ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទីផ្សារ​ភាគហ៊ុន​ដាំ​ក្បាល តម្លៃ​លុយ​អឺរ៉ូ​ដាំដូង

សំឡេង ០៦:១៦
លោក Nicolas Sarkozy (ឆ្វេង) et លោកស្រី​ Angela Merkel (ស្តាំ)នឹង​ជួប​ប្រជុំ​គ្នា​នៅ​ល្ងាច​ថ្ងៃទី ៧ មិថុនា ២០១០
លោក Nicolas Sarkozy (ឆ្វេង) et លោកស្រី​ Angela Merkel (ស្តាំ)នឹង​ជួប​ប្រជុំ​គ្នា​នៅ​ល្ងាច​ថ្ងៃទី ៧ មិថុនា ២០១០ REUTERS/Michel Euler

ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​ដែល​ទើប​​បិទទ្វារ​ប៉ុន្មាន​ ម៉ោង​មុន​នេះ បាន​ដាំ​ក្បាល​ស្រុត​ចុះ​ខ្លាំង។ ទីផ្សារ​ភាគហ៊ុន​នៅ​អឺរ៉ុប​ឯ​ណេះ ដែល​នឹង​បិទទ្វារ ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ ក៏​កំពុង​ដាំ​ក្បាល​ដែរ ហើយ​តាម​មើល​ទៅ ទីផ្សារ​ភាគហ៊ុន​អាមេរិក​ដែល​ទើប​តែ​ចាប់​ផ្តើម​បើក​ទ្វារ ក៏​នឹង​ច្បាស់​ជា​ដួល​ដាំ​ដូង ដូច​គ្នា​អ៊ីចឹង​ដែរ។ ទន្ទឹម​ជា​មួយ​គ្នា​នេះ លុយ​អឺរ៉ូ​ក៏​បាន​បាត់បង់​តម្លៃ​មិន​តិច​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​លុយ​ដុល្លារ​អាមេរិក។តើ​អ្វី​ទៅ​មូលហេតុ​សំខាន់​នៃ​ការ​ស្រុត​ចុះ​ដំណាល​ គ្នា​នៃ​ទីផ្សារ​ភាគហ៊ុន​និង​នៃ​លុយ​អឺរ៉ូ​នៅ​ថ្ងៃ​ចន្ទ​ទី​៧​មិថុនា​នេះ?

ផ្សាយពាណិជ្ជកម្ម

ការ​ស្រុត​ចុះ​នៃ​ទីផ្សារ​ភាគហ៊ុន និង​ការ​ស្រុត​ចុះ​នៃ​តម្លៃ​លុយ​អឺរ៉ូ នៅ​ថ្ងៃ​នេះ វា​ជា​រឿង​ចៃដន្យ​មួយ​តែ​ប៉ុណ្ណោះ បាន​ន័យ​ថា វា​មិន​ពិត​ជា​បណ្តាល​មក​ពី​មូលហេតុ​និង​កត្តា​ដូចគ្នា​នោះ​ទេ។ទីផ្សារ​ ភាគហ៊ុន​បាន​នាំ​គ្នា​ដាំ​ក្បាល​នៅ​ថ្ងៃ​នេះ គឺ​ដោយហេតុ​តែ​ទីផ្សារ​មិន​ទុក​ចិត្ត​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក ក្រោយ​ពី​មាន​ព័ត៌មាន​មិន​ល្អ​ចំនួន​ពីរ​ដែល​បាន​ធ្លាក់​មក​ដល់​តាំង​ពី​ ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ម្ល៉េះ។

ព័ត៌មាន​មិន​ល្អ​ទី​មួយ​គឺ ការ​ចេញ​ផ្សាយ​តួលេខ​នៃ​ស្ថានភាព​ការងារ​នៅ​សហរដ្ឋអាមេរិក សម្រាប់​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០១០​នេះ។ តួលេខ​នោះ បាន​បង្ហាញ​ថា អាមេរិក​បង្កើត​បាន​ការងារ​តែ​៤៣១ ០០០​កន្លែង​តែ​ប៉ុណ្ណោះ បាន​ន័យ​ថា តិច​ជា​ការ​គ្រោង​ទុក។ ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត គឺ​៩៥​ភាគ​រយ​នៃ​ការងារ​ថ្មីៗ​ទាំង​នេះ សុទ្ធសឹង​ជា​ការងារ​មិន​ជាប់លាប់ ជា​ការងារ​បណ្តោះ​អាសន្ន​ដែល​មាន​មូលដ្ឋាន​នៅ​លើ​កិច្ច​សន្យា​រយៈ​កាល​ខ្លី។

រីឯ​ព័ត៌មាន​មិន​ល្អ​ទី​ពីរ ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​ស្រុត​ចុះ នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​ស្ថានភាព​នៃ​ប្រទេស​ហុងគ្រី(Hongrie) ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប តែ​មិន​ទាន់​ចាយ​លុយ​អឺរ៉ូ​នៅ​ឡើយ​ទេ។ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន រដ្ឋាភិបាល​ប្រទេស​ហុងគ្រី​ខ្លួន​ឯង​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​នូវ​ឱនភាព​ ធ្ងន់ធ្ងរ​នៃ​ថវិកា​ជាតិ ដោយហេតុ​តែ​បំណុល​សាធារណៈ​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​ពេក។ និយាយ​បែប​ផ្សេង ទីផ្សារ​ភាគហ៊ុន​អន្តរជាតិ នាំ​គ្នា​ផ្អើល​ខ្លាច​ហុងគ្រី​គ្មាន​លុយ​សង​បំណុល ដូច​ប្រទេស​ក្រិក(Grèce)ដែរ។ ហើយ​តាម​មើល​ទៅ គឺ​ស្ថានភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិន​នឹងន​ល្អ​នៃ​ប្រទេស​ហុងគ្រី​ នេះ​ហើយ ដែល​បាន​បណ្តាល​ឲ្យ​ប្រាក់​អឺរ៉ូ​បាត់បង់​តម្លៃ​ខ្លាំង នៅ​ចំពោះ​មុខ​លុយ​ដុល្លារ គឺ​១​អឺរ៉ូ​ដូរ​បាន​តែ​១ដុល្លារ​១៩​សេន​តែ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ចន្ទ​នេះ។

អឺរ៉ុប​បង្កើន​បំណុល តែ​មិន​បង្កើន​កំណើន​សេដ្ឋកិច្ច​

ហុងគ្រី​មិន​ចាយ​ប្រាក់​អឺរ៉ូ​មែន​ពិត តែ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។ ហើយ​សព្វ​ថ្ងៃ​នេះ សហភាព​អឺរ៉ុប ជា​តំបន់​ដែល​បាន​បាក់​កម្លាំង​ខ្លាំង​ជាង​គេ ដោយហេតុតែ​វិបត្តិ​សេដ្ឋកិច្ច​សកល។ ក៏​ដូច​សហរដ្ឋ​អាមេរិក​ដែរ បណ្តា​ប្រទេស​អឺរ៉ុប​បាន​បង្កើន​ប្រាក់​បំណុលសាធារណៈ​របស់​ពួក​គេ ដោយ​បាន​ខ្ចី​ពី​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ ដើម្បី​តុបតែង​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ជាហេតុ​បង្កឲ្យ​ឱនភាពថវិកា​របស់​បណ្តា​ប្រទេស​ទាំង​អស់​នេះ​មាន​លក្ខណៈ​ ធ្ងន់ធ្ងរ​លើស​ដើម។ ក៏ប៉ុ​ន្តែ នៅទីបំផុត សេដ្ឋកិច្ច​របស់​អឺរ៉ុប​នៅ​តែ​មិន​កើន​ខ្លាំង។ ជា​មធ្យមភាគ សេដ្ឋកិច្ច​របស់​ប្រទេស​អឺរ៉ុប​នីមួយៗ កើន​មិន​បាន​១​ភាគ​រយ​ល្អ​ផង នៅ​ត្រីមាស​ ទី​មួយ​នៃ​ឆ្នាំ​២០១០​នេះ បាន​ន័យ​ថា​ទាប​ជាង​គេ បើ​គេ​ធៀប​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ចិន របស់​ជប៉ុន​ឬ​របស់​សហរដ្ឋអាមេរិក។

កំណើន​សេដ្ឋកិច្ច​មិន​ខ្លាំង បូក​ជាមួយ​នឹង​ឱនភាព​សាធារណៈ​ធ្ងន់ធ្ងរ​ឡើង​ជា​លំដាប់​របស់​រដ្ឋ​នីមួយៗ​ ក្នុង​សហភាព​អឺរ៉ុប ធ្វើ​ឲ្យ​ប្រទេស​សមាជិក​ខ្លះ ដូច​ជា​ប្រទេស​ក្រិក​(Grèce) និងឥឡូវនេះប្រទេសហុងគ្រីទៀត អាចនឹងគ្មាន​លុយ​សង​បំណុល ជាហេតុ​ញ៉ាំង​ឲ្យ​ទីផ្សារ​ភាគ​ហ៊ុន​អន្តរជាតិ​ឈប់​ទុក​ចិត្ត​អឺរ៉ុប នាំ​គ្នា​លក់​លុយ​អឺរ៉ូ​ចោល។ អ៊ីចឹង​ហើយ បាន​ជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លុយ​អឺរ៉ូ​បាន​និង​កំពុង​បន្ត​បាត់បង់​តម្លៃ​របស់​វា នៅ​ចំពោះ​មុខ​លុយ​ដុល្លារ។

មិន​តែ​ប៉ុណ្ណោះ កាល​ពី​ម្សិលមិញ នៅ​លើ​ទំព័រ​នៃ​កាសែត​អង់គ្លេស Sunday Telegraph សេដ្ឋវិទូល្បីៗជាង១០នាក់បានអះអាងថាក្នុងរយៈកាល៥ឆ្នាំខាងមុខនេះតំបន់ប្រើប្រាស់លុយអឺរ៉ូនិងលុយអឺរ៉ូខ្លួនឯងអាចនឹងប្រែប្រួលផ្លាស់ប្តូររូបភាពនិងរូបរាងរបស់វា។ការអះអាងយ៉ាងដូច្នេះរបស់សេដ្ឋវិទូទាំងនេះក៏ប្រហែលជាមូលហេតុដែលបានបណ្តាលឲ្យលុយអឺរ៉ូធ្លាក់ចុះដែរ។

ជំហរ​សេដ្ឋកិច្ច​មិន​ដូច​គ្នា​រវាង​ បារាំង​និង​អាល្លឺម៉ង់​

នៅថ្ងៃនេះនៅទីក្រុង​Berlin លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​Angela Merkel ត្រូវ​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតីបារាំង​Nicolas Sarkozy។
តាម​​ពិត ជំនួប​កំពូល​រវាង​បារាំង​និង​អាល្លឺម៉ង់​ដែល​ទាំង​ពីរ​ប្រទេស​ជា​ក្បាល​រទេះ ​ភ្លើង​នៃ​សហភាព​​អឺរ៉ុប គ្រោង​ធ្វើ​ឡើង​ដើម្បី​រៀប​ចំ​ជំនួប​កំពូល​G8 និង​ជំនួប​កំពូល​G20 នា​ចុង​ខែ​មិថុនា​នេះ នៅ​ប្រទេស​កាណាដា(Canada)។

ក៏ប៉ុន្តែលោកស្រី​Merkel និង​លោក​Sarkozy ក៏​ច្បាស់​ជា​ចៀស​មិន​រួច​ពី​លើក​មក​ពិភាក្សា​គ្នា​ដែរ វិបត្តិ​សេដ្ឋកិច្ច​ថ្មី​មួយ​នេះ នៅ​ក្នុង​សហភាព​អឺរ៉ុប​និយាយ​ជា​ទូទៅ និង​នៅ​ក្នុង​តំបន់​ប្រើ​ប្រាស់​លុយ​អឺរ៉ូ និយាយ​ដោយ​ឡែក។ សហភាព​អឺរ៉ុប​ដឹង​ថា បើ​គ្មាន​ជំហរ​រួម​គ្នា​មួយ​ទេ និង​បើ​គ្មាន​នយោបាយ​សេដ្ឋកិច្ច​មួយ​រួម​គ្នា​ទេ ពោល​គឺ​បើ​គ្មាន​អភិបាលកិច្ច​រួម​គ្នា​មួយ​នៅ​លើ​វិស័យ​សេដ្ឋកិច្ច​ទេ​រវាង​ សមាជិក​ទាំង​អស់​របស់​អឺរ៉ុបទេ សហភាព​អឺរ៉ុប​និង​លុយ​អឺរ៉ូ​ខ្លួន​ឯង​នឹង​ចេញ​មិន​រួច​ពី​វិបត្តិ​ថ្មី​នេះ​ បាន​ទេ។

គួរ​ជម្រាប​ថា​ក្នុង​ខណៈ​នេះ ជំហរ​របស់​ទីក្រុង​Berlin និង​ជំហរ​របស់​ទីក្រុង​Paris មិន​សូវ​ជា​ស៊ី​ចង្វាក់​គ្នា​ល្អ​ទេ។ លោកស្រី​Merkel ចង់​ឲ្យ​គ្រប់​ប្រទេស​សមាជិក​របស់​សហភាព​អឺរ៉ុប អនុវត្ត​ជា​អាទិភាព​និង​ជាបន្ទាន់ នយោបាយ​ត្បិតត្បៀត​កាត់​បន្ថយ​ប្រាក់​ចំណាយ។ នៅ​ក្នុង​ន័យ​នេះ កាល​ពី​ម្សិលមិញ រដ្ឋាភិបាល​របស់​លោកស្រី​Merkel បាន​តុបតែង​ឡើង​នូវ​ផែនការ​ត្បិតត្បៀត​មួយ ដែល​តម្រូវ​ឲ្យ​ប្រទេស​អាល្លឺម៉ង់ កាត់​បន្ថយ​ប្រាក់​ចំណាយ​ឲ្យ​បាន​៣​ម៉ឺន​ពាន់​លាន​ដុល្លារ ពី​ពេល​នេះ​រហូត​ទៅ​ដល់​ឆ្នាំ​២០១៣។

រីឯ​ប្រទេស​បារាំង​វិញ មិន​ទាន់​ហ៊ាន​ប្រើពាក្យ​នយោបាយត្បិតត្បៀត ​ទេ គ្រាន់​តែ​ធ្លាប់​បាន​និយាយ​ហើយ​និយាយ​ទៀត​ថា ពី​អំណើះ​ត​ទៅ រដ្ឋ​ត្រូវ​ចេះ​សំច័យ​លុយ ដើម្បី​កាត់​បន្ថយ​បំណុល​សាធារណៈ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​បារាំង​រារែក​មិន​ទាន់​អនុវត្ត​ផែនការ​ត្បិតត្បៀត​ ប្រាក់​ចំណាយ គឺ​មក​ពី​សេដ្ឋវិទូ​បារាំង​មួយ​ចំនួន​យល់​ឃើញ​ថា នយោបាយ​ត្បិតត្បៀត​ប្រាក់​ចំណាយ​ខ្លាំង​ពេក ក៏​នឹង​អាច​កាត់​បន្ថយ​កំណើន​សេដ្ឋកិច្ច​ដែរ។ ហើយ​យោង​ទៅ​តាម​សេដ្ឋវិទូ​ទាំង​នេះ អ្វី​ដែល​អឺរ៉ុប​ត្រូវការ​ជាង​គេ ក្នុង​ខណៈ​នេះ គឺ​កំណើន​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI