អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស្មាតហ្វូន ជា​ច្រក​ចេញចូល​នៃ​អសន្តិសុខ ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា

សំឡេង ០៦:៥៥
មនុស្សម្នាចោមរោម ពិនិត្យកាន់ទូរស័ព្ទ​ស្មាតហ្វូន ទំនើប​ទើប​នឹង​ចេញលក់។ ទិក្រុងឡុងដ៍ ថ្ងៃទី១៦ តុលា ២០១៨
មនុស្សម្នាចោមរោម ពិនិត្យកាន់ទូរស័ព្ទ​ស្មាតហ្វូន ទំនើប​ទើប​នឹង​ចេញលក់។ ទិក្រុងឡុងដ៍ ថ្ងៃទី១៦ តុលា ២០១៨ REUTERS/Hannah McKay
ដោយ៖ ម៉ម ពិសី

ទូរស័ព្ទទំនើប ឬស្មាតហ្វូន គឺជាឧបករណ៍បច្ចេកវិទ្យាដ៏ពេញនិយម របស់មនុស្សសម័យថ្មី។ ប៉ុន្តែទន្ទឹមនឹងភាពពេញនិយម ភាពងាយស្រួល ក្នុងការប្រើប្រាស់នេះ ស្មាតហ្វូន បានចូលរួមបង្កើននូវកត្តាអសន្តិសុខ បែបថ្មីមួយទៀត នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា។ អ្នកប្រើប្រាស់ស្មាតហ្វូន ភាគច្រើនមិនបានដឹងទេ ថាទូរស័ព្ទទំនើប​របស់ខ្លួន គឺជាច្រកទ្វារ ចេញចូល នៃគ្រោះថ្នាក់ ដោយការវាយប្រហារលួចទិន្នន័យផ្ទាល់ខ្លួន និងការបោកបញ្ឆោតក្រោមរូបភាពនានា ព្រមទាំងសកម្មភាពឧក្រិដ្ឋជាច្រើនជំពូក បង្ករឡើងដោយក្រុមចោរព័ត៌មានវិទ្យា។ អ្នកជំនាញផ្នែកសន្តិសុខព័ត៌មានវិទ្យា ដែលបានជួបជុំគ្នា នៅម៉ូណាកូ កាលពីសប្តាហ៍កន្លងទៅ សុទ្ធតែបានយល់ឃើញដូចគ្នា ថាការធានាសន្តិសុខក្នុងការប្រើប្រាស់ទូរស័ព្ទទំនើបស្មាតហ្វូននេះ ត្រូវតែរិតបន្តិងឲ្យបានប្រសើរបំផុត។

ផ្សាយពាណិជ្ជកម្ម

កាលពីប៉ុន្មានឆ្នាំមុន គេនិយមនិយាយណាស់ថា ជាសម័យកុំព្យូរទ័រជឿនលឿន។​ តែមកដល់ពេលនេះ មិនមែនជាសម័យកុំព្យូទ័រទៀតទេ តែជាសម័យទូរស័ព្ទទំនើប ស្មាតហ្វូន (Smartphone)។ ទូរស័ព្ទទំនើបបច្ចុប្បន្ននេះ គឺប្រៀបបាននឹងម៉ាស៊ីនកុំព្យូរទ័រតូចមួយ ដែលមនុស្សកាន់នៅនឹងដៃ ដាក់ជាប់តាមខ្លួន គ្រប់ទីកន្លែង និងចុចប្រើ ឈ្ងោកមុខសឹងតែភ្លេចបាយភ្លេចទឹក។ ប៉ុន្តែអ្នកប្រើប្រាស់ ភាគច្រើន មិនបានដឹងទេ ថាទូរស័ព្ទទំនើបនេះ មានភាពផុយស្រួយកំរិតណា បើនិយាយក្នុងន័យសន្តិសុខបច្ចេកវិទ្យាព័ត៌មានវិទ្យា។

"យុគសម័យ Smartphone"

លោក Loic Guezo អ្នកជំនាញម្នាក់ របស់ក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យាជប៉ុន Trend Micro បាននិយាយថា គ្រោះថ្នាក់ក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ក្នុងពេលបច្ចុប្បន្ននេះ គឺមិនខុសពីគ្រោះថ្នាក់ ក្នុង​ការប្រើប្រាស់កំព្យូរទ័រ កាលពីពេលប្រមាណ១០ឆ្នាំមុននោះទេ។ ពួកចោរព័ត៌មានវិទ្យា បានបត់បែន ទៅតាមការពេញនិយម និងទំលាប់របស់អ្នកប្រើប្រាស់ ដែលភាគច្រើនបានប្រើទូរស័ព្ទស្មាតហ្វូន ដើម្បីចូលទៅលើគេហទំព័រអ៊ីនធ័រនិត លេងហ្គេមកម្សាន្ត ទិញទំនិញ ឬ ចូលក្នុងបណ្តាញសង្គមផ្សេងៗ ជាដើម។

ទីផ្សារនៃប្រព័ន្ធទូរស័ព្ទដៃទំនើប បានរីកកាន់តែធំ មានទំងន់កាន់តែធ្ងន់ ក្នុងវិស័យសេដ្ឋកិច្ច មិនថាសម្រាប់អ្នកផលិតទូរស័ព្ទ អ្នកផលិតកម្មវិធីប្រើលើទូរស័ព្ទ ព្រមទាំងពួក​ចោរ​ព័ត៌មានវិទ្យា ដែលចាំធ្វើសកម្មភាពតាមប្រព័ន្ធនេះទេ។ ជាការកត់សំគាល់ យោងតាម​តួលេខរបស់ក្រុមហ៊ុនគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យាដ៏ធំរបស់អាមេរិក ឈ្មោះ RSA បានឲ្យដឹងថា ៧១% នៃអំបទល្មើស បន្លំបោកប្រាស់គ្រប់រូបភាព គឺប្រព្រឹត្តិធ្វើទៅ នៅក្នុងទូរស័ព្ទស្មាតហ្វូននេះតែម្តង។

ជនទុច្ចរិត បានលួចបន្លំ បញ្ច្រៀតបញ្ចូលនូវកម្មវិធីបោកប្រាស់ផ្សេងៗ ទៅក្នុងទូរស័ព្ទដៃ ដោយអ្នកប្រើប្រាស់​មិនបានដឹងខ្លួន។ កម្មវិធីបោកប្រាក់ទាំងនោះ នឹងឈានទៅ​បូម​យកទិន្ន័យផ្ទាល់ខ្លួន របស់ម្ចាស់ទូរស័ព្ទ តាមដានស្តាប់រាល់ការឆ្លងឆ្លើយ មិនថាសារជាអក្សរ ជាសម្លេង ឬជាវីដេអូ លួចយកលេខសំងាត់គណនីអ៊ីមែល គណនីបណ្តាញសង្គម និងគណនីធនាគារជាដើម។

លោក Mathieu Dierick អ្នកជំនាញម្នាក់ របស់ក្រុមហ៊ុន F5 Network បានអះអាងថា លេខសំងាត់ ដើម្បីចូលគណនីអ៊ីនធឺនែត ដូចជា LinkedIn ឬ Amazon ជាដើម អាចលក់បានក្នុងតំលៃ ១ ពី១០០ ទៅ២០០អឺរ៉ូ នៅលើទីផ្សារងងឹត « Dark web »។

សារក្លែងក្លាយបោកបញ្ឆោត

មធ្យោបាយដ៏ងាយ និងពេញនិយមបំផុត របស់ក្រុមចោរទុច្ចរិត គឺតាមរយៈការផ្ញើរជាសារអ៊ីមែលក្លែងក្លាយ « Phishing » ដែលចោរព័ត៌មានវិទ្យា បន្លំខ្លួនក្នុងអត្តសញ្ញាណមនុស្សក្លែងក្លាយម្នាក់ ហើយពន្យុះ បញ្ឆោតឲ្យ​ម្ចាស់ទូរស័ព្ទដៃចុចពីលើ « Link »មួយ ដែលតាមរយៈLinkនេះ កាលណាចុចពីលើហើយ វានឹងបើកផ្លូវ ឲ្យចោរព័ត៌មានវិទ្យា អាចចូលមកក្នុងទូរស័ព្ទដៃបាន។

ក្រៅពីនេះទៀត ក្រុមចោរព័ត៌មានវិទ្យា អាចប្រើប្រាស់បណ្តាញសង្គម ដូចជាការបន្លំប្រើរូបប្រូហ្វាល របស់ម្ចាស់គណនីណាម្នាក់ ដែលជនរងគ្រោះអាចស្គាល់ ហើយប្រើគណនីក្លែងក្លាយនោះ ផ្ញើរសារក្លែងក្លាយ ដើម្បីបោកបញ្ឆោត​ឲ្យជនរងគ្រោះ ចុចពីលើLinkមួយ ដែលធាតុពិតក្នុងនោះ ជនទុច្ចរិត បានដាក់បង្កប់នូវលេខកូដសម្ងាត់ ដើម្បីចូលបន្លំទៅសំងំនៅក្នុងទូរស័ព្ទរបស់ជនរងគ្រោះ។ ចោរព័ត៌មានវិទ្យា ក៏អាចបន្លំ លាក់ខ្លួននៅពីក្រោយ សារផ្សាយពាណិជ្ជកម្មក្លែងក្លាយ ដែលលោតចេញនៅលើទូរស័ព្ទស្មាតហ្វូន ហើយម្ចាស់ទូរស័ព្ទនឹងជាប់អន្ទាក់ បើកាលណាចុចពីលើសារក្លែងក្លាយនោះ។

លោក Bastien Bobe អ្នកជំនាញម្នាក់ របស់ក្រុមហ៊ុន Lookout ដែលជាក្រុមហ៊ុនជំនាញគ្រប់គ្រងសន្តិសុខ​លើទូរស័ព្ទស្មាតហ្វូន នៅអាមេរិក បាននិយាយថា មានក្រុមហ៊ុនខ្លះ បានហាមដាច់ខាត មិនឲ្យបុគ្គលិកខ្លួន ប្រើប្រាស់បណ្តាញដូចជា Snapchat ឬ WhatsApp នៅលើទូរស័ព្ទដៃទេ។

កម្មវិធីភ្ជាប់មេរោគ

ធ្ងន់ធ្ងរជាងនេះទៀត គឺចោរព័ត៌មានវិទ្យា អាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ដែលភ្ជាប់ទៅដោយមេរោគ។ ឧទាហរណ៍ ដូចជាកម្មវិធីលេងល្បែងហ្គេម ដែលនៅពេលម្ចាស់ទូរស័ព្ទ​ទាញយកមកប្រើ គឺបានភ្ជាប់មកជាមួយនឹងមេរោគ ចូលសំងំក្នុងទូរស័ព្ទ។ យោងតាមអ្នកជំនាញ ជាទូទៅ គ្រោះថ្នាក់មានច្រើន គឺនៅលើបណ្តាញ ដោនឡូត (Download) របស់ប្រព័ន្ធ Android ព្រោះថាបណ្តាញនេះមិនសូវជាមានចងសោ​បិទខ្ទប់ ការពារកម្មវិធីក្លែងបន្លំទាំងនោះ​ ឲ្យបានជិតល្អ ដូចនៅលើប្រព័ន្ធ Google Play Store ទេ។

ជាក់ស្តែង កម្មវិធីល្បែងហ្គេម Fortnite របស់ក្រុមហ៊ុន Epic Games បានមានៈ មិនដាក់ហ្គេមខ្លួន ក្នុងGoogle Play Store ទេ ដោយសុខចិត្តប្រើប្រព័ន្ធផ្ទាល់ខ្លួនដាច់ដោយឡែក ដើម្បីឲ្យអ្នកប្រើប្រាស់ អាចទាញចេញមកលេងបាន។ ក៏ប៉ុន្តែអ្វីដែលគេសង្កេតឃើញ គឺក្រុមចោរទុច្ចរិត បានបង្កើតគេហទំព័រ និងកម្មវិធីនេះ ក្លែងក្លាយយ៉ាងស្អេកស្កះ ដើម្បីបោកបញ្ឆោត ឲ្យអ្នកប្រើប្រាស់ចូលទៅដោនឡូតយក។

លោក Gauthier Vathaire អ្នកជំនាញម្នាក់ របស់ Bitdefender Cyber Security បានលើកឡើងថា កម្មវិធីប្រើក្នុងទូរស័ព្ទ ដែលក្លែងក្លាយមានមេរោគ គឺមានគរនឹងជើង រាប់មិនអស់ទេ។ ម្ចាស់ទូរស័ព្ទ​ម្នាក់ៗ ត្រូវតែមានការប្រុងប្រយ័ត្ន។ បើទោះបី ជាវានៅតែមានចន្លោះប្រហោងខ្លះ តែកម្មវិធីប្រើប្រាស់ក្នុងទូរស័ព្ទដៃ ដែលទាញចេញពី Google Play Store ជាទូទៅត្រូវអ្នកជំនាញ ទទួលស្គាល់ ថាអាចទុកចិត្តបាន។ ចំណែកអ្នកប្រើប្រាស់ iPhone វិញ កាន់តែមានទំនុកចិត្តទៀត ព្រោះថា នៅលើiPhone គេអាចទាញយកមកប្រើបាន តែកម្មវិធីណា ដែលមាននៅក្នុង Apple Store តែប៉ុណ្ណោះ។ តែអ្នកជំនាញបានអះអាងថា វាមិនមែនជារឿងដែលមិនអាចធ្វើបានទេ ក្នុងការ​បំបែកសោ ដើម្បីបន្លំខ្លួន ចូលទៅក្នុងiPhone។

ទូរស័ព្ទ​២៥០០លានគ្រឿង និង​ឧបករណ៍​បច្ចេកវិទ្យាផ្សេងទៀត

បើគិតត្រួសៗ ទូរស័ព្ទទំនើប ស្មាតហ្មូន ភ្ជាប់អ៊ីនធ័រនិត មានមិនតិចជាង ២៥០០លានគ្រឿងនោះទេ នៅទូទាំងពិភពលោក។ ក្នុងបរិបទនៃ​វិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យានេះ គឺបញ្ហាអសន្តិសុខនេះ វាទើបតែចាប់ផ្តើមប៉ុណ្ណោះ។ សម្រាប់អ្នកជំនាញ ដែលធ្វើការស្រាវជ្រាវ ក្នុងវិស័យនេះ គឺបញ្ហានេះ នឹងកាន់តែរីកធំ និងស្មុគស្មាញ ព្រោះមានឧបករណ៍​បច្ចេកវិទ្យា សំបូរបែបកាន់តែច្រើន ដើរដោយប្រព័ន្ធអ៊ីនធើណិត ហើយដែលមានដំណើរការតភ្ជាប់គ្នា ជាមួយទូរស័ព្ទដៃស្មាតហ្វូន។ ទូរសព្ទ័ដៃមិនមែនគ្រាន់តែជាគោលដៅនៃសកម្មភាពឧក្រិដ្ឋទេ តែក៏ជាស្ពាន អាចឲ្យចោរព័ត៌មានវិទ្យា ឆ្លងចូលទៅកាន់ឧបករណ៍បច្ចេកវិទ្យាផ្សេងទៀតដែរ។

លោក Bernard Ourghanlian តំណាងក្រុមហ៊ុន Microsoft ប្រចាំប្រទេសបារាំង លើកឡើងថា ស្ថិតក្នុង​បរិបទ​​ដ៏ធំទូលាយនេះ គឺគេមិនអាចកំណត់ព្រំដែននៃសន្តិសុខ ឲ្យបានជាក់ច្បាស់បានទេ​ ព្រោះឧបករណ៍បច្ចេកវិទ្យា ​វាភ្ជាប់គ្នាទាំងអស់។ សម្រាប់ក្រុមហ៊ុនមួយ ប្រព័ន្ធកុំព្យូទ័ររួមរបស់ក្រុមហ៊ុន មិនអាចទុកចិត្តលំហូរទិន្នន័យមកពីខាងក្រៅ បានជាដាច់ខាត គឺត្រូវតែផ្ទៀងផ្ទាត់ពិនិត្យដោយឥតរើសមុខ ទោះបីជាទូរស័ព្ទ ឬកុំព្យូរទ័រផ្ទាល់ខ្លួន របស់បុគ្គលិកខ្លួនក៏ដោយ។

អ៊ីនធ័រនិត គឺជាបង្អួចបើកចំហរទៅកាន់ពិភពលោក។ កុំព្យូទ័រ និងទូរស័ព្ទទំនើបស្មាតហ្វូន គឺជាឧបករណ៍ ដើម្បីឈានទៅបើកបង្អួចដ៏ធំទូលាយនេះ។ ក៏ប៉ុន្តែប្រឈមមុខនឹងបញ្ហាអសន្តិសុខបច្ចេកវិទ្យា ដែលអ្នកប្រើប្រាស់ៗ ម្នាក់អាចប្រឈមមុខនោះ បង្អួចបច្ចេកវិទ្យានេះ កំពុងតែបិទជិតបន្តិចម្តងៗ ដើម្បីរារាំង ទប់ទល់នឹងសកម្មភាពទុច្ចរិត ឬចេតនាអាក្រក់ណាមួយ។ ពេលនេះ ស្មារតីទទួលខុសត្រូវ និងការពិចារណា របស់អ្នកប្រើប្រាស់ម្នាក់ៗ គឺវាសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីឲ្យដឹងច្បាស់ថា ពេលណាគួរបើក ពេលណាគួរបិទបង្អួចដ៏ធំ និងដ៏គ្រោះថ្នាក់នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ