ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទីក្រុងហាណូយ​បារម្ភពី​កំណើន​អានុភាព​របស់​ប្រទេសចិន​

សំឡេង ០៣:៤០
លោក​ប្រធានាធិបតី​​វៀតណាម​ Nguyen Minh Triet ​នៅ​ពេល​​បុណ្យខួប​៣៥ឆ្នាំ​នៃការ​បញ្ចប់​​សង្គ្រាម​​វៀតណាម​​នៅ​ទីក្រុង​​ហាណូយ​
លោក​ប្រធានាធិបតី​​វៀតណាម​ Nguyen Minh Triet ​នៅ​ពេល​​បុណ្យខួប​៣៥ឆ្នាំ​នៃការ​បញ្ចប់​​សង្គ្រាម​​វៀតណាម​​នៅ​ទីក្រុង​​ហាណូយ​ ©REUTERS/Kham

នាឱកាស ​ឆ្នាំទី៦០​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ទីក្រុង​ហាណូយ​និង​ទីក្រុង​ប៉េកាំង​ ឆ្នាំ២០១០​នេះ​បាន​ត្រូវ​គេ​ប្រកាស​ថា​ ជា​”​ឆ្នាំ​មិត្តភាព​វៀតណាម-ចិន​”។​ ក៏​ប៉ុន្តែ​ដើម្បី​ធ្វើ​ឲ្យ​ជញ្ជីង​ពាណិជ្ជ​កម្ម​​មាន​តុល្យភាព​ ទីក្រុង​ហាណូយ​រំពឹង​ទៅ​លើ​ការ​ទាក់​ទាញ​ក្រុម​ហ៊ុន​អាស៊ី​ដែល​ទៅ​បោះទុន​ ធ្វើ​វិនិយោគ​នៅ​ប្រទេស​ចិន​ឲ្យ​ងាក​មក​រក​ប្រទេស​វៀតណាម​វិញ​ ដោយ​ហេតុ​តែ​ប្រាក់​បៀវត្សរ៍​នៅ​វៀតណាម​មាន​កម្រិត​ទាប។ អានុភាព​កើន​ឡើង​ខ្លាំង​នៃ​ប្រទេស​ចិន​ធ្វើ​ឲ្យ​ទីក្រុង​ហាណូយ​បារម្ភ​ ពុំតិច​ឡើយ។ 

ផ្សាយពាណិជ្ជកម្ម

ប្រទេស​វៀតណាម​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ជាមួយ​ប្រទេស​ចិន។​ ដោយ​ហេតុថា​មួយពាន់​ឆ្នាំ​នៃ​ការ​គ្រប់​គ្រង​ត្រួតត្រា​របស់​ប្រទេស​ចិន​ទៅលើ​ប្រទេស​វៀតណាម​បន្សល់​ទុក​ស្លាក​ស្នាម​ដែល​លុប​ពុំ​ចេញ​បាន​ដោយ​ងាយៗ​ឡើយ។​ ប្រទេស​ចិន​ដែល​មាន​អានុភាព​កើន​កាន់​តែ​ខ្លាំងឡើងៗ​រឹង​រិត​តែ​ធ្វើ​ឲ្យ​ទីក្រុង​ហាណូយ​កើត​មាន​ក្តី​បារម្ភ​និង​មាន​ការ​ប្រុង​ប្រយ័ត្ន។​ អ្នក​ដឹកនាំ​វៀតណាម​មាន​ទស្សនៈ​ខ្វែង​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រទេស​ចិន​នេះ។​ អ្នកដឹកនាំ​ខ្លះ​បាន​ទាមទារ​ឲ្យ​លើក​យក​បញ្ហា​ប្រទេស​ចិន​ទៅ​ពិភាក្សា​នាឱកាស​សមាជ​ទី១១​នៃ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ដើមឆ្នាំ​២០១១​ខាងមុខ​នេះ។

 
គួរកត់​សម្គាល់ថា​ ចាប់តាំងពី​ដើម​ឆ្នាំ២០០០​មក​ ប្រទេស​វៀតណាម​បាន​ចាប់​អនុវត្ត​វគ្គ​ទីពីរ​នៃ​កំណែ​ទម្រង់​សេដ្ឋកិច្ច​របស់​ខ្លួន​​ដែល​បាន​ចាប់​ធ្វើ​១០ឆ្នាំ​ក្រោយ​ប្រទេស​ចិន។ ​ ក្នុង​ចំណោម​ប្រទេស​អាស៊ី​អា​គ្នេយ៍​​​ទាំងអស់​ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​បន្ទាប់​ពី​ប្រទេស​ចិន​ ជាពិសេស​នៅ​ខណៈ​ដែល​ពិភពលោក​កំពុង​ពើបជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ។​ កំណើន​សេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ២០០៩​មាន​៥,៣%​ទល់​នឹង​កំណើន​សេដ្ឋកិច្ច​ចិន​ដែល​មាន​ដល់ទៅ​៨,៧%។

ប្រទេស​វៀតណាម​មាន​ប្រជាជន​៨៦លាន​នាក់។​ ប្រទេស​នេះ​បាន​ត្រូវ​ចាត់​ទុក​ជា​”​ប្រទេស​អភិវឌ្ឍន៍​មធ្យម​”។​ ប្រទេស​វៀតណាម​មាន​ទំហំ​ប៉ុន​​ខេត្ត​មួយ​របស់​ប្រទេស​ចិន។​ ប្រទេស​ចិន​ដែល​មាន​ប្រជាជន​១ ៣០០លាន​នាក់​បាន​ត្រូវ​គេ​ចាត់​ទុក​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ​ក្នុង​លោក​ ហើយ​ជា​ប្រទេស​នាំ​ទំនិញ​ចេញ​ទៅលក់​ក្រៅ​ប្រទេស​ធំ​ជាង​គេ។​ ផលិតផល​ដុល​ក្នុង​ប្រទេស​របស់​វៀតណាម​មាន​ទំហំ​ប៉ុន​១/៤០​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​របស់​ចិន។​ ហើយ​ទោះ​បី​ជា​វៀតណាម​ចង់ក្តី​ឬពុំ​ចង់​ក្តី​ ប្រទេស​ចិន​គឺ​ជា​ដៃគូ​ទីមួយ​របស់​ប្រទេស​វៀតណាម។

ឧនភាព​ពាណិជ្ជកម្ម​ជា​ញឹកញយ​របស់​ប្រទេស​វៀតណាម​ដែល​កើត​មាន​ក៏​ដោយហេតុ​តែ​មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម​គ្មាន​តុល្យភាព​ជា​មួយ​ប្រទេស​ចិន​ដែល​នៅ​ឆ្នាំ២០០៩​ ការ​ដោះដូរ​នឹង​គ្នា​មាន​ដល់ទៅ​១១ពាន់​លាន​ដុល្លារ​ឬ​ស្មើនឹង​១០%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស។​ ទំនាក់​ទំនង​និង​ការ​ដោះ​ដូរ​ចិន-វៀតណាម​មាន​លក្ខណៈ​ជា​ទំនាក់​ទំនង​រវាង​ប្រទេស​អភិវឌ្ឍន៍​ប៉ែក​ខាងជើង​ជាមួយ​នឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប៉ែក​ខាងត្បូង។​ ប្រទេស​ចិន​នាំ​ចេញ​ទៅលក់​ឲ្យ​ប្រទេស​វៀតណាម​នូវ​គ្រឿង​ម៉ាស៊ីន-ឧបករណ៍​ Ordinateur ឬ​Computors ​ រថយន្ត​     ។ល។     ​ចំណែកឯ​ប្រទេស​វៀតណាម​វិញ​នាំចូល​ប្រទេស​ចិន​នូវ​វត្ថុ​ធាតុដើម​មាន​ដូចជា​ប្រេងកាត​ ធ្យូង​ កៅស៊ូ​     ។ល។    

ដើម្បី​ចៀស​ឲ្យ​ផុត​ពី​ការ​ក្លាយ​ខ្លួន​ទៅជា​ប្រទេស​រណប​របស់​ទីក្រុង​ប៉េកាំង​ ទីក្រុង​ហាណូយ​បាន​ធ្វើ​ការ​វាយ​លុក​នៅ​លើ​គ្រប់​សមរភូមិ​ មាន​ដូចជា​ការ​បង្កើត​ឲ្យ​មាន​”​កុម្មង់ដូ​សេដ្ឋកិច្ច​”​ដែល​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​រដ្ឋ​សំខាន់ៗ​ជា​ច្រើន​(​ក្រុមហ៊ុន​ទូរស័ព្ទ​Viettel ​ធនាគារ​BIDV ​ក្រុម​ហ៊ុន​អាកាសចរណ៍​Vietnam Airlines ​)។​ លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ខិតខំ​ធ្វើ​ការ​វាយលុក​ក្នុង​វិស័យ​សេដ្ឋកិច្ច​អស់​រយៈ​ពេល​​១៨ខែ​មក​ហើយ​ទៅលើ​ប្រទេស​កម្ពុជា​ ឡាវ​និង​ប្រទេស​ភូមា​ដែល​តែង​ជា​ដែន​អំណាច​របស់​ប្រទេស​ចិន។

សូម​គូស​បញ្ជាក់​ថា​ ប្រទេស​ចិន​និង​ប្រទេស​វៀតណាម​នៅ​តែ​មាន​អធិករណ៍​ដែនដី​នឹង​គ្នា​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ទី​ប្រជុំ​កោះ​Spratleys និង​Paracels​ដែល​ឋិត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ឃើញ​ប្រទេស​វៀតណាម​បាន​ងាក​ខិត​ចូល​ជិត​ប្រទេស​រុស្ស៊ី​ដែល​ជា​អតីត​សម្ពន្ធមិត្ត​របស់​ខ្លួន​ ដោយ​បាន​ទិញ​នៅ​ខែធ្នូ​ឆ្នាំ២០០៩​នូវ​នាវា​មុជទឹក​រុស្ស៊ី​ដែល​មាន​ចំនួន​ទឹកប្រាក់​២ពាន់លាន​ដុល្លារ។​ ហើយ​ក៏​ពី​ទីក្រុង​ម៉ូស្គូ​ដែរ​ដែល​ប្រទេស​វៀតណាម​ទទួល​បាន​នូវ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទីមួយ​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI