ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការដួលដាំដូងនៃទីផ្សារភាគហ៊ុនពិភពលោក

សំឡេង ០៥:១៨
ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ New York
ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ New York ©​ RFI

ទីផ្សារ​ភាគហ៊ុន​អឺរ៉ុប​និង​ទីផ្សារ​ពិភពលោក​បាន​ស្គាល់​ការ​ធ្លាក់​ដួល​ដាំដូង​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ បន្ទាប់​ពី​មាន​ការ​រអិល​ដួល​ស្រុត​ចុះ​នៃ​ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​រួចមក។​ ទាំងនេះ​ក៏​ដោយហេតុ​តែ​មាន​ដំណឹង​ពុំ​ល្អ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កំណើន​សេដ្ឋកិច្ច​ពិភព​លោក។ 

ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អឺរ៉ុប​និង​ទីផ្សារ​ពិភពលោក​ធ្លាក់​ដួល​ដាំដូង​យ៉ាង​ខ្លាំង​បែបនេះ​មាន​ច្រើន៖​

ទី១- ​ការ​បារម្ភ​និង​ការ​សង្ស័យ​ទៅលើ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ដែល​ជា​ក្បាល​ម៉ាស៊ីន​ដ៏​សែន​សំខាន់​សម្រាប់​ជួយ​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។
ទី២- ​ស្ថានភាព​ពុំ​ល្អ​នៃ​ម៉ាក្រូសេដ្ឋកិច្ច​ជប៉ុន។
ទី៣- ​ការសង្ស័យ​ទៅលើ​សោធនភាព​នៃ​ធនាគារ​អឺរ៉ុប​ឬ​ការ​សង្ស័យ​ទៅ​លើ​​ភាព​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​សង​នៃ​ធនាគារ​អឺរ៉ុប។
ទី៤- ​ការ​បាត់បង់​ទំនុក​ចិត្ត​នៃ​ប្រជាជន​អាមេរិកាំង​ទៅលើ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​ឲ្យ​ពួក​គេ​លែង​មាន​ទំនុកចិត្ត​ទៅលើ​អនាគត​ និង​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពួក​គេ​លែង​ហ៊ាន​ធ្វើ​ការ​ទិញ​ដូរ​ហូបចុក​ដូច​ពេលមុនៗ។​ គួរ​កត់​សម្គាល់​ថា​ ការទិញ​ដូរ​ហូប​ចុក​ផ្ទៃក្នុង​អាមេរិកាំង​គឺ​ជា​ជំនួយ​មួយ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​ការ​ជួយ​អូស​ទាញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​សហរដ្ឋ​អាមេរិក។
ទី៥- ​ការ​បាត់បង់​ទំនុក​ចិត្ត​របស់​អ្នក​បោះទុន​ធ្វើ​វិនិយោគ​ ដោយ​ហេតុ​តែ​មាន​ដំណឹង​ពុំ​ល្អ​ពុំ​ចេះ​ចប់​ពាក់​ព័ន្ធ​នឹង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភព​លោក។

ថ្វី​ត្បិត​តែ​នៅ​ថ្ងៃពុធ​ទី៣០​មិថុនា​នេះ​ ទីផ្សារ​ភាគហ៊ុន​សំខាន់ៗ​នៅ​អឺរ៉ុប​បាន​ស្គាល់​សភាព​គ្រាន់បើ​បន្តិច​ឡើងវិញ​ក៏​ដោយ​ ក៏​កាលពី​ម្សិលមិញ​គេ​បាន​កត់​សម្គាល់​ឃើញ​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ម៉ាឌ្រីដ​បាន​ធ្លាក់​ដាំដូង​បាត់បង់​អស់​ប្រមាណ​៥,៤៥%​ដោយ​ហេតុ​តែ​គេ​បារម្ភ​ពី​សុខភាព​នៃ​ធនាគារ​អេស្ប៉ាញុល។​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ប៉ារីស​បាន​ធ្លាក់ចុះ​អស់​៤,០១%។​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​Londres​បាន​បាត់បង់​អស់​៣,១០%។​ ​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​Francfort​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ស្រុត​ចុះ​អស់​៣,៣៣%    ។ល។   

ផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​ក្រោយ​ពីបាន​ធ្លាក់​ស្រុត​បាត់បង់​អស់​៤,២៧%​នៅ​ទីក្រុង​សៀងហៃ​ ២,៣១%​នៅ​ទីក្រុង​ហុងកុង​ នៅ​ទីក្រុង​តូក្យូ​ក្រោយ​ពី​​បាន​ចុះ​អស់​១,២៧%​ ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ដួល​ស្រុត​ចុះ​អស់​ជិត​២%​បន្ថែម​ទៀត។​ ទាំងនេះ​ក៏​ពីព្រោះ​តែ​ទស្សនវិស័យ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​មាន​លក្ខណៈ​ពុំ​ល្អ​ប្រសើរ។​ កំណើន​សេដ្ឋកិច្ច​ចិន​ដែល​គេ​គ្រោង​ថា​មាន១,៧%​នៅ​ខែមេសា​បែ​ជា​ធ្លាក់​មក​នៅ​ត្រឹម​០,៣%​ទៅវិញ​ដែល​ជា​កម្រិត​មួយ​ដ៏​សែន​ទាប​ធ្វើ​ឲ្យ​គេ​កើត​មាន​ការ​ខក​ចិត្ត។​ ចំណែកឯ​ប្រទេស​ជប៉ុន​វិញ​ ផលិតផល​ឧស្សាហកម្ម​និង​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​បាន​ស្គាល់​ការ​ថយ​ស្រុត​ចុះ​ ហើយ​ចំនួន​អ្នក​ឥត​ការងារ​ធ្វើ​ក៏​បាន​ស្ទុះ​កើនឡើង​នៅ​ខែ​ឧសភា​កន្លង​ទៅនេះ។

កត្តា​ពុំ​ជាក់​ច្បាស់​មួយ​ទៀត​គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​កម្ចី​ពិសេស​៤៤២​ពាន់​លាន​អឺរ៉ូ​ដែល​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ឲ្យ​ធនាគារ​នៃ​តំបន់​ប្រើ​ប្រាក់​​អឺរ៉ូ​ខ្ចី​កាលពី​ឆ្នាំទៅ។​ ធនាគារ​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​ត្រូវ​សង​ប្រាក់​កម្ចី​ពិសេស​៤៤២​ពាន់​លាន​អឺរ៉ូ​នេះ​ទៅ​ធនាគារ​កណ្តាល​អឺរ៉ុប​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខនេះ។​ ក៏​ប៉ុន្តែ​គេ​បារម្ភ​ខ្លាច​ក្រែង​ធនាគារ​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​គ្មាន​សមត្ថភាព​និង​គ្មាន​សោធនភាព​នឹង​សង​ប្រាក់​កម្ចី​ពិសេស​របស់​ខ្លួន​កាល​ពី​ឆ្នាំទៅ។​ ទាំងនេះ​​ពិត​ជា​​កត្តា​​និង​​ជា​​មូលហេតុ​​នៃ​​ក្តី​​បារម្ភ​​​ខ្លាំង​​សម្រាប់​​ពិភព​​សេដ្ឋកិច្ច​​និង​​ពិភព​​ហិរញ្ញវត្ថុ។​​ ហើយ​ម្យ៉ាង​ទៀត​​ បើ​​ទោះ​​ជា​​ ធនាគារ​​នៃ​​តំបន់​​ប្រើ​ប្រាក់​​អឺរ៉ូ​​មាន​​​សមត្ថភាព​​នឹង​​សង​​ប្រាក់​​កម្ចី​​ពិសេស​​ ៤៤២​​ពាន់​​លាន​​អឺរ៉ូ​​នេះ​​ក្តី​​ ក៏​​គេ​​នៅ​​តែ​​ជួយ​​បារម្ភ​​ខ្លាច​​ក្រែង​​ ធនាគារ​​នៃ​​តំបន់​​ប្រើ​​ប្រាក់​​អឺរ៉ូ​​ទាំងនោះ​​ លែង​​មាន​​ប្រាក់​​គ្រប់​​គ្រាន់​​សម្រាប់​​ជួយ​​ផ្តល់​​ផ្គត់​​ផ្គង់​​ក្នុង​​ការ​​អភិវឌ្ឍ​​សកម្មភាព​​សេដ្ឋកិច្ច​​និង​​ឧស្សាហកម្ម។​

សម្រាប់​លោក​Dominique Strauss-kahn​អគ្គនាយក​នៃ​FMI ឬ​​មូល​​និ​ធិ​​រូបិយវត្ថុ​អន្តរជាតិ​យល់​ឃើញ​​ថា​​ សេដ្ឋកិច្ច​​ពិភពលោក​​លែង​​ជួប​​នឹង​​វិបត្តិ​​ធ្ងន់​ធ្ងរ​​ដូច​​ពេលមុនៗ​​ទៀត​ហើយ​​ ទោះបី​​ជា​​គេ​​នៅ​​តែ​​មាន​​ការ​​សង្ស័យ​​ទៅលើ​​សន្ទុះ​​កំណើន​​សេដ្ឋកិច្ច​​ពិភពលោក​​ក៏​ដោយ។​

ហើយ​នៅ​ក្នុង​បរិបទ​ដ៏​អាប់អួរ​នេះ​ អ្នក​ដែល​មាន​ប្រាក់​សម្រាប់​បោះទុន​ធ្វើ​វិនិយោគ​ ពួក​គេ​បាន​ងាកទៅ​រក​ប័ណ្ណ​រតនាគារ​អាមេរិកាំង​ឬ​ ប័ណ្ណ​រតនាគារ​អាល្លឺម៉ង់​វិញ​ដែល​ពួក​គេ​មាន​ទំនុក​ចិត្ត​កក់ក្តៅ​ជាង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI