ជំនួប​ប្រជុំ​នៃរដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​នៃតំបន់​អឺរ៉ូ​ដើម្បី​ជួយ​អៀរឡង់​

សំឡេង ០៤:៤៩
អក្សរ​ធំៗ​សរសេរលើ​ផ្ទាំង​ក្រណាត់ដាក់ថា​ « ឈ្នួលផ្ទះ​ថ្លៃខ្ពស់ពេក​សម្លាប់​ការងារ», ដែល​គេបានឃើញ​នៅទីក្រុង Dublin,នៃ​ប្រទេសអៀរឡង់​
អក្សរ​ធំៗ​សរសេរលើ​ផ្ទាំង​ក្រណាត់ដាក់ថា​ « ឈ្នួលផ្ទះ​ថ្លៃខ្ពស់ពេក​សម្លាប់​ការងារ», ដែល​គេបានឃើញ​នៅទីក្រុង Dublin,នៃ​ប្រទេសអៀរឡង់​ © REUTERS/Cathal McNaughton

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់​អឺរ៉ូ​ជួប​ប្រជុំ​គ្នា​នៅ​ ថ្ងៃអង្គារ​ទី១៦​និង​ថ្ងៃពុធ​ទី១៧​វិច្ឆិកា​នៅ​ទីក្រុង​Bruxelles​ដើម្បី​ រិះរក​ជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អៀរឡង់​ដែល​បាន​ធ្លាក់​ចុះ ​ដុនដាប​ខ្លាំងឡើងៗ​ ​ ហើយនិង​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​ទៅ​ប្រទេស​អឺរ៉ុប​ឯទៀតៗ​ ដែល​នៅ​ទន់ខ្សោយ​ដូច​ជា​ប្រទេស​ព័រទុយហ្កាល់​និង​ប្រទេស​ក្រិក។ 

ផ្សាយពាណិជ្ជកម្ម

ជំនួប​ប្រជុំ​នៃ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់​អឺរ៉ូ​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ម៉ោង​១៧​ម៉ោង​ក្នុង​ស្រុក​ត្រូវជា​ម៉ោង​១៦​​ម៉ោងសកល​នៅ​ថ្ងៃអង្គារ​ទី១៦​វិច្ឆិកា​នេះ​នៅ​ទីក្រុង​Bruxelles​នៃ​ប្រទេស​បែល​ហ្ស៊ិក​ហើយ​នៅ​ថ្ងៃពុធ​ទី១៧​វិច្ឆិកា​ស្អែក​ ជំនួប​ប្រជុំ​នេះ​នឹង​ត្រូវ​ពង្រីក​ទៅ​ដល់​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​សមាជិក​ទូទាំង​សហភាព​អឺរ៉ុប។

 
រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់​អឺរ៉ូ​ជួប​ប្រជុំ​គ្នា​នេះ​ដើម្បី​ជួយ​រិះរក​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ឲ្យ​ប្រទេស​អៀរឡង់​ដែល​កំពុងតែ​ជួប​នឹង​វិបត្តិ​ដ៏​សែន​ធ្ងន់ធ្ងរ​នៅ​ក្នុង​វិស័យ​ធនាគារ​ ​ បន្ទាប់​ពី​សកម្មភាព​ទិញលក់​អចលនទ្រព្យ​អៀរឡង់​បាន​ដួលរលំ​ធ្លាក់​ទៅក្នុង​ជ្រោះ​វិបត្តិ​ហៀបនឹង​ស្គាល់​​ការក្ស័យធន។

ក្រៅពី​មាន​គោលបំណង​ចង់ជួយ​ប្រទេស​អៀរឡង់​ ​ ជំនួប​ប្រជុំ​នៃ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់​អឺរ៉ូ​នៅ​ទីក្រុង​Bruxelles នេះ​ ក៏​មាន​កម្មវត្ថុ​ផងទៀត៖

-ជួយ​ធ្វើឲ្យ​​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ទំនុកចិត្ត​កក់ក្តៅ។

-ជួយ​បញ្ចៀស​កុំ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្លង​រាលដាល​ដូច​កាល​នៅ​និទាឃៈរដូវ​មុន​នាឱកាស​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក​ដែល​ហៀបតែ​ធ្វើ​ឲ្យ​តំបន់​អឺរ៉ូ​ស្គាល់​ការ​រង្គោះ​រង្គើ​សឹងតែ​ក្សិនក្ស័យ។​ តំបន់​អឺរ៉ូ​ដែល​បាន​ចាប់​កកើត​នៅ​ឆ្នាំ១៩៩៩។

បច្ចុប្បន្ននេះ​ ​ រដ្ឋាភិបាល​អៀរឡង់​នៅតែ​ពុំ​យល់ព្រម​ទទួល​យក​ជំនួយ​ពី​សហភាព​អឺរ៉ុប។​ ហើយ​អៀរឡង់​ឆ្លៀត​ឱកាស​មាន​ជំនួប​ប្រជុំ​នៃ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់​អឺរ៉ូ​នៅ​ទីក្រុង​Bruxelles នៅ​ថ្ងៃអង្គារ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ទំនុកចិត្ត​កក់ក្តៅ​ឡើងវិញ។

មូលហេតុ​ដែល​នាំឲ្យ​រដ្ឋាភិបាល​អៀរឡង់​ពុំ​ចង់បាន​ជំនួយ​ពី​សហភាព​អឺរ៉ុប​មាន​ពីរ៖

ទី១-​អ្នកដឹកនាំ​ប្រទេស​អៀរឡង់​យល់ថា​ ​ គេ​នៅ​មាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង​ដោយ​ពុំ​ចាំបាច់​ត្រូវការ​ជំនួយ​ពី​បរទេស។

ទី២-​ រដ្ឋាភិបាល​អៀរឡង់​យល់ថា​ ​ មាន​អន្តរាគមន៍​ពី​បរទេស​អាចធ្វើ​ឲ្យ​ទីក្រុង​Dublin បាត់បង់​អធិបតេយ្យ​របស់​ខ្លួន​ដែល​ជា​ការ​មួយ​ពិបាក​ទទួល​យក​បាន​សម្រាប់​ប្រទេស​អៀរឡង់។

សូមគូស​បញ្ជាក់​ថា​ ​ កាលពី​សប្តាហ៍​មុន ​គេ​បាន​ឃើញ​អត្រា​ការប្រាក់​បំណុល​អៀរឡង់​បាន​ស្ទុះ​កើន​ឡើង​ដល់​កម្រិត​មួយ​ដ៏​សែនខ្ពស់​ពុំដែល​កើតមាន។​ អ្នក​វិនិយោគទុន​ឯកជន​បាន​នាំគ្នា​លក់ចេញ​នូវ​ប័ណ្ណរតនាគារ​អៀរឡង់​ ​ ដោយហេតុ​តែ​ពូកគេ​មាន​ការ​បារម្ភ​ភ័យខ្លាច​រដ្ឋាភិបាល​អៀរឡង់​គ្មាន​លទ្ធភាព​នឹង​រិះរក​ដំណោះ​ស្រាយ​ឲ្យ​បញ្ហា​ប្រាក់បំណុល​សាធារណៈ​អៀរឡង់​ដែល​មាន​ចំនួន​ច្រើន​មហិមា។​ បច្ចុប្បន្ន​នេះ​ ប្រាក់បំណុល​សាធារណៈ​អៀរឡង់​មាន​ដល់ទៅ​៣២%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​ ​ ទាំងនេះ​ដោយហេតុ​តែ​រដ្ឋ​អៀរឡង់​បាន​យក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​ធ្វើ​អន្តរាគមន៍​ជួយ​ទប់ទល់​កុំ​ឲ្យ​ធនាគារ​អៀរឡង់​ជួបនឹង​សភាព​ក្ស័យធន។

គួរកត់សម្គាល់ថា​ ​ ប្រទេស​សមាជិក​នៃ​តំបន់​អឺរ៉ូ​កំពុង​ជួយ​បារម្ភ​យ៉ាងខ្លាំង​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ជា​សមាជិក​ខ្លះ​ដូចជា​ប្រទេស​ព័រទុយហ្កាល់​ ​ ប្រទេស​ក្រិក​ ​ ឬ​ប្រទេស​អេស្ប៉ាញ​ដែល​មាន​ប្រាក់បំណុល​សាធារណៈ​យ៉ាង​ច្រើន​មហិមា​ពុំ​សូវ​ខុស​ពី​ស្ថាន​ភាព​អៀរឡង់​ឡើយ។​ នៅ​ពេលថ្មីៗ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ព័រទុយហ្កាល់​ ​ លោក​Fernando Teixeira dos Santos បាន​ថ្លែង​ឲ្យ​ដឹង​ពី​ស្ថានភាព​ហិរញ្ញវរ្ថុ​ដ៏​ដុនដាប​នៃ​ប្រទេស​ព័រទុយហ្កាល់​ហើយបាន​បញ្ជាក់​ថា​ព័រទុយហ្កាល់​ត្រូវ​តែ​សុំ​ជំនួយ​ពី​សហភាព​អឺរ៉ុប​ដើម្បី​គេច​ចៀស​ឲ្យ​ផុត​ពី​វិបត្តិ។

ចំណែកឯ​ប្រទេស​ក្រិក​ឯណោះវិញ​ ​ កំពុង​ធ្វើការ​ចរចា​ជាមួយ​ម្ចាស់​បំណុល​អឺរ៉ុប​សុំ​ពន្យារ​ពេល​សម្រាប់​សង​ប្រាក់បំណុល​របស់​ខ្លួន។​ ប្រាក់បំណុល​ដែល​ប្រទេស​ក្រិក​បាន​សុំ​ខ្ចី​កាលពី​ខែ​ឧសភាមុន​ពី​តំបន់​អឺរ៉ូ​និង​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI