ចិន-​បារាំង

រដ្ឋមន្រ្តី​ការបរទេស​បារាំង​បំពេញ​ទស្សនកិច្ច​នៅ​ចិន

រដ្ឋមន្រ្តី​ការបរទេស​បារាំង (ឆ្វេង) ជួប​សមភាគី​ចិន នៅ​ប៉េកាំង ថ្ងៃចន្ទ ៩ កក្កដា ២០១២
រដ្ឋមន្រ្តី​ការបរទេស​បារាំង (ឆ្វេង) ជួប​សមភាគី​ចិន នៅ​ប៉េកាំង ថ្ងៃចន្ទ ៩ កក្កដា ២០១២ REUTERS/Ng Han Guan/Pool

នៅថ្ងៃ​ចន្ទ​នេះ លោក​ឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ ទៅកាន់​ប្រទេសចិន។ មុនពេល​ទៅដល់​ចិន លោក​ហ្វាប៊្យូស​បាន​ប្រាប់​​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីហួ ថា ទំនាក់ទំនង​ជាមួយ​ចិន គឺ​ជា​អាទិភាព​របស់​រដ្ឋាភិបាលបារាំង ដែល​ទើប​នឹង​ជាប់ឆ្នោត​ថ្មី។

ផ្សាយពាណិជ្ជកម្ម

 

លោក​ឡូរ៉ង់ ហ្វាប៊្យូស គឺ​ជា​សមាជិក​រដ្ឋាភិបាល​បារាំង​ទីមួយ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ចាប់តាំង​ពី​លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី។

កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ នៅមុន​ពេល​ចេញ​ដំណើរ​ទៅ​ចិន លោក​ហ្វាប៊្យូស បាន​ផ្តល់​បទសម្ភាសន៍​មួយ​ដល់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួ ដោយ​លើក​ឡើង​ថា ទំនាក់ទំនង​ជាមួយ​ចិន គឺ​ជា​អាទិភាព​ចម្បង​មួយ​នៃ​រដ្ឋាភិបាល​ថ្មី​របស់​​បារាំង ហើយ​លោក​ចង់​ឲ្យ​បារាំង និង​ចិន ពង្រឹង​​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​មាន​ស្រាប់ ជាពិសេស ក្នុង​វិស័យ​នុយក្លេអ៊ែរ និង​ឧស្សាហកម្ម​ផលិត​យន្តហោះ ហើយ​ឈាន​ទៅ​សហការ​គ្នា ក្នុង​វិស័យ​ថ្មីៗ​ទៀត ដូចជា បរិស្ថាន ជាដើម។

គួររំឭកឡើងវិញ​ថា នៅ​ក្នុងអាណត្តិ​ប្រធានាធិបតី​របស់​លោក​នីកូឡា សាកូហ្ស៊ី ទំនាក់ទំនង​បារាំង-ចិន​​ត្រូវ​ល្អក់កករ ដោយសារ​តែ​បញ្ហា​ទីបេ ជាពិសេស ជំនួប​រវាង​លោក​សាកូហ្ស៊ី និង​សម្តេច​សង្ឃ​ទីបេ ដាឡៃ ឡាម៉ា នៅ​ក្នុង​ប្រទេស​ប៉ូឡូញ នៅ​ចុង​ឆ្នាំ​២០០៨ ដែល​​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ផ្ទុះ​កំហឹង។

នៅក្នុង​ដំណើរទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ​នេះ ក្រៅពី​ជួប​ជាមួយ​សមភាគី​ចិន គឺ​លោក Yang Jiechi រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន នៅរសៀល​ថ្ងៃ​ចន្ទ លោក​ហ្វាប៊្យូស​​ត្រូវ​​ជួប​ជាមួយ​លោក​​តៃ ពីងហ្គួ (Dai Bingguo) ដែល​ជា​មនុស្ស​​ដ៏​សំខាន់​មួយ​រូប​ក្នុង​បក្ស​កុម្មុយនិស្ត​ចិន ទទួលបន្ទុក​កិច្ចការ​បរទេស។

លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង ក៏​គ្រោង​ជួប​ផងដែរ​ ជាមួយ លោក​វេន ជាប៉ាវ នាយករដ្ឋមន្រ្តី​ចិន និង​​លោក​លី ខឺឈាំង (Li Keqiang) ឧបនាយករដ្ឋមន្រ្តី ដែល​គេ​ដឹងជាទូទៅ​ថា​នឹង​ត្រូវ​ឡើង​មក​ជំនួស​លោក​វេន ជាប៉ាវ នៅ​ឆ្នាំ​ក្រោយ​។

យោងតាម​ប្រភព​ពី​ក្រសួង​ការបរទេស​បារាំង របៀបវារៈ​សំខាន់ៗ ដែល​នឹង​ត្រូវ​លើកឡើង​ នៅ​ក្នុង​ជំនួប​រវាង​ លោក​ឡូរ៉ង់ ហ្វាប៊្យូស និង​​មន្រ្តី​​ជាន់ខ្ពស់ចិន នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គឺ​​រួមមាន​ ​ទំនាក់ទំនង​ទ្វេភាគី​បារាំង-ចិន ទំនាក់ទំនង​ចិន-សហភាព​អឺរ៉ុប បញ្ហា​លុយ​អឺរ៉ូ ​ព្រមទាំង​សំណុំរឿង​អន្តរជាតិ​ផ្សេងទៀត គឺ​វិបត្តិ​នៅ​​ស៊ីរី វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​កូរ៉េ​ខាងជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI