ការបោះឆ្នោត​សភា​ជាលើក​ទីមួយ​នៅភូមា​ចាប់តាំង​ពីឆ្នាំ​១៩៩០មក​

សំឡេង ០៤:៤១
ប្រជាជន​ភូមា​​នៅទីក្រុង​​New Delhi​នៃ​ប្រទេស​ឥណ្ឌាទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​សេរីនិង​យុត្តិធម៌​នៅ​ប្រទេស​ភូមា
ប្រជាជន​ភូមា​​នៅទីក្រុង​​New Delhi​នៃ​ប្រទេស​ឥណ្ឌាទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​សេរីនិង​យុត្តិធម៌​នៅ​ប្រទេស​ភូមា © REUTERS/Adnan Abidi

នៅថ្ងៃ​អាទិត្យ​ទី៧​វិច្ឆិកា​ឆ្នាំ២០១០នេះ​ ​ របបសឹក​ភូមា​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​សភា​ជាលើក​ទីមួយ​នៅក្នុង​ប្រទេស​ចាប់តាំង​ពី​ឆ្នាំ១៩៩០​មក។​ រីឯ​មេបក្ស​ប្រឆាំង​ដែល​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​លោក​ស្រី​អ៊ុងសាន​ស៊ូជី​ បាន​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​កុំ​ឲ្យ​ប្រជាជន​ភូមា​ចូល​រួម​ធ្វើការ​បោះឆ្នោត​សភានេះ​ ​ ដោយ​លោក​ស្រី​យល់ថា​ ជាការ​បោះឆ្នោត​បោកប្រាស់។ 

ផ្សាយពាណិជ្ជកម្ម

កាលបោះឆ្នោត​សភា​នៅ​ឆ្នាំ១៩៩០​ ​ សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ស្រី​អ៊ុងសាន​ស៊ូជី​ធ្លាប់បាន​ទទួល​ជោគជ័យ​ដ៏ធំធេង​រហូត​ដល់ទៅ​ក្តោប​យកបាន​៨០%​នៃ​ចំនួន​អាសនៈ​សរុប​នៅក្នុង​សភា។​ ក៏ប៉ុន្តែ​របបសឹក​ភូមា​ពុំ​ព្រម​ទទួល​ស្គាល់​ជ័យជំនះ​របស់​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុងសានស៊ូជី​ឡើយ។​ មិនតែ​ប៉ុណ្ណោះ​ លោក​ស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​បាន​ត្រូវ​របបសឹក​ចាប់​ឃុំឃាំង​ខ្លួន​នៅក្នុង​គេហដ្ឋាន​ផងទៀត។

 
ក្រុម​ឧត្តមសេនីយ​ភូមា​ដែល​បាន​ក្តោប​ក្តាប់​កាន់កាប់​និង​ពង្រឹង​អំណាច​អស់​រយៈ​២០ឆ្នាំ​ ​ ឥឡូវនេះ​ចង់​ងាក​មក​រក​ផ្តល់​”​ភាព​ស្របច្បាប់​”​ឲ្យ​របប​គ្រប់គ្រង​របស់​ខ្លួន។​ ហើយ​បក្ស​ប្រឆាំង​ដែល​ឋិត​នៅ​ក្រោម​ការ​គំរាម​និង​នៅ​ក្រោម​ការ​ធ្វើទុក្ខ​បុកម្នេញ​បាន​ថ្លែង​បរិហារ​ពី​ការ​ប៉ុនប៉ង​បន្ត​កាន់កាប់​អំណាច​នៅ​ពីក្រោយ​រនាំង​របប​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ដោយ​របបសឹក​ភូមា​បច្ចុប្បន្ន។

លោកស្រី​អ៊ុងសានស៊ូជី​បាន​បរិហារ​ទៀតថា​ “​ការ​ចូលរួម​ធ្វើការ​បោះឆ្នោត​សភា​នៅថ្ងៃ​អាទិត្យ​ទី​៧វិច្ឆិកា​នៅ​ក្នុង​ប្រទេស​ភូមា​ដែល​មាន​អ្នក​ទោស​នយោបាយ​ដល់ទៅ​ជាង​២ ០០០នាក់​គឺ​ជា​ការ​គាំទ្រ​ឲ្យ​ក្រុម​ឧត្តមសេនីយ​ បន្ត​ក្តោប​ក្តាប់​កាន់កាប់​អំណាច​នៅ​ពីក្រោយ​រនាំង​របប​ប្រជា​ធិប​តេយ្យ​ក្លែងក្លាយ​”​។

លក្ខណៈ​នៃ​ការខាឃាំង​ពុំ​ឲ្យ​មាន​តម្លាភាព​និង​យុត្តិធម៌​នៅក្នុង​ការ​បោះឆ្នោត​សភា​នៅថ្ងៃ​អាទិត្យ​ទី​៧វិច្ឆិកា​ឆ្នាំ២០១០​នេះ​មាន​ច្រើន៖

ទី១-របបសឹក​ហាមពុំ​ឲ្យ​អ្នក​សង្កេតការណ៍​បរទេស​និង​អ្នក​កាសែត​ចូល​ប្រទេស​ភូមា​ដើម្បី​ធ្វើការ​សង្កេត​ពិនិត្យ​ទៅលើ​ដំណើរការ​បោះឆ្នោត​ ​ ដោយ​លោក​ប្រធាន​នៃ​គណៈកម្មការ​បោះឆ្នោត​ភូមា​យល់ថា​ ​ ជាការ​ឥត​ប្រយោជន៍​ ​ ពីព្រោះ​ប្រទេស​ភូមា​មាន​ការ​ពិសោធន៍​គ្រប់​គ្រាន់​ហើយ​ក្នុង​ការ​បោះឆ្នោត​នេះ​ ​ គេ​ពុំ​ចាំបាច់​ត្រូវការ​ជំនួយ​ពី​បរទេស​ឡើយ។

ទី២-លក្ខណៈ​ពិសេស​នៃ​ច្បាប់​បោះឆ្នោត​ភូមា​ដែល​គួរឲ្យ​កត់​សម្គាល់​គឺ​ ធានា​រក្សាទុក​អាសនៈ​សភា​ចំនួន​១/៤​ឲ្យ​ទៅ​ក្រុម​យោធា​ភូមា។

ទី៣-ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​សភា​នេះ​បាន​ទទួល​ជោគជ័យ​ទាំងស្រុង​ ​ របបសឹក​ភូមា​បាន​ធ្វើការ​ប្តូរប្រែ​សមាជិក​នៃ​”​សមាគម​នៃ​សហភាព​ដើម្បី​អភិវឌ្ឍន៍​និង​សាមគ្គីធម៌​”​ដែលជា​កងសេនាជន​ឲ្យ​ក្លាយទៅ​ជា​អ្នក​មក​ចូលរួម​បោះឆ្នោត​ដល់ទៅ​រាប់​លាននាក់។​ ហើយ​ឧត្តមសេនីយ​ភូមា​ជា​ច្រើន​នាក់​បាន​បោះបង់​ឯកសណ្ឋាន​យោធា​ដើម្បី​ត្រៀម​ខ្លួន​ចូល​ក្នុង​រដ្ឋាភិបាល​ស៊ីវិល​វិញ។

សូមបញ្ជាក់ថា​ ​ ប្រជាជន​ភូមា​ប្រមាណ​២៩លាននាក់​បាន​ត្រូវ​គេ​អញ្ជើញ​ឲ្យ​មក​ចូលរួម​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​ក្នុង​ចំណោម​បេក្ខជន​ទាំង​អស់​ជាង​៣ ០០០នាក់​ដែល​ចេញពី​៣៧គណបក្ស​ដែល​ភាគច្រើន​មាន​និន្នាការ​គាំទ្រ​របបសឹក​ភូមា​បច្ចុប្បន្ន។​ ការិយាល័យ​បោះឆ្នោត​ទាំង​អស់​មាន​ប្រមាណ​៤០ ០០០ការិយាល័យ។​ ហើយ​ទន្ទឹម​គ្នា​នេះ​ ក៏​មាន​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​តំបន់​ទាំង១៤​នៃ​សហភាព​ភូមា​ផងដែរ។

ចំពោះ​ការ​បោះឆ្នោត​សភា​នៅ​ប្រទេស​ភូមា​នៅ​ថ្ងៃអាទិត្យ​នេះ​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​បញ្ជាក់​នៅ​មុខ​និស្សិត​ឥណ្ឌា​នៅទីក្រុង​Bombay ថា​ ​ “​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​នៅ​ប្រទេស​ភូមា​នៅ​ថ្ងៃអាទិត្យទី៧វិច្ឆិកា​នេះ​ ​  ជាការ​បោះឆ្នោត​ពោរពេញ​ទៅដោយ​កង្វះ​សេរីភាព​និង​កង្វះ​យុត្តិធម៌។​ ប្រជាជន​ភូមា​បាន​បាត់បង់​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្រេច​ជោគវាសនា​របស់​ខ្លួន​ដោយ​ខ្លួនឯង​អស់​រយៈពេល​យូរ​ពេក​ណាស់​ទៅហើយ​"៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI