ជំនួបកំពូល​ក្រុម​ប្រទេស G20 ៖ គ្មាន​កិច្ចព្រមព្រៀង​លើ​បញ្ហា​រូបិយវត្ថុ

សំឡេង ០៧:៤៥
ប្រមុខដឹកនាំ​ប្រទេស G20 ក្នុង​ជំនួបកំពូល នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង
ប្រមុខដឹកនាំ​ប្រទេស G20 ក្នុង​ជំនួបកំពូល នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ©Reuters

ជំនួបកំពូល​ក្រុមប្រទេស G20 ដែល​បើក​ធ្វើ នៅ​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១១ វិច្ឆិកា ២០១០​ ម្សិលមិញនេះ បាន​បិទបញ្ចប់​ទៅហើយ នៅ​ថ្ងៃ​សុក្រនេះ ដោយ​មិនមាន​កិច្ចព្រមព្រៀងណាមួយ ជុំវិញ​​ “សង្រ្គាម​រូបិយវត្ថុ” ឡើយ។ ប្រមុខដឹកនាំ​ក្រុម G20 បាន​ត្រឹមតែ​ព្រមព្រៀង​ថា​នឹង​បន្ត​ជជែក​គ្នា​លើ​បញ្ហា​រូបិយវត្ថុនេះ​ប៉ុណ្ណោះ។ នៅពេលនេះ ចំណាប់​អារម្មណ៍​ត្រូវ​បង្វែរ​ទៅ​រក​ប្រទេស​បារាំងវិញ ដែល​ស្នងតំណែង​ជា​ប្រធាន​ក្រុម G20 បន្ត​ពី​កូរ៉េ​ខាង​ត្បូង។ លោក​នីកូឡា​ សាកូហ្ស៊ី (Nicolas Sarkozy) គឺ​ជា​អ្នក​ដែល​ទទូច​ខ្លាំង​ជាងគេ​ឲ្យ​បង្កើត​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

 

ក្រោយ​ពី​ប្រជុំ​ជជែក​គ្នា​យ៉ាង​ស្វិតស្វាញ​អស់រយៈពេល​២ថ្ងៃមក ប្រមុខដឹកនាំ​ក្រុមប្រទេស G20 សម្រេច​បាន​ត្រឹមតែ​​កិច្ចព្រមព្រៀងជា​គោលការណ៍​ប៉ុណ្ណោះ ដោយ​មិន​មាន​ដំណោះស្រាយ​អ្វី​ជាក់លាក់​នោះទេ។ និយាយ​ជារួម គឺ​គ្រាន់តែ​ជា​កិច្ចព្រមព្រៀង​កម្រិត​អប្បបរមា ដើម្បី​កុំ​ឲ្យ​គេ​ថា ជំនួបកំពូល​នេះ​ត្រូវ​ទទួល​បរាជ័យ​តែ​ប៉ុណ្ណោះ។

បញ្ហា​រូបិយវត្ថុ ដែល​មាន​ភាពចម្រូងចម្រាស់​ធំជាងគេ ជាពិសេស រវាង​សហរដ្ឋ​អាមេរិក និង​ចិន​នោះ ក៏​មិន​មាន​ដំណោះស្រាយជាក់លាក់​ណាមួយ​នោះដែរ។ ប្រមុខដឹកនាំ​ក្រុម G20 បាន​ត្រឹមតែ​ឯកភាព​គ្នា​ថា បញ្ហា​រូបិយវត្ថុ គឺ​ជា​បញ្ហា​សំខាន់ ដែល​គេ​ត្រូវ​តែ​រកវិធី​ដោះស្រាយ ក៏ប៉ុន្តែ ដោះស្រាយ​តាម​វិធីណា នៅពេលណា នៅ​តែ​ជា​រឿង​ចម្រូងចម្រាស់​គ្នា​ដដែល។

“សង្រ្គាមរូបិយវត្ថុ”

អាមេរិក​ចោទ​ចិន​ថា​លូកដៃ​ជ្រៀតជ្រែក​ចូល​ក្នុង​ទីផ្សារ ដើម្បី​ទប់លុយ​យ័ន​មិន​ឲ្យ​ឡើង​ថ្លៃ ធ្វើ​ឲ្យ​​ទំនិញ​ចិន​មាន​តម្លៃ​ថោក នៅលើ​ទីផ្សារ​អន្តរជាតិ ដែល​ជា​ការ​ប្រកួតប្រជែង​មិន​យុត្តិធម៌។ ចំណែក​ចិន​ បាន​ឆ្លើយតប​ទៅវិញ​ថា រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ធ្វើ​អន្តរាគមន៍​បញ្ចុះ​លុយ​ដុល្លារ​ដែរ តាមរយៈការ​បញ្ចេញ​សាច់ប្រាក់​រាប់​សិបម៉ឺន​លាន​ដុល្លារ​ទៅ​ក្នុង​ទីផ្សារ។

អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (FMI) ធ្លាប់​បាន​ព្រមាន​ថា ប្រសិន​បើ​គេ​មិន​​រក​ដំណោះស្រាយ​ណាមួយ​ទេនោះ “សង្រ្គាម​រូបិយវត្ថុ” អាច​នឹង​ផ្ទុះ​ឡើង​ដោយ​ចៀសមិនរួច។ ប្រទេសនីមួយៗ​នឹង​យក​នយោបាយ​រូបិយវត្ថុ (បញ្ចុះ ឬ​ដំឡើង​រូបិយប័ណ្ណជាតិ) មក​ធ្វើ​ជា​អាវុធ ដើម្បី​ប្រកួតប្រជែង​​គ្នា។ ជាលទ្ធផល ការដោះដូរ​ពាណិជ្ជកម្ម​នឹង​ត្រូវ​ជួប​បញ្ហា ហើយ​កំណើន​សេដ្ឋកិច្ច​​ជាទូទៅ លើ​ពិភពលោក ក៏​នឹង​ត្រូវ​ថយចុះ​ដែរ។

ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ​ថ្មី

កាល​ពី​ឆ្នាំ ២០០៨ លោក នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតី​បារាំង ធ្លាប់​បាន​ទាមទារ​ឲ្យ​បង្កើត​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ​មួយ ដោយ​យក​គំរូ​តាម​​ប្រព័ន្ធ Bretton Woods ដែល​គេ​ធ្លាប់​ប្រើ កាល​ពី​ចន្លោះ​សង្រ្គាម​លោក​លើកទី២ រហូត​ដល់​ដើមទសវត្សរ៍​៧០។

គួរ​បញ្ជាក់ថា នៅ​ក្នុង​ប្រព័ន្ធ​រូបិយវត្ថុ​ Bretton Woods (កិច្ចព្រមព្រៀង​ចុះ​នៅ Bretton Woods សហរដ្ឋ​អាមេរិក ឆ្នាំ​១៩៤៤) គេ​បាន​កំណត់​យក​មាស​មកធ្វើ​ជា​តម្លៃ​គោល ដើម្បី​កំណត់​តម្លៃ​លុយ​ដុល្លារ​អាមេរិក (មាស​ ១តម្លឹង = ៣៥​ដុល្លារ)។ ចំណែក​រូបិយប័ណ្ណ​ផ្សេងៗ​ទៀត ត្រូវ​កំណត់​តាម​តម្លៃ​លុយ​ដុល្លារ។ ជាលទ្ធផល អត្រាប្តូរប្រាក់​រវាង​រូបិយប័ណ្ណ​ជាតិ​នីមួយៗ​មាន​តម្លៃ​ថេរ។ រដ្ឋាភិបាល​នីមួយៗ​មិន​អាច​ធ្វើការ​បញ្ចុះ ឬ​ក៏​ដំឡើង​រូបិយប័ណ្ណ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​នោះទេ។ ការ​បញ្ចុះ ឬ​ដំឡើង​រូបិយប័ណ្ណ​ជាតិ អាច​ធ្វើ​ទៅ​បាន​តែ​ក្នុង​ករណី​ចាំបាច់​ពិសេស​ប៉ុណ្ណោះ ហើយ​ត្រូវ​តែ​ឆ្លងកាត់​ការប្រជុំ​អនុម័ត​ក្នុង​ក្របខ័ណ្ឌ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (FMI) ជាមុនសិន។

ត្រឡប់​ទៅ​ប្រើ​មាស​ជា​តម្លៃគោលដូច​អតីតកាលវិញ?

កាល​ពី​ថ្ងៃ​ចន្ទ ទី៩ វិច្ឆិកា ២០១០​នេះ លោក​រ៉ូបឺត ហ្សាលិក (Robert Zoellick) នាយក​ធនាគារ​ពិភពលោក​​បាន​សរសេរ​អត្ថបទ​មួយ​ចុះផ្សាយ​ក្នុង​កាសែត The Financial Times ដោយ​​បាន​លើក​ឡើង​ថា គេ​គួរ​តែ​ត្រឡប់​ទៅ​ប្រើ​មាស ធ្វើ​ជា​តម្លៃ​គោល ដើម្បី​កំណត់​តម្លៃ​រូបិយប័ណ្ណ​ជាតិវិញ។

ក៏ប៉ុន្តែ អ្នក​ខ្លះ​ទៀត​បាន​ជំទាស់​នឹង​គំនិត​នេះ ដោយ​លើក​ឡើង​ថា ស្ថានភាព​សេដ្ឋកិច្ច​នា​សម័យកាល​ទំនើប​នេះ ខុសគ្នា​នឹង​ស្ថានភាព​សេដ្ឋកិច្ច​កាល​ពី​មុន។ ការ​ដោះដូរ​ពាណិជ្ជកម្ម (ទាំងក្នុង និង​ក្រៅប្រទេស) នៅ​ពេលនេះ មាន​ទំហំ​ធំធេង​ ដែល​ត្រូវការ​សាច់ប្រាក់​ច្រើន។ ដូច្នេះ បើ​សិន​ជា​គេ​យក​មាស​មក​ធ្វើ​ជា​គោល គេ​ប្រាកដ​ជា​​ត្រូវ​ផលិតមាស​​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក​តម្កល់​ទុក ដើម្បី​បោះពុម្ពលុយ​ឲ្យ​បានច្រើន យក​មក​ប្រើ​ក្នុងការ​ដោះដូរ​ពាណិជ្ជកម្ម។ ទៅថ្ងៃ​អនាគត នៅពេល​ដែល​ទំហំ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​កាន់តែ​កើនឡើង តម្រូវការ​មាស​ប្រាកដ​ជា​ត្រូវ​កើន​ឡើង​​កាន់តែ​ខ្លាំង ដែលអាចនឹង​​បង្ក​បញ្ហា​ស្មុគស្មាញ​ថ្មីទៀត។

បង្កើត​រូបិយប័ណ្ណ​អន្តរជាតិ​ពិសេស​ធ្វើ​ជា​គោល?

មតិខ្លះ ចង់​ឲ្យ​បង្កើត​រូបិយប័ណ្ណ​អន្តរជាតិ​ពិសេស​មួយ ដើម្បី​ជំនួសមាស។ រូបិយប័ណ្ណ​ពិសេស​នេះ គឺ​ត្រូវ​ចេញ​ដោយ​ស្ថាប័ន​អន្តរជាតិ​ណាមួយ ដោយ​កំណត់​តម្លៃ​យោង​តាម​តម្លៃ​រូបិយប័ណ្ណ​សំខាន់ៗ ដូចជា ដុល្លារ​ (អាមេរិក), អឺរ៉ូ (សហភាព​អឺរ៉ុប), ផោន (អង់គ្លេស), យ័ន (ចិន) និង​យេន(ជប៉ុន) ។ល។ បន្ទាប់មក រាល់​រូបិយប័ណ្ណ​ជាតិ​ទាំងអស់​ត្រូវ​យក​​រូបិយប័ណ្ណ​អន្តរជាតិ​ពិសេស​នេះមក​ធ្វើ​ជា​តម្លៃ​គោល។

ការធ្វើ​បែបនេះ គឺ​គេ​អាច​ចៀសវាង​មិនចាំបាច់​ផលិត​មាស​ច្រើន​សន្ធឹកសន្ធាប់​មក​តម្កល់ទុក។ ម្យ៉ាងទៀត រូបិយប័ណ្ណ​ពិសេស​នេះ ចេញ​ដោយ​ស្ថាប័ន​អន្តរជាតិ ដោយ​​មិន​អាច​ប្រទេស​ណាមួយ​ធ្វើ​ការ​បញ្ចុះ ឬ​ដំឡើង​ស្រេច​តែ​នឹ​ង​ចិត្ត​បាន​នោះទេ។ នេះ​វាខុស​ពី​សម័យកាល​បច្ចុប្បន្ន ដែល​គេ​យក​លុយដុល្លារ​ ដែល​ជា​រូបិយប័ណ្ណ​របស់​អាមេរិក​ មក​ធ្វើ​ជាគោល។

ក៏ប៉ុន្តែ បញ្ហា​ដែល​ចោទ នៅត្រង់ថា រូបិយប័ណ្ណ​ពិសេស​នេះ មិនមាន​តម្លៃ​​នៅលើ​ទីផ្សារ ដែល​អាច​ឲ្យ​គេ​ទុកចិត្ត​បាន ពីព្រោះ​ថា រូបិយប័ណ្ណ​នេះ គ្រាន់តែ​ជា​ក្រដាស​ធម្មតា មិនមែន​ជា​មាស។ ម្យ៉ាងទៀត រូបិយប័ណ្ណ​ពិសេស​នេះ​ក៏​គ្មាន​តម្លៃ ដែល​គេ​អាច​យក​ទៅ​ប្រើ ដើម្បី​ធ្វើ​ការ​ទូទាត់​ណាមួយ​បាន​នោះដែរ។

បង្កើត​ស្ថាប័ន​អន្តរជាតិ​ ដើម្បី​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​ជាតិ?

មតិ​ខ្លះ​ទៀត លើកឡើង​ថា គេ​អាច​បញ្ចៀស​ “សង្រ្គាម​រូបិយវត្ថុ” បាន ដោយ​បង្កើត​ស្ថាប័ន​អន្តរជាតិ​មួយ ដើម្បី​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​ជាតិ។ គេ​អាច​ប្រគល់​អំណាច​នេះ​ឲ្យ​​ទៅ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (FMI) ដែល​មានស្រាប់​ហើយ​ក៏បាន។ តាមរយៈ​យន្តការ​នេះ ប្រទេសនីមួយៗ មុននឹង​អាច​ធ្វើ​ការ​បញ្ចុះ ឬ​ដំឡើង​រូបិយប័ណ្ណ​ជាតិបាន គឺ​ចាំបាច់​ត្រូវ​តែ​មាន​ការ​ប្រជុំពិភាក្សាគ្នា និង​មានការ​ឯកភាព នៅ​ក្នុង​ក្របខ័ណ្ឌ​ FMI ជាមុន​សិន។

ក៏ប៉ុន្តែ ការ​ធ្វើ​បែបនេះ គឺមានន័យថា ធនាគារ​ជាតិ​របស់​ប្រទេស​នីមួយៗ ត្រូវ​ចែក​រំលែក​អំណាច​មួយ​ផ្នែក​ឲ្យ​ទៅ​ FMI ដែល​មាន​ន័យ​ស្មើ​នឹង​ការ​លះបង់​អធិបតេយ្យ​របស់​ខ្លួន​មួយ​ផ្នែក។ ការ​តម្រូវ​ឲ្យ​គ្រប់ប្រទេស​លះបង់​អធិបតេយ្យភាព​របស់​ខ្លួន​បែបនេះ បើទោះជា​គ្រាន់តែ​មួយ​ផ្នែក​ក៏ដោយ ក៏​ជា​បញ្ហា​ដែល​ពិបាក​នឹង​ធ្វើ​ខ្លាំងណាស់​ដែរ។

ដូច្នេះ ការ​បង្កើត​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ​ថ្មីមួយ គឺ​ជា​រឿង​ដ៏ស្មុគស្មាញ​បំផុត។ វា​ត្រូវការ​ពេលវេលា​ច្រើន ដើម្បី​ចរចា។ វាទាមទារ​​​ឆន្ទៈនយោបាយ និង​ការ​លះបង់ខ្ពស់​ ពីសំណាក់​​ប្រទេស​នីមួយៗ។ នៅ​ក្នុង​ជំនួបកំពូល G20 នៅ​បារាំង នៅ​ឆ្នាំ​ក្រោយនេះ ក៏​​គេ​មិន​រំពឹង​ថា នឹង​អាច​ឈាន​ទៅ​ដល់​ការ​បង្កើត​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ​នេះ​បាន​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI