ភាពតានតឹង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​

សំឡេង ០៥:១៦
​​កោះ​​Yeongpyeong​​របស់​​កូរ៉េ​​ខាងត្បូង​​បាន​ទទួលរង​​ការ​វាយ​​ប្រហារ​ពីកូរ៉េ​​ខាងជើង​
​​កោះ​​Yeongpyeong​​របស់​​កូរ៉េ​​ខាងត្បូង​​បាន​ទទួលរង​​ការ​វាយ​​ប្រហារ​ពីកូរ៉េ​​ខាងជើង​ © Reuters

ភាពតានតឹង​ដែល​កើតមាន​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​ពុំមែន​ជា​ ព្រឹត្តិការណ៍​អ្វី​ថ្មោងថ្មី​ឡើយ។​ ក៏​ប៉ុន្តែ​ឧប្បត្តិហេតុ​ដែល​កើតមាន​នៅ​ពេល​ថ្មីៗ​នេះ​ បង្កឡើង​ដោយ​ការ​វាយ​ប្រហារ​របស់​កូរ៉េ​ខាងជើង​ទៅលើ​កោះ​Yeongpyeong​របស់​ កូរ៉េ​ខាងត្បូង​មាន​លក្ខណៈ​ពិសេស​ពីព្រោះ​វា​ធ្លាក់​ចំពេល​ដែល​របប​ ផ្តាច់ការ​កូរ៉េ​ខាងជើង​កំពុង​រៀបចំ​សាង​ផ្ទេរ​តំណែង​ពី​លោក​គីម​ ចុងអ៊ីល​ឲ្យ​មក​កូន​ប្រុស​ឈ្មោះ​គីម​ ចុង​អ៊ុន។  

ផ្សាយពាណិជ្ជកម្ម

បើ​យោងតាម​អ្នក​វិភាគ​ជាច្រើន​ គេយល់ថា​ ឧប្បត្តិហេតុ​ដែល​កើតមាន​នៅ​ពេល​ថ្មីៗ​នេះ​ បង្កឡើង​ដោយ​ការ​វាយ​ប្រហារ​របស់​កូរ៉េ​ខាងជើង​ទៅលើ​កោះ​Yeongpyeong​របស់​កូរ៉េ​ខាង​ត្បូង​​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សាង​ផ្ទេរ​តំណែង​ពី​លោក​គីម​ ចុងអ៊ីល​ជា​ឳពុក​ឲ្យ​មក​កូន​ប្រុស​ឈ្មោះ​គីម​ ចុង​អ៊ុន។​ ហើយ​ក្នុង​ឱកាសនេះ​ របប​ផ្តាច់ការ​នៃ ទីក្រុង​ផ្យុងយ៉ាង​ហាក់បី​ដូចជា​ត្រូវការ​ដំឡើង​សាច់ដុំ​សំញែង​បង្ហាញ​នៅលើ​ឆាក​អន្តរជាតិ​ ​ ដើម្បី​បិទបាំង​ភាពទន់​ខ្សោយ​ផ្ទៃក្នុង​នៃ​របប​គ្រប់គ្រង​របស់​ខ្លួន។

 
របប​ផ្តាច់ការ​កូរ៉េ​ខាងជើង​បាន​ឈាន​ដល់​ដំណាក់ការ​មួយ​ដែល​ត្រូវ​ធ្វើការ​ជ្រើស​រើស​យក​មាគ៌ា​នយោបាយ​មួយ​ថ្មី​សម្រាប់​គ្រប់គ្រង​ប្រទេស​ ​ ឬមួយ​ កូរ៉េ​ខាងជើង​ត្រូវ​ជ្រើស​យក​មាគ៌ា​នយោបាយ​រក្សា​ឲ្យ​មាន​ស្ថិរភាព​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ដូច​តាម​ការ​ស្នើ​របស់​ទីក្រុង​ប៉េកាំង​ ​ ឬមួយ​ក៏​ជ្រើស​យក​មាគ៌ា​នយោបាយ​ប្រើ​វិធី​យោធា​បច្ចុប្បន្ន។

តាមពិត​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​បច្ចុប្បន្ន​នេះ​មាន​អានុភាព​ខ្លាំងក្លា​ជាង​ការ​ប្រមាណ​​ទុក។​ ទីក្រុង​ផ្យុងយ៉ាង​ទើបនឹង​បាន​អញ្ជើញ​អ្នកប្រាជ្ញ​ខាង​នុយក្លេអ៊ែរ​អាមេរិកាំង​ទៅ​ពិនិត្យ​មើល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។​ អ្នក​ជំនាញការ​អាមេរិកាំង​បាន​ឃើញ​ ​ សភាព​យ៉ាង​ទំនើប​នៃ​ការ​អភិវឌ្ឍន៍​និង​ការ​ស្រាវជ្រាវ​នុយក្លេអ៊ែរ​យោធា​របស់​កូរ៉េ​ខាងជើង។​ អ្នកឯកទេស​អាមេរិកាំង​បាន​ឃើញ​ផងទៀត​ រោងចក្រ​ថ្មីមួយ​របស់​កូរ៉េ​ខាងជើង​សម្រាប់​ចម្រើន​ធាតុ​ជាតិ​Uranium​ដែល​មាន​Centrifugeuses ដល់ទៅ​ចំនួន​ជាង​មួយពាន់​ ​ ដែល​ទាំងនេះ​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញថា​ ​ ទីក្រុង​ផ្យុងយ៉ាង​បាន​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​គេ​អស់​រយៈពេល​យូរ​ណាស់​មកហើយ​ ​ រហូត​ដល់​បាន​ធ្វើការ​បំផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​នៅ​ឆ្នាំ២០០៦។​ ដូច្នេះ​ ​ កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​បច្ចុប្បន្ន​នេះ​អាច​មាន​អានុភាព​ខ្លាំង​គួរសម។

ជា​ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​ការ​វាយប្រហារ​នៅ​ពេល​ថ្មីៗនេះ​ទៅលើ​កោះ​Yeongpyeong​របស់​កូរ៉េ​ខាងត្បូង​ ​ សកម្មភាព​ការទូត​យ៉ាង​មមាញឹក​បាន​អភិវឌ្ឍ​នៅ​ថ្ងៃពុធ​ទី២៤​វិច្ឆិកា​នេះ​ ​ ដើម្បី​រំងាប់​ភាពតានតឹង​ដែល​កើតមាន​នៅ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​ធ្វើ​អន្តរាគមន៍​ជួយ​ខាឃាំង​កុំ​ឲ្យ​កូរ៉េ​ខាងជើង​បន្ត​សកម្មភាព​យោធា​របស់​ខ្លួន​យ៉ាង​គឃ្លើន​បែបនេះ​តទៅទៀត។

ទោះបីជា​សហរដ្ឋ​អាមេរិក​ពុំ​បាន​និយាយ​ពី​”​អន្តរាគមន៍​យោធា​”​ក៏​ដោយ​ ​ ក៏​ទីក្រុង​វ៉ាស៊ីនតោន​បាន​សម្តែង​និង​គំរាម​ឲ្យ​ដឹងថា​ ​ “​បើ​ប្រសិនជា​កូរ៉េ​ខាងជើង​ហ៊ាន​បាញ់​បំផ្លោង​មក​លើ​ដែន​ដី​កូរ៉េ​ខាងត្បូង​ជាថ្មី​ទៀត​ ​ នោះ​ទីក្រុង​ផ្យុងយ៉ាង​ច្បាស់ជា​នឹង​ត្រូវ​ទទួលរង​ការ​ខូចខាត​យ៉ាង​សែន​ដំណំ​ជា​​ពុំខាន។

ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​នូវ​”​សម្ព័ន្ធភាព​”​ដ៏​រឹងមាំ​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​សេអ៊ូល​ ​ ប្រទេស​ទាំងពីរ​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ​ នឹង​មាន​សមយុទ្ធ​រួមគ្នា​រវាង​យោធា​អាមេរិកាំង​និង​យោធា​កូរ៉េ​ខាងត្បូង​នៅ​ក្នុង​ដែន​សមុទ្រ​នៃ​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃ​អាទិត្យ​រហូត​ដល់​ថ្ងៃ​ពុធ​ខាងមុខ​នេះ។

សហរដ្ឋ​អាមេរិក​បាន​សម្រេច​បញ្ជូន​ទៅកាន់​តំបន់​ដែន​សមុទ្រ​កូរ៉េ​នូវ​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ​USS George-Washington ដែល​អាច​ដឹក​យន្តហោះ​ប្រដេញ​បាន​៧៥​គ្រឿង​និង​នាវិក​បាន​៦ ០០០នាក់។​ នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ​USS George-Washington​នេះ​បាន​ចាកចេញ​ពី​មូលដ្ឋាន​របស់​ខ្លួន​ដែល​ឋិតនៅ​ប៉ែក​ខាងត្បូង​នៃ​ទីក្រុង​តូក្យូ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ។

ទោះបីជា​មាន​ការ​អំពាវនាវ​ពី​សំណាក់​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​កុំ​ឲ្យ​ស្ថាន​ភាព​ធ្លាក់ចុះ​ដុនដាប​ក្តី​ ​ ក៏​គេ​ពុំ​អាច​ដឹង​ឡើយ​ថា​ ​ តើ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​អាច​វិវត្ត​ទៅ​យ៉ាងណា​បាន​ឡើយ។

ការ​បាញ់​បំផ្លោង​គ្រាប់​កាំភ្លើង​ធំ​របស់​កូរ៉េ​ខាងជើង​ទៅលើ​កោះ​Yeongpyeong​បាន​ត្រូវ​គេ​សន្និដ្ឋាន​ថា​ ​ ជា​Test​មួយ​សម្រាប់​សាកល្បង​មើល​សមត្ថភាព​និង​ប្រតិកម្ម​យោធា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ ហើយ​ក៏​សម្រាប់​សាកល្បង​មើល​សមត្ថភាព​របស់​ក្រុម​អ្នក​ដឹកនាំ​កូរ៉េ​ខាងជើង​ថ្មី​ថា​តើ​ពួកគេ​អាច​ធ្វើការ​គ្រប់គ្រង​និង​ដោះស្រាយ​វិបត្តិ​នយោបាយ​សំខាន់ៗ​បាន​ត្រឹមណា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI