រដ្ឋាភិបាលបន្តឧបត្ថម្ភធនលើប្រេងឥន្ធនៈជាង១៦០លានដុល្លារ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋាភិបាលបន្តឧបត្ថម្ភធនលើប្រេងឥន្ធនៈជាង១៦០លានដុល្លារសម្រាប់៧ ខែដើមឆ្នាំ២០១០នេះ។ បើទោះបីជារដ្ឋាភិបាលខិតខំបន្តឧបត្ថម្ភធនយ៉ាងនេះក្តី ប៉ុន្តែគណបក្សប្រឆាំងនិយាយថា ការឧបត្ថម្ភធនរបស់រដ្ឋាភិបាល គឺជាគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយប៉ុណ្ណោះ។
សេចក្តីរាយការណ៍របស់គី សុខលីមពីទីក្រុងភ្នំពេញ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាស នៅក្នុងគេហទំព័ររបស់ខ្លួនថា រដ្ឋាភិបាលបានឧបត្ថម្ភធនស្ងៀមស្ងាត់ក្នុងទឹកប្រាក់ចំនួន២២លានដុល្លារអាមេរិកសម្រាប់ការនាំចូលប្រេងឥន្ធនៈក្នុងកក្កដាកន្លងមក។ ប្រសិនបើគេគិតចាប់តាំងពីខែមករាមកដល់ខែកក្កដាកន្លងមកនេះ រដ្ឋាភិបាលបានឧបត្ថម្ភធនស្ងៀមស្ងាត់អស់ទឹកប្រាក់ជាង១៦០លានដុល្លារអាមេរិក។ ការឧបត្ថម្ភធនស្ងៀមស្ងាត់របស់រដ្ឋាភិបាល គឺមានន័យថារដ្ឋាភិបាលមិនបានដំឡើងអត្រាពន្ធលើការនាំចូលប្រេងឥន្ធនៈទេ បើទោះបីជាតម្លៃប្រេងនៅលើទីផ្សារមានការកើនឡើងយ៉ាងណាក៏ដោយ។
នៅថ្ងៃអាទិត្យនេះប្រេងសាំងនៅតាមស្ថានីយប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជាមានតម្លៃ៤៩០០រៀលពោល គឺស្មើនឹង១ដុល្លារ២កាក់កន្លះ។ ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាត្រូវបានមតិជាតិនិងអន្តរជាតិរិះគន់ថា មានតម្លៃខ្ពស់ជាងគេនៅក្នុងតំបន់។
តម្លៃប្រេងសាំងខ្ពស់នៅកម្ពុជា គឺជាឧបសគ្គមួយក្នុងចំណោមឧបសគ្គដទៃទៀតដែលរារាំងមិនអោយអ្នកវិនិយោគបរទេសចូលមកវិនិយោគច្រើននៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត តម្លៃប្រេងសាំងថ្លៃនេះបានធ្វើអោយផលិតផលរបស់ប្រទេសកម្ពុជាមិនអាចប្រកួតប្រជែងនឹងងផលិតផលនាំចូលពីបរទេសបាន។
អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាតែងតែចោទប្រកាន់ក្រុមហ៊ុនប្រេងសាំង នៅក្នុងប្រទេសកម្ពុជាថា បានដំឡើងថ្លៃលឿនជាងទីផ្សារអន្តរជាតិ ប៉ុន្តែពេលចុះថ្លៃវិញ គឺយឺតជាងទីផ្សារអន្តរជាតិ។
លោក យឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសមរង្ស៊ីបានពន្យល់ថា ប្រេងឥន្ធនៈមានតម្លៃខ្ពស់ នៅក្នុងប្រទេសកម្ពុជាមានហេតុផលពីរយ៉ាង។ ទីមួយ គឺដោយសារក្រុមហ៊ុននាំចូលប្រេងសាំងយកចំណេញច្រើនពេក និងទីពីរ គឺដោយសារតម្លៃពន្ធលើប្រេងសាំងមានចំនួនខ្ពស់។ បើយោងតាមលោក យឹម សុវណ្ណ រដ្ឋាភិបាលគួរតែលុបចោលពន្ធលើប្រេងសាំងតែម្តងទៅ ដើម្បីអោយប្រេងសាំងចុះថោកបន្តិច។ ហើយនៅពេលនោះ ប្រជាជនក្រីក្រភាគច្រើន និងអាជីវករនានាជាអ្នកទទួលបានផលប្រយោជន៍ពីការធ្លាក់ថ្លៃនៃប្រេងសាំង។
ការអំពាវនាវអោយលុបចោលពន្ធលើប្រេងឥន្ធនៈរបស់អ្នកនាំពាក្យគណបក្សសមរង្ស៊ី គឺធ្វើឡើងដើម្បីអោយប្រជាជនទូទៅទទួលបានផលប្រយោជន៍ ប៉ុន្តែបញ្ហាម្យ៉ាងទៀត គឺដោយសាររដ្ឋាភិបាលមិនអាចលុបបំបាត់ការរត់ពន្ធប្រេងសាំងរបស់ឈ្មួញមានអំណាចបាន។ លោក យឹម សុវណ្ណ បានបន្តចោទប្រកាន់ថា នយោបាយឧបត្ថម្ភធនស្ងៀមស្ងាត់របស់រដ្ឋាភិបាលលើប្រេងឥន្ធនៈ នាពេលកន្លងមក គឺជាពាក្យពេចន៍នយោបាយតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ