាមួយ។

ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ លោក​នីកូឡា សាកូហ្ស៊ី គ្រាន់តែ​ត្រូវ​ទទួល​ការ​ចោទប្រកាន់​ប៉ុណ្ណោះ មិនទាន់​ឈាន​ដល់​កា​រជំនុំជម្រះ​នៅឡើយទេ។ តាម​នីតិវិធី​ព្រហ្មទណ្ឌ​បារាំង (ក៏ដូចជា​នៅ​ខ្មែរ​ដែរ) ដំណាក់កាល​ចោទប្រកាន់ ដែល​ធ្វើឡើង នៅ​ក្នុងករណី​លោក​នីកូឡា សាកូហ្ស៊ី នៅពេលនេះ គ្រាន់តែ​ជា​ការ​ចោទប្រកាន់​ក្រោយ​​ការ​ស៊ើបអង្កេត​បឋម​តែ​ប៉ុណ្ណោះ។ ដំណាក់កាល​បន្ទាប់ រដ្ឋអាជ្ញា​ត្រូវ​បញ្ជូន​សំណុំរឿង​លោក​សាកូហ្ស៊ី ទៅ​ឲ្យ​ចៅក្រម​ស៊ើបអង្កេត​ ដែល​ជា​អ្នក​ទទួលបន្ទុក​ស៊ើបអង្កេត​ស៊ីជម្រៅ។ ពេល​បិទបញ្ចប់​ការ​ស៊ើបអង្កេត​នេះ ទើប​ចៅក្រម​ស៊ើបអង្កេត​​ចេញ​សេចក្តីសម្រេច​មួយទៀត​ថា តើ​ត្រូវ​បញ្ជូន​​លោក​សាកូហ្ស៊ី​ទៅ​ឲ្យ​ចៅក្រម​ជំនុំជម្រះ ឬ​ក៏​ត្រូវ​លើកលែង​ការ​ចោទប្រកាន់ ហើយ​បិទបញ្ចប់​សំណុំរឿង​នេះ​ចោល។

ដូច្នេះ សរុប​សេចក្តីមកវិញ ការណ៍​ដែល​តុលាការ​ធ្វើការ​ចោទប្រកាន់​ជាផ្លូវការ​នៅពេលនេះ មិនមែន​មានន័យថា លោក​សាកូហ្ស៊ី​​ប្រាកដ​ជា​នឹង​ត្រូវ​តុលាការ​នាំខ្លួន​យក​ទៅ​ជំនុំជម្រះនោះទេ។
 
សំណួរ-តើ​កន្លងមក ធ្លាប់​មាន​អតីត​ប្រធានាធិបតី​បារាំង​ណា ដែល​ត្រូវ​បាន​តុលាការ​យក​ទៅ​កាត់ទោស​​ដែរ​ឬទេ?
 
លោក​ Jacques Chirac ធ្លាប់​ត្រូវ​បាន​តុលាការ​យក​ទៅ​កាត់ទោស កាល​ពីឆ្នាំ​២០១១ ជុំវិញ​អង្គហេតុ ដែល​កើតឡើង តាំង​ពី​ពេល​លោក​​នៅ​ធ្វើ​ជា​អភិបាល​ក្រុង​ប៉ារីស ហើយ​មិនទាន់​ជាប់ឆ្នោត​ជា​ប្រធានាធិបតី។ នៅពេលនោះ លោក​ Jacques Chirac ត្រូវ​បាន​តុលាការ​កាត់ទោស​​ឲ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ប៉ុន្តែ​ត្រូវ​ព្យួរទោស។

ដូច្នេះ ករណី​លោក​សាកូហ្ស៊ី​មិនមែន​ជា​លើកទីមួយទេ។ តាមពិត​លោក​សាកូហ្ស៊ី​ខ្លួនឯង​ផ្ទាល់​ក៏​ធ្លាប់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទល្មើស​ផ្សេងម្តងរួចមកហើយ​ដែរ គឺ​សំណុំរឿង​សង្ស័យ​ពី​ការ​កេងចំណេញ​លើ​មហាសេដ្ឋី​ចំណាស់​ម្នាក់​របស់​បារាំង ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​ផលិតផល​សម្អាងកាយ L'Oréal។ ក៏ប៉ុន្តែ ក្រោយ​មក​ត្រូវ​បាន​តុលាការ​លើកលែង​ការចោទប្រកាន់​ទៅវិញ។

អ្វី​ដែល​ជា​រឿង​មិន​ធ្លាប់មាន នៅ​ក្នុង​ប្រវត្តិ​របបនយោបាយ​នៃ​សាធារណរដ្ឋ​បារាំង​សម័យទំនើប គឺ​ការ​ឃាត់​ខ្លួន​លោក​សាកូហ្ស៊ី ដើម្បី​សួរចម្លើយ​រហូតដល់​ទៅ​ជិត ១៦ម៉ោង កាល​ពី​ម្សិលមិញ។ កន្លងមក ទាំង​នៅ​ក្នុង​សំណុំរឿង​លោក​ Jacques Chirac និង​ក្នុង​សំណុំរឿង​​មុនៗ​របស់​លោក​សាកូហ្ស៊ី​ ចៅក្រម​បាន​ត្រឹមតែ​អញ្ជើញ​អតីត​ប្រធានាធិបតី ដើម្បី​យក​ទៅ​សាកសួរ ក៏ប៉ុន្តែ មិនដែល​ធ្វើការ​ឃាត់ខ្លួន ដើម្បី​សួរចម្លើយ​​បែបនេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ