គណបក្សហ៊្វុនស៊ិនប៉ិចកំណត់ថ្ងៃទី២ខែមេសាធ្វើសមាជវិសាមញ្ញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក កែវ ពុធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា អង្គសមាជវិសាមញ្ញ នៅថ្ងៃទី២ មេសាខាងមុខនេះនឹងជំរុញការកែលម្អការងារគណបក្ស សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយសមាជនេះ គណបក្សហ៊្វុនស៊ិនប៉ិចនឹងរិះរកមធ្យោបាយបង្រួបបង្រួមជាមួយគណបក្សនរោត្តមរណឫទ្ធិ។
សេចក្តីរាយការណ៍របស់ គី សុខលីម ពីភ្នំពេញ
អង្គសមាជវិសាមញ្ញរបស់គណបក្សហ៊្វុនស៊ិនប៉ិចនឹងកំណត់ធ្វើឡើងជាផ្លូវការហើយនៅថ្ងៃទី២ខែមេសាខាងមុខនេះ។ នេះគឺជាអង្គសមាជធំលើកទីមួយ បន្ទាប់ពីអង្គសមាជនៅឆ្នាំ២០០៦ ទម្លាក់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញពីតំណែងព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
លោក កែវ ពុធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ នៅថ្ងៃអាទិត្យនេះថា អង្គសមាជនៅថ្ងៃទី២ខែមេសាខាងមុខនេះមានរបៀបវារៈចំនួនបីធំៗ។ ទីមួយ ពិនិត្យនិងកែលម្អលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងគណបក្សឡើងវិញ។ ទីពីរ ជ្រើសរើសក្រុមប្រឹក្សាជាតិរបស់គណបក្សឡើងវិញ និងរបៀបវារៈទីបី គឺកាបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សឡើងវិញ។
លើសពីនេះទៅទៀត លោក កែវ ពុធរស្មី បានបន្តទៀតថា អង្គសមាជលើកនេះនឹងជជែកគ្នា អំពីការបែងចែកការងារនិងការទទួលខុសត្រូវ ក្នុងគណបក្សអោយបានល្អជាងមុន ក្នុងគោលដៅធ្វើយ៉ាងដូចម្តេច ដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតនាឆ្នាំខាងមុខនេះ។
នៅឆ្នាំ២០១២ខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំ-សង្កាត់ផង និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាផង។ រីឯនៅឆ្នាំ២០១៣ ប្រទេសកម្ពុជានឹងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥។
ឆ្លើយតបនឹងសំណួរ អំពីនយោបាយបង្រួបបង្រួមជាមួយគណបក្សនរោត្តមរណឫទ្ធិ លោក កែវ ពុធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថា ក្រោយអង្គសមាជនេះទៅ លោកនឹងរិះរកមធ្យោបាយយ៉ាងណាអោយមានការបង្រួបបង្រួមគណបក្សបងប្អូនសត្រូវនឹងគ្នាទាំងពីរនេះឡើងវិញ។ លោក កែវ ពុធរស្មី សង្ឃឹមថា ការរួបរួមអាចនឹងប្រព្រឹត្តទៅបាននៅពេលខាងមុខ។
លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្សនរោត្តមរណឫទ្ធិបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា គណបក្សនរោត្តមរណឫទ្ធិតែងតែចង់អោយមានការរួបរួម ប៉ុន្តែគណបក្សហ៊្វុនស៊ិនប៉ិចទេតើដែលជាអ្នកពន្យារពេលនោះ។ លោក សង្ហា បានបន្តទៀតថា ឥឡូវនេះគណបក្សនរោត្តមរណឫទ្ធិមិនចង់ខាតពេលវេលាទៀតឡើយ ហើយរថភ្លើងគណបក្សនរោត្តមរណឫទ្ធិបានចេញដំណើរទៅមុខហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ