ប្រទេសថៃ៖​ឈប់ប្រយុទ្ធគ្នា​តែបញ្ហា​នៅតែ​មានដដែល​

សំឡេង ០៥:៥១
លោក​នាយក​រដ្ឋមន្ត្រី​អភិស៊ីទ​ថ្លែង​ទៅកាន់​ប្រជាជនថៃ​​នៅ​ថ្ងៃទី​២១​ឧសភា​ឆ្នាំ២០១០
លោក​នាយក​រដ្ឋមន្ត្រី​អភិស៊ីទ​ថ្លែង​ទៅកាន់​ប្រជាជនថៃ​​នៅ​ថ្ងៃទី​២១​ឧសភា​ឆ្នាំ២០១០ ©REUTERS/Stringer

ប្រទេសថៃ​កំពុង​ព្យាបាល​មុខរបួស​របស់ខ្លូន​ ក្រោយពី​មាន​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​ ៨៦នាក់​និង​របួស​១ ៩០០នាក់​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​​ និង​ក្រោយ​ពី​បាន​តំចាត់​បាតុករ​អាវ​ក្រហម​ចេញ​ពី​កណ្តាល​ទីក្រុង​បាងកក។​ លោក​នាយក​រដ្ឋ​មន្ត្រី​អភិស៊ីទ​បាន​ជំរុញ​ឲ្យ​មាន​ការចរចា​និង​ការ​ ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ដើម្បី​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើងវិញ។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ការ​ប្រយុទ្ធ​គ្នា​ បញ្ហា​ជា​ច្រើន​នៅ​រង់​ចាំ​ការ​ដោះ​ស្រាយ​ពី​សំ​ណាក់​អ្នក​ដឹកនាំ​ថៃ។​ បញ្ហា​ទាំងនោះ​មាន​ជា​អាទិ៍​ ការ​បែកបាក់​គ្នា​យ៉ាង​​ស៊ី​ជម្រៅ​នៅ​ក្នុង​សង្គម​ថៃ​បច្ចុប្បន្ន​ដែល​បណ្តាល​មក​ពី​វិសមភាព​​សង្គម។​ វិសមភាព​សង្គម​ដែល​កើត​ចេញ​ពី​ការ​ចែកចាយ​ផ្លែផ្កា​នៃ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សម្បត្តិ​ទ្រព្យ​ប្រទេស​ជាតិ​ជូន​ប្រជាជន​ថៃ​គ្រប់​ស្រទាប់​វណ្ណៈ​ពុំ​ប្រកប​ដោយ​យុត្តិធម៌​ ដែល​នាំឲ្យ​អ្នកមាន​ដែល​​រស់​នៅ​ក្នុង​ទីក្រុង​ចេះ​តែ​មាន​ទៅ​ ហើយ​អ្នកក្រ​ដែល​រស់​នៅ​តាម​ជនបទ​ចេះ​តែ​ក្រ​ទៅ។​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​លឿន​ស្លេវ​នៃ​ប្រ​ទេស​​ថៃ​នារយៈ​៣០ប្លាយ​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​គម្លាត​រវាង​អ្នកមាន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ដែល​ភាគ​ច្រើន​ជា​អ្នក​គាំ​ទ្រ​ពួក​អាវ​លឿង​ ហើយ​និង​អ្នក​ក្រ​ដែល​រស់​នៅ​តាម​ជនបទ​នៅ​ប៉ែក​ខាង​ជើង​និង​ប៉ែក​ឦសាន​នៃ​ប្រទេស​ដែល​ភាគ​ច្រើន​ជា​អ្នក​គាំ​ទ្រ​ពួក​អាវ​ក្រ​ហម​ឃ្លាត​គ្នា​កាន់តែ​ឆ្ងាយទៅៗ។​ បន្ថែម​ពី​លើ​នេះ​ អំពើ​ពុក​រលួយ​ស៊ី​រូង​សង្គម​ថៃ​កាន់​តែ​ជ្រៅទៅៗ​ ក៏​ជា​កត្តា​មួយទៀត​មក​ជួយ​ពង្រីក​គម្លាត​និង​ធ្វើ​ឲ្យ​សង្គម​បែកបាក់​កាន់តែ​ខ្លាំងឡើងៗ។

 
វត្ថុ​ធាតុ​បំផ្ទុះ​សង្គម​អស់​ទាំងនេះ​ហើយ​ដែល​ផ្តុំ​ប្រមូល​គ្នា​បន្តិច​ម្តងៗ​បង្ក​បង្កើត​ឲ្យ​ចេញ​ជា​ចលនា​អាវ​ក្រហម​ដើម្បី​សម្តែង​បញ្ចេញ​កំហឹង​របស់​ប្រជាជន​ថៃ​អ្នក​ក្រ​នៅ​ចំ​កណ្តាល​ទីក្រុង​បាងកក។​ ដូច្នេះ​បញ្ហា​ទាំង​ប៉ុន្មាន​ដែល​អ្នក​ដឹក​នាំ​ថៃ​ពុំ​បាន​ដោះ​ស្រាយ​មុន​ពេល​បាតុកម្ម​អាវ​ក្រហម​នៅ​សង្កាត់​ពាណិជ្ជកម្ម​នៃ​ទីក្រុង​បាងកក​ គឺ​នៅ​មាន​ដដែល​ ក្រោយ​ពី​ពួក​អាវក្រហម​ត្រូវ​ចាកចេញ។​ បើ​អ្នក​ដឹកនាំ​ថៃ​ពុំ​ចង់​ឃើញ​បាតុកម្ម​បែបនេះ​កើត​មាន​ទៀត​ គេ​ត្រូវ​តែ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​បញ្ហា​អយុត្តិធម៌​សង្គម​នេះ​ឲ្យ​បាន។​ បើ​ពុំ​នោះ​សោត​ទេ​ បញ្ហា​អស្ថិរភាព​សង្គម​អាច​កើត​មាន​ទៀត​នៅ​ប្រទេស​ថៃ។​ ដូច​ពាក្យ​ចាស់​លោក​ថា​គ្មាន​”​យុត្តិធម៌​”​ទេ​ “​សន្តិភាព​”​ក៏​គ្មាន​ដែរ​( Point de Paix sans Justice )។

សង្គម​ថៃ​បាន​បែកបាក់​ជា​ពីរ​ក្រុម​ធំៗ​យ៉ាង​ជាក់​ច្បាស់​ ពោល​គឺ​ពួក​អ្នក​គាំទ្រ​អាវ​ក្រហម​និង​ពួក​អ្នក​គាំទ្រ​អាវ​លឿង។​ ដូច្នេះ​ដើម្បី​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើងវិញ​ ថ្នាក់​ដឹកនាំ​ថៃ​ត្រូវ​តែ​ចាំបាច់​រិះរក​ឲ្យ​បាន​នូវ​រូបមន្ត​មួយ​សម្រាប់​បង្រួប​បង្រួម​ជាតិ។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ​អភិស៊ីទ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា​ ក្រោយពី​បាន​ប្រឈម​មុខ​ទល់​នឹង​វិបត្តិ​ដ៏​សែន​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​ ហើយ​និង​ក្រោយ​ពី​បាន​រៀបចំ​ឲ្យ​មាន​របៀប​រៀបរយ​នៅ​ក្នុង​ទីក្រុង​បាងកក​ យើង​ទាំង​អស់គ្នា​ត្រូវតែ​ជំនះ​ឲ្យ​បាន​ទៅលើ​ឧបសគ្គ​នៃ​ការ​បែកបាក់​ប្រេះឆា​នៅ​ក្នុង​សង្គម​ជាតិ​យើង។

គួរកត់​សម្គាល់ថា​ ចាប់តាំង​ពី​មាន​បាតុកម្ម​របស់​ពួក​អាវ​ក្រហម​នៅ​កណ្តាល​ទីក្រុង​បាងកក​តាំងពី​ពាក់​កណ្តាល​ខែ​មីនា​មក​ មាន​មនុស្ស​ស្លាប់​យ៉ាងតិច​៨៦នាក់​និង​របួស​ប្រមាណ​១ ៩០០នាក់។

រីឯ​ពួក​អាវក្រហម​ដែល​បាន​ត្រូវ​យោធា​បង្ក្រាប​និង​កំចាត់​ចេញ​ពី​ទី​ក្រុង​​បាងកក​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​ចាញ់​ការ​ប្រយុទ្ធ​តទល់​គ្នា​មួយ​ឈុត​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​ពួក​គេ​នៅ​ពុំ​ទាន់​ចាញ់​សង្គ្រាម​នៅ​ឡើយ​ទេ។

បើយោង​តាម​តួ​លេខ​បាន​មកពី​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹងថា​ ក្នុង​ចំណោម​ប្រជាជន​ថៃ​៦៧លាន​នាក់​ ប្រជាជន​ថៃ​អ្នកមាន​ជាងគេ​ប្រមាណ​២០%​បាន​ក្តោប​ក្តាប់​សម្បត្តិ​ធនធាន​ប្រទេស​ជាតិ​ដល់ទៅ​៥៥%។​ រីឯ​ប្រជាជន​ថៃ​អ្នកក្រ​ជាងគេ​២០%​វិញ​ ក្តោប​ក្តាប់​បាន​តែ​៤%​តែ​ប៉ុណ្ណោះ​នៃ​សម្បត្តិ​ធនធាន​ប្រទេស​ជាតិ។

ការខូចខាត​ក្រោយពី​មាន​ការ​ដុត​បំផ្លាញ​ធនាគារ​និង​អាគារ​ពាណិជ្ជកម្ម​អាច​មាន​ដល់​ទៅ​៤០ពាន់​លាន​បាទ​ឬ​ត្រូវជា​១ ២០០​លាន​ដុល្លារ។​ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ថៃ​បាន​ព្រមាន​កុំ​ឲ្យ​គេ​ផ្សព្វ​ផ្សាយ​រូបថត​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ខូចខាត​ទាំងនោះ​ ដើម្បី​កុំ​បង្ក​ឲ្យ​មាន​ផលវិបាក​ដល់​វិស័យ​ទេសចរណ៍។​ វិស័យ​ទេសចរណ៍​ដែល​តំណាង​ប្រមាណ​៦%​នៃ​ផលិតផល​សរុប​ក្នុង​ប្រទេស។

នៅ​ចំពោះមុខ​ស្ថានការណ៍​នយោបាយ​ថៃ​បច្ចុប្បន្ន​នេះ​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់​ថា​អាស៊ាន​បាន​ប្រកាស​ថ្លែង​កាល​ពី​​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា​ “សន្តិភាព”​និង​”ស្ថិរភាព”​នៅ​ប្រទេស​ថៃ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។

គួរកត់​សម្គាល់ថា​ នេះ​ជា​លើកទី​មួយ​ហើយ​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​បែប​នេះ​ជ្រាត​ជ្រែក​ចូល​បញ្ហា​ផ្ទៃ​ក្នុង​នៃ​ប្រទេស​មួយ​ដែល​ជា​សមាជិក​របស់​ខ្លួន។

ចំណែកឯ​ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប​លោក​ស្រី​Catherine Ashton បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ការ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​គឺ​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​កសាង​អភិវឌ្ឍ​ប្រទេស​ថៃ​ឡើងវិញ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI