អានតួអត្ថបទ
ជប៉ុន

ទឹកមានធាតុវិទ្យុសកម្មនៅហ៊្វូគូស្ហ៊ីម៉ា ទំនងជានឹងត្រូវបញ្ចេញទៅក្នុងទឹកសមុទ្រ ឬក្នុងខ្យល់

ធុង​ផ្ទុក​ទឹក​មាន​ធាតុ​វិទ្យុសកម្ម នុយក្លេអ៊ែរ នៅ​ហ្វូគូស្ហ៊ីម៉ា
ធុង​ផ្ទុក​ទឹក​មាន​ធាតុ​វិទ្យុសកម្ម នុយក្លេអ៊ែរ នៅ​ហ្វូគូស្ហ៊ីម៉ា REUTERS/Kyodo
ដោយ៖ ហេង ឧត្តម
១៤ នាទី

ទឹកដែល​មានផ្ទុកជាតិវិទ្យុសកម្មនៃរោងចក្រនុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ា ត្រូវតែ​រកមធ្យោបាយ​បញ្ចេញចោល ទៅ​ក្នុង​បរិស្ថាន ទោះ​បី​ទៅក្នុង​បរិយាកាស ឬ​ទៅ​ក្នុងទឹក​​សមុទ្រ​ក៏ដោយ។ ពីព្រោះថា នៅ​ពេល​នេះ​ កន្លែង​ផ្ទុក​ចំណុះ​ទឹក​រាប់​លាន​ម៉ែត្រ​គួប​នោះ គឺ​ពេញ​ហើយ និង​មិន​អាច​ទ្រាំទ្រ​យូរ​បា​នតទៅទៀត​ឡើយ​។ នេះបើ​តាម​មន្ត្រី​​រដ្ឋការ​ជប៉ុន​ ដែល​បានប្រាប់​ទីភ្នាក់​បារាំង AFP នៅថ្ងៃ​ទី​២៤ធ្នូ​ ដោយ​សុំ​លាក់​ឈ្មោះ។ 

ផ្សាយពាណិជ្ជកម្ម

គ្រោះថ្នាក់​រោងចក្រនុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ាកាល​ពី​ឆ្នាំ​២០១១ គឺ​បាន​កំពុង​បន្ត​ធ្វើ​ឱ្យ​ប្រឡាក់​មុខ​មាត់​ប្រទេស​ជប៉ុន​ រហូត​មកដល់​សព្វថ្ងៃ។ រដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​បោស​សម្អាត​កាក​សំណល់​វិទ្យុសកម្ម​និង​រៀបចំ​កន្លែង​រោង​ចក្រ​នេះឱ្យ​​បាន​ល្អ ក៏ប៉ុន្តែ បញ្ហា​កើត​មាន​មិន​ចេះ​ចប់។ ពីព្រោះថា ក្នុងមួយ​ថ្ងៃ គេ​ត្រូវ​ចាក់​ប្រមាណ​២០០ម៉ែត្រ​គួប​ជារៀង​រាល់​ថ្ងៃ​ ដើម្បី​ធ្វើ​ឱ្យ​ក្បាល​រ៉េអាក់ទ័រ​ថាមពល​នុយក្លេអ៊ែរ ត្រជាក់។ ទឹកទាំង​​នេះ ត្រូវ​ឆ្លង​ជាតិ​វិទ្យុ​សកម្ម​ ហើយ​ដែលគេ​​លំបាក​ជាខ្លាំង ក្នុង​ការ​រក្សា​ទុក​​ឱ្យ​មាន​សុវត្ថិភាព​។

កន្លងមក គេ​បាន​គិត​ទៅដល់​ជម្រើស​បី គឺ​បញ្ជ្រាប​ទឹក​នោះ​​ទៅក្នុង​ដី, បង្ហួតវា​​ទៅក្នុង​បរិយាកាស ឬបង្ហូរ​​ចូល​ក្នុង​សមុទ្រ។ ជម្រើស​មួយ​ណា​ក៏ដោយ ក៏ត្រូវ​រងការ​រិះគន់​ពី​អ្នក​ការពារ​បរិស្ថាន​នៅក្នុង​ប្រទេស​ជប៉ុន​ខ្លួន​ឯង និងអ្ន​កស្រឡាញ់​បរិស្ថាន​ក្រៅស្រុក​ដែរ​។ កូរ៉េ​ខាងត្បូង​ដែល​ជា​ប្រទេស​ជិត​ខាង​ ជាប់​ជប៉ុន​បំផុត បាន​បដិសេធ​ មិន​ព្រម​ឱ្យ​បង្ហូរ​ទឹក​ទាំងនោះ ចូល​ក្នុង​សមុទ្រ​ឡើយ។​

អ្នក​ជំនាញ​នៅ​ក្រុម​ហ៊ុន​ថាមពល​អគ្គិសនី​ជប៉ុនTepco ព្រមទាំង​អ្នក​ជំនាញ​នៅ​អង្គការ​ថាមពលអន្តរជាតិ​ AIEA ​ធ្លាប់​យល់ឃើញថា ការ​បញ្ចេញ​ទឹក​ទាំងនោះ ទៅក្នុង​សមុទ្រ​ជា​ជម្រើ​ស​តែមួយ​គត់​ ដែល​គ្រាន់បើ​ជាងគេ​។ ក៏ប៉ុន្តែ​ ទឹក​​មាន​ផ្ទុក​សារធាតុ​វិទ្យុ​សកម្ម​នេះ អាច​​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ជីវៈ​ជម្រុះ​នៅក្នុង​សមុទ្រ និង​ចរន្ត​នៃការ​ផលិត​អាហារ​សមុទ្រ​ជាពុំ​ខាន​។

ទោះយ៉ាងណាក្តី ការ​សម្រេច​ចិត្តណាមួយរបស់​ជប៉ុន គឺ​ចាំបា​ច់​ត្រូវ​តែធ្វើ ជៀសមិន​ផុត​ ព្រោះ​ចំណុះ​ទឹក​ដែល​គេ​បាន​រក្សា​នោះ មាន​ជាង​១លាន​ម៉ែត្រ​គួប​ទៅហើយ គិត​មក​ត្រឹម​ឆ្នាំ​២០១៩​នេះ។ ក៏ប៉ុន្តែ ជប៉ុន នឹង​មិន​អាចសម្រេច​​ធ្វើ​អ្វីៗភ្លាមៗឡើយ​ នៅមុន​ការប្រកួត​កីឡាអូឡាំពិក​រដូវក្តៅ​​ឆ្នាំ​២០២០ ព្រោះ​ខ្លាចត្រូវ​​រង់​ការ​រិះគន់ និង​បង្ក​គ្រោះភ័យ​ដល់​ទំនាក់​ទំនង​ការទូត ហើយ​និង​បង្កបញ្ហា​ដល់​ដំណើរការ​រៀបចំ​កីឡា​លំដាប់​អន្តរជាតិ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ