អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​បារាំង​ទៅ​អ៊ីរ៉ាក់ ដើម្បី​បញ្ជាក់​ជំហរ​បារាំង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត

សំឡេង ០៥:៥០
ប្រធានាធិបតី​បារាំង ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​បង្ហាញ​ការគំាទ្រ​របស់​បារាំង​ដល់​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីរ៉ាក់ នៅថ្ងៃ​សុក្រ​ទី ១២ កញ្ញា
ប្រធានាធិបតី​បារាំង ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​បង្ហាញ​ការគំាទ្រ​របស់​បារាំង​ដល់​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីរ៉ាក់ នៅថ្ងៃ​សុក្រ​ទី ១២ កញ្ញា ©REUTERS/Ali al-Saadi/Pool
ដោយ៖ ឈាង បុប្ផា
៣២ នាទី

ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ ហូឡង់​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បាកដាដ នៅថ្ងៃ​សុក្រ​ទី ១២ កញ្ញា ដោយ​សន្យា​ផ្តល់​ជំនួយ​ ជួយ​គាំទ្រ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​ក្រុមជីហាត​ នៅ​អ៊ីរ៉ាក់។ ក្រោយ​​​ប្រធានាធិបតី​អាមេរិក ប្រកាស​កាលពីថ្ងៃ​ពុធ​ថា អាមេរិក​នឹង​តាម​វាយប្រហារ​ទៅលើ​ក្រុមជីហាត​អ៊ីរ៉ាក់ ទាំង​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី ប្រទេស​បារាំង​បាន​ប្រកាស​ចូលរួម​នៅក្នុង​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក និង​មាន​ការចូលរួម​ពី​ក្រុម​ប្រទេស​អារ៉ាប់។ នៅថ្ងៃ​ចន្ទ ១៥ កញ្ញា ​២០១៤ បារាំង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​សន្និសីទ​ដែល​ប្រធាន​បទ​សំខាន់​នឹង​និយាយ​ពី​សន្តិសុខ នៅអ៊ីរ៉ាក់។  

ផ្សាយពាណិជ្ជកម្ម

បារាំង​ធ្លាប់​បដិសេធ​ មិន​ចូលរួម​ជាមួយ​អាមេរិក​ដើម្បី​ធ្វើ​​សង្រ្គាម​នៅ​អ៊ីរ៉ាក់ នៅ​ឆ្នាំ ២០០៣ ដើម្បី​ផ្តួល​រំលំ​របប​លោក​សាដាម ហ៊ូសេន។ កាលណោះ​ បារាំង​មិន​ចូល​រួម​ជាមួយអាមេរិក ព្រោះ​តែ​បារាំង​ធ្លាប់​មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​អ៊ីរ៉ាក់ ហើយ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​បារាំង​ជាមួយ​របប​លោក​សាដាម ហ៊ូសេន ក៏មិនសូវ​ជា​ច្បាស់លាស់ទៅទៀត។ សត្រូវ ក៏មិនមែន​សត្រូវ ដូច្នេះ បារំាង​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​លូកដៃ​អន្តរាគម​យោធា​ដើម្បី​ផ្តួល​រំលំ ​របប​សាដាម ហ៊ូសេនទេ។ ប៉ុន្តែ ផ្ទុយទៅវិញ លើកនេះ បារាំង​បាន​លូកដៃ​ចូល​ច្រើន នៅក្នុង​វិបត្តិ​អ៊ីរ៉ាក់ គឺ​ចាប់តាំងពី​ក្រុម​ជីហាតអ៊ីរ៉ាក់ ប្រកាស​បង្កើត​រដ្ឋអ៊ីស្លាម និង​ប្រព្រឹត្ត​អំពើ​កាប់សម្លាប់​ក្រុមអ្នកប្រឆាំង​នឹង​ខ្លួន។

 
សម្រាប់​មន្រ្តីការពារ​ជាតិ​បារាំង ក្រុមជីហាត​មិន​ ត្រឹម​ជា​គ្រោះថ្នាក់​សម្រាប់​ប្រជាជន​អ៊ីរ៉ាក់ ឬ​នៅក្នុង​តំបន់​តែប៉ុណ្ណោះទេ ប៉ុន្តែ ក្រុមជីហាត​អ៊ីរ៉ាក់​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជាតិសាសន៍​ដទៃ ដែល​រួម​ទាំង​ប្រជាជន​​ក្នុង​ប្រទេស​បារាំង​ផង។ ចាប់តាំង​ពី​ខែ​សីហា​មក បារាំង​ បាន​រួម​ជាមួយ​អាមេរិក និង​អង់គ្លេស​ដើម្បី​បំពាក់​អាវុធ​ដល់​ក្រុម​ទាហាន​គៀកហ្សីស្ថាន ដើម្បី​ប្រយុទ្ធ​ទប់​ទល់​នឹង​ក្រុមជីហាត​អ៊ីរ៉ាក់។

មួយវិញទៀត ​វត្តមាន​ដោយ​ផ្ទាល់​របស់​ប្រធានាធិបតី​បារំាង នៅ​ទីក្រុង​បាកដាដ នៅថ្ងៃ​នេះរឹត​តែ​បញ្ជាក់ថា បារាំងផ្តោត​សារៈសំខាន់​ទៅលើ​វិបត្តិ​ដែល​កំពុង​កើត​មាន​នៅ​អ៊ីរ៉ាក់។ តាមរយៈ​ការប្រកាស​គាំទ្រ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី បារាំង​ចង់​បញ្ជាក់ថា ខ្លួន​មាន​ជំហរ​រឹងមាំ​ច្បាស់លាស់ ចង់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដើម្បី​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អ៊ីរ៉ាក់។ គេ​មើល​ឃើញ​ថា បារាំងដែល​​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​យោធានៅ​អ៊ីរ៉ាក់ ក៏ដោយសារ​តែ​​មាន​អាមេរិក​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រតិបត្តិការ និង​មាន​ការចូលរួម​សហការពី​​ប្រទេស​អារ៉ាប់។ ប្រទេស​អារ៉ាប់​ចំនួន ​១០​បាន​យល់​ព្រម​គាំទ្រ​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​អាមេរិក​ ។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ​មន្រ្តីយោធា​ជាន់ខ្ពស់​បារាំង​ជាច្រើន​រូប​បាន​លើកឡើង​ពី​ការចូលរួម​ នៅក្នុង​តួនាទី​សំខាន់ៗ នៅក្នុង​សម្ព័ន្ធ​អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អ៊ីរ៉ាក់ ពោល​គឺ​បារាំងក្នុង​នាម​ជា​មហាអំណាច​មួយដែរ​​មិន​ចង់​បាន​តួនាទី​ កំប៉ិកកំប៉ុក​នោះទេ។ ចង់ ឬ​មិន​ចង់ ​បារាំង តាមរយៈ​ប្រតិបត្តិការ​យោធា​ ​​ចង់​បង្ហាញ​ថា ខ្លួនតែងតែ​​ដើរ​តួ​សកម្មខ្លាំង​​នៅក្នុង​ ​សំណុំ​រឿង​​អន្តរជាតិសំខាន់ៗ ដូចជា​នៅ​អ៊ីរ៉ាក់។

ក្រៅតែ​ពីសន្យា​​ផ្គត់ផ្គង់​អាវុធ​ដល់​កងទ័ព​អ៊ីរ៉ាក់ បារាំងគ្រោង​នឹង​ចូលរួម​ជាមួយ​អាមេរិកដែល​បាន​បើក​ការវាយប្រហារ​តាម​ ជើងអាកាស ទៅលើ​ក្រុមជីហាតអ៊ីរ៉ាក់​តាំងពី​ខែ​សីហា​រហូតមក។ បារាំង​អាច​ប្រើ​មូលដ្ឋានទ័ព​របស់ខ្លួន នៅ​ហ្សកដានី ឬ​នៅ​អេមីរ៉ា អារ៉ាប់ រួម ដែល​នៅ​ទី​នោះ​បារាំង​​មាន​យន្តហោះ​ចម្បាំង​៥​គ្រឿង និង​ មាន​ទាហាន​ជិត​មួយពាន់​នាក់​កំពុង​ប្រចាំ។ តាម​អ្នកជំនាញ​ខ្លះ ការវាយប្រហារ​តាម​ជើងអាកាស​របស់​បារាំង​នឹងត្រូវ​ទាមទារ​ឲ្យ​មាន​វត្តមាន​ របស់ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​បារាំង​នៅលើ​ដី​អ៊ីរ៉ាក់ ដូចដែល​បារាំង​ធ្លាប់បាន​ធ្វើ នៅក្នុង​សង្រ្គាម​លីប៊ី ឬ ម៉ាលី​ជាដើម។

យោធា​បារាំង​ស្នើ​គម្រោង​ប្រតិបត្តិការ​យោធា​នៅ​អ៊ីរ៉ាក់ និង​នៅ ស៊ីរី
កាលពី​ឆ្នាំមុន (២០១៣) បារាំងធ្លាប់​ជា​ប្រទេស​​នាំមុខគេ​ដែល​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​យោធា​​ អន្តរជាតិ​ ជាពិសេស​អាមេរិក ទៅលើ​របប​ដឹកនាំ​ស៊ីរី ដែល​បារាំង​រកឃើញ​ថា បាន​ប្រើ​អាវុធ​គីមី​សម្លាប់​ប្រជាជន​ស៊ីវិល។ កាលណោះ ​បារាំង​សប្បាយ​ចិត្ត ដែល​លឺ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ព្រមាន​វាយប្រហារ​រដ្ឋាភិបាល​ស៊ីរី​ពី​រឿង​ប្រើ​អាវុធ​គីមី នេះ ប៉ុន្តែ បារាំងបាន​ ស្រងាក​ចិត្ត បន្ទាប់ពី ត្រូវ​អាមេរិក​ដោះដៃ មិន​ព្រម​ធ្វើ​អន្តរាគមន៍​យោធា​ទៅក្នុង​ប្រទេស​ស៊ីរី។ ដោយសារ​តែ​អាមេរិក​មិន​អន្តរាគម​យោធា បារាំងកាលណោះ ក៏​បាន​ដកខ្លួន​ថយក្រោយ​មិន​ធ្វើ​អន្តរាគម​ន៍​យោធា​នៅ​ស៊ីរីដែរ។

លើកនេះ រដ្ឋាភិបាល​បារាំង​សង្កត់ធ្ងន់​លើ​ជំនួយ​អន្តរាគម​របស់ខ្លួន​នៅក្នុង​ប្រទេស ​អ៊ីរ៉ាក់ និង​ ​មិន​ទាន់​​ចង់​និយាយ​ពី​ប្រតិបត្តិការ​យោធា​​បារាំង​នៅ​ស៊ីរីនៅឡើយ ប៉ុន្តែ យ៉ាងណាក៏ដោយ ជំហរគាំទ្រ​​លឿន​ដូច​ផ្លេកបន្ទោរ​របស់​បារាំង បន្ទាប់ពី លោកអូបាម៉ា​ប្រកាស​វាយប្រហារ​ទៅលើ​ក្រុមជីហាត រហូត​ដល់​ក្នុង​ទឹកដី ស៊ីរី បាន​បង្ហាញ​ថា ទិសដៅ​បន្ត​នៃ​ប្រតិបត្តិការ​យោធា​របស់​បារាំង មិន​មែន​នៅត្រឹម​អ៊ីរ៉ាក់​ទេ គឺ​ទៅ​ដល់​ប្រទេស​ស៊ីរីឯណោះ។ បារាំង​ចង់​ធ្វើ​យុទ្ធនា​ការ​យោធា​ នៅ​ស៊ីរី ដើម្បី​អាច​បង្ហាញ​ពី​ជំហរ​មនុស្ស​ធម៌​របស់​ប្រទេស​នេះ ដែលតែងតែ​​រិះគន់​យ៉ាងខ្លាំង​លើ​នយោបាយ​កាប់សម្លាប់​ប្រជាជន​របស់​ រដ្ឋាភិបាល​ស៊ីរី។ មួយវិញទៀត សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​កំពុង​ទាក់ទាញ​យុវជន​បារាំង​ជាច្រើន​រយ​នាក់​ឲ្យ​ ទៅ ចូលប្រយុទ្ធ​ជាមួយ​ពួក​ជីហាត ដែលនេះ​ជាក្តីបារម្ភ​មួយ​ធំ​របស់​អាជ្ញាធរ​បារាំង។ គេ​ខ្លាចថា ក្រុមយុវជន​សមាជិក​របស់ជីហាត​ទាំងនោះ នឹងអាច​ត្រលប់​មក​បង្ក​អំពើ​ភេរវកម្ម​នៅក្នុង​ប្រទេស​កំណើត​វិញ។ អន្តរាគមន៍​​យោធា​របស់​បារាំង នៅ​ស៊ីរី ក្តី ឬ​នៅ​អ៊ីរ៉ាក់​ក្តី​នឹង​អាច​ឲ្យ​បារំាង​អាច​ស្តា​មុខមាត់​ ខាងផ្នែក​យោធា​ របស់ខ្លួន នៅ​លើ​ឆាក​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ