ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ធនាគារពិភពលោក​អំពាវនាវ​ចិន​ឲ្យ​ដំឡើង​អត្រាការប្រាក់

សំឡេង ០៥:៣០
ក្រុម​បុគ្គលិក​ធនាគារ​ពិភពលោក
ក្រុម​បុគ្គលិក​ធនាគារ​ពិភពលោក ©www.worldbank.org

នៅ​ថ្ងៃ​សុក្រ ទី១៨ មិថុនា​នេះ ធនាគារ​ពិភពលោក​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចំា​ត្រីមាស​របស់​ខ្លួន​ស្តីពី​ សេដ្ឋកិច្ច​ចិន។ នៅ​ក្នុង​របាយការណ៍​នោះ ធនាគារ​ពិភពលោក​បាន​អំពាវនាវ​រដ្ឋាភិបាល​ក្រុង​ប៉េកំាង​ឲ្យ​ដំឡើង​ អត្រាការប្រាក់​របស់​ខ្លួន។ ធនាគារ​ពិភពលោក​បាន​លើក​យក​ហេតុផល​ថា ដំឡើង​អត្រាការប្រាក់​គឺ​ដើម្បី​កាត់​បន្ថយ​ប្រាក់​កម្ចី និង​ទប់ស្កាត់​គ្រោះថ្នាក់​នៃ​ការ​ផ្ទុះ​ឡើង​នូវ​វិបត្តិ​អចលនទ្រព្យ។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ចិន​កំពុង​បន្ត​មាន និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​កំពុង​បន្ត​ត្រដរ​ខ្យល់។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ជា​ក្តី​បារម្ភ​របស់​សហគមន៍​អន្តរជាតិ និង​របស់​ធនាគារ​ពិភពលោក គឺ​មក​ពី​ចិន​មាន​កំណើន​សេដ្ឋកិច្ច​ខ្លំាង​ជ្រុល។ ចិន​មាន​កំណើន​សេដ្ឋកិច្ច​ហួសហេតុ ដែល​អាច​នឹង​ជះ​ផលអាក្រក់​ដល់​ចិន និង​ឆ្លង​រាលដាល​នៅ​ទូទំាង​ពិភពលោក។ គ្រប់​គ្នា​ធ្លាប់​បាន​ដឹង និង​បាន​ឮ​មិន​ចេះ​ឈប់ឈរ អំពី​មហិទ្ធិឫទ្ធិ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ពិសេស ជួន​ចំ​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ត្រដរ​ខ្យល់ និង​សេដ្ឋកិច្ច​ចិន​នៅ​តែ​ល្អ ជា​មួយ​នឹង​កំណើន​ជិត ៩% ក្នុង​ឆ្នំា ២០០៩ និង​អាច​មាន​រហូត​ដល់​​ជិត ១០% ក្នុង​ឆ្នំា ២០១០។ គឺ​ជា​មួយ​នឹង​នយោបាយ​អត្រាការប្រាក់​ទាប និង​ការ​រក្សា​តម្លៃ​ប្រាក់​យ័ន​ឲ្យ​នៅ​កម្រិត​មួយ​ទាប ហើយ​ថេរ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិកំាង ដែល​បាន​អនុញ្ញាត​ឲ្យ​ចិន​បន្ត​មាន​កំណើន​សេដ្ឋកិច្ច​មក​ទល់​ពេល​បច្ចុប្បន្ន។ អត្រាការប្រាក់​ទាប នំា​ឲ្យ​ក្រុម​អ្នក​វិនិយោគ​ខ្ចី​លុយ​ដើម្បី​បង្កើន​ទុន​វិនិយោគ​របស់​ខ្លួន។ ប្រាក់យ័ន​មាន​តម្លៃ​ថោក ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិកំាង អនុញ្ញាត​ឲ្យ​ផលិតផល​ចិន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ប្រៀប​ជាង​ផលិតផល​របស់​ប្រទេស​ផ្សេង​ទៀត។ ឃើញ​ថា​បន្តិច​ម្តងៗ ប្រទេស​ចិន​បាន​និង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ត្រូវ​ការ​ខ្លួន​កាន់​តែ​ខ្លំាង​ឡើងៗ សេដ្ឋកិច្ច​ពិភពលោក​កំពុង​ពឹងពាក់​លើ​សេដ្ឋកិច្ច​ចិន​ជាង​ពេល​ណាៗ​ទំាង​អស់។ តែ​បញ្ហា​នៅ​ត្រង់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ប៉េកំាង​មិន​បាន​ប្រុង​ប្រយ័ត្ន​ទេ​នោះ ចិន​ខ្លួន​ឯង​ជា​អ្នក​ទទួល​គ្រោះថ្នាក់​នៅ​ថ្ងៃ​ខាង​មុខ។ គ្រោះថ្នាក់​ដែល​កើត​ចេញ​ពី​នយោបាយ​ប្រាក់​យ័ន​ទាប​ជ្រុល ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិកំាង ដែល​នឹង​អាច​ធ្វើ​ឲ្យ​ទីផ្សារ​រូបិយវត្ថុ និង​ពាណិជ្ជកម្ម​ក្នុង​ស្រុក​បាត់បង់​តុល្យភាព។ គ្រោះថ្នាក់​ដែល​កើត​ចេញ​ពី​នយោបាយ​អត្រាការប្រាក់​ទាប ដែល​នឹង​ធ្វើ​មាន​កំណើន​ប្រាក់​កម្ចី និង​ផ្ទុះ​ឡើង​នូវ​វិបត្តិ​អចលនទ្រព្យ។

 

ភ្ញៀវ​កំពុង​រាប់​លុយ​យ័ន​ពេល​យក​ចេញ​ពី​ធនាគារ​ក្រុង​ប៉េកាំង
ភ្ញៀវ​កំពុង​រាប់​លុយ​យ័ន​ពេល​យក​ចេញ​ពី​ធនាគារ​ក្រុង​ប៉េកាំង REUTERS/Stringer

កំណើន​សេដ្ឋកិច្ច​ហួសហេតុ​នំា​ឲ្យ​ផ្ទុះ​វិបត្តិ​អតិផរណា

រដ្ឋាភិបាល​ចិន​តែង​តែ​បដិសេធ​មិន​ព្រម​បោះបង់​ចោល​នយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​តាម​ការ​ទាមទារ​របស់​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​មួយ​ចំនួន មាន​ទំាង​សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប​ទេ។ តែ​ជួន​ចំ​ពេល​ដែល​ការ​នំា​ចេញ និង​នំា​ចូល​របស់​ចិន​កំពុង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លំាង​នោះ កំរិត​អតិផរណា​ក៏​កំពុង​កើន​ឡើង​ក្នុង​អត្រា​មួយ​ខ្ពស់​ស្មាន​មិន​ដល់។ គឺ​ជា​កម្រិត​អតិផរណា​ខ្ពស់​ដែល​ចិន​មិន​ធ្លាប់​ប្រទះ​ទេ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នំា​កន្លង​ទៅ​នេះ។ នៅ​ក្នុង​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ប្រចំា​ត្រីមាស​ទី​២​ឆ្នំា ២០១០ បាន​បញ្ជាក់​ថា កំរិត​អតិផរណា​របស់​ចិន​ក្នុង​ឆ្នំា ២០១០ មាន​ប្រមាណ ៣,៧% ដោយ​អម​ជា​មួយ​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច ៩,៥%។ ដើម្បី​ទប់ស្កាត់​នឹង​វិបត្តិ​អតិផរណា​នេះ រដ្ឋាភិបាល​ចិន​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ដំឡើង​អត្រាការប្រាក់ និង​ទុក​បណ្តោយ​ឲ្យ​តម្លៃ​ប្រាក់យ័ន​របស់​ខ្លួនឡើងចុះទៅតាម​ច្បាប់​ទីផ្សារ​រូបិយប័ណ្ណ។ ត្រង់​ចំណុច​នេះ ចិន​មិនមែន​អនុវត្តន៍តាមការ​ទាមទារ​របស់​បរទេស​ទេ តែដើម្បី​​សម្រប​ទៅ​នឹង​ការ​វិវឌ្ឍន៍​នៃ​​សេដ្ឋកិច្ច​របស់​ខ្លួន។

ឥទ្ធិពល​បណ្តាល​មក​ពី​ការ​ដំឡើង​អត្រាការប្រាក់

សំខាន់ជាងគេគឺសកម្មភាពសេដ្ឋកិច្ចប្រចំាថ្ងៃ ព្រោះ​ថា ទីមួយ៖ បើ​ការប្រាក់​ខ្ពស់ នំា​ឲ្យ​ប្រជាជន​ចិនផ្តើមកាត់បន្ថយការចំណាយប្រចំាថ្ងៃរបស់ខ្លួន ដោយ​ពួក​គេ​នំា​គ្នា​យក​លុយ​ទៅ​សន្សំ​យក​ការប្រាក់ និង​ទីពីរ៖ បើ​ការប្រាក់​ខ្ពស់​អ្នកវិនិយោគ​ក៏​កាត់​បន្ថយ​ការ​ខ្ចី​លុយ​យក​ទៅ​បង្កើន​មុខ​របរ​រកស៊ី​របស់​ខ្លួន​ដែរ។ ក៏​ប៉ុន្តែ តាម​រយៈ​ការ​កាត់បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ និង​ការ​កាត់បន្ថយ​ការ​បោះទុនរកស៊ី​នេះអាច​នឹង​កាត់បន្ថយ​សកម្មភាព​សេដ្ឋកិច្ច​កុំ​ឲ្យ​កើន​ឡើង​ខ្លាំង​ជ្រុលពេកនិង​ក៏​អាច​​ទប់ស្កាត់​​​ការកើន​ឡើង​នៃ​អតិផរណា។មួយវិញទៀត ការ​ដំឡើង​អត្រាការប្រាក់​ក៏​នឹង​ធ្វើ​ឲ្យ​អត្រា​ប្តូរ​ប្រាក់​យ័ន​របស់​ចិន​កើន​ឡើង​ដែរ។

ដូច្នេះ​ឃើញ​ថា ការ​ដែល​ធនាគារ​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចិន​ដំឡើង​អត្រាការប្រាក់​របស់​ខ្លួន​នា​ពេល​នេះ គឺ​ជា​ការ​អំពាវនាវ​មួយ​ដោយ​ប្រយោល​ក្នុង​គោលដៅ​ជំរុញ​​ចិន​ឲ្យ​គិតគូរ​អំពី​នយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​ឡើង​វិញ។ ចិន​ដែលធ្លាប់បានប្រកាសថា ទោះ​បី​ជា​ខ្លួន​ត្រូវ​​ដំឡើង​លុយ​យ័ន​របស់​ខ្លួន​ក្រោម​រូបភាព​ណា​មួយ​ក៏​ដោយ គឺ​ត្រូវ​ធ្វើ​ឡើងដោយ​​ឆន្ទៈ​របស់​ខ្លួន ស្រប​ទៅ​តាម​​ស្ថានភាពសេដ្ឋកិច្ច​ចិនជាក់ស្តែងគឺមិនមែនធ្វើឡើងក្រោម​សម្ពាធ​របស់​ប្រទេសណាមួយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI