អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បញ្ហានុយក្លេអ៊ែរ៖​អៀរ៉ង់​បដិសេធ​ទណ្ឌកម្ម​តែ​ទាមទារ​ការចរចា​

សំឡេង ០៤:៤១
លោក​ប្រធានា​ធិបតី​អៀរ៉ង់ ​​Mahmoud Ahmadinejad
លោក​ប្រធានា​ធិបតី​អៀរ៉ង់ ​​Mahmoud Ahmadinejad ©Reuters/Aly Song
ដោយ៖ សៀក សារិន
២៤ នាទី

ទីក្រុង​តេហេរ៉ង់​បាន​បដិសេធ​ទាត់ចោល​ ទណ្ឌកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ប្រកាស​ដាក់​ទៅលើ​ប្រទេស​អៀរ៉ង់​ ដោយ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ទណ្ឌកម្ម​ថ្មី​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ការ​រិះរក​ ដំណោះ​ស្រាយ​ឲ្យ​បញ្ហា​នុយក្លេអ៊ែរ​រឹងរិត​តែ​ស្មុគស្មាញ​បន្ថែម​ទៀត។​ ហើយ​លោក​ប្រធានា​ធិបតី​អៀរ៉ង់​Mahmoud Ahmadinejad បាន​អះអាង​ថា​នឹង​ចាប់​មាន​កិច្ចចរចា​ឡើងវិញ​នៅ​ខែ​កញ្ញា​ខាងមុខនេះ។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បទ​សម្ភាសន៍​កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​តាម​រយៈ​ទូរទស្សន៍​អៀរ៉ង់​ជា​ភាសា​អង់គ្លេស​ឈ្មោះ​Press-TV ​ លោក​ប្រធានា​ធិបតី​អៀរ៉ង់​Mahmoud Ahmadinejad ​បាន​ថ្លែង​ឲ្យ​ដឹងថា​ “​ប្រទេស​អៀរ៉ង់​នឹង​មាន​កិច្ចចរចា​ឡើងវិញ​ជាមួយ​ប្រទេស​លោក​ខាងលិច​នៅ​ខែកញ្ញា​ខាង​មុខ​នេះ។​ ក៏​ប៉ុន្តែ​ជា​កិច្ចចរចា​ដោយ​មាន​លក្ខខណ្ឌ​ ពោលគឺ​រក្សា​ទុក​នៅ​ដដែល​លក្ខខណ្ឌ​ដែល​ទីក្រុង​តេហេរ៉ង់​ធ្លាប់​បាន​ដាក់​កាល​ពី​ខែ​មិថុនា​កន្លងទៅ​ បាន​សេចក្តីថា​ប្រទេស​អៀរ៉ង់​ចង់​ឲ្យ​ប្រទេស​លោក​ខាង​​លិច​ឆ្លើយ​បំភ្លឺ​ពី​ជំហរ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីស្រាអែល។​ ប្រទេស​មហាអំណាច​លោក​ខាងលិច​ត្រូវតែ​បញ្ជាក់​ប្រាប់​ឲ្យ​បាន​ច្បាស់ៗ​ថា​ តើ​ខ្លួន​ទទួល​យល់ព្រម​ឲ្យ​ប្រទេស​អ៊ីស្រាអែល​មាន​គ្រាប់បែក​នុយក្លេអ៊ែរ​ដែរឬទេ?

 
ទាំងនេះ​បានន័យ​ថា​ បើ​ប្រទេស​មហាអំណាច​លោក​ខាងលិច​ទទួល​ស្គាល់​យល់ព្រម​ឲ្យ​ប្រទេស​អ៊ីស្រាអែល​មាន​គ្រាប់បែក​នុយក្លេអ៊ែរ​មែន​ នោះ​ប្រទេស​អៀរ៉ង់​ក៏​មាន​សិទ្ធិ​ដូច​ប្រទេស​អ៊ីស្រាអែល​អ៊ីចឹង​ដែរ​ក្នុង​ការ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ។

បន្ថែម​ពី​លើនេះ​ លោក​ប្រធានា​ធិបតី​អៀរ៉ង់​Mahmoud Ahmadinejad ​បាន​ទាមទារ​ឲ្យ​មាន​វត្តមាន​របស់​ប្រទេស​ទួរគី​និង​ប្រទេស​ប្រេស៊ីល​នៅ​ក្នុង​កិច្ចចរចា។​ ដោយ​ហេតុ​ថា​ប្រទេស​ទាំងពីរ​ខាងលើនេះ​មាន​គោល​ជំហរ​ប្រហាក់​ប្រហែល​គ្នា​នឹង​ប្រទេស​អៀរ៉ង់​ពាក់ព័ន្ធ​នឹង​បញ្ហា​នុយក្លេ​អ៊ែរ។

គួរកត់​សម្គាល់ថា​ ប្រទេស​អ៊ីស្រាអែល​ដែល​គេ​ចាត់​ទុកថា​ជា​មហា​អំ​ណាច​​នុយក្លេអ៊ែរ​មួយ​នៅ​តំបន់​ដើមបូព៌ា​ បាន​ធ្វើការ​ចោទ​ប្រកាន់​ទៅ​លើ​ប្រទេស​អៀរ៉ង់​ដូច​ប្រទេស​លោក​ខាងលិច​ឯទៀតៗ​ថា​ ទីក្រុង​តេ​ហេ​​រ៉ង់​កំពុង​ស្វះស្វែង​រិះរក​ផលិត​អាវុធ​នុយក្លេអ៊ែរ។​ ហើយ​អ៊ីស្រា​អែល​​​ពុំ​រួញរា​ឡើយ​នឹង​ធ្វើការ​វាយ​ប្រហារ​តាម​ផ្លូវ​យោធា​ទៅលើ​ទីតាំង​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​អៀរ៉ង់។

សហភាព​អឺរ៉ុប​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ប្រទេស​អៀរ៉ង់​ ជាពិសេស​នៅលើ​វិស័យ​ថាមពល​កាលពី​ថ្ងៃចន្ទ​កន្លង​ទៅ​ ដើម្បី​ជំរុញ​ឲ្យ​ទីក្រុង​តេហេរ៉ង់​ងាក​មក​រក​តុ​ចរចា​ឡើងវិញ​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

សាធារណរដ្ឋ​អ៊ីស្លាម​អៀរ៉ង់​បាន​ប្រកាស​ឲ្យដឹង​ថា​ គេ​សោក​ស្តាយ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុប។​ ក៏​ប៉ុន្តែ​ទាំងនេះ​ពុំបាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ប្តេជ្ញាចិត្ត​របស់​ទីក្រុង​តេហេរ៉ង់​ឡើយ​ក្នុង​កិច្ច​ការពារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុង​ការ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​ស្រប​តាម​ច្បាប់។

ទណ្ឌកម្ម​ថ្មី​នៃ​សហភាព​អឺរ៉ុប​ដែល​ដាក់​ទៅលើ​អៀរ៉ង់​មាន​សុពលភាព​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ទៅ​ ដែល​ក្នុង​នោះ​មាន៖​
-ការ​ហាម​ឃាត់​ពុំ​ឲ្យ​មាន​ការ​បោះ​ទុន​ធ្វើ​វិនិយោគ​ថ្មី​នៅ​ប្រទេស​អៀរ៉ង់។
-ការ​ហាម​ឃាត់​ពុំ​ឲ្យ​មាន​ជំនួយ​បច្ចេកទេស​ឬ​ការ​សាងផ្ទេរ​បច្ចេកវិទ្យា​ទៅ​ប្រទេស​អៀរ៉ង់​ ជាពិសេស​ក្នុង​វិស័យ​ចម្រាញ់​ប្រេងកាត​និង​ការ​ផលិត​ឧស្ម័ន។
-ពង្រឹង​ការ​ត្រួត​ពិនិត្យ​ទៅលើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​របស់​អៀរ៉ង់​នៅតាម​កំពង់ផែ​ទាំងឡាយ​របស់​ប្រទេស​អឺរ៉ុប។

សូម​បញ្ជាក់ថា​ ទន្ទឹម​គ្នា​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​ប្រទេស​អឺរ៉ុប​ ប្រទេស​កាណាដា​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​វិធានការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប។​ ចំណែកឯ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អូស្ត្រាលី​វិញ​ ពួកគេ​បាន​ចាត់​វិធានការ​ទាំង​នេះ​មុន​ទីក្រុង​Bruxelles និង​ទីក្រុង​Ottawa​រួច​ទៅហើយ។

ប្រទេស​រុស្ស៊ី​ឯណោះ​យល់ថា​ ទណ្ឌកម្ម​ថ្មី​ដែល​សហភាព​អឺរ៉ុប​បាន​សម្រេច​ដាក់​ទៅលើ​ទីក្រុង​តេហេរ៉ង់​នេះ​នឹង​ធ្វើ​ឲ្យ​រិត​តែ​មាន​ការ​ស្មុគស្មាញ​នៅ​ក្នុង​ការ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់។​ ហើយ​ទីក្រុង​ម៉ូស្គូ​នៅ​​រក្សា​ក្តី​សង្ឃឹម​ថា​ប្រទេស​រុស្ស៊ី​​និង​ប្រទេស​មហា​អំណាច​លោក​ខាងលិច​នៅ​អាច​ធ្វើ​សហការ​នឹង​គ្នា​ដើម្បី​រិះរក​ដំណោះ​ស្រាយ​ឲ្យ​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ