អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី​រងការ​ចោទប្រកាន់​ថា​ ធ្វើអោយ​បែកធ្លាយ​រឿងអាស្រូវ​បក្ស​កាន់អំណាច​អាមេរិក​​ ដើម្បីជួយ​ដូណាល់​ ត្រាំ​

សំឡេង ០៤:៥៧
ប្រមុខការទូត​អាមេរិក និង​ប្រមុខការទូត​រុស្ស៊ នៅ​ក្រុងវៀងច័ន្ទ ថ្ងៃ​២៦កក្កដា ឆ្នាំ២០១៦
ប្រមុខការទូត​អាមេរិក និង​ប្រមុខការទូត​រុស្ស៊ នៅ​ក្រុងវៀងច័ន្ទ ថ្ងៃ​២៦កក្កដា ឆ្នាំ២០១៦ reuters
ដោយ៖ ព្រំ សឿន សូលីណា
៣១ នាទី

ក្រោយ​វេបសាយ​WikiLeaks  ចុះផ្សាយ​​​​​​អ៊ីមែល​​ផ្ទៃក្នុងរបស់​​បក្ស​ប្រជាធិបតេយ្យអាមេរិក បក្ស​ប្រជា​ធិបតេយ្យ​​បាន​ចោទ​រុស្ស៊ី​តែម្តង ថា​ជាអ្នក​ធ្វើអោយ​បែកធ្លាយ​រឿងអាស្រូវអ៊ីមេល​នេះឡើង​ ដើម្បី​ជា​ប្រយោជន៍​ដល់​យុទ្ធនាការ​ឃោសនា​ឆ្នោត​របស់​​លោកដូណាល់ ត្រាំ​ ដែលជា​​បេក្ខជន​ប្រធានាធិបតី មកពី​បក្ស​សាធារណរដ្ឋ។ រុស្ស៊ី​បាន​បដិសេធ​ការចោទប្រកាន់​នេះ។

ផ្សាយពាណិជ្ជកម្ម

ស្ថានទូត​​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​​​អាមេរិក លើកឡើង​ថា ការ​ចោទ​នេះ គ្មា​នមូលដ្ឋាន​ច្បាស់លាស់​ទេ។ ​ថ្ងៃ​​អង្គារ​នេះ ក្នុង​កិច្ចប្រជុំប្រចាំឆ្នាំ​​អាស៊ាន​ ប្រមុខការទូត​រុស្ស៊ី ស៊ែរហ្កី ​ឡាវ្រូវ បា​ន​និយាយ​ទៅ​​ប្រមុខការទូត​អាមេរិក​ ឃែររី​ ថា​ លោក​​មិនចង់​​​​​ប្រើ​ពាក្យតាមព្យញ្ជនៈ​​ប្រកប​ទេ។ លោក​ឡាវ្រ៉ូវ ចង់សំដៅ​ន័យថា លោក​មិនចង់​​ប្រកបពាក្យ​ តាំង​​​ពី​​ព្យញ្ជនៈ “ក”​ ដល់ ព្យញ្ជនៈ​ “អ” ដើម្បី​​បញ្ជាក់​​ថា រុស្ស៊ី​គ្មាន​ជាប់​ពាក់ព័ន្ធ​​​រឿងអាស្រូវ​​អ៊ីមែល​បក្ស​កាន់អំណាច​អាមេរិ​ក។ ​ ទីភ្នាក់ងារ​​​​FBI កំពុង​ស៊ើបអង្កេត​​​បញ្ហា​នេះ។

​សារ​អ៊ីមែលផ្ទៃក្នុងបក្សប្រជាធិបតេយ្យ​បង្កភាពអាម៉ាសដល់​រូបភាពបក្ស មុន​ការបោះឆ្នោត​
រឿងអាស្រូវ​បែកធ្លាយ​ តាំង​ពី​​ថ្ងៃសុក្រសប្តាហ៍​មុន​ គឺ​៣ថ្ងៃមុន​ថ្ងៃ​បើក​សមាជ​បក្ស​ប្រជាធិបតេយ្យ​​អាមេរិក។ ​វេបសាយ​វីគីល្លីក បាន​ចុះផ្សាយ​នូវ​អ៊ីមែល​ប្រមាណ​២០០០០ច្បាប់​​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រជាធិបតេយ្យ​៧រូប។ ជា​អ៊ីមែល​​សរសេរ​ឡើង ​​ក្នុង​ចន្លោះខែមករា ឆ្នាំ២០១៥ និង​ខែឧសភា​២០១៦។ អ៊ីមែល​មួយចំនួន​​​​បង្ហាញ​ថា ​ក្នុង​​ការបោះឆ្នោត​បឋម​ជ្រើសតាំង​បេក្ខជនប្រធានាធិបតី ​​តំណាងបក្ស​ គឺ​​តាំងពី​ដំបូងទីម្ល៉េះ​ ​មន្ត្រី​ធំៗ​ក្នុង​បក្ស​ប្រជាធិបេតយ្យ​បាន​លំអៀង និង​គាំទ្រ​បេក្ខភាព​របស់​លោកស្រី​ហ៊ីលឡារី​ គ្លីនតុន​រួច​ទៅហើយ។ ​

អ៊ីមែលទាំងនេះ​បង្ហាញ​ផងដែរ ថា​មន្ត្រី​ធំៗ​ក្នុង​បក្ស​ប្រជាធិបតេយ្យ​បានចំអក​មើលងាយ​សមត្ថភាព​​​លោក ប៊ែរនី សាន់ដឺ មកពី​រដ្ឋVermont ​ដែល​ជា​គូប្រជែង​របស់​លោកស្រី​គ្លីនតុន។ នេះ​ជា​​ភាព​អាម៉ាស​​​របស់​​បក្សប្រជាធិបតេយ្យ​ ព្រោះ​វា​បង្ហាញ​ពី​​ការរើសអើង​​របស់​មន្ត្រី​​ជាន់ខ្ពស់​ក្នុង​បក្ស ចំពោះ​សមាជិក​បក្ស​ខ្លួ​ន។

ការ​លំអៀង​នេះ ក៏អាច​ចាត់ទុក​ថា ជា​​​អំពើ​ពុករលួយ​ ជា​ទង្វើ​បក្ស​ពួកនិយម។ ​រឿងអាស្រូវ​នេះ​ធ្វើអោយ​​ខូចឈ្មោះ​បក្ស​ប្រជាធិបតេយ្យ​ដែលកំពុង​កាន់អំណាច ហើយ​អាច​ប៉ះពាល់​ជំនឿទុកចិត្ត​ប្រជាជន​អាមេរិកទៀតផង។ ​​ប្រជាជនដែលគាំទ្រ​បក្ស​កាន់អំណាច ​​អាច​​ប្រែចិត្ត​ ​បោះឆ្នោត​អោយ​លោកដូណាល់ ត្រាំ មកពី​បក្ស​ប្រឆាំង បាន​​ជាប់​ជា​ប្រធានាធិបតី​ ពេល​ខាងមុខ ​​វិញផង​ក៏ថាបាន។ ពេលបើក​សមាជ​​បក្សប្រជាធិបតេយ្យ ​​ម្សិលមិញនេះ ​​​មន្ត្រី​ធំៗ​ក្នុង​បក្ស​​​បានត្រឹម​តែ​សុំទោស​លោក​សាន់ដឺ​​ប៉ុណ្ណោះ។

សកម្មជន​​គាំទ្របេក្ខភាព​​លោក​សាន់ដឺ ក៏​សង្ស័យ​ពីដំបូង​ដែរ​ថា វាអាច​មាន​ភាព​លំអៀង​​បែបនេះ។ ក្រោយ​ការ​បែកធ្លាយ​រឿងអាស្រូវ​នេះ​ ក្រុមអ្នកគាំទ្រ​លោក​សាន់ដឺ​មួយចំនួន ប្រាប់ថា ​មិនដឹង​ថា តើ​ខ្លួន​ត្រូវ​បោះអោយ​លោកស្រី​គ្លីនតុន ជាប់​ជា​​ប្រធានាធិបតី​អាមេរិក ខែវិច្ឆិកា​ខាងមុខ​រឺយ៉ាងណាទេ។ ដោយសារ​រឿងអាស្រូវនេះ ​ថ្ងៃអាទិត្យ​កន្លងទៅ លោកស្រី​ ​ឌែបប៊ី វ៉ាសសឺម៉ាន ស្ហ៊ូល បាន​ប្រកាស​លាចេញ​ពី​​​តំណែង​ប្រធានបក្ស​ប្រជាធិបតេយ្យ។

បក្សប្រជាធិបតេយ្យធ្លាប់​រងគ្រោះ​ដោយ​ក្រុមចោរ​​​ព័ត៌មានវិទ្យា​ដែលជាប់ពាក់ព័ន្ធនឹង​​រុស្ស៊ី​
ការទំលាក់​កំហុស​លើ​រុស្ស៊ី ​ជា​រឿងងាយស្រួលធ្វើ។ មូលហេតុ​ដោយសារ​តែ​​កន្លងមក ​បក្ស​​កាន៉អំណាច​អាមេរិក ​ធ្លាប់​រងគ្រោះ​ដោយ​សារចោរព័ត៌មាន​វិទ្យា​​ ​ដែល​​ជាប់ពាក់ព័ន្ធ​នឹង​រុស្ស៊ី​។ ​កាលពី​ពាក់កណ្តាល​​ខែមិថុនា ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​ឈ្មោះថា ​​Crowdstrike ធ្លាប់​ប្រាប់ថា ​ក្រុមចោរព័ត៌មាន​វិទ្យាយ៉ាងហោច​២ក្រុម ជិតដិត​នឹង​អាជ្ញាធរ​​រុស្ស៊ី បាន​ចូលលួច​យក​ព័ត៌មានផ្ទៃក្នុង​​​​របស់​បក្ស​ប្រជាធិបតេយ្យ។ ក្រុមទាំង២​នេះ ហើយ​ប្រហែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​​លួច​យក​ទិន្នន័យ​ព៌ត៌មានរបស់​ក្រសួងមន្ទីរ​ផ្សេងៗ​របស់​អាមេរិក​ដែរ។​

លើសពីនេះ ​សប្តាហ៍​មុន​ ​លោក​ដូណាល់ ត្រាំ ​​លើកឡើង​ថា បើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ ករណី​​ប្រទេស​​សមាជិក​អង្គការ​អូតង់​ណាមួយ រង​ការវាយប្រហារ​ពី​រុស្ស៊ី មុននឹង​លោក​សម្រេច​អោយ​អាមេរិក​ធ្វើអន្តរាគមន៍​​​ជួយ​ប្រទេស​នោះ លោក​ត្រូវ​មើលសិនថា ​តើប្រទេស​នោះ​បានបំពេញ​កាតព្វកិច្ច​ខ្លួន​ក្នុងអង្គការ​អូតង់​ត្រឹមត្រូវ​រឺទេ។ ការលើកឡើង​បែបនេះ បង្ហាញថា លោក​ត្រាំ​​មានទំនោរ​ទៅរក​រុស្ស៊ី។ ហេតុនេះហើយ​ទើបបាន​ជាបក្ស​ប្រជាធិបតេយ្យ​ចោទថា រុស្ស៊ី​បង្ក​រឿង​នេះ ដើម្បី​ជួយ​លោកត្រាំ។

ក្រុម​គាំទ្រ​លោកស្រី​ហ៊ីលឡារី​ គ្លីនតុ​ន ​​ចោទ​រហូត​ដល់​វេបសាយ​វីគីល្លីក ដែល​ចុះផ្សា​យ​អ៊ីមែល​​ទាំងនេះទៀតផង។ ពួកគេ​ចោទ​ថា​ ​​វីគីល្លីក​​រួមដៃ​ជាមួយ​រុស្ស៊ី ក្នុង​រឿងអាស្រូវនេះ។

អ្នកណា​អាច​នៅ​ពីក្រោយ​រឿងអាស្រូវ​អ៊ីមែល​បក្ស​ប្រជាធិបតេយ្យ?
ត្បិតថា ​រុស្ស៊ី​មានជំនាញ​ខ្ពស់​ក្នុង​រឿង​បច្ចេកវិទ្យា​ព័ត៌មានក៏ពិតមែន​ ប៉ុន្តែ គេ​ក៏មិនអាច​ចោទ​រុស្ស៊ីដោយ​គ្មាន​ភស្តុតាង​ជាក់ស្តែង​ដែរ។ ហើយបើយោង​តាម​ក្រុម​​ជំនាញ ​បើ​រុស្ស៊ី​ពិតជា​នៅពី​ក្រោយ​រឿងអាស្រូវ​នេះមែន​ ​​គេ​ក៏ប្រហែល​ពិបាក​រកឃើញ​​ភស្តុតាង​ដែរ។

អ្នកជំនាញ​ខ្លះគិតថា រឿង​អ៊ីមែល​ផ្ទៃក្នុង​បក្ស​ប្រជាធិបតេយ្យ​បែកធ្លាយ​បែបនេះ ប្រហែល​អាច​ជា​ស្នាដៃ​សមាជិក​ក្នុង​​បក្សខ្លួន​ឯង​​​ផងក៏ថាបាន ​ហើយ​ពួកគេ​​​យក​រុស្ស៊ី​មក​ធ្វើ​ចង្អេរបាំង​មុខ​តែម្តងទៅ។

ពេលនេះ បញ្ហា​កាន់តែ​ស្មុគស្មាញ ព្រោះ​​​មាន​ចោរព័ត៌មាន​វិទ្យាមួយ​​​ឈ្មោះ​ថា Guccifer ​​បានប្រកាស​ថា ខ្លួន​បាន​លួច​ព័ត៌មាន​បក្សកាន់អំណាច​អាមេរិក។ ហើយ​ប្រាប់ទៀតថា ខ្លួន​ជា​ជនជាតិ​រូម៉ានី​។​ ទីភ្នាក់ងារ​ FBI បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត​លើ​រឿងរ៉ាវនេះ។

វេបសាយ​វីគីល្លីក​លើកឡើង​ថា ខ្លួន​មិនដឹង​ ហើយ​ក៏មិនចង់ដឹង​ថា តើ​​ព័ត៌មាន​ដែល​ខ្លួន​បាន​ទទួល ​​និង​បាន​​ចុះផ្សា​យនោះ ​​មានប្រភព​មកពី​ខាងណាដែរ។ លោក​ដូណាល់ ត្រាំ​ វិញ​​ប្រតិកម្ម​បែប​​កំប្លែងថា វាជារឿង​កំប្លែង​​ប្រចាំថ្ងៃ។ ​លោកត្រាំ ​ថា​រុស្ស៊ី​ធ្វើអោយ​បែកធ្លាយ​​អ៊ីមែល​បក្ស​ប្រជាធិបតេយ្យ ​ក៏​ដោយសារ​តែ​​លោកពូទីន​​ស្រលាញ់ចូលចិត្តរូប​លោកដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ