បារាំង

បាតុកម្ម​និង​កូដកម្ម​ប្រឆាំង​កំណែទម្រង់​អាយុ​ចូល​និវត្តន៍​នៅ​បារាំង

ចលនា​ប្រឆាំង​នឹង​កំណែទម្រង់​អាយុ​ចូល​និវត្តន៍​​អាច​នឹង​ធ្វើ​ឲ្យ​​សកម្មភាព​សេដ្ឋកិច្ច​បារាំង​ត្រូវ​ជាប់គាំង នៅថ្ងៃ​ព្រហស្បតិ៍ ទី២៤ មិថុនា ២០១០​នេះ
ចលនា​ប្រឆាំង​នឹង​កំណែទម្រង់​អាយុ​ចូល​និវត្តន៍​​អាច​នឹង​ធ្វើ​ឲ្យ​​សកម្មភាព​សេដ្ឋកិច្ច​បារាំង​ត្រូវ​ជាប់គាំង នៅថ្ងៃ​ព្រហស្បតិ៍ ទី២៤ មិថុនា ២០១០​នេះ AFP/FREDERICK FLORIN

នៅថ្ងៃ​នេះ​​និយោជិត​បារាំង ទាំង​ក្នុង​វិស័យ​ឯកជន និង​ក្នុង​វិស័យ​សាធារណៈ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម និង​បាតុកម្ម នៅ​ទូទាំង​ប្រទេស ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​កំណែទម្រង់​អាយុ​ចូល​និវត្តន៍។ នៅ​ឆ្នាំនេះ សហជីព​ធំៗ​របស់​បារាំង​ធ្លាប់​បាន​រៀបចំ​កូដកម្ម និង​បាតុកម្ម​បែបនេះ​ច្រើន​លើក​​រួចមក​ហើយ ក៏ប៉ុន្តែ មិន​សូវ​ទទួល​បាន​ជោគជ័យ ដោយ​​មិនសូវ​មាន​អ្នក​ចូលរួម។ សហជីព​បារាំង​រំពឹង​ថា ​ចលនា​ប្រឆាំង នៅថ្ងៃ​ព្រហស្បតិ៍នេះ នឹង​មាន​ទំហំ​ធំធេង ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ សេង ឌីណា

ចាប់​តាំងពី​ដើមឆ្នាំ​នេះ​មក សហជីព​ចម្រុះ​របស់​បារាំង​បាន​រៀបចំ​បាតុកម្ម និង​កូដកម្ម ចំនួន ៣លើក​រួចមកហើយ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​កំណែទម្រង់​​ទៅលើ​ការ​ចូលនិវត្តន៍។ ចលនា​ប្រឆាំង​ នៅថ្ងៃ​នេះ ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​មាន​​សន្ទុះ​ខ្លាំងក្លា​ជាង​ ៣លើក​មុន។ 

បាតុកម្ម​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ប្រមាណ​ជា​ជិត ២០០​កន្លែង នៅ​ទូទាំង​ប្រទេស​បារាំង។ សហជីពចម្រុះ​បារាំង​រំពឹង​ថា ចំនួន​អ្នក​ចេញ​មក​ធ្វើ​បាតុកម្ម​សរុប​នឹង​មាន​លើស​ពី​១​លាន​នាក់។

ក្រៅ​ពី​ការ​ចេញ​ធ្វើ​បាតុកម្ម និយោជិត​នៅ​តាម​បណ្តា​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ ក៏​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ផង​ដែរ។ នៅ​តាម​សាលា​រដ្ឋ គ្រូ​បង្រៀន​ប្រមាណ​ជា​ពាក់​កណ្តាល​បាន​ប្រកាស​ថា​​នឹង​ធ្វើ​កូដកម្ម។ កូដកម្ម​របស់​និយោជិត​នៅតាម​បណ្តា​ក្រុមហ៊ុន​ដឹកជញ្ជូន​រដ្ឋ​​​ធ្វើ​ឲ្យ​បណ្តាញ​ដឹកជញ្ជូន​សាធារណៈ រួមមាន ឡាន​ក្រុង រទេះភ្លើង និង​​ព្រលាន​យន្តហោះ​ ត្រូវ​រអាក់រអួល។ ជើង​ហោះ​ហើរ​ប្រមាណ​ជា ១៥% ចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​ប៉ារីស ត្រូវ​បាន​គេ​លុបចោល។ បណ្តាញ​ដឹកជញ្ជូន​តាម​ឡានក្រុង និង​រទេះភ្លើង ​ត្រូវ​កាត់បន្ថយ​ប្រមាណជា​ ៥០% ។

កំណែទម្រង់​​លើ​អាយុ​ចូល​និវត្តន៍​ ដែល​​ប្រជាជន​បារាំង​កំពុង​តវ៉ា​ប្រឆាំងនេះ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ដឹង កាល​ពី​២​សប្តាហ៍​មុន។ យោង​តាម​កំណែទម្រង់​នេះ ប្រជាជន​បារាំង​ត្រូវ​ធ្វើ​ការ​រហូត​ដល់​អាយុ ៦២​ឆ្នាំ យ៉ាងតិច ទើប​អាច​ចូល​និវត្តន៍​បាន។ បច្ចុប្បន្ន​ អាយុ​ចូល​និវត្តន៍​នេះ​ កំណត់​ត្រឹម​តែ​ ៦០​ឆ្នាំ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រសិន​បើ​និយោជិត​ណា​​ចង់​ចូល​និវត្តន៍ ដោយ​ទទួល​បាន​នូវ​ប្រាក់​សោធន​និវត្តន៍​ពេញលេញ ១០០% និយោជិត​នោះ​ត្រូវ​ធ្វើ​ការ​រហូត​ដល់​អាយុ ៦៧ឆ្នាំ យ៉ាងតិច ពោល​គឺ​កើន​ឡើង ២ឆ្នាំ លើស​ការ​កំណត់​ក្នុង​​ច្បាប់​បច្ចុប្បន្ន។

រដ្ឋាភិបាល​បារាំង ដែល​រៀបចំ​ធ្វើ​កំណែទម្រង់​លើ​អាយុ​ចូល​និវត្តន៍នេះ បាន​អះអាង​ថា ប្រជាជន​បារាំង​មាន​អាយុ​កាន់តែ​វែងទៅ ពី​មួយ​ឆ្នាំ ទៅមួយ​ឆ្នាំ។ ដូច្នេះ គេ​ក៏​ត្រូវ​តែ​បង្កើន​រយៈពេល​ធ្វើ​ការ​ដែរ។ ប្រសិន​បើ​គេ​មិន​ពន្យារ​ពេល​អាយុ​ចូល​និវត្តន៍​ទេ អ្នក​ចូល​និវត្តន៍​នឹង​មាន​ចំនួន​ច្រើន​ហួសហេតុ ហើយ​រដ្ឋ​នឹង​ត្រូវ​ខ្វះ​​ថវិកា​សម្រាប់​សោធននិវត្តន៍​។ រដ្ឋាភិបាល​បារាំង​បាន​សន្យាថា​នឹង​សុខចិត្ត​ចរចា​ជាមួយ​សហជីព លើ​ចំណុច​មួយ​ចំនួន ក្នុង​កំណែទម្រង់​លើ​ការចូលនិវត្តន៍នេះ។ ក៏ប៉ុន្តែ ការ​ពន្យារ​អាយុ​ចូល​និវត្តន៍ គឺ​ជា​ចំណុច ដែល​មិនអាច​ចរចា​បាន​ជាដាច់ខាត។ នៅថ្ងៃ​ព្រហស្បតិ៍នេះ បើ​ទោះជា​ចលនា​ប្រឆាំង​មាន​ទំហំ​ធំធេង​យ៉ាងណា​ក៏ដោយ ក៏​គេ​មិនរំពឹង​ថា រដ្ឋាភិបាល​សុខចិត្ត​​លុបចោល​គម្រោង​ពន្យារ​អាយុ​ចូល​និវត្តន៍​នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI