ជម្លោះផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច កាន់តែកក្រើកឡើង
ជម្លោះផ្ទៃក្នុងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចកាន់តែកក្រើកឡើង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ជម្លោះផ្ទៃក្នុងដែលបានស្តែងឡើង តាមរយៈ ការឆ្លើយឆ្លងលិខិតគ្នារវាងសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ជាប្រធាន និងលោក ញឹក ប៊ុនឆៃ ជាអនុប្រធានទី២គណបក្ស។
ចុះផ្សាយនៅថ្ងៃ៖
នៅពីរបីថ្ងៃចុងក្រោយនេះ ជម្លោះផ្ទៃក្នុងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានបង្ហាញកាន់តែច្បាស់ឡើង តាមរយៈលិខិតឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ រវាងសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ដែលជាប្រធាន និងលោក ញឹក ប៊ុនឆៃ។
កាលពីថ្ងៃចន្ទ ទី២៥ មករា សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានធ្វើលិខិតជូនដំណឹងថា ព្រះអង្គមិនបានអនុញ្ញាតឲ្យមន្រ្តីគណបក្សហ្វ៊ុនស៊ិនប៉ិចណាក៏ដោយ ទៅលូកដៃលូកជើងក្នុងក្រុមការងារបោះឆ្នោតនៅតាមបណ្តាខេត្តផ្សេងៗនោះទេ។ ហើយព្រះអង្គ ថែមទាំងបានអំពាវនាវឲ្យប្រធានក្រុមការងារថ្នាក់ខេត្តនីមួយៗ បន្តការងាររបស់ខ្លួន ដើម្បីពង្រឹងរចនាសម្ព័ន្ធនៅតាមមូលដ្ឋានរាជធានី-ខេត្តរៀងៗខ្លួន។ លិខិតជូនដំណឹងរបស់សម្តេចក្រុមព្រះនេះ ទំនង ជាបានឆ្លើយតបដោយប្រយោលទៅនឹងការប្រកាសរបស់លោក ញឹក ប៊ុនឆៃ នៅពេលថ្មីៗនេះថា លោកនឹងចាប់ផ្តើមចុះទៅជួបថ្នាក់ដឹកនាំ និងរចនាសម្ព័ន្ធគណបក្សហ្វ៊ុនស៊ិនប៉ិច ខណៈដែលការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ បានខិតជិតចូលមកដល់ទៅហើយនោះ។
ឆ្លើយតបនឹងលិខិតរបស់សម្តេចក្រុមព្រះបែបនេះ លោក ញឹក ប៊ុនឆៃ ក៏បានចេញសេចក្តីជូនដំណឹងវិញថា លោកគ្មានបំណងលូកដៃលូកជើងចូលទៅក្នុងក្រុមការងារបោះឆ្នោតខេត្ត ឬក៏រចនាសម្ព័ន្ធគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មីនោះទេ។ ហើយថា ការចុះទៅតាមបណ្តាខេត្តនានារបស់លោក គឺដើម្បីជួបតែអតីតថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចចាស់ ដែលត្រូវបានគេដកចេញពីតំណែង និងតួនាទីតែប៉ុណ្ណោះ។
ជម្លោះផ្ទៃក្នុងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានលេចចេញឡើងកាន់តែច្បាស់ នៅក្រោយ ការប្រកាសរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ កាលពីថ្ងៃទី១៦ មករាឆ្នាំ២០១៦ គឺនៅពេលដែលសម្តេចក្រុមព្រះ បានប្រកាសបើកទ្វារចំហរជូនសមាជិកគណបក្សណា ដែលចង់ចាកចេញពីហ្វ៊ុនស៊ិនប៉ិច។ នៅក្នុងលិខិតជូនដំណឹងរបស់សម្តេចក្រុមព្រះ កាលពីថ្ងៃទី២៥មករា បានបញ្ជាក់ថា ព្រះអង្គគ្មានបំណងបណ្តេញសមាជិកណាចេញពីគណបក្សនោះទេ។ ប៉ុន្តែសមាជិកណា ដែលមានបំណងបំបះបំបោរ អូសទាញ រឺបំបែកកំលាំងរាជានិយម នោះព្រះអង្គគ្មានជម្រើសអ្វីក្រៅពីអញ្ជើញឲ្យចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចនោះឡើយ។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងលិខិតបំភ្លឺចុងក្រោយរបស់លោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី២៦មករា លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា លោកកំពុងត្រូវបានអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ ដែលបានធ្វើសមាហរណកម្មជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី១៩ មករា ឆ្នាំ២០១៥នោះ ថាកំពុងបំផុសបំផុល និងធ្វើសកម្មភាពបំភ្លៃការណ៍ពិតមកលើរូបលោក។ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា លោកគ្មានបំណង ឬគម្រោងណាមួយ ដើម្បីប្រឆាំងនឹងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ នោះទេ ហើយក៏គ្មានហេតុផលណាមួយ ដែលលោកជាអ្នកធ្វើឲ្យបែកបាក់ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលលោកក៏ជាអ្នកផ្តួចផ្តើមកវែកកឆ្នាំងតាំងពីដំបូងដៃមកដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ