អានតួអត្ថបទ
បង់ក្លាដែស

កម្មករ​ជាង​១០០នាក់​ស្លាប់​ក្នុង​អគ្គិភ័យ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​បង់ក្លាដែស

អ្នក​ពន្លត់​អគ្គិភ័យកំពុងពន្លត់ភ្លើង​នៅ​រោងចក្រ​កាត់ដេរ​បង់ក្លាដែស
អ្នក​ពន្លត់​អគ្គិភ័យកំពុងពន្លត់ភ្លើង​នៅ​រោងចក្រ​កាត់ដេរ​បង់ក្លាដែស REUTERS/Andrew Biraj
ដោយ៖ សេង ឌីណា
១៥ នាទី

កម្មករ​យ៉ាងតិច ១០៩នាក់​ បាន​បាត់បង់​ជីវិត ដោយសារ​អគ្គិភ័យ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ស្ថិត​នៅ​ជាយក្រុង​ដាកា ប្រទេស​បង់ក្លាដែស កាល​ពី​យប់ថ្ងៃ​សៅរ៍​ម្សិលមិញ។ រហូតមកទល់ពេលនេះ គេ​នៅមិនទាន់​ដឹង​ច្បាស់​អំពី​ដើមហេតុ​នៃ​អគ្គិភ័យ​នេះ​នៅឡើយទេ ក៏ប៉ុន្តែ កន្លងទៅនេះ គេ​សង្កេតឃើញ​ថា ការ​រៀប​ខ្សែភ្លើង​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​សុវត្ថិភាព គឺ​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​​អគ្គិភ័យ​ជារឿយៗ ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​បង់ក្លាដែស។

ផ្សាយពាណិជ្ជកម្ម

​មេបញ្ជាការ​កងពន្លត់​អគ្គិភ័យ​មួយរូប​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP នៅថ្ងៃ​អាទិត្យ​នេះ​ថា អគ្គិភ័យ​នៅរោងចក្រ​កាត់ដេរ ​​កាល​ពី​យប់​ថ្ងៃសៅរ៍​ម្សិលមិញនេះ​ បាន​ចាប់​ផ្តើម​ឡើង​ពី​ជាន់​ផ្ទាល់ដី នៃ​អគារ​ដែល​មាន​ទាំងអស់ ៩ជាន់ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ១០៩នាក់​ ដែល​គេ​​បាន​រកឃើញ​សាកសព មាន​ខ្លះ គឺ​ស្លាប់​ដោយសារ​តែ​ពួកគេ​បាន​លោត​ពី​ជាន់លើ ដើម្បី​គេច​ពី​អគ្គិភ័យ។

មន្រ្តី​ពន្លត់​អគ្គិភ័យ​រូបនេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា នៅ​ក្នុង​អគារ​រោងចក្រ​កាត់ដេរ​នេះ​គេ​មិនឃើញ​មាន​ច្រក​ចេញ សម្រាប់​ករណី​អគ្គិភ័យ ត្រឹមត្រូវ​តាម​​ស្តង់ដា​សុវត្ថិភាព​នោះ​​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​​បណ្តាល​ឲ្យ​​មាន​មនុស្ស​ស្លាប់​ច្រើន​​បែបនេះ។ កម្មករ​ ដែល​បាន​រត់រួច​ពី​អគ្គិភ័យ​នេះ​បាន​បញ្ជាក់ថា នៅ​ក្នុង​ពេលអគ្គិភ័យ​កំពុង​​​ឆាបឆេះឡើង មាន​កម្មករ​ ប្រមាណ​ជាង ១ពាន់នាក់ ត្រូវ​ជាប់​ក្នុង​អគារ។

រហូតមកទល់ពេលនេះ គេ​នៅមិនទាន់​ដឹង​អំពីដើមហេតុ​ពិតប្រាកដ នៃ​អគ្គិភ័យ​នេះ​នៅឡើយទេ។ ក៏ប៉ុន្តែ កន្លងមក អគ្គិភ័យ​ដែល​បណ្តាល​មក​ពី​​ការ​​រៀបបណ្តាញ​ខ្សែភ្លើង​មិន​ត្រឹមត្រូវ​ គឺ​ជា​រឿង​ដែល​តែងកើតមាន​ជា​ញឹកញាប់ នៅ​ក្នុង​រោងចក្រ​កាត់ដេរ ទាំង​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ក៏ដូចជា នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត នៅ​អាស៊ី។

កាលពីខែកញ្ញា​កន្លងទៅថ្មីៗនេះ អគ្គិភ័យ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ នៅ​ប៉ាគីស្ថាន បាន​បណ្តាល​ឲ្យ​កម្មករ​​ជិត​៣០០នាក់​បាត់បង់​ជីវិត និង​​​ជាង ១រយ​នាក់​ផ្សេងទៀត​ ត្រូវ​រងរបួស។ នៅ​​ក្នុង​ប្រទេស​បង់ក្លាដែស​វិញ បើ​រាប់ចាប់តាំង​ពី​ឆ្នាំ​២០០៦​មក មាន​កម្មករ​កាត់ដេរ​យ៉ាងតិច ៥០០នាក់ បាន​បាត់បង់​ជីវិត​ដោយ​អគ្គិភ័យ​ក្នុង​រោងចក្រ។

គួរបញ្ជាក់ថា នៅក្នុង​ពេល​ថ្មីៗនេះ វិស័យ​កាត់ដេរ​បង់ក្លាដែស​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ រហូត​ធ្វើ​ឲ្យ​បង់ក្លាដែស​​​ក្លាយ​ទៅជា​ប្រទេស​​នាំ​ចេញ​​សម្លៀក​បំពាក់​ច្រើន​ជាងគេ​លំដាប់​ទី២ នៅលើ​ពិភពលោក បន្ទាប់​ពី​ចិន។ កាល​ពីឆ្នាំ​ទៅមិញ បង់ក្លាដែស​នាំចេញ​សម្លៀកបំពាក់​ទៅ​ក្រៅប្រទេស​ បើ​គិត​​ជា​ទឹកប្រាក់ មាន​​រហូតដល់ទៅ ១៩ពាន់​លាន​ដុល្លារ ហើយ​​វិស័យ​កាត់ដេរនេះ​​ក៏​បាន​បង្កើត​ការងារ​យ៉ាងច្រើន​ផងដែរ​ដល់​ប្រជាជន។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​នេះ លក្ខខណ្ឌ​​ និង​សុវត្ថិភាព​ការងារ នៅតាម​រោងចក្រ​កាត់ដេរ​បង់ក្លាដែស ​ក៏​កំពុង​តែ​ចោទ​ជា​បញ្ហា​យ៉ាងខ្លាំងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ