ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ផែនការ​ត្បិតត្បៀត​ដ៏សែន​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​អង់គ្លេស​

សំឡេង ០៥:៤០
លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David Cameron
លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David Cameron ©Matt Cardy/Getty Images
ដោយ៖ សៀក សារិន
២៧ នាទី

លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​David Cameron ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​នូវ​ផែនការ​ត្បិតត្បៀត​ដ៏​សែន​ តឹងរ៉ឹង​មួយ​របស់​រដ្ឋាភិបាល​អង់គ្លេស​ពុំ​ដែល​មាន​ចាប់​តាំងពី​សម័យ​ សង្គ្រាម​លោក​លើក​ទីពីរ​មក។​ រដ្ឋាភិបាល​អង់គ្លេស​គ្រោង​សន្សំ​សំចៃ​ឲ្យ​បាន​ប្រមាណ​១០០​ពាន់លាន​អឺរ៉ូ​ ដើម្បី​ជួយ​កាត់​បន្ថយ​ឧនភាព​ថវិកាជាតិ​ចាប់ពី​ពេល​នេះ​ទៅ​ទល់​ឆ្នាំ២០១៤។

ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ពី​ ផែនការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​បណ្តាល​មក​ពី​រដ្ឋ​អង់គ្លេស​មាន​ជាប់​ជំពាក់​ប្រាក់​បំណុល​គេ​យ៉ាង​ច្រើន​​សន្ធឹក​សន្ធាប់។​ ដូច្នេះ​ហើយ​បានជា​ប្រទេស​អង់គ្លេស​ត្រូវ​តែ​ធ្វើ​ការ​​កាត់​បន្ថយ​ឧនភាព​ថវិកា​ឲ្យ​បាន​យ៉ាងតិច​ប្រមាណ​១០០​ពាន់លាន​អឺរ៉ូ​សម្រាប់​រយៈកាល​បួនឆ្នាំ​ ពោលគឺ​ចាប់​ពី​ពេលនេះ​ទៅ​ទល់​ឆ្នាំ​២០១៤។​

 
ជាមួយ​នឹង​ឧនភាព​ថវិកា​ស្មើនឹង​១៥៥ពាន់​លាន​លីវ្រឺ​ស្ទែរលីង​ឬ​ត្រូវជា​១៨៦ពាន់​លាន​អឺរ៉ូ​ដែល​ស្មើ​នឹង​១១%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​នៅ​ឆ្នាំនេះ​ ប្រទេស​អង់គ្លេស​ជា​ប្រទេស​ដែល​មាន​ឧនភាព​សាធារណៈ​ធ្ងន់ធ្ងរ​ជាងគេ​នៅ​ក្នុង​ចំណោម​ក្រុម​ប្រទេស​G20។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស​លោក​George Osborne ត្រូវ​ប្រកាស​បង្ហាញ​ឲ្យ​ឃើញ​នៅ​ថ្ងៃ​អង្គារ​នេះ​នូវ​ ផែនការ​ត្បិតត្បៀត​ដ៏​សែន​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​អង់គ្លេស​ ពុំ​ដែល​មាន​ចាប់​តាំងពី​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ​មក​ ដើម្បី​ជា​ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អង់គ្លេស​ដ៏​ពោរពេញ​ទៅ​ដោយ​គ្រោះថ្នាក់។

ជាមួយ​នឹង​វិធានការ​ត្បិតត្បៀត​ជ្រុលហួស​អ្នក​ឯកទេស​ជា​ច្រើន​បារម្ភ​ខ្លាច​ក្រែង​បង្ក​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​សន្ទុះ​កំណើន​សេដ្ឋ​កិច្ច។​​ បើ​មាន​ផែនការ​ត្បិតត្បៀត​ ប្រជាជន​អង់គ្លេស​ធ្វើ​ដូច​ម្តេច​នឹង​មាន​​ប្រាក់​ច្រើន​សម្រាប់​យក​ទៅ​ចាយ​វាយ​ទិញដូរ​ហូប​ចុក។​ ណាមួយ​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ​លើសមុន​ ណាមួយ​គ្មាន​ការងារ​ធ្វើ​ ឬ​បារម្ភ​ខ្លាច​បាត់​បង់​​ការងារ។​ ហើយ​បើ​គ្មាន​កំណើន​ទិញដូរ​ហូបចុក​ សន្ទុះ​កំណើន​សេដ្ឋ​​កិច្ច​ក៏​គ្មានដែរ។

ផែនការ​ត្បិតត្បៀត​ដ៏​សែន​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​អង់គ្លេស​នេះ​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​វិភាគ​និង​ទស្សនៈ​យល់​ឃើញ​ខុសគ្នា​រវាង​អ្នក​ដឹក​​នាំ​អង់គ្លេស​និង​អ្នក​ដឹក​នាំ​អាមេរិក។​ ដោយហេតុ​នៅ​ពេល​ថ្មីៗ​នេះ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​សរសេរ​ប្រាប់ទៅ​ប្រមុខ​ដឹកនាំ​នៃ​ក្រុម​ប្រទេស​G20ថា​ គេ​ត្រូវតែ​បន្ត​វិធានការ​ជួយ​គាំទ្រ​ឲ្យ​មាន​កំណើន​​សេដ្ឋកិច្ច​ ពី​ព្រោះ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​មាន​លក្ខណៈ​ទន់​ខ្សោយ​ ហើយ​គេ​ក៏​ពុំ​ទាន់​ចេញ​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ស្រួលបួល​នៅឡើយ។

ដើម្បី​សន្សំ​សំចៃ​ឲ្យ​បាន​១០៦​ពាន់លាន​អឺរ៉ូ​សម្រាប់​ជួយ​សម្រាល​និង​បន្ថយ​ឧនភាព​ថវិកា​សាធារណៈ​ រដ្ឋាភិបាល​អង់គ្លេស​ត្រូវ​ធ្វើ​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​ ហើយ​ស្របគ្នា​នេះ​ត្រូវ​តែ​ធ្វើការ​ដំឡើង​ពន្ធ​ដារ​បន្ថែម​ដើម្បី​រកប្រាក់​ឲ្យ​រដ្ឋ។

ដូច្នេះ​ឃើញ​ថា​ផែន​ការ​ត្បិត​ត្បៀត​ដ៏​សែន​តឹង​រ៉ឹង​របស់​រដ្ឋាភិបាល​អង់គ្លេស​ដែល​ត្រូវ​កាត់​បន្ថយ​ឧនភាព​សាធារណៈ​ឲ្យ​បាន​១០៦ពាន់​លាន​អឺរ៉ូ​គឺ​ជា​ផែនការ​ត្បិត​ត្បៀត​មាន​លក្ខណៈ​ធំធេង​ជាង​ផែនការ​ត្បិត​ត្បៀត​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ដែល​ត្រូវ​សំចៃ​ឲ្យ​បាន​៨០ពាន់​លាន​អឺរ៉ូ​ ហើយ​និង​ផែនការ​ត្បិត​ត្បៀត​របស់​រដ្ឋាភិបាល​បារាំង​ដែល​ត្រូវ​សំចៃ​ឲ្យ​បាន​៦៥ពាន់​លាន​អឺរ៉ូ។​ គួរកត់​សម្គាល់ថា​ ចាប់​តាំង​ពី​ឆ្នាំ​នេះ​ទៅ​រដ្ឋាភិបាល​អង់គ្លេស​នឹង​ខិតខំ​សន្សំ​សំចៃ​ឲ្យ​បាន​៤១ពាន់​លាន​អឺរ៉ូ​ឬ​ស្មើនឹង​២,៤%នៃ​ផលិតផល​ក្នុង​ដុល។

សូម​គូស​បញ្ជាក់ថា​ រដ្ឋមន្ត្រី​នៃ​ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស​លោក​George Osborne ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ពី​ចំនួន​ទឹក​ប្រាក់​សរុប​នៃ​ផែន​ការ​​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​អង់គ្លេស។​ ក៏​ប៉ុន្តែ​លោក​ពុំ​ប្រាប់​ឲ្យ​ដឹង​ពី​បរិមាណ​នៃ​ការ​កាត់​បន្ថយ​ក្នុង​ការ​ចំណាយ​សម្រាប់​ក្រសួង​នីមួយៗ​ឡើយ។​ បើ​យោង​តាម​ពាក្យ​ខ្លះ​បាន​ឲ្យ​ដឹង​ថា​ ថវិកា​នៃ​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​ប្រហែល​នឹង​ត្រូវ​កាត់​បន្ថយ​អស់​២៥%។​ ហើយ​រដ្ឋាភិ​បាល​​អង់គ្លេស​ត្រូវ​តែ​ដំឡើង​ពន្ធដារ​ដោយ​ចៀស​ពុំផុត​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ឲ្យ​ហិប​ប្រាក់​រដ្ឋ​ដែល​កំពុង​តែ​ស្គាល់​ការ​ខ្វះខាត។

ក្រោម​សម្ពាធ​នៃ​បក្ស​សេរី-ប្រជាធិបតេយ្យ​ លោក​George Osborne ត្រូវ​ដំឡើង​ពន្ធ​លើ​ប្រាក់​ចំណូល​ដែល​បាន​មកពី​មូលធន​ពី​១៨%​ឲ្យ​ទៅ​ដល់​៤០​ឬ៥០%។​ ដំឡើង​ពន្ធ​លើ​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ថ្នាក់ខ្ពស់​ជាងគេ​ឲ្យឡើង​ដល់​៥០%។​ ត្រូវ​ដំឡើង​ពន្ធ​លើ​តម្លៃ​បន្ថែម​ពី​១៧,៥%​ឲ្យ​ឡើងដល់​២០%​ដើម្បី​ឲ្យ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​នឹង​ពន្ធ​លើ​តម្លៃ​បន្ថែម​នៃ​ប្រទេស​អឺរ៉ុប​ឯទៀតៗ​ដែល​អាច​ឲ្យ​ហិប​ប្រាក់​រដ្ឋ​អង់គ្លេស​ប្រមូល​បាន​ប្រាក់​បន្ថែម​បាន​ប្រមាណ​១៤ពាន់​លាន​អឺរ៉ូ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI