អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទំនាក់ទំនង​ពិសេស​រវាង​លោកអូបាម៉ា​និងលោកកាមេរ៉ូន​

សំឡេង ០៥:២៨
លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ ​និង​ លោក​នាយករដ្ឋមន្ត្រី​​អង់គ្លេស​​David Camero​នៅ​ទីក្រុង​ Washington នៅ​ថ្ងៃទី២០​កក្កដា​ឆ្នាំ២០១០
លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ ​និង​ លោក​នាយករដ្ឋមន្ត្រី​​អង់គ្លេស​​David Camero​នៅ​ទីក្រុង​ Washington នៅ​ថ្ងៃទី២០​កក្កដា​ឆ្នាំ២០១០ ©Reuters
ដោយ៖ សៀក សារិន
២៩ នាទី

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ នាឱកាស​ជំនួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​David Cameron បាន​ខិតខំ​កាត់បន្ថយ​ភាព​តាន​តឹង​ដែល​កើតមាន​វវាង​អាមេរិក​និង​អង់គ្លេស​ ដោយ​ហេតុ​តែ​មាន​បញ្ហា​ប្រេង​ខ្មៅ​អណ្តែត​បង្ក​ឡើង​ដោយ​ក្រុម​ហ៊ុន​ប្រេងកាត​អង់គ្លេស​ឈ្មោះ​BP នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិក​នៃ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ពិសេស​រវាង​ទីក្រុង​Londres និង​ទីក្រុង Washington។

ផ្សាយពាណិជ្ជកម្ម

ទំនាក់​ទំនង​រវាង​ទីក្រុង​Londres និង​ទីក្រុង Washington​ថា​ជា​ទំនាក់​ទំនង​ពិសេស​ បណ្តាល​មក​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អង់គ្លេស​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​នឹង​គ្នា​ជាយូរ​លង់មក​ហើយ​ តាំង​ពី​សហរដ្ឋ​អាមេរិក​បាន​ចាប់​កកើត​មក​ម៉្លេះ។​ ម៉្យាង​ទៀត​ប្រជា​ជន​នៃ​ប្រទេស​ទាំងពីរ​និយាយ​ភាសា​អង់គ្លេស​ដូចគ្នា​ មាន​មូលដ្ឋាន​នៃ​វប្បធម៌​និង​អារ្យធម៌​ដូចគ្នា។​ ដូច្នេះ​ វា​គ្មាន​អ្វី​គួរ​ឲ្យ​ចម្លែក​ទេ​ដែល​សហរដ្ឋ​អាមេរិក​របស់​លោក​អូបាម៉ា​និង​ប្រទេស​អង់​គ្លេស​របស់​លោក​កាមេរ៉ូន​ចេះ​មាន​សាមគ្គីភាព​Anglo-Saxon នឹង​គ្នា​ នៅក្នុង​វិស័យ​យោធា​ វិស័យ​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​ ឬ​វិស័យ​វប្បធម៌​......។ល។......

 
កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​David Cameron បាន​ជួប​ពិភាក្សា​នៅ​សេតវិមាន​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ ដោយ​បាន​រំលឹក​ពី​លក្ខណៈ​ពិសេស​នៃ​ទំនាក់​ទំនង​រវាង​ទីក្រុង​Londres និង​ទីក្រុង Washignton។​ ទោះបី​ជា​មាន​បញ្ហា​ប្រេង​ខ្មៅ​អណ្តែត​បង្ក​ឡើង​ដោយ​ក្រុម​ហ៊ុន​ប្រេងកាត​អង់គ្លេស​ឈ្មោះ​BP នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិក​នៃ​សហរដ្ឋ​អាមេរិក​ ហើយ​និង​បញ្ហា​ជន​ជាតិ​លីប៊ី​ឈ្មោះ​Abdelbaset al-Megrahi ក៏ដោយ។

ក្រោយពី​មាន​ជំនួប​ពិភាក្សា​ប្រមាណ​បីម៉ោង​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​លោក​អនុ​ប្រធានាធិបតី​អាមេរិក​Joe Biden ផង​ដែរ​ លោក​ប្រមុខ​ដឹកនាំ​អង់គ្លេស​និង​អាមេរិក​បាន​ធ្វើ​សន្និសីទ​កាសែត​រួមគ្នា​មួយ​ ដោយ​ពុំ​ភ្លេច​គូស​បញ្ជាក់​ឡើយ​ពី​លក្ខណៈ​ពិសេស​នៃ​ទំនាក់​ទំនង​ដែល​​ចងភ្ជាប់​ប្រទេស​ទាំងពីរ។

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ឆ្លៀត​សង្កត់​បញ្ជាក់​ឲ្យ​ដឹងថា​ “​យុទ្ធសាស្ត្រ​អាមេរិកាំង​នៅ​ប្រទេស​អាហ្វហ្កានីស្តង់​”​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ត្រឹម​ត្រូវ។​ ហើយ​សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​កាប៊ូល​បច្ចុប្បន្ន​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ទៅមុខ​មួយ​យ៉ាង​សំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​អាហ្វហ្កានីស្តង់។​ រីឯ​លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​David Cameron វិញ​បាន​ថ្លែង​ឲ្យ​ដឹងថា​ ទាំងនេះ​ពិតជា​ការ​រិះរក​ដំណោះ​ស្រាយ​ដ៏​លឿន​ទៅមុខ​មួយ​សម្រាប់​ប្រទេស​អាហ្វហ្កា​នីស្តង់។

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​សម្ដែង​ឲ្យ​ដឹងថា​ លោក​ចង់​ឲ្យ​យោធា​អង់គ្លេស​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខនេះ​ ពោលគឺ​ចាប់​ពី​ពេល​នេះ​ទៅ​ទល់​ឆ្នាំ២០១៥។​ ចំណែក​ឯ​លោក​អូបាម៉ា​ ដែល​បាន​បញ្ជូន​ទ័ព​បន្ថែម​ប្រមាណ​៣០ ០០០នាក់​ទៅ​ប្រទេស​អាហ្វហ្កានីស្តង់​កាលពី​ខែ​ធ្នូ​កន្លង​ទៅ​ បាន​ប្រកាស​ថា​ យោធា​អាមេរិក​នឹង​ចាប់​ចាកចេញ​ពី​ប្រទេស​អាហ្វហ្កានីស្តង់​នៅ​ខែ​កក្កដា​ឆ្នាំ២០១១។

ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​David Cameron​ធ្លាក់​ចំ​ជួន​ពេល​ដែល​ក្រុមហ៊ុន​អង់គ្លេស​BP ​ដែល​ជា​សរសរទ្រូង​នៃ​សេដ្ឋកិច្ច​អង់គ្លេស​កំពុង​ត្រូវ​ប្រជាជន​អាមេរិកាំង​ជេរ​ប្រទេច​ ដោយហេតុ​តែ​មាន​ញ្ហា​ប្រេង​ខ្មៅ​អណ្តែត​បង្ក​ឡើង​ដោយ​ក្រុម​ហ៊ុន​ប្រេងកាត​អង់គ្លេស​BP នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិក​នៃ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ធ្វើឲ្យ​តំបន់​ឈូង​​សមុទ្រ​ម៉ិចស៊ិក​ដែល​ឋិត​នៅ​ប៉ែកខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក​ទទួល​រង​ការ​ខូចខាត​យ៉ាង​សែន​ធ្ងន់ធ្ងរ​ចាប់តាំង​ពី​ខែ​មេសា​មក។

លោក​កាមេរ៉ូន​បាន​ថ្លែង​ប្រាប់ថា​ លោក​យល់​ដឹង​ណាស់​ពី​កំហឹង​របស់​ប្រជាជន​អាមេរិកាំង​នៅ​ទូទាំង​ប្រទេស។​ ប៉ុន្តែ​ ក្រុមហ៊ុន​អង់គ្លេស​BP ​កំពុង​ខិតខំ​បិទ​ខ្ទប់​កុំឲ្យ​មាន​ប្រេង​ហូរ​ចេញ​ពី​អណ្តូង​ដែល​មាន​គ្រោះ​ថ្នាក់​ទាំងនោះ​ទៀត។​ ហើយ​ក្រុមហ៊ុន​អង់គ្លេស​BP ​ត្រូវ​ធ្វើការ​បោស​សម្អាត​នៅ​តាម​តំបន់​រង​គ្រោះ​ ហើយ​និង​ត្រូវ​សង​ជម្ងឺ​ចិត្ត​ជូន​ប្រជាជន​អាមេរិកាំង​រង​គ្រោះ​ទាំងនោះ​ឲ្យ​បាន​សមរម្យ។

គួរកត់​សម្គាល់ថា​ ក្រុមហ៊ុន​ប្រេងកាត​អង់គ្លេស​BP ​គឺ​ជា​សហគ្រាស​មួយ​ដ៏​សែន​សំខាន់​សម្រាប់​សេដ្ឋកិច្ច​អង់គ្លេស​ក៏​ដូច​ជា​សម្រាប់​សេដ្ឋ​កិច្ច​​អាមេរិកាំង​ដែរ​ ដោយហេតុ​ថា​នៅត្រើយ​ទាំងពីរ​នៃ​មហា​សាគរ​អាត្លង់ទីក​ ក្រុមហ៊ុន​អង់គ្លេស​BP ​ប្រើ​មនុស្ស​ធ្វើការ​ដល់ទៅ​រាប់ម៉ឺន​នាក់។​ ដូច្នេះ​ វា​ក៏​ជា​សារៈប្រយោជន៍​របស់​សេដ្ឋកិច្ច​អង់គ្លេស​និង​អាមេរិកាំង​ដែល​ក្រុមហ៊ុន​អង់គ្លេស​BP ​មាន​ស្ថិរភាព​និង​សុខភាព​ល្អ​នៅ​ពេល​បច្ចុប្បន្ន​ក៏​ដូចជា​នៅ​ពេល​អនាគត។

ក្រៅពី​បញ្ហា​ប្រេង​ខ្មៅ​អណ្តែត​បង្ក​ឡើង​ដោយ​ក្រុម​ហ៊ុន​ប្រេងកាត​អង់គ្លេស​ឈ្មោះ​BP នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិក​នៃ​សហរដ្ឋ​អាមេរិក​ នៅ​មាន​បញ្ហា​ជនជាតិ​លីប៊ី​ឈ្មោះ​Abdelbaset al-Megrahi​ដែល​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ដោយ​ជាប់ចោទ​ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​យន្តហោះ​អាមេរិក​ ហើយ​ដែល​បាន​ត្រូវ​​​តុលាការ​Ecosse ដោះ​លែង​ឲ្យ​មាន​សេរីភាព​ដែល​ជាមូល​ហេតុ​ធ្វើ​ឲ្យប្រជាជនអាមេរិកខឹងក្រេវក្រោធពុំតិចឡើយ។ពាក់ព័ន្ធនឹងបញ្ហានេះ​ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​David Cameron បាន​បញ្ជា​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​សើរើ​មើល​បញ្ហា​នេះ​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ