ប្រមុខការទូតអឺរ៉ុបទៅតំបន់ហ្កាហ្សា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៤
លោកស្រីប្រមុខការទូតអឺរ៉ុប Catherine Ashton អញ្ជើញទៅតំបន់ហ្កាហ្សានៅថ្ងៃអាទិត្យទី១៨កក្កដានេះជាលើកទីពីរ នារយៈពេលបួនខែចុងក្រោយនេះ។ ទស្សនកិច្ចនេះធ្វើឡើងដើម្បីពិនិត្យមើលថា តើការកាត់បន្ថយខ្ទប់បិទនៅពេលថ្មីៗនេះរបស់អ៊ីស្រាអែលទៅលើតំបន់ ហ្កាហ្សា បានទទួលលទ្ធផលអ្វីទៅ?ហើយនិងដើម្បីឲ្យដឹងថា តើសហភាពអឺរ៉ុបអាចធ្វើអ្វីខ្លះជាជំនួយដល់ការជួយបើកច្រកឲ្យមាន ការចេញចូលត្រឹមត្រូវនៅតំបន់ហ្កាហ្សា?
ជាលើកទីមួយដែលលោកស្រីប្រមុខការទូតអឺរ៉ុបCatherine Ashtonអញ្ជើញទៅតំបន់ហ្កាហ្សា ចាប់តាំងពីមានការកាត់បន្ថយខ្ទប់បិទនៅពេលថ្មីៗនេះរបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សារួចមក។ នៅតំបន់ហ្កាហ្សា លោកស្រីCatherine Ashtonច្បាស់ជានឹងឃើញថា គ្រឿងពស្តុភារមានការហូរចូលស្រួលជាងពេលមុន ពោលគឺបានកើនឡើងជា៥០%បើប្រៀបផ្ទឹមទៅនឹងសប្តាហ៍មុនៗ។ ក៏ប៉ុន្តែប្រជាជននៅតំបន់ហ្កាហ្សានៅតែបានត្រូវគេហាមឃាត់ពុំអនុញ្ញាតឲ្យធ្វើដំណើរចេញចូលទៅកាន់តំបន់Cisjordanie និងតំបន់Ramallah។
នៅពេលអញ្ជើញទៅតំបន់រ៉ាម៉ាឡាហ៍កាលពីថ្ងៃសៅរ៍ម្សិលមិញ លោកស្រីប្រមុខការទូតអឺរ៉ុប Catherine Ashtonបានថ្លែងទាមទារឲ្យមានការបើកចំហច្រកចេញចូលនៅតំបន់ហ្កាហ្សាឲ្យបានទាំងស្រុង ពោលគឺបើកចំហឲ្យប្រជាជនហ្កាហ្សាអាចធ្វើដំណើរចេញចូលបានដោយសេរី ហើយនិងគ្រឿងពស្តុភារអាចហូរចេញចូលបានទាំងសងខាងនៅតាមរាល់ច្រកចេញចូលរវាងតំបន់ហ្កាហ្សានឹងប្រទេសដទៃទៀត។ លោកស្រី Catherine Ashtonបានធ្វើសេចក្តីប្រកាសនេះនៅមុខអ្នកកាសែត ក្រោយពីមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រីប៉ាលេស្ទីនSalam Fayyad នៅរ៉ាម៉ាឡាហ៍។
លោកស្រីប្រមុខការទូតអឺរ៉ុប Catherine Ashtonបានប្រកាសបញ្ជាក់ទៀតថា ធ្វើយ៉ាងនេះដើម្បីឲ្យប្រជាជននៅតំបន់ហ្កាហ្សាអាចមានជីវភាពរស់នៅសមស្របតាមប្រក្រតី។ គួរកត់សម្គាល់ថា តំបន់ហ្កាហ្សាបានឋិតនៅក្រោមការគ្រប់គ្រងរបស់ពួកប៉ាលេស្ទីនហាម៉ាស់តាំងពីខែមិថុនាឆ្នាំ២០០៧។
លោកស្រី Catherine Ashtonដែលបានស្នើឲ្យអ្នកការទូតអឺរ៉ុបមានតួនាទីនៅក្នុងការត្រួតពិនិត្យនៅតាមច្រកចេញចូលនៅតំបន់ហ្កាហ្សា ក៏នឹងត្រូវមានជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតានយ៉ាហ៊ូហើយនិងលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbasផងដែរ។ ប៉ុន្តែលោកស្រីCatherine Ashtonពុំជួបពិភាក្សាឡើយជាមួយមេដឹកនាំប៉ាលេស្ទីនហាម៉ាស់ហើយនិងអ្នកដឹកនាំអ៊ីស្លាមនិយមឡើយ។
មូលហេតុដែលជំរុញឲ្យលោកស្រីប្រមុខការទូតអឺរ៉ុប Catherine Ashton ពុំព្រមជួបមេដឹកនាំប៉ាលេស្ទីនហាម៉ាស់ហើយនិងអ្នកដឹកនាំអ៊ីស្លាមនិយមឯទៀតៗ បណ្តាលមកពីលោកស្រីពុំចង់ឲ្យគេចោទថា សហភាពអឺរ៉ុបមានទំនាក់ទំនង ហើយនិងគាំទ្រពួកប៉ាលេស្ទីនហាម៉ាស់និងពួកអ្នកអ៊ីស្លាមជ្រុលនិយម។
ទន្ទឹមគ្នានេះអ្នកការទូតអាមេរិកក៏មានសកម្មភាពយ៉ាងខ្លាំងក្លា។ កាលពីថ្ងៃទី១៧កក្កដាម្សិលមិញ លោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbasបានមានជំនួបពិភាក្សាជាមួយបេសកជនពិសេសអាមេរិកលោកGeorge Mitchell ក៏ប៉ុន្តែគ្មានទទួលបានលទ្ធផលអ្វីឡើយ។ មិនតែប៉ុណ្ណោះ លោក Mahmoud Abbasបានទាំងសម្ដែងកាលពីម្សិលមិញឲ្យដឹងពីការរួញរារបស់លោកក្នុងកិច្ចចរចាជាមួយអ៊ីស្រាអែលទៀតផង។
លោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbasយល់ថា “សហរដ្ឋអាមេរិកនៅតែពុំទាន់ធ្វើការឆ្លើយតបទៅនឹងក្តីបារម្ភរបស់ប៉ាលេស្ទីននៅឡើយពាក់ព័ន្ធនឹងបញ្ហាអាណានិគមកិច្ចរបស់អ៊ីស្រាអែល បញ្ហាJérusalem និងបញ្ហាព្រំដែននៃឆ្នាំ១៩៦៧ដែលត្រូវគេយកមកធ្វើជាមូលដ្ឋាននៃកិច្ចចរចា”។ ហើយលោក Mahmoud Abbasរឹងរិតតែរួញរាទៅទៀត នៅពេលដែលពួកប៉ាលេស្ទីនហាម៉ាស់បានប្រកាសឲ្យដឹងថា ពួកគេប្រឆាំងនឹងការចាប់ចរចាឡើងវិញដោយចំពោះជាមួយប្រទេសអ៊ីស្រាអែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ