អានតួអត្ថបទ
កម្ពុជា

ប្រាក់​​ខែ​​កម្មករ​​រោង​​ចក្រ​​នឹង​ឡើង​ដល់ ​១៦០ ​ដុល្លារ​ក្នុង​​រយៈ​​ពេល​៥​ឆ្នាំទៀត​​

កម្មករកាត់ដេរកំពុងឈរតំរៀបគ្នា នៅតាមដងផ្លូវ។
កម្មករកាត់ដេរកំពុងឈរតំរៀបគ្នា នៅតាមដងផ្លូវ។ ©​ ញឹម​ សុផល
ដោយ៖ លី ម៉េងហួរ
១៨ នាទី

កិច្ច​ប្រជុំ​តម្លើង​ប្រាក់​ខែ​អប្ប​បរមា ទាប​បំផុត សម្រាប់​កម្មករ​កាត់​ដេរ បាន​សម្រេច នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ធ្នូ​នេះ ដោយ​តម្លើង​ប្រាក់​ខែ​កម្មករ​រហូត​ដល់ ១៦០ ដុល្លារ ក្នុង​រយៈ​ពេល ៥ ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨​។ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ២០១៤ កម្មករ​រោងចក្រ​កាត់​ដេរ នឹង​ត្រូវ​តម្លើង​ប្រាក់​ខែ ១៥ ដុល្លារ ថែម​លើ​ប្រាក់​ខែ​បច្ចុប្បន្ន ៨០ ដុល្លារ។ នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត នឹង​ត្រូវ​តម្លើង ១៥ ដុល្លារ​ទៀត រហូត​ដល់​ឆ្នាំ​២០១៨ ទើប​ប្រាក់​ខែ​កម្មករ​រោង​ចក្រ ឡើង​ដល់ ១៦០ ដុល្លារ។ ប៉ុន្តែ​សហជីព​កម្មករ​របស់​លោក​អាត់​ធន់ និង​លោក​ស្រី ម៉ម ញឹម មិន​យល់​ស្រប។ ភ្លាម​ៗ ក្រុម​កម្មករ​ប្រមាណ ២០០ ទៅ ៣០០ នាក់ ដែល​រង់​ចាំ​ស្តាប់​លទ្ធ​ផល​កិច្ច​ប្រជុំ បាន​បិទ​ច្រក​ផ្លូវ​ចេញ​ចូល​ក្រសួង​ការងារ ជា​មួយ​នឹង​សម្រែក មិន​សុខ​ចិត្ត ទទួល​យក​ការ​សម្រេច​តម្លើង​ប្រាក់​ខែ​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​តម្លើង​ប្រាក់​ខែ​កម្មករ​រោង​ចក្រ ក្នុង​រូប​មន្ត ៥ ឆ្នាំ​ថ្មី​នេះ គឺ​ត្រូវ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៤​។ នោះ​គឺ​កម្មករ​រោង​ចក្រ ផ្នែក​វាយន​ភ័ណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង នឹង​ទទួល​បាន​ប្រាក់​ខែ​យ៉ាង​ទាប​បំផុត ៩៥ ដុល្លារ។ នៅ​ឆ្នាំ​២០១៥ ទទួល​បាន ១១០ ដុល្លារ។ ឆ្នាំ​២០១៦ ទទួល​បាន ១២៦​ដុល្លារ។ ឆ្នាំ​២០១៧ ទទួល​បាន ១៤៣ ដុល្លារ និង​ឆ្នាំ​២០១៨ ទទួល​បាន ១៦០ ដុល្លារ។

 
សេចក្តី​សម្រេច ក្នុង​នាម​ក្រុម​ប្រឹក្សា​ការ​ងារ ដែល​មាន​ភាគី​ថៅ​កែ​រោង​ចក្រ រដ្ឋា​ភិបាល និង​សហជីព​តំណាង​កម្មករ នៅ​ព្រឹក​ថ្ងៃ​២៤​ធ្នូ​នេះ បាន​កំណត់ថា ចំនួន​ទឹកប្រាក់​ដែល​បាន​ដំឡើង ត្រូវ​បន្ថែម​ជូន​កម្មករ​និយោជិត​គ្រប់​ៗ​គ្នា រៀង​រាល់​ពេល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា លើ​ប្រាក់​ឈ្នួល ដែល​កំពុង​ទទួល​បាន​។

លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បាន​លើក​ឡើង​ថា ការ​សម្រេច​តម្លើង​ប្រាក់​ខែ កម្មករ​រោង​ចក្រ ៥ ឆ្នាំ រហូត​ដល់ ១៦០ ដុល្លារ ពេល​នេះ ជា​លើក​ដំបូង​ហើយ នៃ​ប្រវត្តិ​សាស្ត្រ នៃ​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ។ ការ​សម្រេច​នេះ ផ្តល់​សេចក្តី​សង្ឃឹម​ដល់​កម្មករ​រោង​ចក្រ ហើយ​ក៏​ផ្តល់​ឱកាស​ដល់​ថៅកែ​រោង​ចក្រ អាច​ពិចារ​ណា ក្នុង​ការ​រៀប​ចំ​ផែន​ការ​បាន​ត្រឹម​ត្រូវ។
លោក​រដ្ឋ​មន្ត្រី បាន​អំពាវ​នាវ​ឲ្យ​កម្មករ​រោង​ចក្រ​ប្រមាណ ៦ សែន​នាក់ ទទួល​យក​ការ​សម្រេច​ចិត្ត​នេះ ហើយ​ចៀស​វាង​ការ​ធ្វើ​កូដកម្ម ឬ​បាតុ​កម្ម ដែល​នាំ​ឲ្យ​ខូច​ខាត​ដល់​ប្រយោជន៍​ទាំង​អស់​គ្នា​។

ប៉ុន្តែ​ក្រុម​សហជីព​កម្មករ​របស់​លោក អាត់ ធន់ និង​លោក​ស្រី ម៉ម ញឹម ដែល​ជា​សមាជិក ក្នុង​ក្រុម​ប្រឹក្សា​ការ​ងារ មិន​បាន​លើក​ដៃ​គាំទ្រ​ការ​សម្រេច​ចិត្ត​តម្លើង​ប្រាក់​ខែ​នេះ​ទេ ហើយ​បាន​ប្រកាស​ព្រមាន​ធ្វើ​កូដកម្ម​តវ៉ា នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ទាម​ទារ​តម្លើង​ប្រាក់​ខែ​ឲ្យ​ឡើង​ដល់ ១៦០ ដុល្លារ នៅ​ឆ្នាំ​២០១៤ តែ​ម្តង​។

បន្ទាប់​ពី​ដឹង​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ ក្រុម​កម្មករ​រោង​ចក្រ​ប្រមាណ​ពីរ​ទៅ​បី​រយ​នាក់ បាន​ស្រែក​តវ៉ា ហើយ​បិទ​ច្រក​ចេញ​ចូល​ក្រសួង​ការ​ងារ ដើម្បី​ជំទាស់​នឹង​ការ​សម្រេច​តម្លើង​ប្រាក់​ខែ​កម្មករ ដែល​ពួក​គេ​ថា មាន​ចំនួន​តិចតួច។

ប៉ុន្តែ​មុន​បិទ​បញ្ចប់​កិច្ច​ប្រជុំ នៅ​ព្រឹក​មិញ លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បាន​ប្រកាស​ព្រមាន​ថា ក្រសួង​នឹង​តាក់​តែង​ច្បាប់​ស្តី​ពី​សហជីព ហើយ​នឹង​ត្រូវ​អនុ​ម័ត ​ក្នុង​ឆ្នាំ​២០១៤​។ ក្នុង​នោះ ក៏មាន​ការ​បង្កើត​បទ​បញ្ជា​មួយ​ចំនួន​ទៀត ដើម្បី​បង្កើន​ការ​អនុវត្ត​ច្បាប់ ហើយ​ក្រសួង​ការ​ងារ នឹង​មិន​ទុក​ឲ្យ​នរ​ណា​ម្នាក់ នៅ​ក្រៅ​ច្បាប់​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ