ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គណបក្សប្រឆំាង​លុប​ចោល​ក្បួន​បាតុកម្ម​ប្រឆំាង​លោក Mahmoud Ahmadinejad

សំឡេង ០៦:៤៧
ក្រុម​បាតុករ​អៀរ៉ង់​លើក​បដារូបថត​ប្រមុខបក្សប្រឆំាង​លោក Hossein Moussavi
ក្រុម​បាតុករ​អៀរ៉ង់​លើក​បដារូបថត​ប្រមុខបក្សប្រឆំាង​លោក Hossein Moussavi ©AFP/ Atta Kenare

នៅ​ ថ្ងៃ​សៅរ៍ ទី ១២ មិថុនា ឆ្នំា ២០១០​នេះ ជា​ខួប​គំរប់​មួយ​ឆ្នំា​គត់​នៃ​ការ​ជាប់​ឆ្នោត​ប្រធានាធិបតី​អៀរ៉ង់​ជា​ថ្មី ​របស់​លោក Mahmoud Ahmadinejad។ ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក Ahmadinejad ដែល​បាន​ផ្ទុះ​ឡើង​នូវ​ការ​តវ៉ា​យ៉ាង​ខ្លំាងក្លា​តាមរយៈ​ក្បួនបាតុកម្ម​រៀប​ ចំ​ដោយ​គណបក្ស​ប្រឆំាង។ គណបក្ស​ប្រឆំាង​ដែល​បាន​តវ៉ា​ជំទាស់​ នឹង​លទ្ធផល​ដោយ​លើក​​ឡើង​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ តាម​គម្រោង​នៅ​ថ្ងៃ​នេះ បក្ស​ប្រឆំាង​គ្រោង​រៀប​ចំ​មហាបាតុកម្ម​ជា​ថ្មី​ប្រឆំាង​នឹង​លោក Ahmadinejad តែ​ត្រូវ​បាន​លុប​ចោល​វិញ។

ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​តាមដានព្រឹត្តិការណ៍​នៅ​អៀរ៉ង់គ្រប់មជ្ឈដ្ឋាន ទំាង​អ្នក​នៅ​ក្នុង​ប្រទេស​អៀរ៉ង់ និង​អ្នក​នៅ​ខាង​ក្រៅ​ប្រទេស​អៀរ៉ង់ កំពុង​តែ​តាមដាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ថា​ តើ​នឹង​មាន​អ្វី​កើត ​ឡើង​ នៅថ្ងៃ​សៅរ៍​នេះនៅក្នុងប្រទេសអៀរ៉ង់ ចំ​ថ្ងៃ​ខួប​គំរប់​មួយ​ឆ្នំា​គត់​នៃ​ការ​ជាប់​ឆ្នោត​ប្រធានាធិបតី​អៀរ៉ង់​ជា ​ថ្មី​របស់​លោក Mahmoud Ahmadinejad កាល​ពី​ថ្ងៃ​ទី ១២ មិថុនា ឆ្នំា ២០០៩។

តាម​គម្រោង​នៅ​ថ្ងៃ​នេះ មេដឹកនំា​ពីរ​រូប​របស់​គណបក្សប្រឆំាង និង​ដែល​ជា​អតីត​បេក្ខជន​ប្រធានាធិបតី គឺ​លោក Mir Hossein Mossavi និង​លោក Mehdi Karoubi ត្រូវ​រៀប​ចំ​មហាបាតុកម្ម​មួយ​នៅ​ក្នុង​ទីក្រុង Téhéran ដើម្បី​បន្ត​ប្រឆំាង​នឹង​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក Ahmadinejad កាល​ពី​មួយ​ឆ្នំា​មុន។ តែ​ទីបំផុត ពួក​គេ​បាន​ប្រកាស​លុប​​ចោល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១០ មិថុនា ឆ្នំា ២០១០។ ការ​ប្រកាស​លុប​​ចោល​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​លើ​គេហទំព័រ​របស់​គណបក្ស​ ប្រឆំាង ដោយ​គេ​បាន​លើក​យក​ហេតុផល​ថា ដើម្បី​ចៀសវាង​ការ​បង្ហូរ​ឈាម​គ្នា​ដូច​កាល​ពី​មួយ​ឆ្នំា​មុន។ ប៉ុន្តែ នេះ​គ្រាន់​តែ​ចម្លើយ​ដោះសា​មួយ​ដើម្បី​កុំ​ឲ្យ​បាក់​មុខ មាត់​តែ​ប៉ុណ្ណោះ ព្រោះ​ថា​ការ​ពិត​ទៅ គណបក្សប្រឆំាង​បារម្ភ​ខ្លាច​មាន​ការ​វាយបង្រ្កាប​យ៉ាង​ចាស់​ដៃ​ពី​កំលំាង​ នគរបាល និង​ទាហាន​ដូច​កាល​ពី​មួយ​ឆ្នំា​មុន។

« ថ្លុកឈាម » នេះ​ហើយ​ជា​ពាក្យ​ដែល​រដ្ឋអំណាច​បាន​ព្រមាន​ក្រុម​អ្នក​ ប្រឆំាង​ ប្រសិន​បើ​ពួក​គេ​ហ៊ាន​ចុះ​ផ្លូវ​ ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​ថ្ងៃ​ នេះ។ ការ​ព្រមាន​របៀប​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រមុខ​ឆ្មំា​បដិវត្តន៍​​ អៀរ៉ង់​ផ្ទាល់​តែ​ម្តង។

(ពីឆ្វេង ទៅស្តំា) Mir Hossein Moussavi អតីត​នាយករដ្ឋមន្រ្តី​អៀរ៉ង់, លោក Mehdi Karoubi អតីតប្រធានរដ្ឋសភា​អៀរ៉ង់ និងលោក Mohammad Khatami អតីតប្រធានាធិបតី​អៀរ៉ង់
(ពីឆ្វេង ទៅស្តំា) Mir Hossein Moussavi អតីត​នាយករដ្ឋមន្រ្តី​អៀរ៉ង់, លោក Mehdi Karoubi អតីតប្រធានរដ្ឋសភា​អៀរ៉ង់ និងលោក Mohammad Khatami អតីតប្រធានាធិបតី​អៀរ៉ង់ ©Behrouz Mehri & Atta Kenare/AFP)

គ្មាន​បាតុកម្ម តែ​អំពាវនាវ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ

ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក Mehdi Karoubi អតីត​ប្រធាន​រដ្ឋសភា និង​បាន​ក្លាយ​ជា​មេដឹកនំា​ប្រឆំាង​ម្នាក់​តំាង​ពី​ការ​បោះឆ្នោត​ ប្រធានាធិបតី​អៀរ៉ង់​ក្នុង​ឆ្នំា ២០០៩។ ការ​អំពាវនាវ​លាយ​ឡំ​នឹង​ការ​បរិហារ​ផង លោក Karoubi បាន​ស្នើ​ឲ្យ​របប​ក្រុង Téhéran អនុវត្ត​​នូវ​របប​នយោបាយ​ប្រជាធិបតេយ្យ បើក​ទូលាយ​សិទ្ធិសេរីភាព​សារពត៌មាន សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ រៀប​ចំ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។ ចំពោះ​លោក Mir Hossein Mossavi អតីត​នាយករដ្ឋមន្រ្តី​អៀរ៉ង់​ក្នុង​សម័យ​សង្រ្គាម​អៀរ៉ាក់-អៀរ៉ង់ និង​បាន​ក្លាយ​ជា​មេដឹកនំា​ប្រឆំាង​ម្នាក់​ដែរ បាន​បរិហារ​របប​ក្រុង Téhéran ថា​ជា​របប​ផ្តាច់ការ។ ជា​រួម​នៅ​ថ្ងៃ​នេះ និង​ខុស​ពី​ការ​គិត​ទុក គេ​មិន​ឃើញ​មាន​ព្រឹត្តិការណ៍​តានតឹង​ណា​មួយ​កើត​មាន​នៅ​ក្នុង​ទីក្រុង Téhéran ទេ ហើយ​ការ​ដែល​បក្ស​ប្រឆំាង​បាន​សម្រេច​លុប​​ក្បួន​បាតុកម្ម​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Hillary Clinton សម្តែង​ការ​សោកស្តាយ​យ៉ាង​ពន់​ពេក។

ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​របស់​លោក Mir Hossein Moussavi និង​ក្រុម​នគរបាល នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង Téhéran កាល​ពី​ថ្ងៃ​ទី ២០ មិថុនា ឆ្នំា ២០០៩
ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​របស់​លោក Mir Hossein Moussavi និង​ក្រុម​នគរបាល នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង Téhéran កាល​ពី​ថ្ងៃ​ទី ២០ មិថុនា ឆ្នំា ២០០៩ ©Reuters

ព្រឹត្តិការណ៍បះបោរ​ក្នុង​ឆ្នំា ២០០៩ ជា​និមិត្តរូប​នៃ​ការ​ប្រេះឆា​សង្គម​អៀរ៉ង់

អ្វីៗ​បាន​កើត​មាន​ឡើង​នៅ​ក្រោយ​ការ​ជាប់​ឆ្នោត​ប្រធានាធិបតី​ជា​ថ្មី​របស់​ លោក Mahmoud Ahmadinejad កាល​ពី​ថ្ងៃ​ទី ១២ មិថុនា ឆ្នំា ២០០៩។ ការ​ជាប់​ឆ្នោត​ដែល​ត្រូវ​បាន​អតីត​បេក្ខជន​ប្រធានាធិបតី​ពីរ​រូប​របស់​ គណបក្សប្រឆំាង គឺ​លោក Mir Hossein Mossavi និង​លោក Mehdi Karoubi តវ៉ា​ប្រឆំាង​ដោយ​លើក​​ឡើង​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ការ​ប្រឆំាង​តវ៉ា​ក៏​បាន​ឈាន​ដល់​ការ​រៀប​ចំ​ក្បួន​បាតុកម្ម​នៅ​តាម​ដង​ ផ្លូវ ក្រោម​ការ​អំពាវនាវ​របស់​លោក Mossavi និង​លោក Karoubi ព្រម​ទំាង​មាន​ការ​ចូល​រួម​ពី​បក្ស​ប្រឆំាង​តូចៗ​ប្រមាណ​ជា ១០​ផ្សេង​ទៀត​ផង។ បន្តិច​ម្តងៗ​កាលណោះ ក៏​ស្រាប់​តែ​មាន​លេច​ឡើង​នូវ​​ក្បួន​បាតុកម្ម​មួយ​ទៀត​ដែល​ជា​ក្រុម​អ្នក​ គំាទ្រ​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក Mahmoud Ahmadinejad។ នៅ​ពេល​នោះ ការ​ប៉ះទង្គិច​គ្នា​ក៏​បាន​កើត​មាន​យ៉ាង​ហិង្សា​រវាង​ក្រុម​អ្នក​ប្រឆំាង​ លោក Ahmadinejad និង​ក្រុម​អ្នក​គំាទ្រ​លោក Ahmadinejad។

ព្រឹត្តិការណ៍​វឹកវរ​បាន​កើត​មាន​អស់​ពេល​ជា​ច្រើន​សប្តាហ៍ ដែល​ជម្រុញ​ឲ្យ​រដ្ឋអំណាច​សម្រេច​ប្រើ​កំលំាងបាយ​វាយបង្រ្កាប​យ៉ាង​ចាស់​ដៃ​ លើ​ពួក​អ្នក​ប្រឆំាង ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស ៣៦​នាក់ យោង​តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋអំណាច និង​ជាង ៧០​នាក់ យោង​តាម​តួលេខ​របស់​បក្ស​ប្រឆំាង។ ជា​មួយ​គ្នា​នេះ មាន​បាតុករ​រាប់ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន ដែល​ភាគ​ច្រើន បញ្ចូល​ក្នុង​គុក​ ដោយ​មិន​ចំា​បាច់​ឆ្លង​កាត់​តុលាការ​ទេ។

ពិត​មែន​តែ​ក្បួន​បាតុកម្ម​របស់​បក្ស​ប្រឆំាង​កាលណោះ​​មិន​បាន​ធ្វើ​ឲ្យ​លោក Mahmoud Ahmadinejad ធ្លាក់​ចេញ​ពី​អំណាច​ក៏​ដោយ ក៏​វា​បាន​បន្សល់​ទុក​នូវ​និមិត្តរូប​មួយ​នៅ​ក្នុង​សង្គម​អៀរ៉ង់​ បច្ចុប្បន្ន នោះ​គឺ​ការ​បែកបាក់​គ្នា​​ក្នុង​សង្គម​មួយដែលអៀរ៉ង់មិន​​ធ្លាប់​មាន​ទេចាប់​ តាំង​ពី​បដិវត្តន៍​អៀរ៉ង់ ឆ្នាំ​១៩៧៩​មក។

ការ​ប៉ះទង្គិច​គ្នា​កន្លងមករវាង​ក្រុម​អ្នក​គំាទ្រ និង​ក្រុម​អ្នក​មិន​ គំាទ្រ​លោក​ប្រធានាធិបតី Mahmoud Ahmadinejad បាន​បង្ហាញ​​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ការ​ប្រេះ​ឆា​នៅ​ក្នុង​ សង្គម​អៀរ៉ង់នៅ​ម្ខាងគឺក្រុម​អភិរក្ស​និយម ដែល​ចង់​ឃើញ​អៀរ៉ង់​ប្រកាន់​យក​មាគ៌ា​បដិវត្តន៍និង​​ទំនៀម​ទម្លាប់​សាសនា​ តឹងរ៉ឹង និង​ម្ខាង​ទៀត ដែល​ភាគច្រើន​ជា​យុវជន​និង​បញ្ញវ័ន្ត ចង់​ឃើញ​សង្គម​អៀរ៉ង់​ធ្វើ​ការ​កែប្រែ​ឲ្យ​ទាន់​សម័យកាលផ្តល់​សិទ្ធិសេរីភាព ​ដល់​​ស្រ្តីនិង​បន្ធូរ​បន្ថយ​ភាព​តានតឹង​ជាមួយ​ប្រទេស​លោក​ខាងលិច។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI