អានតួអត្ថបទ
បារាំង

គណបក្ស UMP របស់​លោក​សាកូហ្ស៊ី​កំពុង​ប្រឈមមុខ​នឹង​ការ​ប្រេះបែក​ជាពីរ

លោក Jean-François Copé (ស្តាំ) និង​លោក​ François Fillon គូជម្លោះ​ដណ្តើម​តំណែង​ប្រធាន​គណបក្ស UMP
លោក Jean-François Copé (ស្តាំ) និង​លោក​ François Fillon គូជម្លោះ​ដណ្តើម​តំណែង​ប្រធាន​គណបក្ស UMP © REUTERS/Regis Duvignau
ដោយ៖ សេង ឌីណា
១៥ នាទី

ធ្លាប់តែ​ជា​បក្ស​កាន់អំណាច​រាប់សិបឆ្នាំ គ្រាន់តែ​​បាត់​អំណាច​ភ្លាម ក៏​ចាប់ផ្តើម​​បែកបាក់គ្នា! គណបក្ស UMP ដែល​ជា​គណបក្ស​ស្តាំនិយម​របស់​លោក​នីកូឡា សាកូហ្ស៊ី កំពុងតែ​ប្រឈមមុខ​នឹង​ការប្រេះបែកជាពីរ ដោយសារ​តែ​ការ​ដណ្តើម​គ្នា​ធ្វើ​ប្រធានបក្ស នៅក្រោយ​ពី​លោក​នីកូឡា សាកូហ្ស៊ី ចាញ់ឆ្នោត​ប្រធានាធិបតី។

ផ្សាយពាណិជ្ជកម្ម

គណបក្ស UMP បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានថ្មី កាល​ពី​ថ្ងៃទី១៨ វិច្ឆិកា កន្លងទៅ ក្រោយ​ពីលោក​នីកូឡា សាកូហ្ស៊ី ត្រូវ​ទទួល​បរាជ័យ​​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ហើយ​សម្រេច​ដកខ្លួន​ចេញ​ពី​ឆាកនយោបាយ។

ក៏ប៉ុន្តែ នៅ​ក្រោយ​ការ​បោះឆ្នោត ជម្លោះ​ក៏​បាន​ផ្ទុះឡើង ដោយ​គូប្រជែង​ធំៗ​ទាំងពីរ គឺ លោក François Fillon អតីត​នាយករដ្ឋមន្រ្តី​របស់​លោក​សាកូហ្ស៊ី និង​លោក Jean-François Copé អគ្គលេខាធិការ​បក្ស សុទ្ធតែ​បាន​អះអាង​ថា ខ្លួន​ជា​អ្នក​ឈ្នះ ហើយ​ចោទ​គ្នា​ទៅវិញ​ទៅមក​ថា​បាន​លួច​បន្លំ​សន្លឹកឆ្នោត។

ជម្លោះ​ក្រោយ​ការ​បោះឆ្នោត នៅ​ក្នុង​ប្រទេស​បិតា​ប្រជាធិបតេយ្យ​មួយ​នេះ​បាន​ក្លាយ​ទៅជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើចមួយ។ ក៏ប៉ុន្តែ សម្រាប់​គណបក្ស UMP ផ្ទាល់ វា​គឺ​ជារឿង​ដ៏​គួរ​ឲ្យ​អាម៉ាស និង​កំពុង​តែ​រាលដាល​ទៅ​ជា​រឿង​​គួរ​ឲ្យ​ស្រក់​ទឹកភ្នែក​ ដោយសារ​តែ​គូបដិបក្ខ​ទាំងពីរ​មិន​ព្រម​សម្រុះសម្រួល​គ្នា ហើយ​គណបក្ស​ស្តាំនិយម​ដ៏​ធំ ដែល​ធ្លាប់​តែ​កាន់អំណាច​នៅ​បារាំង​រាប់​សិបឆ្នាំ​មកហើយ​នោះ កំពុងតែ​ប្រឈមមុខ​នឹង​ការ​​ប្រេះបែក​ជាពីរ។

លោក Alain Juppé ដែល​ជា​អតីត​នាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​ស្ថាបនិក​នៃ​គណបក្ស UMP នេះ​បាន​ព្យាយាម​​ធ្វើ​ជា​អាជ្ញាកណ្តាល ដើម្បី​ស្វែងរក​ការ​សម្រុះសម្រួល​បញ្ចប់​ជម្លោះ​ដ៏​គួរ​ឲ្យ​អាម៉ាស​មួយ​នេះ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ បេសកកម្ម​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយ​គូបដិបក្ខ​ទាំងពីរ នៅតែប្រកាន់​ជំហរ​តឹងរ៉ឹង​រៀងៗខ្លួន។

កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​នេះ លោក Alain Juppé បាន​ប្រកាស​ដកខ្លួន​ ឈប់​ធ្វើ​ជា​អាជ្ញាកណ្តាល។ ចំណែក​លោក François Fillon បាន​ប្រកាស​ថា​នឹង​ប្តឹង​ទៅ​តុលាការ​ឲ្យ​ដោះស្រាយ​វិវាទ​ផ្ទៃក្នុង​បក្ស​មួយនេះ។

ប្រឈមមុខ​នឹង​បញ្ហា​នេះ មន្រ្តីបក្ស​ខ្លះ​បាន​​ទាមទារ​ឲ្យ​លោក​សាកូហ្ស៊ី​ធ្វើ​អន្តរាគមន៍ ដើម្បី​បញ្ចប់​ជម្លោះ។ ​ខ្លះ​ទាមទារ​ឲ្យ​បង្កើត​ជា​គណៈកម្មការ​ចម្រុះមួយ ដើម្បី​ដឹកនាំ​បក្ស​​ជា​បណ្តោះអាសន្ន។ ចំណែក​ខ្លះទៀត ​ទាមទារ​ឲ្យ​ធ្វើការ​បោះឆ្នោត​ឡើងវិញ។ ក៏ប៉ុន្តែ លោក​ Jean-François Copé ដែល​បច្ចុប្បន្ន​ប្រកាស​តាំងខ្លួន​ជា​ប្រធានបក្ស បាន​បដិសេធ​ភ្លាមៗ មិន​សុខចិត្ត​ធ្វើការ​បោះឆ្នោត​ឡើងវិញ​ទេ។

ជម្លោះ​​ចេះតែ​បន្ត​ទៅមុខ​ ហើយ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ ក្នុងពេល​ជាមួយគ្នា សមាជិក​សភា​បារាំង ដែល​គាំទ្រ​លោក Fillon បាន​ព្រមាន​ថា ពួកគេ​អាច​នឹង​ផ្តាច់ខ្លួន​ចេញ​ពី UMP ដើម្បី​ទៅ​បង្កើត​ជា​ក្រុម ឬ​បក្ស​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ