ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង ​កំណែ​ទម្រង់​ចូល​និវត្តន៍ ជា​កំណែ​ទម្រង់​ត្រឹមត្រូវ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គម្រោង​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍​ ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល បាន​ទៅ​ដល់​ដៃ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ចន្ទ​ទី ៧ តុលា។ គម្រោង​ច្បាប់​នេះ​ ​ត្រូវ​បាន​សភា​បោះឆ្នោត​អនុម័ត​នៅ​ថ្ងៃ​ទី ១៥​តុលា បន្ទាប់​មក​នឹង​បញ្ជូន​ទៅ​ឱ្យ​ព្រឹទ្ធសភា​សម្រេច​ទៀត នៅ​ចុង​ខែ។ សម្រាប់​ក្រុម​បក្ស​ប្រឆាំង​ស្តាំនិយម និង​ក្រុម​ថៅកែ កំណែទម្រង់​​​នេះ​គ្មាន​​លក្ខណៈ​ស៊ីជម្រៅ​ទេ។ ឯក្រុម​សហជីព ក៏មិន​ពេញ​ចិត្ត​ បានប្រមូល​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​ច្បាប់​ ចូលនិវត្តន៍​​ នៅ​ទូទាំង​ប្រទេស កាលពី​ថ្ងៃអង្គារ​ ប៉ុន្តែ​សន្ទុះ​ប្រឆាំង​ហាក់​ដូច​ជា​មិន​សូវ​ក្លៀវក្លា​ទេ។ តើ​មក​ពីមូលហេតុ​អ្វី ? តើ​​​គម្រោង​ច្បាប់​​ចូលនិវត្តន៍​មាន​កំណែទម្រង់​យ៉ាង​ដូចម្តេច ?​

បាតុកម្ម​ប្រឆាំងនឹង​ការ​អនុម័ត​ច្បាប់​ចូល​និវត្តន៍​ នៅ​ក្រុង​ Lyon ថ្ងៃទី ១៥​តុលា២០១៣.
បាតុកម្ម​ប្រឆាំងនឹង​ការ​អនុម័ត​ច្បាប់​ចូល​និវត្តន៍​ នៅ​ក្រុង​ Lyon ថ្ងៃទី ១៥​តុលា២០១៣. REUTERS/Robert Pratta
ផ្សាយពាណិជ្ជកម្ម

គម្រោង​ច្បាប់​ធ្វើ​កំណែ​ទម្រង់​ចូល​និវត្តន៍​របស់​រដ្ឋាភិបាល​សង្គម​និយម ត្រូវ​​បាន​​សភា​ជាតិ​អនុម័ត​ នៅ​ថ្ងៃអង្គារ​ទី​១៥ តុលា ក្នុង​សំឡេង​គាំទ្រ​យ៉ាង​ប្រផុត​ប្រផើយ និង​ក្រោម​សម្រែក​តវ៉ា​របស់​សហជីព​នៅ​ខាង​ក្រៅ​រដ្ឋ​សភា។

 
ចំណុច​កំណែទម្រង់ដ៏​សំខាន់​ៗ មាន ៖ រក្សា​អាយុ​ចូលនិវត្តន៍​ស្រប​ច្បាប់​ត្រឹម​៦២​ឆ្នាំ បង្កើន​រយៈពេល​បង់​ប្រាក់សន្សំចូល​និវត្តន៍ ចាប់​ពី​ឆ្នាំ​២០៣៥​ទៅ​។ ចាប់ពី​ឆ្នាំ​២០១៥​ ភាព​យ៉ាប់យឺន​ផ្នែក​វិជ្ជាជីរៈ​ក៏​ត្រូវ​យក​គិត​គូរ​ជាមួយ​នឹងការ​ចូល​និវត្តន៍ ...

បង្កើន​រយៈ​ពេល​បង់​ធានារ៉ាប់រង​ចូលនិវត្តន៍

ជា​ផ្លូវការ​ និង​តាម​គម្រោង​​ច្បាប់​ថ្មី បណ្តា​ជន​បារាំង​ អាច​មាន​សិទ្ធិ​សុំ​ចូល​និវត្តិន៍ នៅ​អាយុ​៦២​ឆ្នាំ​។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០៣៥​ទៅ ដើម្បី​អាច​ទទួល​បាន​ប្រាក់​សោធនិវត្តន៍​ពេញ​លេញ ១០០% បុគ្គលិក​រដ្ឋ​ ក៏​ដូច​ជា​ឯកជន​ទាំង​អស់​ ត្រូវ​តែ​បង់​​ភាគទាន​ជា​ប្រចាំ​ ចំនួន​៤៣​ឆ្នាំ​ ទល់​៤១,៥​ឆ្នាំ​ នាពេល​បច្ចុប្បន្ន​នេះ។ ​អ្នក​កើត​ក្នុង​ជំនាន់​ឆ្នាំ​១៩៥៥​-១៩៥៦និង​១៩៥៧ មិន​ទទួល​រង​ប៉ះពាល់​ពី​ការ​ធ្វើ​កំណែទម្រង់​នេះទេ ពោល​គឺ​​បើ​បាន​បង់​ប្រាក់​សន្សំ​ ៤១,៥ឆ្នាំ នឹង​បាន​ទទួល​ប្រាក់​សោធនិវត្តន៍​១០០%​ហើយ។ ការ​បង្កើន​រយៈ​ពេល​បង់​ប្រាក់​សន្សំ​ចូលនិវត្តន៍​នេះ នឹង​ត្រូវ​ធ្វើ​ជា​បណ្តើរ​សន្សឹមៗ បន្ថែម​មួយ​ត្រីមាស ជា​រៀង​រាល់​បី​ឆ្នាំ ចំពោះ​អ្នក​មាន​កំណើត​ចាប់​ពី​ឆ្នាំ​១៩៥៨​ ពោល​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​កើត​​​ជំនាន់​ឆ្នាំ ១៩៧៣ បង្គប់​ការ​បង់​ភាគទាន​សន្សំ​បាន​៤៣​ឆ្នាំ ហើយ​​នឹង​ត្រូវ​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០៣៥។

ក្រៅ​ពី​បង្កើន​ពេល​ តម្លៃ​នៃ​ការ​បង់​ប្រាក់​ភាគ​ទាន​ក៏​នឹង​ត្រូវ​កើន​ឡើងដែរ។ ទាំង​ថៅកែ ទាំង​បុគ្គលិក​ ត្រូវ​បង់​ប្រាក់សន្សំ​ច្រើន​ជាង​មុន​ ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៤​នេះ​តទៅ។​ ប៉ុន្តែ​គម្រោង​ច្បាប់​ថ្មី​នេះ បាន​យក​ទម្ងន់​និង​ភាព​​លំបាក​លំបិនក្នុង​ការងារ​ មក​​គិត​។ អ្នកធ្វើ​ការ​យប់ ធ្វើ​ការ​ប្រឈម​ខ្លាំង​នឹង​គ្រោះ​ថ្នាក់ អាច​បង្កើត​គណនី​ផ្ទាល់​ខ្លួន ដើម្បី​ប្តូរ​ជា​ពេល​វេលា​រៀន​សូត្រ​បំពាក់បំប៉ន​ឯកទេស​ថ្មី ឬ អាច​ចូល​និវត្តន៍​ពីរ​ឆ្នាំ​ អាយុ​កាល​​​កំណត់ដោយ​ច្បាប់។ រយៈ​ពេល​​សិក្សា​ ពេល​បំពាក់​បំប៉ន​ការងារ ពេល​លំហែមាតុភាព​ ក៏​រាប់​បញ្ចូល​ក្នុង​ត្រីមាស​ធ្វើ​ការ​ លើស​ពី​នេះ​ទៅ​ទៀត បំពេញ​ការងារ​​​​ ​​១៥០​ម៉ោង​ គឺ​អាច​គ្រប់គ្រាន់​សម្រាប់​រាប់​​មួយ​ត្រីមាសហើយ (ពីមុន​គេ​​២០០​ម៉ោង)។

បារាំង​ចូល​និវត្តន៍​ឆាប់​ជាងគេ

សូម​បញ្ជាក់​ថា កាលពី​ខែ​សីហា បន្ទាប់ពី​បាន​​​​ពិគ្រោះ​ជា​ច្រើន​លើក​ច្រើន​សា ជាមួយ​​នឹង​ដៃ​គូ​សង្គម​ សហជីព លោក​នាយករដ្ឋមន្ត្រី​បារាំង បាន​អះអាង​ថា​គម្រោង​ច្បាប់​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​ ធានា​បាន​យុត្តិធម៌ ​នា​ពេល​អនាគត។ ​បាតុកម្ម​ជា​ច្រើន​បាន​រៀប​ចំ​ឡើង​ជា​បន្ត​បន្ទាប់ ដើម្បី​បរិហារ​គម្រោង​ច្បាប់​នេះ។ ក្នុង​ថ្ងៃ​ដែល​សភា​ត្រូវ​អនុម័ត​ បាតុកម្ម​ជា​ច្រើន​ត្រូវបាន​រៀប​ចំឡើង​ នៅ​មុខ​រដ្ឋសភា និងតាម​បណ្តា​ខេត្តក្រុង​ធំៗ​របស់​បារាំង។ ប៉ុន្តែ​សន្ធឹក​នៃ​ការ​ប្រមូល​ផ្តុំ​គ្នា គ្មាន​​លក្ខណៈ​ភ្លូក​ទឹក​ភ្លូក​ដី​ដូច​សម័យ​ធ្វើ​កំណែទម្រង់​ចូល​និវត្តន៍​របស់​រដ្ឋាភិបាល​ស្តាំ​និយម​របស់​លោក សាកូហ្ស៊ី ដែល​ដំឡើង​អាយុ​ចូល​និវត្តន៍​ដល់​៦២​ឆ្នាំ​​នោះទេ។

តាម​ការពិត ចំណុច​ដ៏​ចម្រូង​ចម្រាស​បំផុត​​ គឺ​ការ​​បង្កើន​ពេល​ប្រាក់​ភាគ​ទាន​ចូលនិវត្តន៍។​ ​ ​សម្រាប់​ក្រុមសហជីព​ ​ដំឡើង​ពេល​ដល់​៤៣​ឆ្នាំ មាន​ន័យ​ថា ក្មេង​ជំនាន់​ក្រោយ​ (កើត​ចាប់​ពី​ឆ្នាំ​១៩៧៣) អាច​ចូល​និវត្តន៍​ពេញ​លេញ​បាន​នៅ​​ឆ្នាំ​២០៣៥ ​​ទាល់តែអ្នក​នោះ​ ចាប់​ផ្តើម​ធ្វើ​ការ​ ​អាយុ​១៩​ឆ្នាំ (១៩៧៣-២០៣៥, ១៩+៤៣=៦២)។ តែ​បណ្តា​ជន​បារាំងទូទៅ​ ច្រើន​ផ្តើម​ការងារ​នៅ​អាយុ​​២៣​ឆ្នាំ​ជា​មធ្យម ដូច្នេះ​មាន​ន័យ​ថា ក្មេងចាប់​ពី​​ជំនាន់​១៩៧៣​ នឹង​ត្រូវ​ចូល​និវត្តន៍​នៅ​អាយុ​៦៦​ឆ្នាំ​ (អាយុ២៣ឆ្នាំ​+៤៣ឆ្នាំ​នៃ​ការ​បង់​ប្រាក់​ភាគទាន =៦៦ ឆ្នាំ)។

ប៉ុន្តែ​បើ​ប្រៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​ បណ្តាជន​បារាំងឆាប់​​ចូល​និវត្តន៍​ជាង​​គេ​ និង​មាន​រយៈ​ពេល​​ចូល​​​និវត្តន៍ច្រើន​លើស​ប្រទេស​​ជិត​ខាង​ដល់​ទៅ​​៦​ឆ្នាំ​។ ម្យ៉ាង​វិញ​ទៀត​នៅលើ​ពិភពលោក​បច្ចុប្បន្ន មនុស្ស​​មាន​អាយុ​កាន់​តែ​វែង​ឡើងៗ ដូច្នេះ​បណ្តា​ជន​បារាំង​ក៏​ទំនង​ជា​ចាប់​ផ្តើម​យល់​ព្រមព្រៀង​​ថា ជា​ការ​ធម្មតា​ទេ​ដែល​គ្រប់គ្នា​ត្រូវធ្វើ​ការ​យូរជាង​មុននោះ។ ចំណែក​ខាង​រដ្ឋាភិបាល​វិញ ជាមួយ​នឹង​ជម្រើស​ធ្វើ​កំណែទម្រង់ដោយ​ប្រើ​រយៈពេល​បង់ប្រាក់ភាគ​ទាន​ ជា​គោលសម្រាប់​ចូល​និវត្តន៍​ បារាំងអាច​មាន​សំអាង​នៅ​សហភាព​អឺរ៉ុប​ថា​នៅ ថ្ងៃអនាគត​បារាំង​នឹង​ចូល​និវត្តន៍​នៅ​អាយុ​៦៦ឆ្នាំ ព្រោះ​ជាទូទៅ​ការ​ចាប់​ផ្តើម​ការងារធ្វើ​ឡើង​​នៅ​អាយុ​២៣ឆ្នាំ​ជា​មធ្យម​។ ម្យ៉ាង​ទៀត​នេះ​ជាមធ្យោបាយ​ដ៏​ស្ងាត់​ៗ​សម្រាប់​ដំឡើង​អាយុ​ចូលនិវត្តន៍​ ដែល​មិន​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​​ប្រជាជន​ ព្រោះ​នៅ​លើ​ក្រដាស អាយុ​ស្រប​​ច្បាប់ចូល​និវត្តន៍​ គឺ​​៦២​ឆ្នាំ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត