អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទ​​អន្តរជាតិ​​នៅទីក្រុង​​កាប៊ូល​ស្ដីពី​​អាហ្វហ្កានីស្តង់​​​

សំឡេង ០៥:២៧
​លោក​ប្រធានាធិបតី​ អាហ្វហ្កានីស្តង់​ Hamid Karzai និង​លោក​ស្រី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក Hillary Clinton
​លោក​ប្រធានាធិបតី​ អាហ្វហ្កានីស្តង់​ Hamid Karzai និង​លោក​ស្រី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក Hillary Clinton ©Reuters
ដោយ៖ សៀក សារិន

នៅ​ក្នុង​បរិបទ​ដែល​មាន​សន្តិសុខ​ពុំ​ជាក់​ច្បាស់​ រដ្ឋ​អំណាច​អាហ្វហ្កានីស្តង់​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ក្លាហាន​របស់​ខ្លួន​ ដោយ​បាន​ទទួល​រៀបចំ​ឲ្យ​មាន​សន្និសីទ​អន្តរជាតិ​ជា​លើក​ទីមួយ​នៅ​ទីក្រុង​កាប៊ូល​ស្ដី​ពី​អនាគត​នៃ​ប្រទេស​អាហ្វហ្កានីស្តង់។​ សន្និសីទ​លើកនេះ​ជា​សន្និសីទ​លើក​ទី៨​ហើយ​ ចាប់តាំង​ពី​មាន​សន្និសីទ​នៅ​ទីក្រុង​Bonn​ ក្រោយ​ពី​របប​តាលីបង់​បាន​ត្រូវ​ផ្តួល​រំលំ​នៅ​ឆ្នាំ២០០១​រួចមក។ 

ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​កាប៊ូល​ស្ដីពី​អាហ្វហ្កានីស្តង់​ដែល​ត្រូវ​ជួប​ប្រជុំ​គ្នា​ចំនួន​ពីរ​ថ្ងៃ​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នកតំណាង​អន្តរ​ជាតិ​​ជាង​៧០​ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​មក​ពី​៤០​ប្លាយ​ប្រទេស​ ឋិត​នៅក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​ អាហ្វហ្កានីស្តង់​ហាមីការហ្សៃ​និង​លោក​អគ្គ​លេខាធិការ​នៃ​អ ស ប​បាន គីមូន​ ត្រូវ​ពិភាក្សា​ពី​ការ​សាង​ផ្ទេរ​តួនាទី​របស់​កង​កម្លាំង​យោធា​ចម្រុះ​អន្តរជាតិ​ឲ្យ​មក​ កង​កម្លាំង​យោធា​អាហ្វហ្កានីស្តង់។​ ហើយ​បើ​យោងតាម​ឯកសារ​ដែល​ទទួល​បាន​នៅ​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​ សហគមន៍​អន្តរជាតិ​គាំទ្រ​ឲ្យ​មាន​ប្រក្រតីទិន​មួយ​ដែល​គ្រោង​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការឡើង​អានុភាព​ខ្លាំង​ក្លា​នៃ​កង​កម្លាំង​យោធា​និង​នគរបាល​ អាហ្វហ្កានីស្តង់​ចាប់ពី​ពេល​នេះ​ទៅ​ទល់​ចុង​ឆ្នាំ២០១៤។​

 
ការឡើង​អានុភាព​ខ្លាំង​ក្លា​នៃ​កង​កម្លាំង​យោធា​និង​នគរបាល​អាហ្វហ្កានីស្តង់​ចាប់ពី​ពេល​នេះ​ទៅ​ទល់​ចុង​ឆ្នាំ២០១៤​បាន​ន័យ​ថា​ នៅ​ឆ្នាំ២០១៤​ កង​កម្លាំង​រក្សា​សន្តិសុខ​អាហ្វហ្កានីស្តង់​អាច​មាន​សមត្ថភាព​គ្រប់​គ្រាន់​នឹង​ទទួល​តស្នង​តំណែង​ពី​កង​កម្លាំង​ចម្រុះ​អន្តរជាតិ​ដែល​ឋិត​នៅ​ក្រោម​ការ​បញ្ជា​របស់​បក្ស​សម្ពន្ធ​Otan​ ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាជន​អាហ្វហ្កានីស្តង់​នៅ​ទូទាំង​ប្រទេស។

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​វិញ​បាន​កំណត់​ខែកក្កដា​ឆ្នាំ២០១១​ថា​ ជា​ការ​ចាប់ផ្តើម​ដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្កានីស្តង់។​ រីឯ​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​David Cameron ដែល​កង​កម្លាំង​ទ័ព​អង់គ្លេស​ជា​កង​កម្លាំង​សំខាន់​ទីពីរ​នៅ​ក្នុង​ជួរ​កង​កម្លាំង​ចម្រុះ​អន្តរជាតិ​នៅ​ប្រទេស​អាហ្វហ្កានីស្តង់​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ អង់គ្លេស​នឹង​ដកទ័ព​របស់​ខ្លួន​ចេញ​នៅ​រវាង​ឆ្នាំ​២០១៥​ ពោល​គឺ​មុន​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​អង់គ្លេស។

ឆ្លៀត​ឱកាស​មុន​ការ​បើក​ប្រជុំ​សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​កាប៊ូល​ស្ដីពី​អាហ្វហ្កានីស្តង់​ លោក​ប្រធានាធិបតី​ អាហ្វហ្កានីស្តង់​ហាមីការហ្សៃ​បាន​ថ្លែង​ប្រកាស​ឲ្យ​ដឹង​ពី​វិធានការ​ជាក់​ច្បាស់​ដែល​លោក​មាន​សម្រាប់​រៀបចំ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​នៅក្នុង​ប្រទេស។

នៅ​ថ្ងៃ​អង្គារ​នេះ​ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​ជំនួប​ប្រជុំ​ដ៏​សំខាន់​នៃ​សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​កាប៊ូល​ស្ដីពី​អាហ្វហ្កានីស្តង់​ លោក​ប្រធានាធិបតី​ហាមីការហ្សៃ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ លោក​ចង់​ឲ្យ​កង​កម្លាំង​រក្សា​សន្តិសុខ​អាហ្វហ្កានីស្តង់​ទទួល​បាន​នូវ​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​គ្រប់​ប្រតិបត្តិការ​យោធា​ ហើយ​និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ទូទាំង​ប្រទេស​អាហ្វហ្កានីស្តង់​ចាប់​ពីពេល​នេះ​ទៅ​ទល់​ឆ្នាំ២០១៤​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាជន​អាហ្វហ្កានីស្តង់។

ក៏​ប៉ុន្តែ​សហគមន៍​អន្តរជាតិ​នៅ​តែ​មាន​ការបារម្ភ​ ខ្លាចក្រែង​ក្រោយ​ពី​មាន​ការ​ដកថយ​នៃ​កងកម្លាំង​ចម្រុះ​អន្តរជាតិ​ដែល​មាន​យោធា​ប្រមាណ​​១៥០ ០០០​នាក់​ដែល​ឋិត​នៅ​ក្រោម​ការ​បញ្ជា​របស់​បក្ស​សម្ពន្ធ​អូតង់​ រដ្ឋាភិបាល​អាហ្វហ្កានីស្តង់​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​ធ្វើ​ការ​ទប់​ទល់​នឹង​ការ​វាយលុក​របស់​ពួក​អ៊ីស្លាមជ្រុល​និយម​ ហើយ​ប្រទេស​អាហ្វហ្កានីស្តង់​អាច​ក្លាយ​ទៅជា​ដែនដី​និង​ជាទី​ជម្រក​របស់​សកម្មជន​អាល់កៃដា។

ដើម្បី​ឲ្យ​ការ​សាង​ផ្ទេរ​តួនាទី​របស់​កង​កម្លាំង​យោធា​ចម្រុះ​អន្តរជាតិ​ឲ្យ​មក​ កង​កម្លាំង​យោធា​អាហ្វហ្កានីស្តង់​សម្រេច​បាន​ជោគជ័យ​ គេ​ត្រូវ​តែ​ធ្វើការ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ជាមួយ​ពួក​តាលីបង់។​ នា​ឱកាស​ធ្វើ​ទស្សនកិច្ច​នៅ​ពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ​ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​Hillary Clinton​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្តង់​បន្ត​ធ្វើការ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ជាមួយ​ពួក​តាលីបង់​ដែល​គ្មាន​ទស្សនៈ​ជ្រុល​និយម​ ហើយ​ចង់បាន​សន្តិភាព​ ពោលគឺ​ពួក​តាលីបង់​ណា​ដែល​យល់ព្រម​ចូល​មក​រួមរស់​នៅក្នុង​សង្គមជាតិ​ យល់ព្រម​ធ្វើការ​ប្រកួត​ប្រជែង​នយោបាយ​តាម​ផ្លូវ​បោះ​ឆ្នោត​ ពុំ​ប្រើ​កម្លាំង​យោធា​សម្រាប់​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ។

ជាផ្លូវការ​បាន​សេចក្តីថា​ គេ​ធ្វើការ​ចរចា​ជាមួយ​ពួក​តាលីបង់​ណា​ដែល​ទទួល​ស្គាល់​រដ្ឋធម្មនុញ្ញ​អាហ្វហ្កានីស្តង់​ ហើយ​យល់ព្រម​ដាក់​អាវុធ​ចុះ។​ ក៏​ប៉ុន្តែ​គេ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ដាច់ខាត​ទល់នឹង​ពួក​តាលីបង់​ណា​ដែល​នៅ​រក្សា​ទំនាក់​ទំនង​ជាមួយ​ពួក​អាល់កៃដា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ