ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារ៉ាក់ អូបាម៉ា៖ « តំបន់​អាស៊ី ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​សតវត្ស​ទី២១ »

សំឡេង ០៦:២៧
បារ៉ាក់ អូបាម៉ា៖ « តំបន់​អាស៊ី ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​សតវត្ស​ទី២១ »
បារ៉ាក់ អូបាម៉ា៖ « តំបន់​អាស៊ី ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​សតវត្ស​ទី២១ » ©Reuters

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អាស៊ី​រយៈពេល ១០ថ្ងៃ។ ១០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​អាស៊ី​ចំនួន ៤ គឺ​ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​យូរ​ថ្ងៃ​បំផុត​របស់​លោក​អូបាម៉ា តំាង​ពី​លោក​បាន​​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នំា ២០០៨​មក។ ឥណ្ឌា ជា​ប្រទេស​ដំបូង​ដែល​លោក​អូបាម៉ា​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី៦ វិច្ឆិកា​នេះ។

ផ្សាយពាណិជ្ជកម្ម

គោល​ដៅ​សំខាន់ គឺ​បន្ត​រក្សា​​ការពារ​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក ទំាង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ប្រឈម​ទប់​នឹង​ឥទ្ធិពល​របស់​បណ្តា​ប្រទេស​ផ្សេង​ទៀត ពិសេស​គឺ​ប្រទេស​ចិន។ អ្វី​ជា​ការ​កត់​សម្គាល់ ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​ទៅ​កាន់​តំបន់​អាស៊ី​ពេល​នេះ​បាន​ធ្វើ​ ឡើង បន្ទាប់​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​បាន​ចាញ់​ឆ្នោត​នា​ការ​បោះឆ្នោត​ សភា​ពាក់​កណ្តាល​អាណត្តិ​កាល​ពី ៣​ថ្ងៃ​កន្លង​ទៅ​នេះ។ លទ្ធផល​នៃ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​ ប្រជាធិបតេយ្យ​បាត់បង់​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា តែ​បន្ត​មាន​សំឡេង​​ភាគច្រើន​នៅ​ព្រឹទ្ធសភា។ បរាជ័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ ដោយ​សារ​តែ​ពលរដ្ឋ​អាមេរិកំាង​មិន​សប្បាយចិត្ត​នឹង​នយោបាយ​ផ្ទៃក្នុង​របស់​ លោក​អូបាម៉ា ជាមួយ​នឹង​អត្រា​ពលរដ្ឋ​អាមេរិកំាង​អត់ការងារ​ធ្វើ មាន​រហូត​ដល់​ជិត ១០% នៃ​ពលរដ្ឋ​សកម្ម និង​មាន​រោងចក្រ​សហគ្រាស​អាមេរិកំាង​ភាគច្រើន​កំពុង​បន្ត​ប្តូរ​ទីតំាង​ទៅ​ បរទេស។

ដូច្នេះ​ឃើញ​ថា ចង់ ឬ​មិន​ចង់ លោក​អូបាម៉ា​ដែល​កំពុង​ជួប​ការ​លំបាក​នៅ​ក្នុង​នយោបាយ​ផ្ទៃក្នុង បាន​នឹង​កំពុង​ព្យាយាម​ទាញ​អារម្មណ៍​ពលរដ្ឋ​អាមេរិកំាង​ឲ្យ​យក​ចិត្ត​ទុក​ ដាក់​លើ​នយោបាយ​ការបរទេស តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​នា​ពេល​នេះ។ សម្រាប់​លោក​អូបាម៉ា បេសកកម្ម​ទៅ​កាន់​តំបន់​អាស៊ី គឺ​ក្នុង​គោលដៅ​បង្កើត​ចំនួន​ការងារ​ជូន​ពលរដ្ឋ​អាមេរិកំាង តាម​រយៈ​ការ​បង្កើន​ការ​នំា​ចេញ​ផលិតផល​អាមេរិកំាង​ទៅ​បរទេស ពិសេស​ទៅ​តំបន់​អាស៊ី។ តំបន់​អាស៊ី​ដែល​លោក​អូបាម៉ា​បាន​ចាត់​ទុក​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ពិភពលោក​នា​សតវត្ស​ទី ២១​នេះ។

មួយ​វិញ​ទៀត ជម្រើស​របស់​លោក​អូបាម៉ា​ទៅ​កាន់​ប្រទេស​អាស៊ី​ទំាង​បួន គឺ​ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន​ពេល​នេះ ក៏​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះថា សុទ្ធសឹង​ជា​ប្រទេស​ដែល​កំពុង​មាន​ក្តី​បារម្ភ​ដូច​គ្នា​នោះ​គឺ ឥទ្ធិពល​កាន់​តែ​ខ្លំាង​ឡើងៗ​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់ ទំាង​ឥទ្ធិពល​សេដ្ឋកិច្ច និង​យោធា។

ការ​ដោះដូរ​សេដ្ឋកិច្ច​រវាង​អាមេរិក និង​ឥណ្ឌា​បាន​កើន​មួយ ជា​បី​ក្នុង​រយៈពេល ១០ឆ្នំា

ឥណ្ឌា គឺ​ជា​ប្រទេស​ដែល​លោក​អូបាម៉ា​បាន​ផ្តើម​ទស្សនកិច្ច​មុន​គេ នៅ​ថ្ងៃ​សៅរ៍ ទី៦ វិច្ឆិកា​នេះ និង​បន្ត​ស្ថិត​នៅ​ទីនោះ​រយៈពេល ៣​ថ្ងៃ។ គោលដៅ​សំខាន់ គឺ​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​គ្នា ពិសេស​គឺ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម។ អ៊ីចឹង​ហើយ​បាន​ជា​លោក​អូបាម៉ា​បាន​សម្រេច​ទៅ​ចុះ​នៅ​ទីក្រុង​បុំបៃ ដែល​ជា​ទីក្រុង​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា។ មួយ​វិញ​ទៀត លោក​អូបាម៉ា​បាន​នំា​ប្រធាន​ក្រុមហ៊ុន​អាមេរិកំាង និង​ក្រុម​អ្នក​ជំនួញ សរុប​មាន​គ្នា​ជាង ២០០នាក់​ទៅ​ជាមួយ។ បន្ទាប់​ពី​ទីក្រុង​សេដ្ឋកិច្ច​បុំបៃ​ហើយ ទើប​លោក​អូបាម៉ា​បន្ត​ដំណើរ​ទៅ​ទីក្រុង​ញូដេលី។

ទំនាក់ទំនង​រវាង​អាមេរិក និង​ឥណ្ឌា​មាន​នៅ​សឹង​លើ​គ្រប់​វិស័យ​ទំាង​អស់​ដែល​ក្នុង​នោះ វិស័យ​យោធា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ចំណាត់​ថ្នាក់​ទីមួយ។ ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយ​នេះ អាមេរិក​បាន​ធ្វើ​សមយុទ្ធ​ជា​មួយ​ឥណ្ឌា ច្រើន​ជាង​បណ្តា​ប្រទេស​ផ្សេង​ទៀត។ រោងចក្រ​សហគ្រាស​អាមេរិកំាង​ធំៗ​ដូច​យ៉ាង Boeing និង Lockheed Martin សង្ឃឹម​នឹង​ទទួល​បាន​ការ​កុម្មង់​ទិញ​យន្តហោះ​ចំបំាង​ចំនួន ១២៦​គ្រឿង​ពី​ប្រទេស​ឥណ្ឌា ក្នុង​ទឹកប្រាក់​១១​ពាន់​លាន​ដុល្លារ។

ការ​ផ្តោះប្តូរ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទំាង​ពីរ​បាន​កើន​ឡើង មួយ ជា​បី​នា​រយៈពេល ១០ឆ្នំា​ចុង​ក្រោយ​នេះ ពោល​មាន​រហូត​ដល់ ៣៦ពាន់ ៥រយ​លាន​ដុល្លារ។ តែ​យ៉ាង​ណា​ក៏​ដោយ អាមេរិក​លែង​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​ឥណ្ឌា​ដូច​មុន​ទៀត​ហើយ ពោល​បាន​ធ្លាក់​មក​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​បី​វិញ។

មួយ​វិញ​ទៀត ទីក្រុង​ញូដេលី​ចង់​ឃើញ​ទីក្រុង​វ៉ាស៊ីនតោន​លុប​​ចោល​ទ័ណ្ឌកម្ម​ដែល​ហាម​មិន ​ឲ្យ​នំា​បច្ចេកវិជ្ជា​ប្រើ​ក្នុង​វិស័យ​ស៊ីវិល និង​យោធា​ចូល​ក្នុង​ប្រទេស​ឥណ្ឌា។ ទ័ណ្ឌកម្ម​ដែល​អាមេរិក​បាន​ដាក់ ក្រោយ​ពី​ឥណ្ឌា​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ក្នុង​ឆ្នំា ១៩៩៨។ ត្រង់​ចំណុច​នេះ លោក​អូបាម៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ពិបាក​នឹង​ឆ្លើយ​តប​តាម​សំណូមពរ​របស់​ប្រទេស​ឥណ្ឌា។

ប្រធានាធិបតី​អាមេរិក​ដែល​ជួប​ការ​លំបាក​ផ្ទៃក្នុង ច្រើន​ស្វែង​រក​ប្រជាប្រិយភាព​តាម​រយៈ​នយោបាយ​ការបរទេស

ជា​ទូទៅ គេ​សង្កេត​ឃើញ​ថា គ្រប់​ប្រធានាធិបតី​អាមេរិក​ដែល​មិន​អាច​ដោះស្រាយ​បញ្ហា​ក្នុង​ស្រុក​បាន ឬ​ក៏​ថា កំពុង​ជួប​ការ​លំបាក​ផ្ទៃក្នុង តែង​តែ​បង្វែរ​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​អន្តរជាតិ​ដើម្បី​ ស្រោចស្រង់​ប្រជាប្រិយភាព​របស់​ខ្លួន។

ប៉ុន្តែ​គេ​មិន​អាច​និយាយ​ថា នេះ​ជា​វិធាន​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់​គ្រប់​ប្រធានាធីបតី​អាមេរិក​នោះ​ទេ។ កន្លង​មក​គេ​ធ្លាប់​ឃើញ​មាន​លោក​ប្រធានាធិបតី Bill Clinton ដែល​ក្រោយ​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​បាន​ចាញ់​ឆ្នោត​សភា​ក្នុង​ ឆ្នំា ១៩៩៤ លោក Clinton បាន​ដោះស្រាយ​ប្រកប​ដោយ​ជោគជ័យ​នូវ​បញ្ហា​អន្តរជាតិ​មួយ​ចំនួន ដូច​យ៉ាង​បញ្ហា​នៅ​ក្នុង​ប្រទេស​អៀឡង់​ខាង​ជើង ការ​ស្វែង​រក​សន្តិភាព​នៅ​អតីត​ប្រទេស​យូហ្គោស្លាវី និង​ការ​ពង្រីកបន្ថែម​សមាជិក​របស់​អង្គការ​អូតង់​ជា​ដើម។

ប៉ុន្តែ គេ​មិន​ជឿ​ថា លោក​អូបាម៉ា​ប្រាកដ​នឹង​យក​គំរូ​តាម​លោក Clinton ទេ ព្រោះ​ថា លោក​អូបាម៉ា​យល់​ឃើញ​ថា ការ​ដែល​ពលរដ្ឋ​អាមេរិកំាង​បាន​បោះឆ្នោត​ឲ្យ​លោក គឺ​ឲ្យ​គិតគូរ​​ផលប្រយោជន៍​ពលរដ្ឋ និង​ប្រទេសជាតិ​ជា​ធំ ប្រសិន​បើ​អាមេរិក​ចង់​បន្ត​ជា​មហាអំណាច​ពិភពលោក។

មួយ​វិញ​ទៀត ស្ថានភាព​កាល​ជំនាន់​លោក Clinton និង​លោក​អូបាម៉ា គឺ​មិន​ដូច​គ្នា​ទេ។ បរិបទ​សេដ្ឋកិច្ច​ក្នុង​ជំនាន់​លោក Clinton គឺ​ល្អ​ប្រសើរ ចំណែក​ឯ​បរិបទ​សេដ្ឋកិច្ច​របស់​លោក​អូបាម៉ា​វិញ គឺ​មិន​ល្អ​ទាល់​តែ​សោះ។ លោក​អូបាម៉ា​ដែល​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​អាច​នំា​អាមេរិក​ឲ្យ​ងើប​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច។

ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ប្រសិន​បើ​លោក​អូបាម៉ា​មិន​គិតគូរ​​ឲ្យ​បាន​ដិតដល់​នូវ​បញ្ហា​ជា​អាទិភាព​ ដែល​ជា​ក្តី​បារម្ភ​របស់​ពលរដ្ឋ​អាមេរិកំាង​ដូច​យ៉ាង បញ្ហា​អ្នក​អត់​ការងារធ្វើ​ទេ គណបក្ស​សាធារណរដ្ឋ​នឹង​មាន​ពាក្យ​ដើម្បី​ចោទ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក ​អូបាម៉ា​ថា ​អសមត្ថភាព​ក្នុង​ការ​ដឹក​នំា​ប្រទេស។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI