កងទ័ពត្រៀមវាយបំបែកជំរំពួកបាតុករ ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃនេះឈានចូលថ្ងៃទី ៤ហើយ ដែលកំលំាងទ័ព និងពួកអាវក្រហមកំពុងបន្តប្រឈមមុខដាក់គ្នាយ៉ាងហឹង្សានៅចំកណ្តាល ទីក្រុងបាងកក។ អំពើហិង្សានារយៈពេល ៣ថ្ងៃចុងក្រោយនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៣៧នាក់ និងរបួសប្រមាណ ២៧៧នាក់ផ្សេងទៀត។ ឱសានវាទដែលកងទ័ពបាន ដាក់ឲ្យពួកអាវក្រហមចាកចេញពីជំរំឲ្យបាន មុនម៉ោង៣រសៀល ម៉ោង ក្នុងស្រុកបាន កន្លងផុតហើយ។ ជាសញ្ញាមួយដែលបញ្ជាក់ថា កងទ័ពអាចនឹងបើកការវាយប្រហារនៅពេលណា ម៉ោងណាក៏បាន។
ឱសានវាទបានកន្លងហួសទៅហើយ តែការវាយប្រហារមិនទាន់ចាប់ផ្តើមទេ។ តំាងពីមុនម៉ោងផុតឱសានវាទ ដ្ឋាភិបាលបានសន្យាជួយសម្រួលដល់ពួកបាតុករណាដែលស្ម័គចិត្តចាកចេញ ពីជំរំ និងរៀបចំមធ្យោបាយដឹកជញ្ជូនពួកគេឲ្យវិលត្រលប់ទៅផ្ទះវិញ ពិសេស ស្ត្រី និងកូនក្មេង។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានព្រមានទុកជាមុនរួចជាស្រេចថា អ្នកដែលបន្តក្រាញននៀលនៅក្នុងជំរំ សុទ្ធសឹងជាអ្នករំលោភបំពានច្បាប់ និងអាចទទួលទោសជាប់គុកចំនួន ២ឆ្នំា។ តាមព័ត៌មានដែលទទួលបាននៅប៉ុន្មាននាទី ក្រោយឱសានវាទបញ្ចប់ មានបាតុករប្រមាណជា ៥ពាន់នាក់ទៀតកំពុងបន្តស្ថិតក្នុងជំរំ ដែលក្នុងនោះ មានមនុស្សចាស់ និងកូនក្មេងប្រមាណជា ៤០០នាក់ ត្រូវបានពួកអាវក្រហមបញ្ជូនទៅជ្រកកោននៅក្នុងវត្តមួយដែលស្ថិត ក្នុងជំរំរបស់ពួកគេ។ សូមជម្រាបជូនថា បីថ្ងៃមកហើយដែលកំលំាងទាហានបានឡោមព័ទ្ធជំរំរបស់ពួកអាវក្រហម ដោយបានបិទច្រកចេញ ចូល ការកាត់ផ្តាច់ទឹក កាត់ផ្តាច់ចរន្តអគ្គិសនី និងហាមមិនឲ្យមានការនំាស្បៀងអាហារចូលក្នុងជំរំនោះ។
ឱសានវាទបានកន្លងផុត ដែលជាសញ្ញាមួយដែលបញ្ជាក់ថា កងទ័ពអាចនឹងបើកការវាយប្រហារនៅពេលណាក៏បាន ម៉ោងណាក៏បាន ដោយមិនចំាបាច់ប្រកាសដាក់ឱសានវាទជាថ្មីទៀតទេ។ អ្វីដែលទំាងអស់គ្នាកំពុងរង់ចំាមើលពេលនេះ ថាតើអាចនឹងមានអន្តរាគមន៍ដូចការព្រមានទុកដែរ ឬទេ និងថាតើអ្វីទៅជាយុទ្ធសាស្រ្តរបស់កងទ័ពក្នុងការបំបែកជំរំដែល ស្ថិតចំកណ្តាលទីក្រុង។
មួយវិញទៀត រដ្ឋាភិបាលបានប្រកាសភាពអាសន្នដាក់ទៅលើខេត្តចំនួន ៥ទៀត ស្ថិតនៅប៉ែកខាងជើង និងប៉ែកឦសានប្រទេស ដែលជាដែនដីរបស់អ្នកគំាទ្រលោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់។ ជារួមទៅ មានផ្ទៃប្រទេសចំនួន ១ភាគបួនហើយ ដែលកំពុងស្ថិតក្រោមភាពអាសន្ន។
សង្រ្គាមស៊ីវិល ?
រហូតមកដល់ម៉ោងនេះ ដំណោះស្រាយតាមផ្លូវចរចាហាក់ដូចជាស្តួចស្តើងទៅៗ។ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីអាប់ភីស៊ីតបានថ្លែងយ៉ាងម៉ឹងម៉ាត់ថា ទោះបីជាត្រូវប្រើមធ្យោបាយអ្វីក៏ដោយ ក៏រដ្ឋាភិបាលមិនដកថយ និងមិនចុះញ៉មនៅចំពោះមុខពួកអាវក្រហមជាដាច់ខាត។
ចំណែកឯពួកអាវក្រហមវិញ ហាក់ដូចជាគ្មានជម្រើសអ្វី ក្រៅពីការតស៊ូរហូតដល់ចុងបញ្ចប់។ តែជាមួយគ្នានេះ ទ្វារចរចាក៏មិនបានបិទទំាងស្រុងទេ។ តែដើម្បីអាចបន្តការចរចាបាន លុះត្រាណាតែភាគីនីមួយៗយល់ព្រមធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមក។ តែមកដល់ម៉ោងនេះ ភាគីនីមួយៗកំពុងបន្តទាមទារ និងរក្សាជំហរតែរៀងៗខ្លួន។ សូមជម្រាបជូនថា តំាងពីវិបត្តិបានផ្ទុះដំបូងនៅពាក់កណ្តាលខែមិនាមក ការចរចាមានជាបន្តបន្ទាប់។ ចុងក្រោយគឺសំណើរបស់លោកអាប់ភីស៊ីត ដែលបានស្នើឡើងនូវផែនទីចង្អុលផ្លូវមួយ ដោយបានដាក់បញ្ចូលនូវការទាមទារចង់បានរបស់ពួកអាវក្រហមទៀតផង នោះគឺ ការរំលាយសភានៅខែសីហា ឬកញ្ញា និងការរៀបចំបោះឆ្នោតនៅខែវិច្ឆិកា។ តែបន្ទាប់ពីបានយល់ព្រមមក ពួកអាវក្រហមនៅតែមិនព្រមបំបែកហ្វូង និងថែមទំាងបានទាមទារលក្ខខណ្ឌថ្មីៗទៀត។
កាលពីម្សិលម្ង៉ៃ និងម្សិលមិញ ពួកអាវក្រហមថែមទំាងបានសុំអន្តរាគមន៍ពីព្រះមហាក្សត្រ និងពីអង្គការសហប្រជាជាតិ។ ព្រះមហាក្សត្រ ព្រះចៅភូមិបុល អាឌុលយ៉ាដេ មិនទាន់មានបន្ទូលអ្វីទំាងអស់។ រីឯខាងរដ្ឋាភិបាលវិញ បានច្រានចោលគ្រប់កិច្ចអន្តរាគមន៍របស់បរទេស។ ឥឡូវនេះ ទំាងអស់គ្នាកំពុងបារម្ភពីការផ្ទុះឡើងនូវសង្រ្គាមស៊ីវិល។ បន្តិចម្តងៗ ភាពវឹកវរដែលកំពុងកើតមាននៅក្នុងទីក្រុងបាងកកពេលនេះ បាននឹងកំពុងក្លាយទៅជាសង្រ្គាមវាយឆ្មក់ ឆ្លងរាលដាលនៅតាមតំបន់ផ្សេងទៀតជុំវិញទីក្រុង។ នេះជាក្តីកង្វល់ របស់រដ្ឋាភិបាល។ ព្រោះថា បើអាចទប់បាន រួចខ្លួន តែបើទប់មិនបាន វានឹងអាចផ្ទុះឡើងនៅទូទំាងប្រទេសតែម្តង។
លោកឧត្តមសេនីយ៍ សៃ ឌេង (Seh Daeng) ជានរណាដែរ ?
ដំណឹងអាក្រក់ចុងក្រោយសម្រាប់ពួកអាវក្រហម គឺមរណៈភាពរបស់លោកឧត្តមសេនីយ៍ សៃ ឌេង (Seh Daeng) នៅព្រលឹមស្រាងៗព្រឹកថ្ងៃច័ន្ទ ទី១៧ ឧសភា ក្រោយពីលោកត្រូវបានជនមិនស្គាល់មុខបាញ់ចំកណ្តាលក្បាលកាលពីយប់ ថ្ងៃព្រហស្បតិ៍ ទី១៣ ឧសភា។
សៃ ឌេង (Seh Daeng) គឺជាឈ្មោះហៅក្រៅ។ ឈ្មោះពិតប្រាកដរបស់គាត់គឺ ខាត់ទីយ៉ា សាវ៉ាឌីប៉ូល (Khattiya Sawasdipol)។ មានអាយុ ៥៨ឆ្នំា លោក ខាត់ទីយ៉ា សាវ៉ាឌីប៉ូលជាឧត្តមសេនីយ៍ម្នាក់ដែលត្រូវបានគេបណ្តេញចេញពីកងទ័ព ក្នុងឆ្នំា ២០០៨ ដោយហេតុតែលោកបានធ្វើការទិតៀន រិះគន់ជាសាធារណៈចំពោះថ្នាក់លើខ្លួនឯង។
តំាងពីពេលនោះមក លោក សាវ៉ាឌីប៉ូល ក៏បានប្តូរជំហរទៅគំាទ្រពួកអាវក្រហមប្រឆំាងនឹងរដ្ឋាភិបាលទៅវិញ។ តំាងពីពួកអាវក្រហមបានបោះជំរំនៅចំកណ្តាលក្រុងបាងកកមក លោក សាវ៉ាឌីប៉ូល ជាអ្នកចាត់ចែង រៀបចំសន្តិសុខនៅក្នុងជំរំទំាងមូល។ លោក សាវ៉ាឌីប៉ូល បានតំាងខ្លួនជាមេអាវក្រហមម្នាក់ដ៏សកម្ម ដូចដែលលោកធ្លាប់បានប្រកាសយ៉ាងក្តែងៗថា លោកជាមនុស្សសំខាន់ម្នាក់ដែលមិនអាចខ្វះបាន។ វត្តមានរបស់ពួកអាវក្រហមនៅពេលនេះ ក៏ដោយសារតែមានវត្តមានរបស់លោកនៅពេលនេះ។ នៅខាងរដ្ឋាភិបាលវិញគឺគ្មានអ្វីគួរឲ្យសង្ស័យទៀតទេ លោក សាវ៉ាឌីប៉ូល ជាជនដៃដល់ម្នាក់ដែលបានបំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់នៅក្នុង ទីក្រុងបាងកក។ លោក សាវ៉ាឌីប៉ូល ជាអ្នកបានបំផ្ទុះអាវុធនៅក្នុងអំពើហឹង្សាកាលពីថ្ងៃទី ១០ មេសាកន្លងមក ដោយបានផ្តាច់ជីវិតមនុស្សចំនួន ២៥នាក់ និងរបួសជាង ៨០០នាក់។
គឺទើបតែនៅយប់ថ្ងៃព្រហស្បតិ៍ ទី ១៣ ឧសភាទេ ដែលលោក សាវ៉ាឌីប៉ូល ត្រូវបានជនមិនស្គាល់មុខបាញ់ចំកណ្តាលក្បាល នៅពេលដែលលោកកំពុងឈរផ្តល់បទសម្ភាន៍ឲ្យក្រុមអ្នកកាសែតបរទេស។ ឥឡូវនេះក្រោមភ្នែកច្រមុះរបស់ពួកអាវក្រហម លោក សាវ៉ាឌីប៉ូល គឺជាវីរជនម្នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ