ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទីក្រុង​ប៉ារីស និង​ប៉េកំាង​ព្យាយាម​ផ្សះផ្សា​គ្នា​ឡើង​វិញ

សំឡេង ០៧:៥៦
លោក​ប្រធានាធិបតី​ចិនHu Jintao (រូប​ខាង​ស្តំា) និង​លោក​ប្រធានាធិបតី​បារំាង នីកូឡា សាកូហ្ស៊ី
លោក​ប្រធានាធិបតី​ចិនHu Jintao (រូប​ខាង​ស្តំា) និង​លោក​ប្រធានាធិបតី​បារំាង នីកូឡា សាកូហ្ស៊ី AFP/Thomas Samson

លោក​ប្រធានាធិបតី​ចិន Hu Jintao បាន​ផ្តើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចំនួន ៣​ថ្ងៃ ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៦ វិច្ឆិកា​ក្នុង​ប្រទេស​បារំាង។ វិស័យ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន​មិន​ត្រូវ​បាន​ភាគី​បារំាង​លើក​យក​ និយាយ​ដោយ​ចំៗ​ទេ តែ​បើ​និយាយ​ពី​វិស័យ​ពាណិជ្ជកម្ម​វិញ ក្រុមហ៊ុន​ចិន និង​បារំាង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​ចំនួន​ដែល​មាន​ទឹក​ប្រាក់​ សរុប​ជាង ២០ពាន់​លាន​ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

កិច្ចសន្យា ២០ពាន់​លាន​ដុល្លារ ឬ​ស្មើ​នឹង​ជាង ១៤ពាន់​លាន​អឺរ៉ូ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ វិច្ឆិកា​ម្សិលមិញ ជា​មួយ​នឹង​ក្រុមហ៊ុន​បារំាង​ធំៗ​ចំនួន ៣ គឺ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូតាល់ ក្រុមហ៊ុន Areva និង​ក្រុមហ៊ុន Airbus។

ជាមួយ​ក្រុមហ៊ុន Airbus ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន​បួន គឺ​ក្រុមហ៊ុន CASC Air China, China Eastern និង​China Southern បាន​កម្មង់​ទិញ​យន្តហោះ​ចំនួន ១០២​គ្រឿង​ពី​ក្រុមហ៊ុន Airbus ដែល​សរុប​ជា​ប្រាក់​មាន​ចំនួន ១០ពាន់​លាន​អឺរ៉ូ។ យន្តហោះ​ទំាង ១០២​គ្រឿង​នោះ មាន​ប្រភេទ A៣២០​ចំនួន ៥០គ្រឿង A៣៣០​ចំនួន​៤២​គ្រឿង និង​ប្រភេទ A៣៥០​ចំនួន ១០ គ្រឿង។

ជា​មួយ​នឹង​ក្រុមហ៊ុន Areva ដែល​ជា​ក្រុមហ៊ុន​ថាមពល​នុយក្លេអ៊ែរ Areva បាន​សន្យា​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​ចិន​នូវ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ ចំនួន ២ម៉ឺន​តោន​ក្នុង​រយៈពេល ១០ឆ្នំា ដែល​សរុប​ជា​ប្រាក់​មាន​ចំនួន ២ពាន់ ៥រយ​លាន​អឺរ៉ូ។ កិច្ចសន្យា​ថ្មី​នេះ​នឹង​ត្រូវ​ចូល​ទៅ​ជំនួស​កិច្ចសន្យា​ចាស់​ដែល​បាន​ចុះ​ ហត្ថលេខា​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០០៧។ Areva បាន​ចាត់​ទុក​កិច្ច​សន្យា​ថ្មី​នេះ​ថា ជា​កិច្ច​សន្យា​ដ៏​សំខាន់​មិន​ធ្លាប់​មាន។ តែ​មិន​បាន​បញ្ជាក់​ទេ​ថា តើ​កិច្ច​ព្រមព្រៀង​ថ្មី​នេះ​នឹង​មាន​ទឹក​ប្រាក់​ច្រើន​ជាង​កិច្ចព្រមព្រៀង​ លើក​មុន​ប៉ុន្មាន​នោះ។

ចុង​ក្រោយ​គឺ​ជា​មួយ​នឹង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូតាល់។ តូតាល់​បាន​សន្យា​បោះទុន​វិនិយោគ​ជា​មួយ​នឹង​ក្រុមហ៊ុន​ថាមពល​ចិន​ឈ្មោះ Power Investment Corporation ក្នុង​ទឹក​ប្រាក់​ពី ២ ទៅ ៣ពាន់​លាន​អឺរ៉ូ។

ដោយ​ឡែក​នៅ​ថ្ងៃ​សុក្រ ទី៥ វិច្ឆិកា​នេះ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Alcatel-Lucent នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន​បី ជា​មួយ​នឹង​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន China Mobile China Telecom និង​China Unicom ក្នុង​ទឹកប្រាក់​សរុប​ជិត ១ពាន់លាន​អឺរ៉ូ។ យោង​តាម​កិច្ចសន្យា​ទំាង​បី Alcatel-Lucent នឹង​លក់​គ្រឿង​សម្ភារៈ​បរិក្ខារ​ទូរស័ព្ទ ព្រម​ទំាង​​សេវ៉ា​ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​ទំាង​បី។

សរុប​មក ជា​មួយ​នឹង​កិច្ច​សន្យា​ទំាង​អស់​ខាង​លើ ទីក្រុង​ប៉េកំាង​សង្ឃឹម​នឹង​គុណ​មួយ​ជា​ពីរ​នូវ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម ​ជា​មួយ​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល ៥ឆ្នំា​ខាង​មុខ ពោល​គឺ​បង្កើន​ពី​ចំនួន ៤០ពាន់​លាន​ដុល្លារ ទៅ​៨០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នំា។

បារំាង​ព្យាយាម​ផ្សះផ្សា​ជា​មួយ​ចិន​ឡើង​វិញ

តំាង​ពី​ឆ្នំា ២០០៨​មក ពោល​គឺ​តំាង​ពី​ក្រោយ​លោក​ប្រធានាធីបតី​បារំាង​នីកូឡា សាកូហ្ស៊ី​បាន​ទទួល​ជួប​សម្តេច​សង្ឃ​ទីបេ ដាឡៃ ឡាម៉ា​មក ទំនាក់ទំនង​ការទូត​ចិន និង​បារំាង​ហាក់​ដូច​ជា​មិន​សូវ​រលូន​ដូច​មុន​ឆ្នំា ២០០៨​ទេ។
តែ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ប្រធានាធិបតី​ចិន Hu Jintao នៅ​ក្នុង​ប្រទេស​បារំាង​ពេល​នេះ ពិត​ជា​និមិត្តរូប​មួយ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​ការ​បិទ​បញ្ចប់​ភាព​ប្រទូសរ៉ាយ​​ផ្លូវ​ទូត​រវាង​ក្រុង​ប៉ារីស និង​ក្រុង​ប៉េកំាង។ មួយ​វិញ​ទៀត តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ចិន និង​បារំាង​ដែល​មាន​ទឹក​ប្រាក់​រាប់​សិប​​លាន​អឺរ៉ូ​នៅ​ពេល​នេះ ​ស​បង្ហាញ​ឲ្យ​ឃើញ​ថា បារំាង និង​ចិន​ពិត​ជា​គ្មាន​ឆន្ទៈ​ចង់​លើក​យក​សំណុំរឿង​រសើប​ណា​ដែល​នំា​ឲ្យ​ភាគី​ ទំាង​ពីរ​មើល​មុខ​គ្នា​មិន​ចំ​ជា​លើក​ទី​ពីរ​ទេ។

គួរ​ជម្រាប​ជូន​ថា ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ផ្លូវទូត​រវាង​គ្នា​អស់​រយៈ ៤៦ឆ្នាំ​រួច​មក បារាំង​និង​ចិន​តែង​មាន​សហប្រតិបត្តិការ​នឹង​គ្នា​យ៉ាង​ល្អ​ប្រសើរ​នៅ​ក្នុង ​វិស័យ​សំខាន់ៗ​ជាច្រើន។ គឺ​ទើប​តែ​នៅ​ក្នុង​ឆ្នំា ២០០៨​កន្លង​ទៅ​ទេ ពោល​គឺ​ក្រោយ​ពី​លោក​សាកូហ្ស៊ី​បាន​ទទួល​ជួប​សម្តេច​សង្ឃ​ទីបេ ដាឡៃ ឡាម៉ា​មក ដែល​ទំនាក់ទំនង​ការទូត​បារំាង និង​ចិន​បាន​ធ្លាក់​ចុះ​មួយ​កំរិត។ ជំនួប​រវាង​លោក​សាកូហ្ស៊ី និង​សម្តេច​សង្ឃ​ទីបេ ដាឡៃ ឡាម៉ា​ដែល​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅ​ក្រហាយ​យ៉ាង​ខ្លំាង។ កាល​ណោះ ចិន​បាន​សងសឹក​វិញ តាម​រយៈ​ការ​រឹត​​បន្តឹង​សេវ៉ា​ទិដ្ឋាការ​ចំពោះ​ពលរដ្ឋ​បារំាង​ដែល​ធ្វើ​ ដំណើរ​ទៅ​ចិន និង​ការ​មិន​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹក​នំា​ចិន​ដែល​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​ក្នុង​ប្រទេស​អឺរ៉ុប ចូល​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារំាង។

ឃើញ​ថា ភាព​តានតឹង​ទំាង​នេះ​ហាក់​ដូច​ជា​បាន​បិទ​បញ្ចប់ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន Hu Jintao ក្នុង​ប្រទេស​បារំាង។ តែ​នេះ​នៅ​មិន​ទាន់​ធានា​ទេ​ថា ទំនាក់ទំនង​បារំាង ចិន​នឹង​ត្រលប់​មក​រក​ភាព​ប្រក្រតី​ដូច​មុន​ឆ្នំា ២០០៨​នោះ ព្រោះ​ថា អ្វីៗ​មិន​មែន​អាស្រ័យ​តែ​លើ​ការ​គិត​របស់​ចិន​ប៉ុណ្ណោះ​ទេ តែ​វា​អាស្រ័យ​ផង​ដែរ លើ​គោលជំហរ និង​ការ​វាយតម្លៃ​របស់​លោក​ប្រធានាធិបតី​បារំាង សាកូហ្ស៊ី ចំពោះ​នយោបាយ​ផ្ទៃក្នុង​របស់​ចិន។

ទំនាក់ទំនង​ពាណិជ្ជកម្ម​បារំាង និង​ចិន​គ្មាន​ទទួល​ឥទ្ធិពល​វិបត្តិ​ការទូត

បើ​គេ​សង្កេត​មើល​ជា​រួម​ទៅ ចិន​ហាក់​ដូច​ជា​មិន​ច្រឡូកច្រឡំ​រវាង​រឿង​នយោបាយ និង​សេដ្ឋកិច្ច​ទេ។ នយោបាយ​ការ​បរទេស ជា​រឿង​មួយ​ផ្សេង Business ជា​រឿង​មួយ​ផ្សឹង។ ជាក់ស្តែង​នៅ​ក្នុង​ទំនាក់ទំនង​ជា​មួយ​ប្រទេស​ជប៉ុន និង​តៃវ៉ាន់។ បើ​និយាយ​ពី​ការទូត ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកំាង និង​ទីក្រុង​តូក្យូ មិន​សូវ​ជា​រលូន​ប៉ុន្មាន​ទេ មាន​ន័យ​ថា ម្ង៉ៃ​កាត់ ម្ង៉ៃកោរ។ ជា​មួយ​តៃវ៉ាន់​វិញ ក៏​អ៊ីចឹង​ដែរ។ តែ​បើ​និយាយ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​​វិញ ជប៉ុន និង​តៃវ៉ាន់​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​ជា​មួយ​ចិន​ដដែល។

ដោយ​ឡែក ទោះ​បី​ជា​ទំនាក់ទំនង​ការទូត​រវាង​បារំាង និង​ចិន​មិន​សូវ​ជា​រលូន​តំាង​ពី​ឆ្នំា ២០០៨​ក៏​ដោយ ក៏​នេះ​មិន​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា​ ទេ។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា សេដ្ឋកិច្ច​បារំាង​កំពុង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ទេ ព្រោះ​ថា ចំណែក​ទីផ្សារ​ដែល​បារំាង​មាន​ក្នុង​ប្រទេស​ចិន គឺ​មាន​តិចតួច​ណាស់​បើ​ប្រៀប​នឹង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ពោល​គឺ​មាន​ប្រមាណ​តែ​ពី ១,២ ទៅ​១,៣ % ប៉ុណ្ណោះ។

សិទ្ធិមនុស្ស ជា​បញ្ហា​ដែល​ចិន​មិន​ចង់​ឮ

សម្រាប់​ប្រទេស​បារំាង ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នា​ពេល​នេះ ជា​ឱកាស​មួយ​ដែល​បារំាង​ត្រូវ​ផ្សះផ្សា​ជា​មួយ​ចិន​ឡើង​វិញ។ នៅ​ក្នុង​ជំនួប​ជា​មួយ​លោក​ប្រធានាធិបតី​ចិន Hu Jintao លោក​ប្រធានាធិបតី​បារំាង​នីកូឡា សាកូហ្ស៊ី​បាន​ព្យាយាម​ចៀសវាង​​សំណុំរឿង​ណា​ដែល​នំា​ឲ្យ​ចិន​ក្តៅក្រហាយ ពិសេស​គឺ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន។

បញ្ហា​សិទ្ធិមនុស្ស ដែល​ចិន​មិន​ចង់​ឮ និង​ក៏​មិន​ចង់​ឲ្យ​ប្រទេស​ណា​មួយ​លើក​យក​មក​និយាយ​ដែរ។ សម្រាប់​ទីក្រុង​ប៉េកំាង បញ្ហា​សិទ្ធិមនុស្ស​របស់​ចិន​គឺ​ជា​រឿង​របស់​ចិន ដោយ​ចិន​មិន​ត្រូវ​ការ​មេរៀន​ពី​អ្នក​ណា​ទេ។

ទាក់​ទង​នឹង​អ្នក​ប្រឆំាង​រដ្ឋអំណាច​ចិន​លោក Liu Xiaobo ដែល​ទើប​ទទួល​បាន​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព រដ្ឋអំណាច​ក្រុង​ប៉េកំាង​បាន​ព្រមាន​នៅ​ថ្ងៃ​សុក្រ ទី៥ វិច្ឆិកា​នេះ​ថា បើ​ប្រទេស​អឺរ៉ុប​ណា​មួយ​ហ៊ាន​ទៅ​ចូល​រួម​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ ណូបែល​ឲ្យ​លោក Liu Xiaobo នា​ខែ​ធ្នូ​ខាង​មុខ​នៅ​ក្នុង​ប្រទេស​ន័រវែស​នោះ គឺ​ជា​ការ​ប្រឈម​មុខ​ជា​មួយ​ចិន និង​ត្រូវ​ទទួល​ផលវិបាក​ដោយ​ចៀស​មិន​រួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI