របាយការណ៍​ឆ្នាំ២០១០​របស់​អង្គកាAmnesty International

សំឡេង ០៦:២៩
ស្លាកសញ្ញា​នៃ Amnesty International, និង​ Human Rights Watch,
ស្លាកសញ្ញា​នៃ Amnesty International, និង​ Human Rights Watch, ©RFI

របាយការណ៍​ឆ្នាំ២០១០​របស់​អង្គការ​Amnesty International បាន​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​ឆ្នាំ២០០៩​នៅ​ក្នុង​ប្រ​ទេស​​ចំនួន​១៥៩​នៅលើ​លោក​យើងនេះ។​ របាយ​ការណ៍​​ប្រចាំ​ឆ្នាំ​នេះ​បាន​គូស​បញ្ជាក់​ថា​ សិទ្ធិមនុស្ស​នៅតែ​បានត្រូវ​គេ​រំលោភ​ អំពើ​ហិង្សា​និង​​ការ​ប្រកាន់​រើសអើង​នៅ​តែមាន។​ ក៏​ប៉ុន្តែ​របាយការណ៍Amnesty International​បាន​សរសើ​រ​ដល់​ការ​វិវត្តន៍​ទៅមុខ​នៃ​ការ​ប្រយុទ្ធ​តស៊ូ​ ដើម្បី​​ការពារ​សិទ្ធិមនុស្ស។​ ដោយ​ហេតុថា​ បច្ចុប្បន្ន​នេះ​អ្នក​ដែល​បាន​​រំលោភ​សិទ្ធិមនុស្ស​និង​បាន​ប្រព្រឹត្ត​អំពើ ​ឧក្រិដ្ឋកម្ម​មាន​ការ​ពិបាក​នឹង​គេច​រួច​ពី​តុលាការ​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​អាស៊ី​ពុំ​មាន​ការ​វិវត្តន៍​ល្អ​ប្រសើរ​ឡើយ​នៅ​ឆ្នាំ២០០៩​កន្លង​ទៅ​ នេះ​បើ​យោង​តាម​របាយការណ៍​ឆ្នាំ២០១០​របស់​អង្គការAmnesty International​ដែល​បាន​ចេញ​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​លើ​ពិភពលោក​បាន​ធ្វើការ​កត់​សម្គាល់​ថា​ រដ្ឋាភិបាល​ជា​ច្រើន​ប្រទេស​បាន​ធ្វើការ​ខាឃាំង​ពុំ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​វិវត្ត​ទៅ​រក​ភាព​ល្អ​ប្រសើរ​ ដោយ​ពួកគេ​ពុំ​ព្រម​ទទួល​ស្គាល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ឬ​ក៏​ពួកគេ​បាន​រិះរក​មធ្យោបាយ​ជួយ​ការពារ​កុំ​ឲ្យ​សម្ពន្ធមិត្ត​របស់​គេ​ឆ្លងកាត់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

អង្គការ​Amnesty International​បាន​រៀបរាប់​យ៉ាង​ក្បោះ​ក្បាយ​ឲ្យ​ដឹង​ពី​ស្ថានភាព​និង​បញ្ហា​នៃ​​ជន​ភៀសខ្លួន​ដែល​មាន​កាន់តែ​ច្រើនឡើងៗ​នៅ​តាម​ព្រំដែន​អាហ្វហ្កានិស្តង់​និង​ប៉ាគីស្តង់។​ អំពើ​ហិង្សា​និង​ការ​បាញ់​សម្លាប់​រង្គាល​នៅ​សប្តាហ៍​ចុងក្រោយ​នៃ​សង្គ្រាម​នៅ​កោះ​សេរី​លង្កា​រវាង​ទ័ព​រដ្ឋាភិបាល​និង​ពួក​ខ្លារំដោះ​តាមូល។

នៅ​អាស៊ី-ប៉ាស៊ីហ្វិក​រដ្ឋាភិបាល​ចិន​បាន​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើងៗ​​ទៅលើ​ក្រុម​អ្នក​ប្រឆាំង​និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​ នៅ​ប្រទេស​ភូមា​ឯណោះ​ របបសឹក​ភូមា​នៅ​តែ​បន្ត​តាម​ធ្វើទុក្ខ​បុក​ម្នេញ​ពួក​អ្នក​ប្រឆាំង។​ ហើយ​ប្រទេស​ភូមា​មាន​អ្នកទោស​នយោបាយ​ប្រមាណ​២ ១០០នាក់។​ ក្នុង​ចំណោម​នោះ​មាន​លោក​ស្រី​អ៊ុងសាន​ស៊ឺជី​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព។

អង្គការAmnesty Internationalបាន​កត់​សម្គាល់​ទៀតថា​ សម្ពាធ​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ទៅលើ​ប្រទេស​ចិន​បាន​ធ្លាក់​ស្រុតចុះ​បន្តិចម្តងៗ​ នៅ​ខណៈ​ដែល​អានុភាព​របស់​ប្រទេស​ចិន​កើន​កាន់តែ​ខ្លាំងឡើងៗ​នៅលើ​ឆាក​នយោបាយ​និង​នៅលើ​ឆាក​សេដ្ឋកិច្ច​ពិភពលោក។

ក៏​ប៉ុន្តេ​គេ​កត់​សម្គាល់​ឃើញ​មាន​ការ​រីក​ចម្រើន​បង្គួរ​ដែរ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។​ ដោយ​ហេតុ​ថា​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(​អាស៊ាន​)​បាន​ផ្តល់​សច្ចាប័ន​ទៅ​ឲ្យ​កតិកាសញ្ញា​មួយ​ដែល​គ្រោង​បង្កើត​ឲ្យ​មាន​ទីភ្នាក់​ងារ​ការពារ​សិទ្ធិ​មនុស្ស។

នៅ​តំបន់​ដើម​បូព៌ា​និង​នៅ​អាហ្វ្រិក​ខាងជើង​ រដ្ឋាភិបាល​ខ្លះ​ដូច​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ ប្រទេស​ស៊ីរី​និង​ប្រទេស​ទុយ​នីស៊ី​តែង​បដិសេធ​ពុំ​ព្រម​ឲ្យ​មាន​ការ​ទិតៀន​ពី​សំណាក់​អ្នក​ប្រឆាំង​ឡើយ។​ នៅ​ប្រទេស​អៀរ៉ង់​វិញ​ ក្រុម​អ្នក​ប្រឆាំង​តែង​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​រដ្ឋ​អំណាច​ដែល​វាយ​បង្ក្រាប​អ្នក​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ដែល​ក្រុម​អ្នក​ប្រឆាំង​ចោទថា​មាន​ការ​លួច​បន្លំ​ពី​សំណាក់​អ្នក​កាន់​អំណាច​បច្ចុប្បន្ន។

Amnesty Internationalបាន​បញ្ជាក់​ទៀតថា​ ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​អាហ្វ្រិក​ជា​ច្រើន​ឆ្លុះ​បញ្ជាំង​ឲ្យ​ឃើញ​ពី​ »​កង្វះ​ឆន្ទៈ​នយោបាយ​ »​នៃ​អ្នកដឹកនាំ​អាហ្វ្រិក​មួយ​ចំនួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វប្បធម៌​នៃ​និទណ្ឌភាព។​ « ​ពាក្យ​សំដី​ »​និង​ »​​ទង្វើ​ »​នៃ​អ្នក​ដឹកនាំ​អាហ្វ្រិក​មាន​គម្លាត​ឃ្លាត​ពី​គ្នា​ឆ្ងាយ​ណាស់។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​នៃ​សហភាព​អាហ្វ្រិក​ធ្វើ​គរ​ធ្វើ​ថ្លង់​នៅ​ចំពោះ​មុខ​ដីកា​ដែល​ចេញ​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​ចាប់​ខ្លួន​លោក​ប្រធានា​ធិបតី​Omar el-Béchir នៃ​ប្រទេស​ស៊ូដង់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ ​ទាំងនេះ​បាន​ធ្វើឲ្យ​អង្គការ​Amnesty International​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង។

អំពើ​ហិង្សា​ប្រព្រឹត្ត​ទៅលើ​ប្រជាជន​ស៊ីវិល​តែង​មាន​ជានិច្ច​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក។​ រាប់​រយ​ឃាតកម្ម​ទៅលើ​ប្រជា​ជន​ស៊ីវិល​បាន​ត្រូវ​គេ​កត់​សម្គាល់​ឃើញ​មាន​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​​ មាន​ដូចជា​នៅ​ប្រទេស​ប្រេស៊ីល​ ប្រទេស​កូឡុំប៊ី​ ឬ​ប្រទេស​ម៉ិចស៊ិច។​ ទង្វើ​ខុស​ច្បាប់​និង​អមនុស្សធម៌​ទាំង​នេះ​ក៏​បាន​ត្រូវគេ​សម្គាល់​ឃើញមាន​ដែរ​នៅ​ប្រទេស​អាហ្វ្រិក​ដូចជា​ប្រទេស​ហ្គីណេ​និង​ប្រទេស​ម៉ាដាហ្កាស្កា។

ចំណែកឯ​សហគមន៍​Roms ​នៅ​អឺរ៉ុប​ក៏​នៅ​តែ​ទទួល​រងគ្រោះ​នឹង​ការ​ប្រកាន់​រើស​អើង​ បាន​ត្រូវគេ​មើល​ងាយ​មើលថោក​ ពុំ​គោរព​សេចក្តី​ថ្លៃថ្នូរ​ជា​មនុស្ស​ដូចគេ​ដូចឯង។​ ប្រជាជន​Roms គ្មាន​លំនៅ​ដ្ឋាន​នៅ​សមរម្យ​ គ្មាន​មធ្យោបាយ​ឲ្យ​កូនចៅ​ទៅ​រៀនសូត្រ​បាន​ត្រឹមត្រូវ។

នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​Amnesty International​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចំនួន៧​ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​G20 ​ដែល​ក្នុងនោះ​មាន​សហរដ្ឋ​អាមេរិក​ ប្រទេសចិន​ និង​ប្រទេស​រុស្ស៊ី​ ប្រទេស​ឥណ្ឌា​ ប្រទេស​ឥណ្ឌូនេស៊ី​ ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ ប្រទេស​ទួរគី​ឲ្យ​ទទួល​ស្គាល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។​ ទាំងនេះ​ក្នុង​នាម​នៃ​គោលការណ៍​ដែល​ចង់​បញ្ជាក់​ប្រាប់​ថា​​គ្មាន​នរណា​អាច​ឋិត​នៅ​ពី​លើ​ »​ច្បាប់​ »​បាន​ឡើយ។

រីឯ​វត្តមាន​ជា​លើក​ទីមួយ​នៃ​អ្នក​សង្កេត​ការណ៍​អាមេរិក​នៅ​មហា​សន្និបាត​ប្រចាំឆ្នាំ​នៃ​ប្រទេស​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ២០០៩​ បាន​ត្រូវ​ អង្គការ​Amnesty International​ចាត់​ទុកថា​ ជា​កាយវិការ​មួយ​ដ៏​សែន​សំខាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI