អ្នកស្រីMarine Le Pen នៃគណបក្សរណសិរ្សជាតិF.N. ឈ្នះនៅគ្រប់ករណី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងចន្លោះពេល១៤ខែទៀតពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០១២ អ្នកស្រីMarine Le Pen នៃគណបក្សស្តាំនិយមជ្រុលរណសិរ្សជាតិF.N. ឈ្នះគេនៅគ្រប់ករណី នៅវគ្គទី១នៃការបោះឆ្នោត។លោកNicolas Sarkozy នឹងត្រូវជម្រុះចោលតាំងពីវគ្គទី១នេះម៉្លេះ។នេះបើយោងតាម ការស្ទង់មតិរបស់វិជ្ជាឋានHarris Interactive ចុះផ្សាយក្នុងកាសែតLe Parisien ចេញនៅថ្ងៃអង្គារ៨មីនានេះ។
សេចក្តីរាយការណ៍របស់ វីនស្តុន រតនា
ស្របតាមការស្ទង់មតិរបស់វិជ្ជាឋានHarris Interactive ចុះផ្សាយក្នុងកាសែតLe Parisien ចេញនៅថ្ងៃអង្គារ៨មីនានេះ នៅថ្ងៃសៅរ៍៥មីនា ក្នុងករណីទី១គឺអ្នកស្រីMarine Le Penនៃគណបក្សស្តាំនិយមជ្រុលរណសិរ្សជាតិF.Nបានទទួលសំឡេងគាំទ្រ២៣%ឈ្នះលើលោកNicolas Sarkozyនៃគណបក្សស្តាំនិយមUMPនិងអ្នកស្រីMartine Aubryនៃគណបក្សសង្គមនិយមPSដែលបានទទួលសំឡេងគាំទ្រស្មើគ្នា ២១% នៅវគ្គទី១នៃការបោះឆ្នោតឆ្នាំ២០១២។
ក្នុងករណីទី២នៃការស្ទង់មតិនៅល្ងាចថ្ងៃចន្ទម្សិលមិញ សំរាប់វគ្គទី១នៃការបោះឆ្នោតឆ្នាំ២០១២ អ្នកស្រីMarine Le Penបានទទួលសំឡេងគាំទ្រ២៤%ឈ្នះលើលោកDominique Strauss-Kahnនៃគណបក្សPS. បាន២៣%និងលោកNicolas Sarkozyនៃគណបក្សUMPបាន២១%។
ក្នុងករណីទី៣ សំរាប់ការបោះឆ្នោតវគ្គទី១ឆ្នាំ២០១២ អ្នកស្រីMarine Le Penបានទទួលសំឡេងគាំទ្រ២៤%ឈ្នះលើលោកNicolas Sarkozyនៃគណបក្សUMPបាន២១%និងលោកFrançois Hollandeនៃគណបក្សPS. បាន២០%។
តាមយោបល់លោកប្រធានវិជ្ជាឋានCap Stéphane Rozès ជ័យជំនះរបស់អ្នកស្រីMarine Le Pen នៅគ្រប់ករណី បង្ហាញឱ្យឃើញ អសមត្ថភាពរបស់លោកNicolas Sarkozy ក្នុងការបំពេញមុខងារជាប្រធានាធិបតីនិងអសមត្ថភាពរបស់គណបក្សPS. ក្នុងការធ្វើឱ្យប្រជាជនជឿទុកចិត្តក្នុងការជំនួសគណបក្សUMPវិញក្នុងការដឹកនាំប្រទេសជាតិ។
សំរាប់លោកFrqnçois Fillon ការឡើងដៃរបស់បេក្ខនារីនៃរណសិរ្សជាតិFN. បណ្តាលមកពីគណបក្សPS. ជារៀងរាល់ថ្ងៃ ចាប់ពី៤ឆ្នាំមកហើយ និយាយបង្កាច់បន្តុះបង្អាប់ខ្លាំងណាស់លោកប្រធានាធិបតីSarkozy ។
សំរាប់អ្នកស្រីអតីតបេក្ខនារីប្រធានាធិបតីនៃគណបក្សPS Ségolène Royal ការស្ទង់មតិនេះគឺជាភាគមួយនៃស្នៀតបោកប្រាស់ជះឥទ្ធិពលទៅលើមតិសាធារណជនក្នុងចន្លោះពេល១៤ខែទៀតពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០១២៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ