ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូប៉ាម៉ា​ជម្រុះ​ឧត្តមសេនីយ៍​មាត់ច្រើន​ចេញពីតំណែង​

សំឡេង ០៤:៤៤
ឧត្តមសេនីយ៍​ McChrystal​ ​ត្រូវ​បាន​​លោក​​ប្រធានាធិបតី​​អាមេរិក​​អូបាម៉ា​​ដកចេញ​​ពី​តំណែង​​
ឧត្តមសេនីយ៍​ McChrystal​ ​ត្រូវ​បាន​​លោក​​ប្រធានាធិបតី​​អាមេរិក​​អូបាម៉ា​​ដកចេញ​​ពី​តំណែង​​ © Kevin Lamarque/Reuters

មេ​បញ្ជាការ​នៃ​កងទ័ព​អន្តរជាតិ​នៅ​អាហ្វហ្កានីស្តង់ ​ឧត្តមសេនីយ៍​McChrystal ​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ដកចេញ​ពី​តំណែង​ដោយ​ហេតុ​តែ​ឧត្តមសេនីយ៍​រូបនេះ​បាន​ទិតៀន​យ៉ាង​ចំហ​យុទ្ធសាស្រ្ត​របស់​រដ្ឋការ​អូបាម៉ា​នៅក្នុង​សង្គ្រាម​អាហ្វហ្កានីស្តង់។​​ អូបាម៉ា​បាន​តែងតាំង​ឧត្តមសេនីយ៍​​Petareus​ ​ជំនួស​​ McChrystal។​​ ការ​ដក​McChrystal​ចេញ​ពី​តំណែង​ ស្តែង​ឲ្យ​ឃើញ​នូវ​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​រវាង​ពួក​នាយ​ទាហាន​និង​ សេតវិមាន ​ជុំវិញ​យុទ្ធសាស្រ្ត​ដែល​ត្រូវ​អនុវត្ត​ក្នុង​សង្គ្រាម​អាហ្វហ្កានីស្តង់។ 

ផ្សាយពាណិជ្ជកម្ម

គេ​នៅ​ចាំ​បាន​ថា​កាល​សម័យ​សង្គ្រាម​អបគមន៍​ក្នុង​សតវត្សរ៍​ទី​១៩ ប្រធានាធិបតី​Lincoln បាន​បង្ខំ​ចិត្ត​ដក​ចេញ​ពី​តំណែង ​ឧត្តមសេនីយ៍​McClellan ដែល​លែង​ស្តាប់​ថ្នាក់​ដឹក​នាំ​នយោបាយ។ ​ដូចគ្នា​អ៊ីចឹង​ដែរ នៅ​សម័យ​សង្គ្រាម​កូរ៉េ​នៅ​ដើម​ទសវត្សរ៍​ទី​៥០ ​ប្រធានាធិបតី​Truman ​បាន​ដក​ឧត្តមសេនីយ៍​McArthur ​ចេញ​ពី​តំណែង​មេ​បញ្ជាការ​នៃ​កងទ័ព​អាមេរិក​ប្រចាំ​នៅ​ប៉ាស៊ីហ្វិច(Pacifique) ​ពីព្រោះ​កាល​នោះ McArthur​មាន​បំណង​ចង់​ឲ្យ​អាមេរិក​ប្រើ​គ្រាប់​បែក​បរមាណូ ​នៅ​ក្នុង​សង្គ្រាម​កូរ៉េ។

 
ម្ល៉ោះ​ហើយ​ទង្វើ​បែប​នេះ​ជា​រឿង​ធម្មតា​ទេ​ ពីព្រោះ​នៅ​ក្នុង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​កងទ័ព​ស្តាប់​បង្គាប់​ថ្នាក់​ដឹក​នាំ​ស៊ីវិល​ស្តាប់​បង្គាប់​ថ្នាក់​ដឹក​នាំ​នយោបាយ ​តម្រូវ​ឲ្យ​អំណាច​យោធា​ឋិត​នៅ​ក្រោម​អំណាច​ស៊ីវិល។​ ហើយ​ការ​ដែល​ឧត្តមសេនីយ៍​McCrystal នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្តី​Rolling Stone បាន​និយាយ​ដោយ​ពុំ​លាក់​បាំង​អំពី​ការ​ខ្វែង​គំនិត​គ្នា​របស់​គាត់​ជា​មួយ​លោក​អនុ​ប្រធានា​ធិបតី​​Joe​ Biden​ និង​អំពី​ការខក​ចិត្ត​របស់​គាត់​ចំពោះ​លោក​អូបាម៉ា ​គឺ​ជា​កំហុស​មួយ​ប្រកែក​មិន​បាន។ ​បាន​ន័យ​ថា ​លោក​អូបាម៉ា​ចាំ​បាច់​ត្រូវ​តែ​ជម្រុះ​ចោល​ឧត្តមសេនីយ៍​មាត់​ច្រើន​ម្នាក់​នេះ ដើម្បី​ពង្រឹង​អំណាច​របស់​លោក។
 
ជា​ការ​ពិត​ណាស់​ដែល​ថា ឧត្តមសេនីយ៍​McCrystal ​ជា​មេទ័ព​មួយ​រូប​ដែល​គេ​ស្រឡាញ់​គោរព ​និង​កោត​ខ្លាច។ ​ម្ល៉ោះ​ហើយ ការ​ដក​គាត់​ចេញ​​ពី​ទី​បញ្ជាការ​កងទ័ព​អន្តរជាតិ​ប្រចាំ​នៅ​អាហ្វហ្កានីស្តង់​អាច​នឹង​ធ្វើ​ឲ្យ​ពួក​កូន​ទាហាន​បាក់​ទឹក​ចិត្ត អាច​នឹង​ធ្វើ​ឲ្យ​គម្លាត​រវាង​កងទ័ព​អាមេរិក​​នៅ​លើ​សមរភូមិ​អាហ្វហ្កានីស្តង់​និង​ថ្នាក់​ដឹក​នាំ​នយោបាយ​នៅ​Washington​រីក​កាន់​តែ​ធំ។

ក៏ប៉ុន្តែ​ ឧត្តមសេនីយ៍​ដែល​លោក​អូបាម៉ា​បាន​តែង​តាំង​ឲ្យ​ជំនួស​McCrystal​ ​ក៏​ជា​មនុស្ស​ម្នាក់​ដ៏​ឆ្នើម​ដែរ ​គឺ David Petraeus ជា​នាយ​ទាហាន​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក​សព្វ​ថ្ងៃ។ ​ Petraeus គឺ​ជា​អ្នក​ដែល​បាន​ផ្តួច​ផ្តើម​ឡើង​នូវ​យុទ្ធសាស្រ្ត​ដែល​គេ​ប្រសិទ្ធនាម​ឲ្យ​ថា ​សង្គ្រាម​ប្រឆាំង​នឹង​ការ​បះបោរ ​នៅ​អៀរ៉ាក់​ពោល​គឺ​ដូច​គ្នា​នឹង​អ្វី​ដែល​McCrystal ​ចង់​អនុវត្ត​នៅ​អាហ្វហ្កានីស្តង់​ដែរ។​ ម្ល៉ោះ​ហើយ​កងទ័ព​អាមេរិក​នៅ​អាហ្វហ្កានីស្តង់​នឹង​ច្បាស់​ជា​កក់​ក្តៅ​ចិត្ត​ដោយសារ​ថា ​បើ​ប្រៀបធៀប​ទៅ​នឹង​Petraeus ​McCrystal ​ជា​សិស្ស​ទេ ​រី​ឯ​Petraeus វិញ គឺ​ជា​គ្រូ។

ទាហានចង់នៅអាហ្វហ្កានីស្តង់យូរ អូបាម៉ាចង់ដកទ័ពចេញ
 
មក​ទល់​ពេល​នេះ​ អូបាម៉ា​ក៏​ដូច Joe Biden ​ដែរ ​ត្រៀម​ដក​ទ័ព​អាមេរិក​បណ្តើរៗ​ចេញ​ពី​អាហ្វហ្កនីស្តង់​ ហើយ​ចង់​ទុក​នៅ​ទី​បំផុត ​តែ​កងទ័ព​មួយ​ក្រុម​តូច​ទេ ​ទុក​ដើម្បី​បន្ត​តាម​កំចាត់​ពួក​ភេរវជន​Al-Qaida ដោយ​ប្រើ​ប្រាស់​ជាអាទិ៍​យន្តហោះ​មិន​បាច់​មាន​អ្នក​បើក​ដែល​គេ​ហៅ​ថា​Drones ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ទី​តាំង​របស់​ខ្មាំង នៅ​តាម​បណ្តោយ​ព្រំ​ប្រទល់​រវាង​អាហ្វហ្កានីស្តង់​និង​ប៉ាគីស្តង់។​ គឺ​ជា​យុទ្ធសាស្រ្ត​ដែល​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា យុទ្ធសាស្រ្ត​សង្គ្រាម​ប្រឆាំង​ភេរវកម្ម

រី​ឯ​ពួក​នាយ​ទាហាន​វិញ​ ក្នុង​នោះ​មាន​អាទិ៍​ឧត្តមសេនីយ៍​McCrystal ឧត្តមសេនីយ៍​Petraeus និង​បច្ចុប្បន្ន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​Robert Gates ចង់​អនុវត្ត​យុទ្ធសាស្រ្ត​សង្គ្រាម​ប្រឆាំង​ការ​បះបោរយុទ្ធសាស្រ្ត​សង្គ្រាម​ប្រឆាំង​ការ​បះបោរ​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ជោគ​ជ័យ​នៅ​អៀរ៉ាក់ បាន​ន័យ​ថា សហរដ្ឋ​អាមេរិក​មិន​ត្រឹម​តែ​ត្រូវ​តាម​កំចាត់​ពួក​ខ្មាំង​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ជួយ​រក្សា​សន្តិសុខ​របស់​ប្រជាជន​ និង​ជួយ​កសាង​អាហ្វហ្កានីស្តង់​ដែរ ​ទាំង​នៅ​លើ​វិស័យ​សេដ្ឋកិច្ច​នយោបាយ​និង​យោធា។​ ក៏​ប៉ុន្តែ​យុទ្ធសាស្រ្ត​នេះ​ ត្រូវ​ការ​ចាយ​ធំ ​ត្រូវ​ការ​ចំណាយ​លុយ​ ​ចំណាយ​ជីវិត​មនុស្ស ​និង​ចំណាយ​ពេល​វេលា បាន​ន័យ​ថា ​អាមេរិក​ត្រូវ​នៅ​បន្ត​បេសកកម្ម​របស់​ខ្លួន យូរ​ឆ្នាំ​ត​ទៅ​ទៀត ​ជាហេតុ​ធ្វើ​ឲ្យ​លោក​អូបាម៉ា​រួញរា​ពីព្រោះ​លោក​អូបាម៉ា​បាន​សន្យា​ប្រាប់​ពលរដ្ឋ​ថា ​លោក​នឹង​ដក​ទ័ព​អាមេរិក​ចេញ​ពី​សមរភូមិ​អាហ្វហ្កានីស្តង់​ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១១ ខាង​មុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI