វ៉ាស៊ីនតោននិងសេអ៊ូលធ្វើសមយុទ្ធគំរាមព្យុង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅតាមខ្សែស្របទី៣៨និងនៅពីលើផ្ទៃសមុទ្រលឿងដែលប្រទេសកូរ៉េទាំងពីរឈ្លោះដណ្តើមគ្នាថាជាដែនសមុទ្ររបស់ខ្លួន កាលពីថ្ងៃចន្ទកន្លងទៅទាហានកូរ៉េខាងត្បូងមានការភ្ញាក់ផ្អើល នៅខណៈដែលគេងើយមើលទៅលើមេឃ ស្រាប់តែឃើញមានយន្តហោះយកការណ៍ដែលគ្មានអ្នកបើករបស់កូរ៉េខាងជើងហោះនៅក្នុងផ្ទៃអាកាស។ការសំញែងបង្ហាញបច្ចេកវិទ្យាទំនើបរបស់កូរ៉េខាងជើងនេះ ធ្លាក់ចំជួនពេលដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូលចាប់ធ្វើសមយុទ្ធ។
ក្នុងរយៈពេល១០ថ្ងៃទាហានកូរ៉េខាងត្បូង៥៦ ០០០នាក់និងទាហានអាមេរិកាំងប្រមាណ៣០ ០០០នាក់រួមគ្នាធ្វើសមយុទ្ធនៅសមុទ្រលឿងឋិតនៅខាងលិចនៃប្រទេសកូរ៉េទាំងពីរ។
កម្មវត្ថុនៃសមយុទ្ធរួមគ្នាអាមេរិក-កូរ៉េខាងត្បូងនេះគឺធ្វើឡើង៖
-ទី១ ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដែលអាចកើតមាននាឱកាសជំនួបកំពូលG20នៅទីក្រុងសេអ៊ូលនៅខែវិច្ឆិកាខាងមុខនេះ។
-ទី២ ដើម្បីសម្ដែងបង្ហាញឲ្យទីក្រុងព្យុងយ៉ាងឃើញពីអានុភាពនៃកម្លាំងយោធារបស់សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង។ ហើយជាពិសេសគំរាមដល់កូរ៉េខាងជើងកុំឲ្យហ៊ានធ្វើការវាយប្រហារដូចកាលខ្លួនបានធ្វើទៅលើនាវាChoenanរបស់កូរ៉េខាងត្បូងដែលបានបណ្តាលឲ្យមាននាវិកកូរ៉េខាងត្បូងស្លាប់៤៦នាក់កាលពីខែមីនាកន្លងទៅ។
សមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនេះបានត្រូវកងកម្លាំងយោធាកូរ៉េខាងជើងបរិហារថា ជាបេសកកម្មឈ្លានពានដែលយោធាកូរ៉េខាងជើងនឹងធ្វើការតបត ហើយនិងធ្វើទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើកងកម្លាំងចក្រពត្រនិយម។ ម្យ៉ាងទៀតកាលពីខែមុនទីក្រុងព្យុងយ៉ាងធ្លាប់បានគំរាមថានឹងប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយនិងធ្លាប់បានគំរាមថានឹងធ្វើឲ្យទីក្រុងសេអ៊ូលក្លាយទៅជាសមុទ្រភ្លើងសង្គ្រាម។ ប៉ុន្តែការគំរាមទាំងនេះវាក្លាយទៅជាទម្លាប់មួយរបស់ប្រទេសកូរ៉េខាងជើងទៅហើយ។
អ្នកយុទ្ធសាស្ត្រអាមេរិកមានការប្រុងប្រយ័ត្នយ៉ាងម័តធ្យ័តដោយគេយល់ថា ការវាយប្រហារទៅលើនាវាChoenanរបស់កូរ៉េខាងត្បូងគឺពិតជាបើកបង្ហាញឲ្យឃើញនូវវគ្គថ្មីមួយនៃអស្ថិរភាពដែលអាចជាប់ទាក់ទងទៅនឹងការរៀបចំឲ្យកូនប្រុសនៃប្រមុខដឹកនាំកូរ៉េខាងជើងឡើងមកកាន់មុខតំណែងជំនួសឪពុក។
រដ្ឋបាលរបស់លោកអូបាម៉ាខ្លាចក្រែងមានការរករឿងបង្កហេតុពីសំណាក់ទីក្រុងព្យុងយ៉ាង នាឱកាសសាងផ្ទេរអំណាចពីគីម ចុងអ៊ីលមកកូនប្រុសទីបីឈ្មោះគីម ចុងអ៊ុន។
ប្រមុខដឹកនាំនៃមន្ទីរប៉ង់តាហ្គោនខ្លាចក្រែងការវាយប្រហារទៅលើនាវាកូរ៉េខាងត្បូងChoenanជាការវាយប្រហារsérieទីមួយ ហើយអាចកើតមានការវាយប្រហារបន្តបន្ទាប់មកទៀត។ ដោយហេតុថា នៅខែក្រោយរបបផ្តាច់ការកូរ៉េខាងជើងនឹងកោះហៅឲ្យមានកិច្ចប្រជុំពិសេសមួយដើម្បីធ្វើការជ្រើសតាំងអ្នកដឹកនាំថ្មី។ នៅឱកាសនោះកូនប្រុសទីបីរបស់គីម ចុងអ៊ីលឈ្មោះគីម ចុងអ៊ុនដែលមានអាយុ២៧ឆ្នាំប្រហែលជានឹងត្រូវប្រកាសជាផ្លូវការឲ្យឡើងមកកាន់កាប់តំណែងជំនួសលោកគីម ចុងអ៊ីលជាឪពុក។
ទាំងនេះបានធ្វើឲ្យរដ្ឋបាលលោកអូបាម៉ាយល់ថា ទីក្រុងព្យុងយ៉ាងគ្មានបំណងនឹងបើកកិច្ចចរចាឡើយពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែររបស់ខ្លួន។ ហេតុដូច្នេះហើយបានជារដ្ឋបាលអាមេរិកយល់ថា គេត្រូវតែបន្តដាក់សម្ពាធទាំងវិស័យយោធានិងទាំងវិស័យហិរញ្ញវត្ថុទៅលើកូរ៉េខាងជើង។
ហើយកងកម្លាំងយោធាអាមេរិករៀបចំធ្វើសមយុទ្ធថ្មីមួយទៀតប្រឆាំងនឹងនាវាមុជទឹកជាមួយកងកម្លាំងយោធាកូរ៉េខាងត្បូងនៅដើមខែកញ្ញាខាងមុខនេះ ដើម្បីបញ្ជាក់ឲ្យកូរ៉េខាងជើងដឹងថាទីក្រុងវ៉ាស៊ីនតោនបានផ្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងកិច្ចការពារប្រទេសកូរ៉េខាងត្បូង។
ចំពោះមុខស្ថានការណ៍បែបនេះ ប្រទេសចិនដែលជាសម្ពន្ធមិត្តរបស់ទីក្រុងព្យុងយ៉ាងបារម្ភខ្លាចក្រែងប្រទេសកូរ៉េខាងជើងស្គាល់អស្ថិរភាព។ ហើយសភាពឃ្លេងឃ្លោងនៃរបបកុម្មុយនិស្តកូរ៉េខាងជើងអាចបណ្តាលឲ្យមានជនភៀសខ្លួនកូរ៉េខាងជើងរត់ភ្លូកទឹកភ្លូកដីមករកទីជម្រកនៅព្រំដែនចិន-កូរ៉េ។
សូមគូសបញ្ជាក់ថា ការពុំចុះសម្រុងនឹងគ្នារវាងសហរដ្ឋអាមេរិកនឹងប្រទេសចិនពាក់ព័ន្ធនឹងបញ្ហកូរ៉េខាងជើងពុំដែលមានសភាពធំធេងដូចនៅពេលនេះឡើយ។ ហើយរដ្ឋបាលអូបាម៉ាប្រហែលជាចង់សម្ដែងប្រាប់ទីក្រុងប៉េកាំងឲ្យដឹងថា សហរដ្ឋអាមេរិកពុំបោះបង់ចោលឡើយតំបន់អាស៊ីចុងបូព៌ា៕.
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ