អង់គ្លេស​

ការ​បោះឆ្នោត​ដែល​គេ​ពិបាក​ទាយ​ឃើញ​លទ្ធផល​

បេក្ខជន​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ទាំងបីនាក់​ លោក​ Gordon Brown,លោក  David Cameron និង​ លោក​  Nick Clegg.
បេក្ខជន​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ទាំងបីនាក់​ លោក​ Gordon Brown,លោក David Cameron និង​ លោក​ Nick Clegg. © Reuters

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រជាពលរដ្ឋ​នៃ​ប្រទស​អង់គ្លេស​បោះឆ្នោត​ជ្រើសរើស​អ្នក​តំណាង​រាស្រ្ត​ទាំង​៦៥០​នាក់ ពោល​គឺ​ជា​ការ​បោះឆ្នោត​អារកាត់ ថា​តើ​គណបក្ស​ណា​មួយ​ដែល​នឹង​ត្រូវ​ឡើង​មក​គ្រប់គ្រង​ប្រទេស សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ។ ក្នុង​ខណៈ​នេះ គេ​អាច​ទាយ​ថា អ្នក​ណា​ជា​អនាគត​នាយករដ្ឋមន្រ្តី យោង​ទៅ​តាម​សេណារីយ៉ូ​បួន​យ៉ាង​នៃ​លទ្ធផល​សម្លេង​ឆ្នោត។

ផ្សាយពាណិជ្ជកម្ម

បទអន្តរាគមន៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

គណបក្ស​អង់គ្លេស​ធំៗ​ទាំង​បី គឺ​គណបក្ស​ពលករ​របស់​បច្ចុប្បន្ន​នាយករដ្ឋមន្ត្រី​Gordon Brown ដែល​ជា​បក្ស​ឆ្វេងនិយម គណបក្ស​អភិរក្សនិយម​របស់​លោក​David Cameron ដែល​ជា​បក្ស​ស្តាំនិយម និង​គណបក្ស​សេរី​ប្រជាធិបតេយ្យ​របស់​លោក​Nick Clegg ដែល​មាន​ជំហរ​កណ្តាល​និយម។ ការស្ទាបស្ទង់​មតិ​ចុង​ក្រោយ​បង្អស់​បង្ហាញ ថា​គណបក្ស​អភិរក្ស​និយម​របស់​លោក​David Cameron នឹង​ជាប់​លេខ​មួយ។ ជាប់​លេខ​ពីរ​គឺ​គណបក្ស​ពលករ​របស់​លោក​Gordon Brown និង​ជាប់​លេខ​បី គឺ​គណបក្ស​សេរីប្រជាធិបតេយ្យ​របស់​លោក​Nick Clegg។ បើ​គេ​មាន​ជំនឿ​ទៅ​លើ​ការស្ទាបស្ទង់​មតិ​នេះ អ្នក​ដែល​នឹង​មាន​វាសនា​ក្លាយ​ជា​អនាគត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស​ខ្លាំង​ជាង​គេ គឺ​លោក​David Cameron។

 
ក៏ប៉ុន្តែ​លើក​នេះ ប្រហែល​ជា​គ្មាន​ឡើយ​គណបក្ស​ណា​មួយ​ដែល​នឹង​ដណ្តើម​បាន​ចំនួន​អាសនៈ​ភាគ​ច្រើន​ដាច់ខាត នៅ​ក្នុង​រដ្ឋសភា។ ម៉្លោះ​ហើយ គេ​ត្រូវ​ព្យាករ​មើល​ទៅ​តាម​សេណារីយ៉ូ​ចំនួន​បួន ដើម្បី​អាច​ដឹង​ថា​អ្នកណា​នឹង​ត្រូវ​ក្លាយ​ជា​អនាគត​នាយករដ្ឋមន្ត្រី​អង់គ្លេស។

សេណារីយ៉ូ​ទី​មួយ
គណបក្ស​អភិរក្សនិយម​ទទួល​បាន​អាសនៈ​ច្រើន​លើសលុប ពោល​គឺ​លើស​ពី​៣២៦​កៅអី។ នៅ​ក្នុង​ករណី​នេះ លោក​បច្ចុប្បន្ននាយករដ្ឋមន្ត្រី​Gordon Brown ត្រូវ​លាលែង​ពី​មុខ​តំណែង​ភ្លាម ក្រោយ​ពី​​ការ​​ប្រកាស​​ឲ្យ​ដឹង​​នូវ​លទ្ធផល​​ជា​ផ្លូវការ​​នៃ​​ការ​បោះឆ្នោត។ ​រួច​ហើយ​ព្រះម​ហាក្សត្រិ​យានី​អង់គ្លេស​ត្រូវ​តែង​តាំង​លោក​ ​David Cameron​ ជា​នាយក​រដ្ឋមន្ត្រី​​និង​ស្នើ​ឲ្យ​លោក​បង្កើត​រដ្ឋាភិបាល​​ថ្មី​មួយ។​

សេណារីយ៉ូ​ទីពីរ
គណបក្ស​អភិរក្ស​និយម​ជាប់​លេខ​មួយ មិន​ទទួល​បាន​ចំនួន​អាសនៈ​ច្រើន​ដាច់ខាត​ទេ តែ​ច្រើន​ក្រាស់ក្រែល គឺ​ប្រមាណ​ពី​៣០០​ទៅ៣២៦កៅអី។ ក្នុង​ករណី​នេះ លោកDavid Cameron ត្រូវការ​ការ​គាំទ្រ​ពី​សំណាក់​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​តូចៗ​មួយ​ចំនួន​ដែល​មក​ពី​អ៊ីកឡង់​ខាងជើង និង​ពី​អេកូស្ស ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​បាន ដោយ​មិន​ចាំបាច់​ទៅ​ចរចា​ជាមួយ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​របស់​លោក​Nick Clegg ដែល​ជា​បក្ស​មាន​និន្នាការ​ឆ្វេង​និយម​ជាង​ស្តាំ​និយម។

សេណារីយ៉ូ​ទី​បី
គណបក្ស​អភិរក្សនិយម​នៅ​តែ​ជាប់​លេខ​មួយ តែ​ទទួល​បាន​អាសនៈ​មិន​ច្រើន​គ្រប់គ្រាន់​គឺ​ប្រមាណ​ពី​២៦៥ ទៅ​២៨០​កៅអី​តែ​ប៉ុណ្ណោះ។ និយាយ​បែប​ផ្សេង លោក​David Cameron ត្រូវការ​ការគាំទ្រ​ពី​សំណាក់​គណបក្ស​សេរី​ប្រជាធិបតេយ្យ​របស់​លោក​Nick Clegg ទើប​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​បាន។ ក្នុង​ករណី​នេះ រដ្ឋាភិបាល​របស់​លោក​David​ Cameron នឹង​មាន​ជំហរ​ផុយស្រួយ ដ្បិត​ត្រូវ​អនុវត្ត​នយោបាយ​ដែល​ខ្លួន​បាន​សន្យា​បា្រប់​ពលរដ្ឋ​ផង និង​ត្រូវ​ឋិត​នៅ​ក្រោម​សម្ពាធ​របស់​គណបក្ស​លោក​Nick Clegg ផង។

សេណារីយ៉ូ​ទី​បួន
គណបក្ស​អភិរក្សនិយម​របស់​លោក​David Cameron ទទួល​បាន​អាសនៈ​តិច​ជាង​គណបក្ស​ ពលករ​របស់​បច្ចុប្បន្ន​នាយក​រដ្ឋមន្ត្រី​Gordon Brown។ នៅ​ក្នុង​ករណី​នេះ គណបក្ស​សេរី​ប្រជាធិបតេយ្យ​របស់​លោក​Nick Cleeg មាន​ទឹក​មាត់​ប្រៃ ដ្បិត​ជា​អ្នក​អារកាត់ ថា​គាំទ្រ​បក្ស​លោក​David Cameron ឬ​គាំទ្រ​បក្ស​លោក​Gordon Brown។
នៅ​ក្នុង​ករណី​នេះ ការ​តែងតាំង​នាយក​រដ្ឋមន្ត្រី​នឹង​ចោទ​ឡើង។ ជា​គោលការណ៍ បក្ស​សេរី​ប្រជាធិបតេយ្យ​របស់​លោក​Nick Clegg មាន​និន្នាការ​ផ្អៀង​ទៅ​ខាង​បក្សពលករ​របស់​លោក​Gordon Brown ជាង​ទៅ​ខាង​បក្សអភិរក្សនិយម​របស់​លោក​David Cameron។​ ក៏​ប៉ុន្តែ លោក​Nick Clegg បាន​ប្រកាស​ជា​មុន​រួច​ស្រេច​ហើយ​ថា លោក​មិន​ព្រម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែល​ដឹកនាំ​ដោយ​លោក​Gordon Brownទេ។ នៅ​ក្នុង​ករណី​នេះ គេ​មិន​អាច​អះអាង​មុន​បាន​ឡើយ​ថា អ្នក​ណា​ជា​អនាគត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស។ យ៉ាងណា​ក៏​ដោយ អនាគត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស មិន​ត្រឹម​តែ​នឹង​ត្រូវ​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ជាង​គេ​បង្អស់​មួយ​ដែល​ប្រទេស​ជាតិ​មិន​ដែល​ពើប​ប្រទះ​ប៉ុណ្ណោះ​ទេ។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត គឺ​ការ​ខើច​ស្តួចស្តើង​នៃ​លទ្ធភាពនិងមធ្យោបាយ សម្រាប់​ដោះស្រាយ​វិបត្តិ។ សូម​ជម្រាបថា​ នៅ​ក្នុង​ឆ្នាំ​២០១០​នេះ ឱនភាព​ថវិការ​ជាតិ​នឹង​អាច​កើន​ទៅ​ដល់​ជាង​១៨០ពាន់​លាន​អឺរ៉ូ ពោល​គឺ​ប្រមាណ​១១,៨%​នៃ​ផលិតផល​ដុល​ក្នុងស្រុក។

ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​ថវិការជាតិ​នេះ​អនាគត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី​ផ្សេ​ង​ក្រៅតែ​ពីអនុវត្ត​នយោបាយ​ត្បិតត្បៀត​លុយកាក់​បានន័យ​ថា​ កាត់​បន្ថយ​ប្រាក់​ចំណាយ​របស់​រដ្ឋ។ នយោបាយ​ត្បិតត្បៀត​បែប​នេះ​ នឹង​ច្បាស់​ជា​បង្ក​ឲ្យ​ មាន​កូដ្ឋកម្ម​និង​បាតុកម្ម​នៅ​ពាសពេញ​ប្រទេស​ជា​មិន​ខាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI