លីប៊ី

យន្តហោះ​ចម្បាំង​៥គ្រឿង​របស់​កាដាហ្វ៊ី​ត្រូវ​បាន​បារាំង​បាញ់​ឆេះ

យន្តហោះ​ប្រភេទ Rafale របស់​បារាំង ​ហោះចេញ​ពី​នាវាដឹកយន្តហោះ Charles de Gaulle
យន្តហោះ​ប្រភេទ Rafale របស់​បារាំង ​ហោះចេញ​ពី​នាវាដឹកយន្តហោះ Charles de Gaulle ©Reuters

ក្រសួង​ការពារជាតិ​បារាំង​បាន​ឲ្យដឹង​ថា នៅ​ក្នុង​ចន្លោះ​ពី​ថ្ងៃ​សុក្រ ដល់​យប់​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ យន្តហោះ​បារាំង​បាន​បាញ់​កម្ទេច​យន្តហោះ​ចម្បាំង​៥គ្រឿង និង​ឧទ្ធម្ភាគចក្រ​​២គ្រឿង របស់​ទ័ពអាកាស​លោក​កាដាហ្វ៊ី។ នៅថ្ងៃ​អាទិត្យ​នេះ ការវាយប្រហារ​តាម​អាកាស​ទៅលើ​កងទ័ព​របស់​លោក​កាដាហ្វ៊ី​​នៅតែ​បន្តធ្វើ។ នៅពេល​ដែល​កងទ័ព​របស់​លោក​កាដាហ្វ៊ី​ដកថយ ដើម្បី​គេចចេញ​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​កងទ័ព​សម្ព័ន្ធមិត្ត កងកម្លាំង​បដិវត្តន៍​លីប៊ី​បាន​វាយលុក​ចូល​កាន់កាប់​ទីក្រុង​ម្តងមួយៗ តម្រង់​ឆ្ពោះ​ទៅ​ទីក្រុង​ទ្រីប៉ូលី។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ សេង ឌីណា

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារជាតិ​បារាំង យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​របស់​​លោក​កាដាហ្វ៊ី ត្រូវ​បាន​យន្តហោះ​បារាំង​បាញ់​ឆេះ នៅ​ពេល​ដែល​យន្តហោះ​ទាំងនេះ​រៀបហោះឡើង​ពី​មូលដ្ឋាន​ទ័ព​អាកាស​ នៅទីក្រុង​មីស្រាតា (Misrata) ប្រមាណ ១៨០​គីឡូម៉ែត្រ​ ពី​រដ្ឋធានី​ទ្រីប៉ូលី។

កាល​ពី​ថ្ងៃ​សៅរ៍​ ម្សិលមិញ​នេះ ដោយមាន​ជំនួយ​ពី​យន្តហោះ​របស់​កងទ័ព​សម្ព័ន្ធមិត្ត កងកម្លាំង​បដិវត្តន៍​លីប៊ី​បាន​វាយលុក​ចូល​កាន់កាប់​ទីក្រុង Ajdabiya ដែល​ជា​តំបន់​ប្រេងកាត​ដ៏​ធំមួយ នៅ​ប៉ែក​ខាង​កើត​ប្រទេស​លីប៊ី។ បន្ទាប់​ពី​វាយ​ដណ្តើម​បាន​ Ajdabiya ហើយ កងកម្លាំង​បដិវត្តន៍​បាន​បន្ត​រុល​ទៅមុខ ហើយ​វាយ​ចូល​ដល់​ទីក្រុង Brega ដែល​ស្ថិត​នៅ​ប្រមាណ ៨០​គីឡូម៉ែត្រ ពី​ Ajdabiya ។ នៅថ្ងៃ​អាទិត្យ​នេះ កងកម្លាំង​បដិវត្តន៍​បាន​បន្ត​រុល​ទៅមុខ​ចំនួន ៣០​គីឡូម៉ែត្រ​​ទៀត។

នៅទីក្រុង​ទ្រីប៉ូលី​ឯណោះវិញ អ្នកនាំពាក្យ​រដ្ឋាភិបាល​កាដាហ្វ៊ី​បាន​​អះអាង​ថា មាន​ជនស៊ីវិល​​លីប៊ី​ជាច្រើន​នាក់​​បាន​បាត់បង់​ជីវិត ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​កងទ័ព​អន្តរជាតិ។ ក៏ប៉ុន្តែ មិនមាន​ប្រភព​ឯករាជ​ណាមួយ​អាច​បញ្ជាក់​​អំពី​ការ​អះអាង​នេះ​​បានទេ។

លោក​រ៉ូបឺត ហ្កេតស៍ (Robert Gates) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​​ប្រាប់​ទូរទស្សន៍​ CBS ថា ប្រភព​ពត៌មាន​ពី​ភ្នាក់ងារ​ចារកម្ម​បង្ហាញ​ថា ក្រុម​លោក​កាដាហ្វ៊ី​បាន​​យក​សាកសព​ជនស៊ីវិល ដែល​ពួក​គេ​បាន​សម្លាប់ យក​ទៅ​ផ្លុង​ចោល​នៅ​កន្លែង​ដែល​កងទ័ព​អន្តរជាតិ​ទម្លាក់​គ្រាប់បែក ដើម្បី​​​បន្លំ​ភ្នែក​គេ​ថា ជនស៊ីវិល​ទាំងនេះ​ត្រូវ​ស្លាប់​ដោយ​គ្រាប់បែក​របស់​កងទ័ព​អន្តរជាតិ។

នៅពេលនេះ ​ព័ត៌មាន​ស្តីពីចំនួន​ជនស៊ីវិល ដែល​ស្លាប់​ដោយ​ការទម្លាក់​គ្រាប់បែក​របស់​កងទ័ព​អន្តរជាតិ​ កំពុង​ក្លាយ​ទៅជា​អាវុធ​ដ៏សំខាន់​មួយ ក្នុង​​សង្រ្គាម​នៅលីប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI